ប្រពន្ធមេអប់រំខេត្តកំពង់ចាម រកស៊ីរត់ការផ្លាស់ប្តូរគ្រូ និងធ្វើសញ្ញាបត្រក្លែងក្លាយ គ្រូៗនៅខេត្តកំពង់ចាម បានខ្សឹប ឱ្យដឹងថា ជាច្រើនឆ្នាំមកហើយ ដែល ប្រពន្ធលោកប្រធានមន្ទីរអប់រំខេត្ត កំពង់ចាម បានយកតួនាទីនិងអំណាច របស់ប្តីរកលុយ តាមរយៈការផ្លាស់ប្តូរទីកន្លែង បង្រៀន ។
ប្រសិនជាគ្រូណាមួយដែលចង់បានប៉ុស្តិ៍ទៅបង្រៀន នៅឆ្ងាយដាច់ស្រយាល មិនត្រូវប៉ាន់ ហើយចង់មកបង្រៀននៅ កន្លែងខ្លាញ់ ដូចជាក្នុងក្រុងកំពង់ចាម ឬស្រុកក្រុង ប្រជុំជន ជិតផ្ទះ និងមួយទៀតបើចង់បានសញ្ញាបត្របាក់ឌុប សេះហោះត្រូវ រត់ការជាមួយប្រពន្ធលោកប្រធានធំអប់រំខេត្តកំពង់ចាមប្រាកដជាបានសម្រេច (Sic) ។
ក្រុមគ្រូៗទាំងនោះបានខ្សឹបឱ្យដឹង ទៀតថា ជារៀងរាល់ឆ្នាំ នៅចន្លោះខែសីហា និងខែកញ្ញា ប្រពន្ធលោកប្រធាន អប់រំខេត្តកំពង់ចាម តែងតែបានយកឈ្មោះ និងអំណាចរបស់ប្តីរបស់គាត់ទៅឃុបឃិតជាមួយ មន្ត្រីនៅក្នុងមន្ទីរអប់រំខេត្ត មួយចំនួនដែលជាម៉ូយខ្សែរយៈឱ្យរត់ការខ្វែងដៃខ្វែងជើង ដើម្បីសម្រួលឯកសារ ហើយប្រមូលយកលុយចែកគ្នាយ៉ាង សប្បាយត្រជាក់ចិត្តពីលើពលកម្មគ្រូៗ ។
តាមផ្ទៃក្នុងទម្លាយថា សម្រាប់គ្រូកម្រិតបឋមសិក្សា ដែលត្រូវសុំប្តូរពីស្រុកជន បទមកបង្រៀននៅក្នុងក្រុង កំពង់ចាម គឺម្នាក់ត្រូវចំណាយលុយចាប់ពី ១.០០០ ទៅ ១.៥០០ដុល្លារឯណោះ ។ ឯចំណែកការសុំផ្លាស់ប្តូរគ្រូកម្រិត មធ្យមសិក្សាវិញ គឺពី ២.០០០ ទៅ ៣.០០០ដុល្លារ។
ផ្ទុយទៅវិញឯតម្លៃផ្លាស់ប្តូរតំណែងខ្ពស់ទាប គឺអាស្រ័យលើ ការចង់ជ្រើសរើសរកសាលាល្អដែល គេចង់បាន ។ ហើយឯចំពោះតម្លៃសុំផ្លាស់ប្តូរ សាលាខុសពីក្រុងកំពង់ចាម តាមបណ្តា ស្រុក ក្រុងផ្សេង តម្លៃទាបជាង គឺ ១៥០០-២០០០ដុល្លារ ។ ហើយការផ្លាស់ប្តូរកន្លែងបង្រៀនក្នុង តម្លៃខាងលើនេះ គឺគេធ្វើម៉ាចប់ អ្នក ចំណាយលុយមិនបាច់ខ្វល់ទេ។
បើតាមគ្រូៗទាំងនោះបាននាំគ្នាខ្សឹប ឱ្យដឹងទៀតថា កន្លងមកប្រពន្ធលោក ប្រធានមន្ទីរអប់រំខេត្តកំពង់ចាម គាត់ មិនត្រឹមតែប្រើឥទ្ធិពលប្តីយកទៅរត់ ការផ្លាស់ប្តូរគ្រូៗដើម្បីប្រមូលលុយធ្វើ មានធ្វើបានប៉ុណ្ណោះទេ គឺគាត់បាន ឃុបឃិតគ្នាធ្វើសញ្ញាបត្របាក់ឌុបក្លែង ក្លាយទៀតផង ។ ហើយឯលោកប្រធានវិញ គឺបើកដៃឱ្យប្រពន្ធរបស់គាត់ធ្វើតាមចិត្ត ក្នុងសញ្ញាបត្រនីមួយៗយកពី ៣០០ ទៅ ៤០០ដុល្លារ ក្នុង រយៈពេលខ្លីប៉ុណ្ណោះ។
