0

អគ្គស្នងការនគរបាលជាតិគួរស៊ើបអង្កេតរឿងការដោះដូរទីតាំង ប៉ុស្តិ៍នគរបាលឃុំដារតាមអំពើចិត្តដោយមេឈ្មួញរកស៊ីឈើគ្រញូង ឈ្មោះ លី សុគន្ធ (ហៅ យាយក្តាម)

ខេត្តកំពង់ចាម ៖ លោក​ សៀ ​ត្រៃ ​មាន​​​តួ​​នា​ទី​​​ជា​ អនុ​ប្រ​ធាន​​​នគរបាល ​អន្តោប្រវេសន៍ ​ប្រចាំ​​ច្រក​​ដូង​ ដែល​មាន​ប្រពន្ធ​ឈ្មោះ ​លី ​សុគន្ធ​ ហៅ​យាយ​ក្តាម​ ជា​​អ្នក​រក​ស៊ី​ឈើ​ក្រញូង​ដែល​មាន​ឥទ្ធិពល​ជាង​ប្តី​នោះ​ បាន​​រត់​ការ​​ដោះ​ដូរ​ទី តាំង ប៉ុស្តិ៍ រដ្ឋ បាល ឃុំ ដារដែលគេឲ្យតំលៃជាង៣០ម៉ឺនដុល្លា  តាមរបៀប​ពុករលួយ ដែល​ទាមទារ​ឲ្យ អគ្គស្នងការ​នគរបាល​ជាតិ ជាពិសេស​ក្រសួង មហាផ្ទៃ ស៊ើបអង្កេត​ស្រាវជ្រាវ​ករណីនេះ ឡើងវិញ​ជាបន្ទាន់​។

បើតាម​ប្រភព​ខ្សឹបខ្សៀវ​មួយចំនួន បាន​ឲ្យ​ដឹងថា ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល​ថ្មី ត្រូវ​ចំណាយ​ក្នុងការ​សាងសង់​និង​ទិញ​ដី មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ គឺ​មិនមាន​តុល្យភាព​ទៅនឹង​តម្លៃ​នៃ​ទីតាំង​ចាស់ ដែលមាន​រហូតដល់​ទៅ ៣០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ការដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ មិន​ប្រក្រតី​នេះ បានធ្វើ​ឲ្យ​មន្ត្រី​មួយចំនួន ខ្វែងគំនិត​គ្នា​ផងដែរ​។​

​ប្រភពចេញពីមន្ត្រី​សាលាស្រុក​មេមត់​មួយចំនួន បាន​លួច​ខ្សឹបខ្សៀវ​ថា ដី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ នៃ​ស្រុក​មេមត់ ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​៧ មាន​ទទឹង ៣០​ម៉ែត្រ និង​បណ្តោយ ៧០​ម៉ែត្រ តម្លៃ​មិនតិចជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក បើ​គេ​គិត​តម្លៃ​មួយ​ម៉ែត្រ ​ស្មើរ​មួយ​ម៉ឺន​ដុល្លារ ត្រូវបាន​ឈ្មោះ លី សុគន្ធ ហៅ​​​យាយ​ក្តាម ប្រើប្រាស់​អំណាច​ស្វាមី យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ជ្រក​ក្រោម​ស្លាក​ដោះដូរ​ទីតាំង ហើយ​ដី​ដែល​សង់​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ដារ​ថ្មី មាន​ទំហំ​ទទឹង ១៥​ម៉ែត្រ​និង​បណ្តោយ ៤៥​ម៉ែត្រ ចំណាយ​ថវិកា​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​អាមេរិក​ផង​ទេ​។

