0

អ៊ុក សុផល កំពុងដើរ​តាម​គំរូ ប៊ុន សេរី ដែល​ល្បីឈ្មោះ​ខាង ពុករលួយ ​នៅ​សាលា​រាជធានី​ភ្នំពេញ​

ភ្នំពេញ៖ បន្ទាប់ពី​លោក ប៉ា សុជាតិ​វង្ស បាន​ឡើង​កាន់កាប់​តំណែង ជា​អភិបាល សាលា​រាជធានី​ភ្នំពេញ​រួច​មក គាត់​បាន​ធ្វើ​ការផ្លាស់ប្ដូ​រ មុខ​តំណែង​មន្ត្រីៗ ដុះ​ស្លែ​មួយចំនួន ដូចជា​មុខតំណែង មាន​ខ្លាញ់​ដុះ​ស្លែ​របស់លោក ប៊ុន សេរី ជា​ប្រធាន​គណនេយ្យ ក្រោយមក​ក្លាយជា នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ សាលា​រាជធានី​ភ្នំពេញ ជាច្រើន​អាណត្តិ​មកហើយ​នោះ​ជាដើម ។  មុខតំណែង​ខ្លាញ់​ដែល​លោក ប៊ុន សេរី អាច​ប្រមូល​លុយកាក់ យក​ទៅ​ធ្វើ​មានបាន​យ៉ាង​ច្រើន​នោះ ឥឡូវ​ត្រូវ​គេ​ផ្លាស់ប្ដូរ​វេន ចែក​គ្នា​ស៊ី​របៀប​វិលជុំ​ហើយ ពោល​គឺ​គេ​ឲ្យ​លោក អ៊ុក សុផល ឡើង​កាន់កាប់​ជំនួស​ម្ដងវិញ ដោយ​ឲ្យ​លោក ប៊ុន សេរី ឡើង​ទៅ​ធ្វើ​ជា នាយករង​រដ្ឋបាល  សាលា​រាជធានី​ភ្នំពេញ មិន​ទៅ​ណា​ឆ្ងាយ ពី​កន្លែង​កាន់​លុយ នោះឡើយ ។​

​តាម​មន្ត្រីៗ​មួយចំនួន នៅ​សាលា​រាជធានី​ភ្នំពេញ និង​មាន​ខ្លះទៀត បម្រើ​ការងារ​នៅ តាម​បណ្ដា​ខណ្ឌ​នានា បាន​និយាយថា វា​ជា​ការ​ល្អ​ប្រសើរ​ហើយ ដែល​លោក​អភិបាល​ថ្មី នៃ​សាលា​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស អាច​ធ្វើ​ការកែទម្រង់ រចនាសម្ព័ន្ធ​មន្ត្រីៗ ដុះ​ស្លែ​នៅ​ទីនោះ បាន​មួយ​ចង្កោម​ធំ នៅ​ជិត​បំណាច់​ឆ្នាំ​២០១៣​នេះ ។ ប៉ុន្តែ​ពួកគាត់​សំណូមពរ​ថា សូម​កុំឲ្យ​ការធ្វើ​កំណែទម្រង់​នោះ ក្លាយទៅជា​មួយ​ដំបរ និង​បួន (​ឬ​ដូច​គេ​ដក​កងទ័ព​វៀតណាម ដាក់​បន្ថែម​មកវិញ​ច្រើនឡើងៗ នូវ​ជនអន្តោប្រវេសន៍​យួន​) ឲ្យសោះ​… ព្រោះ​ការ​ធ្វើ​បែប​នេះ អាច​នឹង​ធ្វើឲ្យ​មាន​គ្រោះថ្នាក់ កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ជាង​ពេល​មុន​ទៅទៀត ។​

ក្នុង​ពិធី​នោះ លោក​អភិបាល​ថ្មី សាលា​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស បាន​និយាយថា ពី​ពេល​នេះ​តទៅ សាលា​រាជធានី​ភ្នំពេញ លែង​ដើរតួនាទី ជា​កីឡាករ​ផង និង​អាជ្ញាកណ្តាល ផង​ទៀតហើយ ពោល​គឺ​ត្រូវ​ប្រគល់​ភារកិច្ច ទៅ​តាម​ជំនាញ ទទួលខុសត្រូវ​រៀងៗ​ខ្លួន មានន័យ​ថា ត្រូវ​ប្តូរ​របៀបរបប​ធ្វើការ ឲ្យ​ឆ្លើយ​តប​ទៅនឹង ស្ថានភាព​ជាក់ស្តែង និង​មិន​ត្រូវ​ឆ្លើយ​ដាក់​គ្នា​ទេ ។​

