ក្រុងប៉ោយប៉ែត ៖ តាមការស្ទង់មើលឃើញថាចំណូលពន្ធពីការ នាំចូលទំនិញតាមច្រកព្រំដែន អន្តរជាតិប៉ោយប៉ែត មានការកើនឡើង លើសផែនការ បន្ទាប់ពីមានការរឹតបន្តឹង ឲ្យប្រមូលពន្ធ ១០០ភាគរយ គ្រប់មុខទំនិញ ដែលនាំចូលប្រទេសកម្ពុជា ប៉ុន្តែនៅចំណុចភូមិសាស្ត្រ ច្រករបៀងមួយកន្លែង ស្ថិតនៅក្នុងភូមិ ទន្សាយអើត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅតែមានសកម្មភាព លួចលាក់នាំចូល ហ្គាសគេចពន្ធយ៉ាងអនាធិបតេយ្យ ក្នុងទ្រង់ទ្រាយធំ ដោយមានមន្ត្រីយោធា ដ៏មានឥទ្ធិពលម្នាក់ឈ្មោះ លឹម យូវែង ជាអ្នកជួយ សម្របសម្រួលឲ្យក្រុមហ៊ុន ចាន់ណា ផល្លា និងក្រុមហ៊ុន ហេង ចិន្តា គ្រុប នាំចូលហ្គាសគេចពន្ធពីស្រុកសៀម ទាំងយប់ទាំងថ្ងៃ។
សេចក្តីរាយការណ៍ ពីក្រុងប៉ោយប៉ែតបានឲ្យដឹងថា សកម្មភាពនាំចូល ហ្គាសទ្រង់ទ្រាយធំ របស់ក្រុមហ៊ុន ចាន់ណា ផល្លា និង ហេង ចិន្តាគ្រុប កើតមានជាច្រើន ឆ្នាំមកហើយ គ្មាននរណាហ៊ានហើបមាត់នោះទេ ព្រោះម្ចាស់ក្រុមហ៊ុនទាំង ២នេះ សុទ្ធសឹងជាភរិយា មន្ត្រីយោធាដ៏មានអំណាច ប្រចាំភូមិភាគទី៥ ហើយមានលោក លឹម យូវែង ជាមេការជួយរត់ការ សម្របសម្រួលបើកផ្លូវ បង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធ។ នៅចំណុចច្រករបៀង ទន្សាយអើត សមត្ថកិច្ចមួយចំនួន មិនសូវហ៊ានជិះម៉ូតូ ឬដើរទៅក្បែរទេ ហើយពេលខ្លះបានត្រឹមតែ អើតមើលតាមរបងស័ង្កសីប៉ុណ្ណោះ មិនហ៊ានចូលទៅក្នុងទេ ខ្លាចសិទ្ធិអំណាចរបស់លោក លឹម យូវែង។
លោក លឹម យូវែង ត្រូវគេស្គាល់ថា ជាមន្ត្រីយោធាដ៏មានអំណាច ក្នុងកងពលលេខ៥១ ចំណុះឲ្យយោធភូមិភាគទី៥ បានក្លាយជាមេការ សម្របសម្រួលសម្រាប់ ការនាំចូលហ្គាសគេចពន្ធ ឲ្យក្រុមហ៊ុន ចាន់ណា ផល្លា និងក្រុមហ៊ុន ហេង ចិន្តា គ្រុប ហើយលោក លឹម យូវែង ក៏បានបង្កើតច្រករបៀង ខុសច្បាប់មួយកន្លែង នៅក្នុងដីឡូត៍របស់ខ្លួន នៅជាប់មាត់អូរ ព្រំដែនកម្ពុជា-សៀម ហើយមានការហ៊ុំរបងស័ង្កសី និងយាមកាមយ៉ាងប្រុងប្រយ័ត្ន មិនឲ្យមនុស្សប្លែកមុខ ទៅក្បែរទេ ព្រោះនៅក្នុងរបងស័ង្កសីនោះ មានហ្គាសគេចពន្ធដែល នាំចូលពីស្រុកសៀម ក្នុងមួយថ្ងៃៗរាប់រយធុង គឺសមត្ថកិច្ចនិងមន្ត្រីជំនាញ មិនដែលហ៊ានទៅក្បែរនោះទេ។