មានការ​ឃុបឃិត​គ្នា​រត់ការ​ដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាម របៀប​ពុករលួយ ហើយ​គេ​ដឹងថា អាជ្ញាធរ​មូលដ្ឋាន មិន​សប្បាយចិត្ត​ចំពោះ​បញ្ហា​នេះ​ទេ សូម្បីតែ​ក្រសួងមហាផ្ទៃ ក៏​ទំនងជា​មិនបាន​ដឹង​អំពី ការដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាមរបៀប​ពុករលួយ​នោះដែរ​។​

​បច្ចុបន្បនេះ អតីត​ដី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ ដែលមាន​តម្លៃ​មិនតិចជាង ៣០​ម៉ឺន​ដុល្លារ ត្រូវបាន​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ធ្វើ​របង​ហ៊ុំព័ទ្ធ ជា​កម្ម​សិទ្ធិ​​របស់​ខ្លួន យ៉ាង​ក្រអឺតក្រទម​បំផុត ហើយ​បើ​និយាយ​ពី​លោក សៀ ត្រៃ វិញ មិន​ត្រឹមតែ​ប្រើ​ស្បែក ជា​នគរបាល​ជួយ​សម្របសម្រួល សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ ខុស​ច្បាប់​របស់​ប្រពន្ធ​ប៉ុណ្ណោះ​ទេ ថែមទាំង​ឃុបឃិត ប្រើ ប្រាស់​​ឥទ្ធិពល ក្នុងការ​ដោះដូរ​ដី​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ ដោយ​មិន​ប្រក្រតី​ផងដែរ​។

មន្ត្រី​សាលាស្រុក​មេមត់​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថា អំឡុង​ឆ្នាំ​១៩៩៧ អតីត​ដី​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ដារ ដែលមាន​ទទឹង ៣០​ម៉ែត្រ និង​បណ្តោយ ៧០​ម៉ែត្រ ត្រូវបាន​រដ្ឋ​ខ្ចី​ពី​ប្រជាជន​ម្នាក់ ដែល​គាត់​បាន​កាន់កាប់ តាំងពី​ឆ្នាំ​១៩៧៩​។​

​ម្ចាស់​ដី​ដែល​ត្រូវបាន​រដ្ឋ​ខ្ចី យកទៅ​ធ្វើ​ប៉ុស្តិ៍​រដ្ឋបាល​នោះ ក៏បាន​ដាក់ពាក្យ​បណ្តឹង ទៅកាន់​លោក យិន សូ​ផា ជា​មេឃុំ​ដារ ឲ្យ​ជួយ​អន្តរាគមន៍ ករណី​ដែល​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម និង​ប្តី​ឈ្មោះ សៀ ត្រៃ បាន​យក​ដី​របស់​រដ្ឋ ទៅធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន តាមតែ​អំពើ​ចិត្ត​។ ម្ចាស់​បណ្តឹង​ត្រូវគេ​ស្គាល់​ថា ឈ្មោះ សួស ស្អំ អាយុ ៥៨​ឆ្នាំ រស់នៅ​ភូមិ​ដារ​កណ្តាល ឃុំ​ដារ ស្រុក​មេមត់ ខេត្តកំពង់ចាម បាន​អះអាងថា គាត់​បានរស់នៅ និង​កាន់កាប់​ដី​នោះ តាំងពី​ឆ្នាំ​១៩៧៩ ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩៩៧ នគរ​បាល​មូលដ្ឋាន បាន​ខ្ចី​ដី​របស់គាត់ ទៅ​សាងសង់​ទីស្នាក់ការ​ប៉ុស្តិ៍ ហើយ​ក្រោយមក​ឈ្មោះ សួស ស្អំ ក៏បាន​ប្តឹង​ទាមទារ​យក​ដី​មក​វិញ​ ស្ថិតក្រោម​ចំណាត់ការ របស់​គណៈកម្មការ ដោះស្រាយ​ជម្លោះដីធ្លី ខេត្តកំពង់ចាម ដែល​កាលណោះ​មានការ​សម្រប​សម្រួល​ កាត់​ដី​ខាងលើនេះ ជូន​លោក សួស ស្អំ វិញ​បាន​ក្បាលដី​ប្រវែង ២០​ម៉ែត្រ ហើយ​នៅសល់ ៣០​ម៉ែត្រ​ទៀត​ទុក​ជូន​រដ្ឋ សម្រាប់​សាងសង់ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ​។

