ប៊ុន ជិន គឺជាមេឈ្មួញបទល្មើសព្រៃឈើធំយ៉ាងល្បីល្បាញពីរបីខេត្តនាភាគនីរតីប្រទេស តាមតំបន់ព្រំដែនកម្ពុជា សៀម ចាប់ពីតំបន់ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង ។
មុខជំនួញ ប៊ុន ជិន ជាទាហានឈ្មួញគ្រប់ទឹកកាក់កបទៅបានក៏អាស្រ័យមានស្បែកជាទាហាន និងជ្រកក្រោមក្រុមហ៊ុន មិនពិតប្រាកដដែលមានអាជ្ញាប័ណ្ណនាំឈើចេញពីក្នុងតំបន់ខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងអំណាចក្រុមឧត្តមសេនីយ៍ មួយចំនួនក្នុងយោធភូមិភាគ ៥ កាងពីក្រោយផង ទើបធ្វើឱ្យទាហានឈ្មួញ ប៊ុន ជិន រឹតតែកាក់កប និងមានឥទ្ធិពលបំផុត ខាងកាប់បំផ្លាញព្រៃឈើ ។
ប្រភពព័ត៌មានពីតំបន់ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប បាននិយាយថា ក្នុងមួយខែៗយ៉ាងហោចណាស់ក៏មាន រថយន្តយក្សចំណុះ ចាប់ពី ៤០-៦០ម៉ែត្រគូប ត្រូវបានមេឈ្មួញទាហានខាងកាប់បំផ្លាញព្រៃឈើរូបនេះនាំចេញទៅលក់នៅ តាមតំបន់ព្រំដែនយួន ។
ដោយសារតែ ប៊ុន ជិន ជាមនុស្សរកចំណូលខ្មៅឱ្យលោក លឹម ឃុនណាវុធ និងលោក ប៊ុន សេង យោធភូមិភាគ ៥ នោះហើយ ទើប ប៊ុន ជិន ទាហានឈ្មួញដុះស្លែរូបនេះធ្វើព្យុះធ្វើភ្លៀងតាំងពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ដោយដឹកឈើកម្ទេចផ្លូវតាំងពីខេត្តឧត្តរមានជ័យឡើងខូងផ្លូវស្ទើរក្លាយជាអូរក៏គ្មានជំនាញ និងសមត្ថកិច្ចណាហ៊ានប៉ះពាល់ សូម្បីបន្តិច ។ ហើយក្នុង១ថ្ងៃ គឺស័ក្តិ ១ ទាហានទិញឈ្មោះ ប៊ុន ជិន ចាប់ដឹកឈើពី ៤-៨ជើង ក្នុង១ថ្ងៃៗ ក្នុងរថយ្ត១ចំណុះ ៤០-៦០ ម៉ែត្រគូប ដឹកយ៉ាងសកម្មបំផុត ។
តាមមន្ត្រីអាជ្ញាធរខេត្តឧត្តរមានជ័យបានឱ្យយើងដឹងទៀតថា ប្រភេទឈើដែលក្រុមឈ្មួញនាំចេញយ៉ាងពេញនិយម បច្ចុប្បន្នដូចជា ឈើមានតម្លៃគ្រញួង ត្រសេក គគីរ ពពែល បេង កកោះ ស្រឡៅ នាងនួនសុទ្ធជាប្របភេទជាក្តារងឿ និងឈើឡាំងមុខកាត់ ២ម៉ែត្រ-៤ម៉ែត្រ គុណនឹង ២-២,៥០ម៉ែត្រ ១គីប ក្នុងតម្លៃទិញចាប់ពី ៤០០-៤៥០-៥០០ដុល្លារ ទៅលក់ បានក្នុង ១គីប ១០០០-១៥០០០ដុល្លារ ដែលមានឈ្មួញឈរចាំទិញទាំងយប់ទាំងថ្ងៃជាយូរយារមកហើយ ។
បើតាមមន្ត្រីបាននិយាយថា មួយរយៈចុងក្រោយមកនេះ គឺមេឈ្មួញ ប៊ុន ជិន បានបង្វែរការនាំបទល្មើសព្រៃឈើពីព្រំដែន យួនទៅចេញតាមច្រកតំបន់ព្រំដែនសៀមវិញ ដោយដឹកកាត់ខេត្តបន្ទាយមានជ័យយ៉ាងរលូនកាត់ខេត្តបាត់ដំបង តាមស្រុកថ្មគោល ទៅកាន់តំបន់គីឡូម៉ែត្រលេខ ០៩ នៃវរៈសេនាតូចលេខ៨១៧ ក្នុងភូមិសាស្ត្ររស្មី (ភូមិរស្មី)ឃុំៃជ្រមាស ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជាច្រកមួយ និងផ្លូវទី ២ ដឹកកាត់ខេត្តបន្ទាយមានជ័យ កាត់ឃុំនិមិត្ត កូនដំរី យាយអត ស្រុកអូរជ្រៅ យកទៅស្តុកនៅស្រុកម៉ាឡៃ ក្នុងតំបន់ខ្លាងាប់ ហើយកាត់មុខមន្ត្រីជាច្រើន ប៉ុន្តែគ្មាននរណាហ៊ានក្អកឡើយ ដោយខ្លាចអំណាចលោកផ្កាយមួយ លឹម ឃុនណាវុធ និងមេយោធភូមិភាគ ៥ ប៊ុន សេង នោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះគេពុំដឹងថា តើលោក ប៊ុន សេង បានទទួលផលប្រយោជន៍ប៉ុន្មានពីលោកផ្កាយ ១ លឹម ឃុនណាវុធ ទេ ទើបបណ្តោយឱ្យ ប៊ុន ជិន ប្រើប្រាស់ឥទ្ធិពល និងអំណាចជាមនុស្សស្និទ្ធជំនិតទាហានក្នុងយោធភូមិភាគ ៥ ធ្វើព្យុះធ្វើភ្លៀង ជាន់ឈ្លីអនុសាសន៍របស់នាយករដ្ឋមន្ត្រី ទៅរកស៊ីជួញដូរបទល្មើសព្រៃឈើបំពានច្បាប់យ៉ាងចេញមុខបែបនេះ។