ករណីបែកធ្លាយថា មន្ត្រីគយតូចតាចបាននាំគ្នារៀបចំ ពាក្យបណ្តឹងដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយនិង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកគយនិងរដ្ឋាករ ដើម្បីប្តឹងលោក អ៊ុក វណ្ណច័ន្ទ ជាប្រធានសាខាគយខេត្តប៉ៃលិន និងលោក លឹម សម្បត្តិ ជាប្រធានការិយាល័យគយប្រចាំ ច្រកព្រំដែនពីបទបានឃុបឃិតគ្នាលួចបន្លំពន្ធយកទៅច្រកហោប៉ៅធ្វើមាន ធ្វើបាន ផ្ទាល់ខ្លួនតាមជំនាញបច្ចេកទេស ហើយគេ រំពឹងទុកថាពាក្យបណ្តឹងរបស់មន្ត្រីគយទាំងនេះ ក្លាយជាកម្មវត្ថុដ៏សំខាន់មួយជាការប្តេជ្ញាកែទម្រង់ ស៊ីជម្រៅលើការប្រមូលពន្ធ របស់រដ្ឋាភិបាល ។
ប្រភពពីមន្ត្រី សាលាខេត្តប៉ៃលិនម្នាក់បានលួចបង្ហើបឱ្យដឹងថា ចាប់តាំងពីការប្រកាសកែទម្រង់ឱ្យជំនាញគ្រប់ជាន់ថ្នាក់ ពង្រឹងការប្រមូលពន្ធលើ មុខទំនិញដែលនាំចូលប្រទេសកម្ពុជាកាលណាមក គេសង្កេតឃើញលោក អ៊ុក វណ្ណច័ន្ទ ហាក់ដូចជាព្រងើយកន្តើយមិនយកចិត្តទុកដាក់កែទម្រង់ណាបន្តិចសោះ ឱ្យស្របតាមគោលការណ៍ណែនាំរបស់លោក ហ៊ុន សែន នោះទេ ។
មិនតែប៉ុណ្ណោះលោក អ៊ុក វណ្ណច័ន្ទ បែរជាឃុបឃិតជាមួយលោក លឹម សម្បត្តិ ក្នុងការកឹបកេងបន្លំចំណូលពន្ធយកទៅ ច្រកហោប៉ៅផ្ទាល់ខ្លួន ។
ប្រភពមន្ត្រីខាងលើបានអះអាងបញ្ជាក់ទៀតថា ពេលខ្លះលោក អ៊ុក វណ្ណច័ន្ទ បានលើកឡើងក្នុងអង្គប្រជុំដោយសុំឱ្យ ជំនាញគយក្រោមឱវាទទាំងអស់ រឹតបន្តឹងការប្រមូលពន្ធហើយឯសម្រាប់មន្ត្រីគយតូចតាចបានអនុវត្តន៍យ៉ាងតឹងតែង បើទោះ បីជាមានភាពប្រទាំងប្រទើសជាមួយក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ ក៏ដោយ។ ផ្ទុយពីសម្រាប់ក្រុមឈ្មួញធំៗដែលមានភាពជិតដិតនិងទំនាក់ទំនងល្អវិញ ត្រូវបានលោក អ៊ុក វណ្ណច័ន្ទ ខ្សឹបខ្សៀវជា មួយ លោក លឹម សម្បត្តិ ឱ្យនាំចូលទំនិញគ្រប់ប្រភេទ តាមរបៀបក្លែងភេទទំនិញ ឬបំបាត់ចំណូលពន្ធទៅតាមបច្ចេកទេស ដែលសូម្បីតែមន្ត្រីគយតូចតាចក៏មិនមានសិទ្ធិឮឡើយដឹង។
តាមមន្ត្រីគយដែលផ្តិតមេដៃប្តឹងលោក អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ នៅច្រកព្រំមានគ្នាចំនួន ២៧នាក់ ហើយ នៅក្នុងសាខាខេត្តប៉ៃលិន មានចំនួន ៦នាក់ផ្សេងទៀត ដោយមន្ត្រីគយទាំង៣៣នាក់នេះ បានត្រៀមឯកសារ ភស្តុតាងជាច្រើន ដើម្បីសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយឬអង្គភាពសវនកម្មផ្ទៃក្នុង ដែលអាចនឹងចុះទៅធ្វើការស៊ើបអង្កេតជា បន្ទាន់ជុំវិញពាក្យបណ្តឹងរបស់ពួកគេ ពាក់ព័ន្ធនឹងការកេងបន្លំគៃបំបាត់ចំណូលពន្ធរដ្ឋតាមជំនាញបច្ចេកទេស កាប់ឆៅស៊ីដាច់ ដែលឃុបឃិតប្រព្រឹត្តដោយ អ៊ុក វណ្ណច័ន្ទ និង លឹម សម្បត្តិ ធ្វើមានបានលើរដ្ឋយូរឆ្នាំមកហើយ ។