ដោយឡែកដូចជា ការក្លែងអ្នកដែលចំណាយលុយទិញសញ្ញាបត្រក្លែងក្លាយកន្លង មកនោះភាគច្រើនគឺជាមន្ត្រីរាជ ការប៉ូលិស ទាហាននៅក្នុងខេត្ត ដើម្បីយកទៅចូល រៀនថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិត ក៏មាន ដែរ។ ក្រៅពីនោះគឺដើម្បីបាន ឡើងតួនាទី និងប្រាក់ខែ នៅតាមអង្គភាពរបស់គេនីមួយៗយ៉ាងត្រេកត្រអាលបំផុត ។
ជុំវិញករណីធ្វើសញ្ញាបត្រក្លែងក្លាយ នេះ ប្រពន្ធលោកប្រធានមន្ទីរអប់រំខេត្ត កំពង់ចាម បានឱ្យមនុស្សដែលជិតស្និទ្ធ នឹងប្តីរបស់គាត់ជាប្រធានមន្ទីររត់ការ ប៉ូលាឯកសារតាំងពីវិទ្យាល័យណា ដែលសិស្សប្រឡងបាក់ឌុបធ្លាក់ ។ ហើយសញ្ញាបត្រក្លែងក្លាយនេះ គឺធ្វើបាន ដូចបេះបិទនឹងសញ្ញាបត្របាក់ឌុបរបស់ គេមែនទែនអ៊ីចឹង ដោយមានវាយត្រា ស្ងួតមើលឡើងបែកភ្នែក ។
ផ្ទុយទៅវិញពាក់ព័ន្ធ នឹងបញ្ហានេះប្រសិនវាជារឿងពិតដូចក្រុមបញ្ញាវ័ន្ត និងគ្រូៗ តាមមណ្ឌលមហាវិទ្យាល័យគេ បកអាក្រាតវិញនោះ វាមិនមែនជារឿងតូចតាចដែលត្រូវតែជំនាញពាក់ព័ន្ធ និងក្រសួងអប់រំមើលរំលងបញ្ហានេះទេ គួរតែ លោករដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា ដែល ទើបនឹងឡើងថ្មី មេត្តាជួយស្រាវជ្រាវ ពីរឿងនេះផងឱ្យបានស៊ីជម្រៅផង ដើម្បីរួមចំណែកលុប បំបាត់អំពើពុករលួយជាប្រព័ន្ធដែលបានកើត មាននៅក្នុងមន្ទីរអប់រំខេត្ត ធ្វើយ៉ាងណា កុំឱ្យអំពើខុសច្បាប់ បែបនេះ កើតមានតទៅទៀត ពីព្រោះរឿងអ្វីក៏អាចកើតមាន ឡើងដែរ គ្រប់ទីកន្លែងក្នុងសម័យកាលតេជោ ហ៊ុន សែន ដែលដកមន្ត្រីពុករលួយជាខ្សែការងារក្នុងរដ្ឋាភិបាលជាមនុស្សក្នុង បក្សម្តងៗមានកំហុស មិនមែនបកស័ក្តិចាប់ដាក់គុកទេ គឺតម្លើងបុណ្យស័ក្តិបន្ថែមឱ្យខ្លាំងដៃរឹតតែប្រព្រឹត្តអំពើពុករលួយលើស ដើមទៅទៀត ។
ជាក់ស្តែងតាមមន្ត្រីក្រសួងបច្ចុប្បន្នច្រើនឱបសាច់ញាតិ និងប្រពន្ធឱ្យលូកលាន់ក្នុងការងាររបស់មន្ទីរក្រសួង រហូតមានក្រសួងខ្លះមន្ត្រីខ្លាចប្រពន្ធ និងជំទាវជាងរដ្ឋមន្ត្រីទៅទៀត ឧទាហរណ៍ដូចជា លោកប្រធានអប់រំខេត្តកំពង់ចាម អ៊ីចឹងដែរ មិនគួរបើលោករដ្ឋមន្ត្រីមើលរំលងពីសកម្មភាពរបស់គាត់ទេ ព្រោះល្បីល្បាញថា គាត់កាក់កបគ្រប់ទឹកដោយសារប្រពន្ធគាត់ខ្លាំងណាស់ ។/