ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស បានព្រមានដកតំណែងប្រធានផ្សារណា ដែលមិនកែទម្រង់ខ្លួនរួចមក បងប្អូក្រុមអាជីវករភាគច្រើនបាននាំគ្នានិយាយថាពួកគាត់សូមគាំទ្រទាំងស្រុង ចំពោះការប្រកាសប្ដេជ្ញារបស់ លោកអភិបារាជធានីភ្នំពេញ ត្រូវតែធ្វើឲ្យបានដួចមាត់បើធ្វើអត់បានទេលោក ប៉ា សុជាតិវង្ស ត្រូវតែ លាលែងពីមុខតំណែង ។
ក្រុមអាជីវករបាននិយាយថានៅក្នុងចំណោមប្រធានផ្សារទាំងអស់ នៅរាជធានីភ្នំពេញសព្វថ្ងៃនេះ មានតែប្រធានផ្សារអូឡាំពិក, ផ្សារអូរឬស្សី, ផ្សារបឹងកេងកង និងផ្សារច្បារអំពៅ ប៉ុណ្ណោះដែលនៅគ្រប់គ្រងផ្សារ បានយូរដុះស្លែជាច្រើនឆ្នាំមកហើយ ដោយគ្មានការផ្លាស់ប្ដូរ ធ្វើឲ្យពួកគាត់ ស្ទើរតែក្លាយទៅជា ស្ដេចត្រាញ់ផ្សារទៅហើយៗ ពួកគាត់បានប្រមូលលុយកាក់ យកទៅធ្វើមានបានផ្ទាល់ខ្លួន ដែលឧកញ៉ាល្មមៗ មិនអាចប្រៀបបានស្មើឡើយ ។
ការបណ្ដោយឲ្យមនុស្សដដែលៗ នៅកាន់កាប់ក្ដោបក្ដាប់ តំណែងជាប្រធានផ្សារ ពីមួយអណត្តិទីមួយអណត្តិ ប្រៀបដូចជាកម្មសិទ្ធិ ផ្ដាច់មុខតែឯងបែបនេះ បាននិងកំពុងធ្វើឲ្យផ្សារទាំងនោះ កើតមានភាពអនាធិបតេយ្យ កាន់តែច្រើនឡើងៗ ក្នុងការដឹកនាំគ្រប់គ្រងរបស់ពួកគេ… ដែលបញ្ហានេះដើម្បីឲ្យ ការប្រកាសព្រមានរបស់លោក ប៉ា សុជាតិវង្ស អាចនឹងមានប្រសិទ្ធភាពពិតប្រាកដនោះ លុះត្រាតែលោក ប៉ា សុជាតិវង្ស ត្រូវដកហូតមុខតំណែង ប្រធានផ្សារអូឡាំពិក, ផ្សារអូរឬស្សី, ផ្សារបឹងកេងកង និងផ្សារច្បារអំពៅ ព្រមទាំងប្រធានផ្សារដើមគរមុនគេបង្អស់ដើម្បី ទុកជាការព្រមាន ចំពោះប្រធានផ្សារផ្សេងៗទៀត ឲ្យត្រូវតែកែខ្លួនឡើងវិញជាបន្ទាន់ ។
លោកអភិបាល ប៉ា សុជាតិវង្ស បានបបញ្ជាក់ថា កន្លងមកអ្នកគ្រប់គ្រងផ្សារទាំងអស់ បានបញ្ចេញនូវអាកប្បកិរិយាមិនល្អ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយប្រធានផ្សារខ្លះ បានធ្វើជាស្ដេចត្រាញ់ ជាបងធំប្រចាំផ្សារទៅហើយ ។ យើងពិតជាធ្លាប់បានឮថា កន្លងមកប្រធានផ្សារមួយចំនួន បានបង្កើតតូបបន្ថែមយកលុយគេ បង្កើតតូបនៅលើដងផ្លូវសាធារណៈ និងដើរទាត់កញ្ច្រែងគេយកលុយ ជាដើម ។ មានផ្សារមួយចំនួន កុំថាឡើយដល់ទៅ ធ្វើដំណើរដោយម៉ូតូ សូម្បីតែដើរក៍ដើរស្ទើរតែមិនរួចដែរ… រឿងនេះជារឿងដែលមន្ត្រីរបស់យើង ត្រូវតែកែទម្រង់ឡើងវិញ ហើយសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបុគ្គលិករបស់រដ្ឋ បង្កនូវបាតុភាពមិនល្អ បែបនេះតទៅទៀតទេ ។
លោកអភិបាលបានបញ្ជាក់ថា បើយើងយកប្លង់ផ្សារទាំងនោះ មកពិនិត្យជាក់ស្ដែង និងធ្វើទៅតាមច្បាប់នោះ ប្រធានផ្សារមួយចំនួន អាចត្រូវប្រឈមនឹង ការជាប់ទោសហើយ ។ មានផ្សារខ្លះបើកប្រាក់ខែឲ្យបុគ្គលិក មិនបានគ្រប់ចំនួនផង… លើបញ្ហានេះសាលារាជធានីភ្នំពេញ នឹងបង្កើតឡើងនូវ ក្រុមការងារត្រួតពិនិត្យមួយ លើប្រាក់ចំណូល-ចំណាយនេះ គ្រប់ប្រាក់ខែបុគ្គលិក សន្តិសុខផ្សារ គឺខាងផ្សារជាអ្នករ៉ាប់រង បើរ៉ាប់រងមិនបានទេ ត្រូវតែមានហេតុផលច្បាស់លាស់ និងបើប្រធានផ្សារទាំងនោះ មិនមានសមត្ថភាព ក្នុងការគ្រប់គ្រងទេ សាលារាជធានីភ្នំពេញ នឹងរកអ្នកមានសមត្ថភាពជំនួសវិញ… ប្រធានផ្សារត្រូវតែចេះដឹង មិនចាញ់ចៅសង្កាត់នោះទេ តែមានប្រធានផ្សារខ្លះ ចង់ឲ្យមកកាន់តំណែង ជាអភិបាលរងខណ្ឌ បែរជាប្រធានផ្សារទាំងនោះ មិនចង់មកធ្វើទេ ៕