ពាក់ព័ន្ធនឹងអំពើពុករលួយបែកធ្លាយពីសំណាក់ក្រុមមន្ត្រីប្តឹងចង្អុលមុខចំថ្ងាសមេៗទៅអង្គភាពប្រឆាំងអំពើពុករលួយ នេះ គឺអ៊ុក វណ្ណច័ន្ទ និង លឹម សម្បត្តិ គឺគេចមិនផុតពីការប្រឈមមុខចំពោះមុខច្បាប់ឡើយ ។ ហើយល្បិចរបៀបបំបាត់ ចំណូលពន្ធដែលប្រព្រឹត្តដោយ លោក អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ ដូចជាករណីបើកភ្លើងខៀវឱ្យក្រុមឈ្មួញមាន លុយមានអំណាចដឹកឈើគ្រញូងមកពីស្រុកសៀម ចូលប្រទេសកម្ពុជាតាមច្រកព្រំនិងច្រករបៀង២កន្លែងទៀត ដែលនៅអមសងខាងច្រកព្រំ មិនតែប៉ុណ្ណោះជាត្រូវរ៉ូវជាមួយឈ្មួញបើទោះបីជាឈើគ្រញូងមិនស្ថិតក្នុង ប្រភេទទំនិញបង់ពន្ធ ក៏ដោយ ប៉ុន្តែជំនួញឈើគ្រញូង គឺជាទោសបំពានច្បាប់រដ្ឋ ដែលមិនគួរទៅឃុបឃិតជាមួយក្រុមឈ្មួញត្រូវតែបង់លុយចូលហោ ប៉ៅរបស់លោក អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ បើមិនដូច្នេះទេ កុំសង្ឃឹមថា អាចដឹកជញ្ជូនឈើគ្រញូងចូលតាមច្រកព្រំ បានឱ្យសោះ។
ក្រុមមន្ត្រីអាជ្ញាធរនិយាយថា ជាធម្មតា ឈើគ្រញូងរាប់សិបតោនក្នុងមួយថ្ងៃៗត្រូវបានក្រុមឈ្មួញដឹកជញ្ជូននាំចូល តាមច្រកព្រំ ឡើងតាមផ្លូវជាតិលេខ៥ មកកាន់រាជធានីភ្នំពេញ ឬឆ្លងស្ពានព្រែកក្តាម ទៅស្រុកយួន តាមខេត្តកំពង់ចាម យ៉ាងរលូន ហើយស្ទើរខូងផ្លូវខេត្តប៉ៃលិនទៅហើយ ។ ជាប្រភពចំណូលធំបំផុតរបស់មន្ត្រីគយពុករលួយ អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ ធ្វើមានបានជាមួយក្រុមជំនាញពាក់ព័ន្ធយ៉ាងដុះស្លែយូរយារមកហើយ ។
បើតាមប្រភពមន្ត្រីដដែលបង្ហើបឱ្យដឹងផងដែរថា សម្រាប់ទំនិញជាប្រភេទកសិផល រួមមានសណ្តែកជាដើម ដែលក្នុងមួយរថយន្តផ្ទុកទម្ងន់មិនតិចជាង ៦០តោន ទៅ៧០តោន ដែលត្រូវបានដឹកជញ្ជូនតាមច្រកព្រំ គឺ លឹម សម្បត្តិ បានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនក្នុងការវាយតម្លៃឱ្យបង់ពន្ធថោកដោយ ចេញវិក្កយបត្រតែប្រមាណ ២០ ទៅ ៣០តោន ប៉ុណ្ណោះ គឺស្មើ ២០% ទៅ ៣០% គឺលោក លឹម សម្បត្តិ បានឃុបឃិតក្នុងការរៀបចំឯកសារបំបាត់ចំណូលពន្ធតាមបច្ចេកទេស តាមរយៈការក្លែងភេទទំនិញ និងការបន្លំច្រកនាំចូល ក៏ដូចជាការបំបាត់បរិមាណទំនិញជាដើម ហើយដែលបញ្ហានេះ មិនគួរ បើគេមើលរំលងបញ្ហានេះទេ ។
