បន្ទាយមានជ័យ៖ប្រភពបានបញ្ជាក់ថា មូលហេតុដែលពួកគាត់ ហ៊ាននិយាយថា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ លោក លី សារី ជាមន្ត្រីល្បីឈ្មោះប្រព្រឹត្ត អំពើពុករលួយខ្លាំងជាងគេនោះ ព្រោះថា ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅមន្ត្រីៗ ៧-៨នាក់នោះ មកធ្វើការស៊ើបសួរ ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលូយរួចមក ថ្មីៗនេះឯកឧត្តម គោ ស៊ុំសារឿត អភិបាលថ្មីនៃ ខេត្តបន្ទាយមានជ័យ ក៍បានធ្វើលិខិតផ្លូវការមួយ ចេញសេចក្ដីណែនាំ ឲ្យប្រជាពលរដ្ឋទាំងឡាយ ដែលបាននិងកំពុង ធ្វើសំណង់ខុសច្បាប់ តាមបែបអនាធិបតេយ្យទាំងអស់ ត្រូវតែធ្វើការរុះរើដោយខ្លួនឯងជាបន្ទាន់… បើមិនដូច្នេះទេ អាជ្ញាធរមូលដ្ឋាននឹងបង្ខំចិត្ត ចុះទៅធ្វើការរុះរើដោយគ្មានសំណងហើយ ម្ចាស់សំណង់ខុសច្បាប់ទាំងនោះ ត្រូវតែទទួលរងនូវការផាកពិន័យ តាមរយៈការតម្រូវឲ្យចេញលុយ ថ្លៃពលកម្មដល់អាជ្ញាធរ ដែលចុះទៅរុះរើ សំណង់ទាំងនោះទៀតផង ។
ជុំវិញរឿងសំណង់នេះដែរ បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ បាននិយាយរិះគន់ធ្ងន់ៗថា កាលពីពេលមុនៗកន្លងមក ខេត្តបន្ទាយមានជ័យ មិនមានទាល់តែសោះ ឬបើមាន…ក៍មានតិចតួចបំផុត នូវសំណង់ខុសច្បាប់ អនាធិបតេយ្យបែបនេះ… តែតាំងពីពេលដែលឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីដុះស្លែនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតែងតាំងលោក លី សារី ឲ្យទៅធ្វើជាប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ កាលណាមក បាននិងកំពុងធ្វើឲ្យខេត្តនោះ កើតមានសំណង់ខុសច្បាប់អនាធិបតេយ្យ ច្រើនឡើងៗរីកដូចផ្សិត ត្រូវទឹកសន្សើមតែម្ដង ។ សំណង់ខុសច្បាប់អនាធិបតេយ្យទាំងនេះ ក៍ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់ ខេត្តបន្ទាយមានជ័យ ទាំងមូល ដែលជាខេត្តមួយមានអ្នកទេសចរជាតិ – អន្តរជាតិរាប់សែននាក់ តែងឆ្លងកាត់រាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ តាមច្រកទ្វារអន្តរជាតិ-ប៉ោយប៉េត ព្រំដែនកម្ពុជា-ថៃ ។
លោក ឱម យ៉ិនទៀង បានកោះហៅមន្ត្រីៗ ៧-៨នាក់ នៅខេត្តបន្ទាយមានជ័យ មកធ្វើការស៊ើបសួរកាលពីចុងសប្ដាហ៍ទី១ និងដើមសប្ដាហ៍ទី២ នៃខែមករា ឆ្នាំ២០១៤នេះ ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលូយរួចមក មានមជ្ឈដ្ឋានជាច្រើនបាននិយាយថា ចាំមើល ! តើអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឱម យ៉ិនទៀង អាចនឹងធ្វើអី ឬក៍ដាក់ទោសអ្វី ទៅលើមន្ត្រីៗទាំងនោះកើតទៅ… ជាពិសេសទៅលើលោក លី សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តនោះតែម្ដង?
នៅក្នុងចំណោមមន្ត្រីៗទាំងនោះ គេបានសង្កេតឃើញថា មានតែលោក លី សារី ម្នាក់គត់ដែលល្បីឈ្មោះ រឿងប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេ និងមានខ្នងបង្អែកក្រាស់ រឹងមាំជាងគេដែរ ដែលបញ្ហានេះប្រហែលជា អង្គភាពប្រឆាំងអំពើពុករលួយ បានត្រឹមតែកោះហៅលោក លី សារី មកធ្វើការសាកសួរប៉ុណ្ណោះ ពោលគឺទំនងជានឹងមិនអាច ដកហូតមុខតំណែង និងចាប់ខ្លួនលោក លី សារី យកទៅឃុំឃាំងក្នុងពន្ធនាគារ ដូចលោក អ៊ុក កែវរតនៈ (អតីតនាយករងខុទ្ទកាល័យ គួរំលឹកត្រួសៗដែរថា ក្នុងចំណោមមន្ត្រីៗ ៧-៨នាក់ នៅខេត្តបន្ទាយមានជ័យ ដែលត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ កោះហៅមកធ្វើការស៊ើបសួរ ពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលូយនោះរួមមាន៖ លោក អ៊ុក កែវរតនៈ អតីតនាយករងខុទ្ទកាល័យ សាលាខេត្តបន្ទាយមានជ័យ, លោក សោម សុខេន អតីតនាយករដ្ឋបាល សាលាខេត្តបន្ទាយមានជ័យ, លោកលី សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ, លោក ឃូ ពៅ អភិបាលស្រុកស្វាយចេក, លោកមេឃុំស្លក្រាម ស្រុកស្វាយចេក និងមន្ត្រីសុរិយោដីចំនួន ០៣នាក់ទៀត ។
មានតែលោក អ៊ុក កែវរតនៈ ម្នាក់គត់ដែលត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ហើយលោកចៅក្រមស៊ើបសួរ ក៍បានបញ្ជាឲ្យឃុំខ្លួនលោក អ៊ុក កែវរតនៈ បញ្ជូនទៅដាក់ពន្ធនាគារ ខេត្តបន្ទាយមានជ័យតែម្ដង ។ ចំណែកឯមន្ត្រីៗផ្សេងទៀតក្រៅពីនោះ មិនទាន់ត្រូវបានចាប់ខ្លួន យកទៅដាក់ពន្ធនាគារ ដូចករណីលោក អ៊ុក កែវរតនៈ នៅឡើយទេ ។ ប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក អាំង មាលតី បានប្រាប់ឲ្យដឹងថា លោក អ៊ុក កែវរតនៈ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅ ពន្ធនាគារខេត្តរួចហើយ ដោយជាប់ពីបទក្លែងបន្លំឯកសារសាធារណៈ ។ ជុំវិញការឃាត់ខ្លួនលោក អ៊ុក កែវរតនៈនិងការកោះហៅមន្ត្រីខាងលើ ត្រូវបានប្រភពព័ត៌មាន បង្ហើបឲ្យដឹងថា រឿងរ៉ាវនោះអាចជាប់ពាក់ព័ន្ធ នឹងអំពើពុករលួយ ករណីកើតមានវិវាទដីធ្លីជាច្រើន នៅក្នុងខេត្ដបន្ទាយមានជ័យ ដែលត្រូវប្រជាពលរដ្ឋរងគ្រោះ ដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ផង និងមានករណីក្លែងបន្លំឯកសារធារណៈ ពាក់ព័ន្ធដីធ្លីចំនួន ២ពាន់ហិកតា នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាមួយក្រុមហ៊ុន IGE ដែលមានម្ចាស់ជា ជនជាតិបរទេសផង ។