​បើ​តាម​ការនិយាយ របស់​លោក​អភិបាល​ថ្មី សាលា​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស ដូច​ខាងលើ​គឺ​គេ​អាច​សន្និដ្ឋានបាន​ថា ថ្នាក់ដឹកនាំ និង​មន្ត្រីៗ​បម្រើ​ការងារ​នៅ សាលា​រាជធានី​ភ្នំពេញ កាលពី​ពេលមុនៗ​កន្លងមក (​ជាពិសេស ក្នុងសម័យ​លោក កែប ជុតិមា ធ្វើ​ជា​អភិបាល​) តែងតែ​ដឹកនាំ​ដើរតួនាទី ជា​កីឡាករ​ផង និង​អាជ្ញាកណ្តាល​ផង ដោយ​ឱបក្រសោប​យក ការងារ​សំខាន់ៗ (​ពាក់ព័ន្ធ​នឹង​លុយកាក់​) ទៅ​ធ្វើ​តែ​បុគ្គល បក្ខពួកនិយម មួយ​ក្ដាប់​តូច ដោយ​គ្មាន​ការទទួលខុសត្រូវ ។ ពេល​មាន​បញ្ហា​អ្វី​កើតឡើង ពួក​មន្ត្រីៗ​ទាំងនោះ តែង​ឆ្លើយ​ទម្លាក់កំហុស​ដាក់គ្នា ឬ​ឆ្លើយ​ដាក់​កូនចៅ​ថ្នាក់ក្រោមៗ ដោយ​អយុត្តិធម៌​បំផុត (​ស្វា​ស៊ី​បាយ យក​ទៅ​លាប​មាត់​ពពែ​) ដែល​ជា​ការ​ធ្វើឲ្យ កើត​មាន​ភាព​អសកម្ម លើ​កិច្ច​ការងារ​ជាច្រើន មិន​អាច​ឆ្លើយតប​ទៅនឹង ស្ថានភាព​ជាក់ស្តែង​បាន​ទេ ។​

​ភាព​អសកម្ម​ការងារ និង​ការប្រព្រិត្ត​អំពើ​ពុករលួ​យ តាំងពី​ថ្នាក់លើ​ដល់​ក្រោម នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ គ្រប់គ្រង​ដោយ​លោក កែប ជុតិមា ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើឲ្យ​បងប្អូន មន្ត្រីរាជការ​ក្រីក្រ​តូចតាច និង​ប្រជាពលរដ្ឋ​ភាគច្រើន រស់នៅ​ភ្នំពេញ​ទាំងមូល នាំគ្នា​ស្អប់ខ្ពើម​យ៉ាងខ្លាំងបំផុត រហូត​ដល់​ថ្ងៃ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ ខែកក្កដា​ថ្មីៗ​មកនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាញ់ឆ្នោត បាត់បង់​អស់​កៅអី សមាជិក​សភា​មិនតិច​ទេ ។​

​មាន​មូលហេតុ​មួយ ក្នុង​ចំណោម​មូលហេតុ ជាច្រើន​ផ្សេង​ទៀត ដែល​បាន​ធ្វើឲ្យ គណបក្ស​ប្រជាជន​កម្ពុជា ចាញ់ឆ្នោត​បាត់អស់ កៅអី​សភា​យ៉ាងច្រើន នៅ​រាជធានី​ភ្នំពេញ​នោះ  ដោយសារ​ថា នៅក្នុង​រជ្ជកាល​ដែល​លោក កែប ជុតិមា ធ្វើ​ជា​អភិបាល សាលា​រាជធានី​ភ្នំពេញ ដុះ​ស្លែ​ជាច្រើន​ឆ្នាំ ទោះបី​គាត់​ដល់​អាយុ​ត្រូវ ចូលនិវត្តន៍​ទៅ​ហើយ​ក៍ដោយ​នោះ គឺ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បាន​សរសេរ​រិះគន់ វាយប្រហារ​យ៉ាង​ធ្ងន់ៗ ស្ទើរ​រៀងរាល់ថ្ងៃ ទៅលើ​លោក កែប ជុតិមា ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា ប្រចាំ​រាជធានី​ភ្នំពេញ​នេះ និង​ទៅលើ​មន្ត្រីៗ​ជាច្រើន​នាក់ ដែល​បម្រើ​ការងារ​នៅ សាលា​រាជធានី​ភ្នំពេញ ពី​បទ​ឃុបឃិត​គ្នា ប្រព្រិត្ត​អំពើ​ពុករលួយ តួយ៉ាង​ដូចជា​លោក ប៊ុន សេរី ជាដើម ។​