ជាគោលការណ៍រាជរដ្ឋាភិបាល បានចេញអនុក្រិត្យ ដើម្បីបង្កើត ច្រករបៀងនីមួយៗ ប៉ុន្តែសម្រាប់ដីឡូត៍របស់លោក លឹម យូវែង ដែលនៅជាប់មាត់អូរព្រំដែន នៅក្នុងភូមិទន្សាយអើត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បែរជាមានការលួចលាក់ បើកច្រករបៀងខុសច្បាប់ សម្រាប់ឲ្យក្រុមហ៊ុន ចាន់ណា ផល្លា និងក្រុមហ៊ុន ហេង ចិន្តា គ្រុបនាំចូលហ្គាសគេចពន្ធ មួយថ្ងៃៗរាប់ពាន់ធុង ប្រើប្រាស់រថយន្តយីឌុប ឬរថយន្តចំណុះ ៥តោនដឹកជញ្ជូន បំផ្លាញផ្លូវក្រវាត់ព្រំដែន យ៉ាងក្រអឺតក្រទមបំផុត។ ច្រករបៀងទន្សាយអើត ដែលគ្រប់គ្រងដោយលោក លឹម យូវែង ក៏មានសកម្មភាព លួចលាក់នាំចូលឈើគ្រញូងមកពីស្រុកសៀម ផ្ទុយពីការរឹតបន្តឹង របស់រដ្ឋាភិបាលហើយក៏មាន ការឃុបឃិតឲ្យមេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់ តាមច្រកនេះ យ៉ាងគគ្រឹកគគ្រេងផងដែរ។
គេមិនច្បាស់ទេថា តើអភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មានឆន្ទៈលុបបំបាត់ច្រករបៀងខុសច្បាប់ ដែលបង្កើតដោយលោក លឹម យូវែង ឃុបឃិតឲ្យក្រុមហ៊ុន ចាន់ណា ផល្លា និងក្រុមហ៊ុន ចិន្តា ផល្លា គ្រុបនាំចូលហ្គាសគេចពន្ធ ឬក៏យ៉ាងណានោះទេ ព្រោះច្រករបៀងមួយកន្លែងនេះ កំពុងមានការលួចលាក់ នាំចូលទំនិញគេចពន្ធ ឡើងដុះស្លែទៅហើយ។ ប្រសិនបើអាចលុបបំបាត់ ការលួចបើកច្រករបៀងខុសច្បាប់ របស់លោក លឹម យូវែង ឲ្យមានប្រសិទ្ធភាពនោះ គេយល់ថា ចំណូលពន្ធរបស់ គយច្រកប៉ោយប៉ែត នឹងកើនឡើងគួរឲ្យកត់សម្គាល់។
ការលួចនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ តាមច្រករបៀងជាច្រើនកន្លែង ប្រព្រឹត្តដោយឈ្មួញ មានលុយមានអំណាច និងសុទ្ធសឹងជាភរិយា កងកម្លាំងប្រដាប់អាវុធ កំពុងធ្វើឲ្យខាតបង់ ចំណូលថវិកាជាតិ ច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ។ លោក លឹម យូវែង កំពុងប្រព្រឹត្តកំហុសឆ្គងដ៏ធ្ងន់ធ្ងរ ដូចជា ការលួចបើកច្រករបៀង ដោយខុសច្បាប់ និងឃុបឃិតឲ្យមាន ទំនិញគេចពន្ធហូរចូល ប្រទេសកម្ពុជា ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ ដូច្នេះលោក ប៊ុន សេង ជាមេបញ្ជាការ យោធភូមិភាគទី៥ ត្រូវពិនិត្យមើលភាពអសកម្ម របស់លោក លឹម យូវែង ឡើងវិញផង។
ដោយឡែក លោក គោ ស៊ុំសារឿត ក៏មិនគួររក្សាភាពស្ងៀមស្ងាត់ ទុកឱកាសឲ្យលោក លឹម យូវែង បន្តបើកច្រករបៀងខុសច្បាប់ នៅក្នុងដីឡូត៍របស់ខ្លួន ឃុបឃិតឲ្យក្រុមហ៊ុន ចាន់ណា ផល្លា និងក្រុមហ៊ុន ហេង ចិន្តា គ្រុប នាំចូលហ្គាសគេចពន្ធ រាប់ពាន់ធុងក្នុងមួយថ្ងៃៗ តទៅទៀតទេ ដែលយ៉ាងហោចណាស់ជាការចូលរួម អនុវត្តន៍ការប្តេជ្ញាចិត្ត របស់លោក ឱម យ៉ិនទៀង ដែលយកខេត្តបន្ទាយមានជ័យ ធ្វើជាគំរូល្អមុនគេ សម្រាប់ការបោសសម្អាត អំពើពុករលួយ។ ដូច្នេះគេចង់ឃើញលោក គោ ស៊ុំសារឿត ចាត់វិធានការក្តៅ លុបបំបាត់ច្រករបៀងខុសច្បាប់ របស់លោក លឹម យូវែង ឲ្យបានកាន់តែឆាប់ កាន់តែល្អ៕