ព័ត៌មានទម្លាយពីផ្ទៃក្នុងអះអាងថា គ្រប់ទំនិញដែលមានការលួចបន្លំពន្ធត្រូវបាននាំចូលតាមច្រកអន្តរជាតិព្រំ ប៉ុន្តែក្នុងវិក្កយបត្រវិញ គឺ លឹម សម្បត្តិ បានក្លែងទៅជាទំនិញតាមច្រកអូរអន្លក់ ទៅតាមបច្ចេកទេសនិងមធ្យោបាយតែបញ្ជីហើយករណីនេះ គឺជាការបើកភ្លើងខៀវគាំទ្រពី អ៊ុក វណ្ណច័ន្ទ ដែលជាប្រធានសាខាគយខេត្តប៉ៃលិនផងដែរ ។
ដូចជា ប្រភពទម្លាយថា មានការបញ្ជាក់យ៉ាងច្បាស់ថា រឿងហេតុដែលលោក លឹម សម្បត្តិ និងលោក អ៊ុក វណ្ណច័ន្ទ អាចឃុបឃិតគ្នាបង្កព្យុះភ្លៀងបើកដៃឱ្យឈ្មួញនាំឈើគ្រញូង ហូរចូលតាមច្រកព្រំតាមអំពើចិត្ត និងលួចបន្លំពន្ធតាមរបៀប បច្ចេកទេសនេះគឺ គ្មាននរណាមួយហ៊ានដេញដោលដោយសារតែលោក លឹម សម្បត្តិ អាងសាច់ញាតិរបស់គាត់ម្នាក់ ដែលជាមេគយចល័តប្រចាំផ្លូវជាតិលេខ៥ ឈ្មោះ កង ធឿន ហើយលោក កង ធឿន នេះក៏ជាមន្ត្រីដ៏ជិតដិតបំផុតជាមួយលោក កើត សុធារ៉ា ជាមេគយចល័តនៅទូទាំងប្រទេសទើបឡើងថ្មីផងដែរ។
ផ្ទុយទៅវិញ ដោយសារតែមានពាក្យបណ្តឹងពីបុគ្គលិកមន្ត្រីគយនៅសាខាខេត្តប៉ៃលិននិងនៅច្រក អន្តរជាតិព្រំចំនួន ៣៣ នាក់ ដាក់ជូនអគ្គនាយកគយ និងរដ្ឋាករ នឹងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ នោះហើយទើបគេយល់ថា គឺជាកម្មវត្ថុនៃការប្តឹងលោក អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ ពីការកិបកេងបំបាត់ចំណូលពន្ធ តាមរបៀបបច្ចេកទេស នឹងក្លាយជាប្រធានបទដ៏សំខាន់មួយដើម្បីសាកល្បងការប្តេជ្ញាចិត្ត របស់លោក ហ៊ុន សែន និងអង្គភាព ប្រឆាំងអំពើពុករលួយ អំពីចំណាត់ការកែទម្រង់លើការប្រមូលពន្ធគយ។
ជាពិសេសដូចជា ករណីពាក់ព័ន្ធជាមួយមេគយចល័តផ្លូវជាតិប៉ៃលិន បាត់ដំបង លោក កង ធឿន ជាមេគយចល័តនៅ ផ្លូវជាតិលេខ៥ ដែលបានជួយសម្របសម្រួលនិង បិទបាំងការឃុបឃិតឱ្យក្រុមឈ្មួញនាំចូលទំនិញបង់ពន្ធមិនគ្រប់ត្រូវ ដៃត្រូវជើងជាមួយលោក អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ នេះ ក៏ទំនងជាមិនអាចគេចផុតពីការស៊ើបអង្កេតទាក់ទិន អំពើពុករលួយបំបាត់ ចំណូលពន្ធរដ្ឋនោះទេ ព្រោះមានភស្តុតាងយ៉ាងច្បាស់រួចទៅហើយ ហើយដែលបញ្ហានេះមិនគួរបើគេ បណ្តែតបណ្តោយឱ្យក្រុមបក្ខពួក អ៊ុក វណ្ណច័ន្ទ និងលឹម សម្បត្តិ និងកង ធឿន លួចឃុបឃិតគៃកោបំបាត់ពន្ធរដ្ឋធ្វើមានតាម តែទំនើងចិត្តនោះទៀតទេ ។