0

ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ក្រុង​សេអ៊ូល

ក្រុម​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ គ្រោង​នឹង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​សេ​អ៊ូល​​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ប្រឆាំង​នឹង​ការ​បង្រ្កាប​ផ្តាច់ផ្តិល​ជីវិត​លើ​កម្មករ​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា​ពី​សំណាក់​ក្រុម​អា​ជ្ញា​ធរ​រដ្ឋាភិ បាល ​កម្ពុជា។​ ក្រុម​ពលករ​ទាំង​នោះ​នឹង​ដាក់​ញតិ្ត​ទៅ​កាន់​រដ្ឋាភិបាល​និង​អង្គការ​អន្តរជាតិ​នានា​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​នោះ​ផង​ដែរ។​

ពលករ​ខ្មែរ​ប្រមាណ​១.០០០​នាក់​នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ក្នុង​ទីក្រុង​សេអ៊ូល​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​​បង្ក្រាប​កម្មករ​រោងចក្រ​ក្នុងប្រទេស​កម្ពុជា​ ដោយ​ថែម​ទាំង​អំពាវនាវ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ និង​ស៊ើប អង្កេត​ចំពោះ​អំពើ​​ហិង្សា​នោះ​ផង​ដែរ។​ នេះជា​ការ​អះអាង​របស់​លោក​យឹម ស៊ីណន​ អ្នក​រៀបចំ​បាតុកម្ម​ម្នាក់ ​និង​ជា​តំណាង​កម្មករ​ម្នាក់​ក្នុង​ប្រទេស​កូរ៉េ​ខាង​ ត្បូង​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

«សម្រាប់ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ ​ក្នុង​ក្រុង​សេអ៊ូលនៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​នេះ​គឺ​គោល​បំណង​របស់​កម្មករ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ទាំងអស់​គឺ​គាត់​មាន​បំណង​ចង់​ធ្វើ​បាតុកម្ម​អហិង្សា​មួយ​ដើម្បី​ទាមទារ​ឲ្យ​អ្នក​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​និង​ទទួល​ខុស​ត្រូវ​ទៅ​លើ​បញ្ហា​ដែល​បាន​កើត​ឡើង​នូវ​ការ​បាញ់​បង្ក្រាប​ដោយ​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ទៅ​លើ​កម្មករ​ដែល​គ្រាន់តែ​ទាមទារ​ប្រាក់​ខែ​១៦០​ដុល្លារ​នោះ»។​

ក្រៅ​ពី​ដាក់ញត្តិ​ជូនដល់​រដ្ឋាភិបាល​ ក្រុម​ពលករ​នឹង​ដាក់​ញតិ្ត​ទៅ​អង្គការ​ពលកម្ម​ អន្តរជាតិ​ដើម្បី​ឲ្យ​ដឹង​ថា​ មាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា​ និង​ដាក់​ញតិ្ត​ឲ្យ​មាន​ការស៊ើប​អង្កេត​លើ​អំពើ​ពុករលួយ​ក្នុង​ស្ថានទូត​ខ្មែរ​ក្នុង​ ប្រទេស​កូរ៉េ​ខាង​ត្បូង។​

គ្មាន​ការ​ចាប់​ខ្លួន​អ្នក​បាញ់​សម្លាប់​កម្មករ​ទាំង​នោះ​ទេ​ តែក្រុម​មេដឹកនាំ​គណបក្ស​ ជំទាស់​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ដោយ​សង្ស័យ​​​ថា ​ជា​អ្នក​ញុះញង់​ឲ្យ​មាន​អំពើ​ ហិង្សា។​ គណបក្ស​ជំទាស់​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ​ ហើយ​ប្តេជា្ញ​ថា ​នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី១៤​មករា។​

កម្មករ​រោង​ចក្រ​យ៉ាងតិច​ប្រាំនាក់​ត្រូវ​ក្រុម​អាជ្ញាធរ​បាញ់​សម្លាប់ ៤០​នាក់​រងរបួស​ និង​យ៉ាង​តិច​១៦​នាក់​ត្រូវ​ចាប់​ឃុំខ្លួន ​ក្នុង​ពេល​​ដែល​កង​យោធា​ និង​អាជ្ញាធរ​កម្ពុជា​បាន​បង្រ្កាប​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ នៅ​ពេល​ពួកគេ​កំពុង​ទាមទារ​ដោយ​អហិង្សា​សុំ​ឲ្យ​មាន​ការ​ដំឡើងប្រាក់​ខែ​ពី​៨០​ដុល្លារ​ដល់​១៦០​ដុល្លារ​ស.រ.អា.។​

199902D9-9893-4358-932E-693884A6070B_w640_r1_s_cx0_cy3_cw0

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com