​ឥឡូវនេះ​ចូល​មក​ដល់ រជ្ជកាល​ដែល​លោក ប៉ា សុជាតិ​វង្ស ឡើង​ធ្វើ​ជា​អភិបាល សាលា​រាជធានី​ភ្នំពេញ ជំនួស​បន្ត​ពី​លោក កែប ជុតិមា វិញ​ម្ដង ត្រូវ​បងប្អូន​មន្ត្រីរាជការ និង​សាធារណជន ជាច្រើន​មជ្ឈដ្ឋាន នៅ​រាជ​ធា​ភ្នំពេញ បាន​នាំគ្នា​និយាយថា ចាំ​មើល​លោក​អភិបាល​ថ្មី ប៉ា សុជាតិ​វង្ស គ្រាន់បើ​ជាង​លោក កែប ជុតិមា ឬ​ឌា​តែ​ខ្នូ​ច ដូច​តែ​គ្នា ឬ​ក៍​អន់​ជាង​លោក កែប ជុតិមា ទៅទៀត​នោះ​? មាន​អ្នកខ្លះ​ថា កាល​លោក កែប ជុតិមា ធ្វើ​ជា​អភិបាល  រាជធានី​ភ្នំពេញ គាត់ (​កែប ជុតិមា​) បានធ្វើការ​អភិ​វ​ឌ្ឈ រីកចម្រើន​យ៉ាង​ខ្លាំង គឺ​អភិ​វ​ឌ្ឈ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ បក្ខពួក​មួយ​ក្ដាប់​តូច បាន​យ៉ាងច្រើន​ស្ទើរ​រាប់​ភ្លេច ដូចជា​អភិ​វ​ឌ្ឈ​នូវ លុយកាក់​ដាក់​នៅ​ធនាគារ មិនតិច​លាន​ដុល្លារ​, អភិ​វ​ឌ្ឈ​វី​ឡាដ៍​ស្កឹមស្កៃ ដីធ្លី​ជា​ច្រើន​កន្លែង និង​ផ្ទះល្វែង​ទាំង​ជុងៗ មុន​ពេល​គាត់ ​(​កែប ជុតិមា​) ចាក​ចេញពី​តំណែង គួរឲ្យ​សោកស្ដាយ​បំផុត​នេះ ។ ដូច្នេះ​គេ​ចាំ​មើល​ថា តើ​លោក ប៉ា សុជាតិ​វង្ស ចឹង​ដែរអ​ត់​…?

​មាន​ម្ចាស់​ឆ្នោត​រាប់សែន រាប់លាន​នាក់​នៅ​ភ្នំពេញ ក៍​កំពុង​រង់ចាំ​មើល​ទៀតថា ក្រោយពី​លោក ប៉ា សុជាតិ​វង្ស ដក​លោក ប៊ុន សេរី ដាក់​លោក អ៊ុក សុផល ឲ្យ​ឡើង​ជា​នាយក ទីចាត់ការ​ហិរញ្ញវត្ថុ សាលា​រាជធានី​ភ្នំពេញ សម្រាប់​អាណត្តីទី​៥ ឆ្នាំ​២០១៣-២០១៨​នេះ តើ​នឹង​ទទួលបាន លទ្ធផល​ប្លែក​គ្នា​យ៉ាងណា​… ពោល​គឺ​លោក អ៊ុក សុផល គ្រាន់បើ​ជាង​លោក ប៊ុន សេរី ឬ​ឌា​តែ​ខ្នូ​ច ដូច​តែ​គ្នា​ដែរ​ទេ ឬ​ក៍​អន់​ជាង​លោក ប៊ុន សេរី ឆ្ងាយ​ទៅ​ទៀត​ផង​?