​ក្រោយមកទៀត ដី​ទំហំ ៣០​ម៉ែត្រ​គុណ​នឹង ៧០​ម៉ែត្រ​នោះ មិនបាន​សាងសង់ ធ្វើជា​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ​នោះទេ បែរជា​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង ដ៏​មាន​ឥទ្ធិពល​ធ្វើ​របង ហ៊ុំព័ទ្ធ​យក​ធ្វើ​នោះ ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​​ចំណាយលុយ សាងសង់ ទីស្នាក់ការ​ប៉ុស្តិ៍​ថ្មី​មួយ នៅ​លើដី​ទំហំ ១៥​ម៉ែត្រ គុណ​នឹង ៤៥​ម៉ែត្រ​ចំណាយលុយ​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ ដោយ​ជ្រក​ក្រោម​ស្លាក ដោះដូរ​ទីតាំង គ្មាន​ការអនុញ្ញាត​ជា​ផ្លូវការ ពី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ក៏ដូច​ជា​ក្រសួងមហាផ្ទៃ​។ នៅពេល​ទទួលបាន​ពាក្យបណ្តឹង របស់​ឈ្មោះ សួស ស្អំ ក៏មាន​ការប្រជុំ ក្រុម​ប្រឹក្សា​ឃុំ​ដារ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ សម្រេច​រក្សាទុក ដី​ប៉ុស្តិ៍​នគរបាល​ឃុំ​ដារ ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មិន​អនុញ្ញាត​ឲ្យ​មាន ការ​ដោះ​​​ដូរ​​ទី​តាំង​​ទេ ហើយ​ក៏បាន​បញ្ជូន របាយការណ៍​ទៅកាន់ សាលាស្រុក​មេមត់ មក​ចាត់​ការបន្ត អាច​បញ្ជាក់បាន​ថា អាជ្ញាធរ​មូល​ដ្ឋាន មិនបាន​ឯកភាព​ចំពោះ​ការដោះដូរ​ទីតាំង  ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ របស់​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម នោះ​ទេ​។​

​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ដែល​បាន​ដឹងឮ រឿងរ៉ាវ​មិន​ប្រក្រតី​ទាំងនេះ បានទាមទារ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួង​មហាផ្ទៃ ពិនិត្យមើល​ឡើងវិញ ចំ​ពោះ​​ចំណាត់​ការដែល​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម និង​ស្វាមី​ជា មន្ត្រីនគរបាល​ឈ្មោះ សៀ ត្រៃ ដែល​បាន​ដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋ​បាល​​ឃុំ​ដារ តាមតែ​អំពើ​ចិត្ត តាម​របៀប​យក​ឆ្នាំងដី ដូរ​យក​ឆ្នាំង​ដែក គឺ​ឈ្មោះ ​លី សុគន្ធ ហៅ​យាយ​ក្តាម បាន​យក​អតីត​ដី​ប៉ុស្តិ៍​ឃុំ​ដារ ដែលមាន​តម្លៃ​ប្រមាណ ៣០​ម៉ឺន​ដុល្លារ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយ​សង់​ប៉ុស្តិ៍​រដ្ឋបាល លើ​ទីតាំង​ថ្មី​មួយ ដែលមាន​តម្លៃ​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ​។ អង្គភាព​ប្រឆាំង អំពើពុករលួយ គួរតែ​ស៊ើបអង្កេត​បញ្ហា​នេះ​ឡើងវិញ​ផង ព្រោះ​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម បានធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត គ្មាន​ការ​អនុញ្ញាត្ត ពី​ថ្នាក់លើ​៕

Wat-post-da23-300x198

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com