​កន្លងមក​មាន​កាសែត និង​គេហទំព័រ​ជាច្រើន ធ្លាប់​បាន​សរសេរ​ចុះផ្សាយ និង​បង្ហោះ​ផ្សាយ​ថា ក្នុង​រយៈកាល​ជាច្រើន​ឆ្នាំ និង​ច្រើន​អាណត្តិ ដែល​លោក ប៊ុន សេរី បាន​កាន់កាប់​មុខតំណែង​ដុះ​ស្លែ ជា​ប្រធាន​គណនេយ្យ ក្រោយមក​ក្លាយជា នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ សាលា​រាជធានី​ភ្នំពេញ​នេះ គាត់ (​ប៊ុន សេរី​) ប្រព្រិត្ត​អំពើ​ពុករលួយ ប្រមូល​លុយ​កាក់ ពី​តួនាទី​ខ្លាញ់​នោះ យក​ទៅ​ធ្វើ​មានបាន ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ មិនតិច​សែន​លាន​ដុល្លារ​ទេ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​ថា ដោយសារតែ​លោក ប៊ុន សេរី ប្រព្រិត្ត​អំពើ​ពុករលួយ អាច​រក​លុយ​បាន​ស្រួល និង​បាន​ច្រើ​ពេក ដេក​ចាយ​មិន​អស់​… គាត់​មិន​ត្រឹមតែ​ផ្ដល់ឲ្យ ប្រពន្ធ​កូន​ដើម​របស់​គាត់ រស់​នៅ​មាន​ជីវភាព ស្ដុកស្តម្ភ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ប្រពន្ធ​កូនចុង និង​ស្រី​កំណាន់​ជាច្រើ​នាក់​ទៀត ក៍លោក​ប្ដី លោក​ឪ និង​លោក​បង ប៊ុន សេរី ជួយ​ផ្គត់ផ្គង់​ជា​លុយកាក់​, ជា​សម្ផារៈ​, ជា​ផ្ទះល្វែង​,  ជា​មុខរបរ​រកស៊ី​ផ្សេងៗ ដោយ​គ្មាន​ការខ្វះខាត​អ្វី​ឡើយ ។ កាលពី​ប៉ុន្មាន​ខែ​មុន​លោក​ប៉ា ប៊ុន សេរី បាន​ទិញ​ឡាន​ទំនើប​ម៉ាក ឡង់​រ៉ូ​វែរ​សេរី​ថ្មី តម្លៃ​រាប់សែន​ដុល្លារ ឲ្យ​កូនប្រុស​គាត់​ឈ្មោះ ប៊ុន រតនៈ ជិះ​ដឹក​ស្រី​ស្នេហ៍​ដើរលេង​… ហើយ​ផឹកស៊ី​ស្រា​ស្រវឹង បើក​ទៅ​បុក​មនុស្ស​ឲ្យស្លាប់ ៣​នាក់ និង​រងរបួស​ជាច្រើន​នាក់ ដោយ​គ្រាន់តែ​សង ជា​សំណង​លុយកាក់ បន្តិចបន្តួច​ប៉ុណ្ណោះ សម្រាប់​អ្នកមាន​លុយ​ច្រើន តួ​យ៉ាង​ដូច​លោក ប៊ុន សេរី និង​មន្ត្រីៗ​ផ្សេងទៀត ។​

​ទីបំផុត កូនប្រុស​របស់​លោក ប៊ុន សេរី ត្រូវបាន​ដោះលែង​ឲ្យ មាន​សេរីភាព​ឡើងវិញ (​ជា​ការផ្ទុយ ១០០% នឹង​ច្បាប់​រដ្ឋ​) ក្រោយពី​សមត្ថកិច្ច ចាប់ខ្លួន​ដាក់គុក មាន​ម៉ាស៊ីនត្រជាក់ និង​មាន​អ្នកបម្រើ ស៊ី​ឆ្ងាញ់ ដេក​ស្រួល បាន​មួយ​រយៈពេល​ខ្លី​រួចមក ។ ករណី​នេះ​វា​ខុស​គ្នា​ទាំងស្រុង និង​ជា​គម្លាត​មួយ ដូច​មេឃ និង​ដី រវាង​ជីវភាព​រស់នៅ របស់​មន្ត្រីៗ​មាន​លុយ និង​កូនចៅ​មន្ត្រីៗ​ទាំងនោះ ជាមួយ​ប្រជាពលរដ្ឋ​ទូទៅ ដែល​អត់​មាន​លុយកាក់ ឬ​កូនអ្នកក្រីក្រ​ភាគច្រើន នៅ​ទូទាំង​ប្រទេស​… ដែល​បើ​បាន​បង្ក គ្រោះថ្នាក់​ចរាចរ​ធ្ងន់ធ្ងរ តួ​យ៉ាង​ដូច​កូនប្រុស​លោក ប៊ុន សេរី ម្នាក់នេះ ច្បាស់​ជា​សមត្ថកិច្ច និង​តុលាការ​ស្រុក​ខ្មែរ ចាប់ខ្លួន​កាត់ទោស​ដាក់គុក ជាច្រើន​ឆ្នាំ​តាម​ច្បាប់​កំណត់ ជាក់​ជា​មិនខានឡើយ ។​

​ហេតុដូចនេះ​ហើយ បានជា​សាធារណជន រង់ចាំ​មើល​បន្ត​ទៀត​ថា បន្ទាប់ពី​លោក អ៊ុក សុផល ត្រូវបានតែងតាំង ជា​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ សាលា​រាជធានី​ភ្នំពេញ ជំនួស​លោក ប៊ុន សេរី​… តើ​គាត់ (​អ៊ុក សុផល​) នឹង​យក​តួនាទី​នោះ ទៅ​ប្រព្រិត្ត​អំពើ​ពុករលួ​យ ពួយ​រលីង​ដូច​លោក ប៊ុន សេរី ដែរ ឬ​យ៉ាងណា​? មិន​ពុករលួយ​សោះ ឬ​ពុករលួយ​តិចជាង ឬ​ពុករលួយ​ ដូច​តែ​គ្នា ឬ​ពុករលួយ​ខ្លាំង​ជាង​?

140_2

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com