0

ពលករ​ខ្មែរ​ចូល​តាម​ច្រក​ប៉ោយប៉ែត​រង​ការ​កេងប្រវ័ញ្ច​ថវិកា

ការ​កេង​ប្រវ័ញ្ច​និង​ការ​ឆបោក​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​ដែល​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​កើត​មាន​ជា​ហូរហែ។ ពួកគេ​ទាំង​នោះ​ត្រូវ​បាន​ មេ​ខ្យល់​នាំ​យក​ទៅ​ជួញដូរ​កម្លាំង​ពលកម្ម​ និង​​ចាញ់​ការ​ឆបោក​ពី​សំណាក់​ជនជាតិ​ថៃ​ជា​ដើម។

ក្រៅ​ពី​រង​គ្រោះ​ និង​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​ស្រុក​ថៃ​ នៅ​ពេល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ ពលករ​ទាំង​នោះ​ត្រូវ​បាន​ជនជាតិ​ខ្មែរ​ខ្លួន​ឯង​កេងប្រវ័ញ្ច​ថវិកា​របស់​ពួក​គាត់​ជា​បន្ត​ទៀត។

នៅ​ច្រក​របៀង​នានា​ដែល​ស្ថិត​នៅ​ជាប់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ មួយ​ថ្ងៃៗ​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​នាំ​គ្នា​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ និង​ចេញ​មក​ទឹក​ដី​ខ្មែរ​វិញ​រាប់​រយ​នាក់​ជា​រៀង​រាល់ថ្ងៃ។ ការ​ឆ្លង​ដែន​ដោយ​ពុំ​ស្រប​ច្បាប់​របស់​ពលករ​ចំណាក​ស្រុក​ខ្មែរ​ទាំង​នោះ​ បាន​ប្រឈម​ទៅ​ហេតុការណ៍​គ្រោះថ្នាក់​ជា​ច្រើន។ អ្នក​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​​ថៃ ចាប់​ខ្លួន​ការ​វាយដំ និង​អ្នក​ខ្លះ​ទៀត​រង​គ្រោះ​បាត់បង់​ជីវិត​ដោយសារ​ការ​បាញ់​សម្លាប់។

ក្រៅ​ពី​ប្រឈម​បញ្ហា​គ្រោះថ្នាក់​នេះ​ ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​កំពុង​រង​គ្រោះ​បន្ថែម​ទៀត ដោយសារ​តែ​ការ​កេង​ប្រវ័ញ្ច​ និង​ការ​ឆបោក​ថវិកា​ពី​សំណាក់​ជនជាតិ​ខ្មែរ​ដូច​គ្នា បន្ទាប់​ពី​ពួកគាត់​បាន​ឆ្លង​ដែន​ពី​ប្រទេស​ថៃ ចូល​មក​ទឹក​ដី​ខ្មែរ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ពលករ​ចំណាក​ស្រុក​និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​តំបន់​ជាយ​ដែន​ ថ្លែង​ថា ជា​រៀង​រាល់​ថ្ងៃ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាយ​ដែន​បន្ត​ថា នៅ​ពេល​ពួកគេ​ឆ្លង​កាត់​ច្រក​របៀង​នានា ចូល​មក​ដល់​ក្នុង​ទឹក​ដី​ខ្មែរ ត្រូវ​រង​គ្រោះ​ដោយសារ​ការ​ឆបោក​ពី​សំណាក់​ក្រុម​មនុស្ស​ដែល​ចាំ​កាក់​ពួកគាត់​ឲ្យ​ទិញ​សំបុត្រ​រថយន្ត​ក្រុង​នៅ​​ក្រុង​ប៉ោយប៉ែត៖ «ពួក​មេ​ខ្យល់​គេ​ដឹក​ពី​មាត់​អូរ​មក គេ​យក​មក​ដាក់​អោយ​ទិញ​សំបុត្រ។ តម្លៃ​របស់​វា ៤០០​បាត បើ​គិត​ជា​លុយ​ខ្មែរ ៥​ម៉ឺន​ជាង។ សំបុត្រ​ឡាន​ក្រុង វា​យក​ឡាន​ក្រុង​ធ្វើ​ជា​ខែល ប៉ុន្តែ​ឡាន​ហ្នឹង​មក​យក​មនុស្ស​មែន ប៉ុន្តែ​ក្នុង​តម្លៃ​របស់​គេ ២ម៉ឺន​៥​ពាន់​ទេ តម្លៃ​វា​ជិត​ឆ្ងាយ​មិន​ឡើង​ទេ ប៉ុន្តែ​ពួក​នេះ​វា​ជំរិត​យក​ផល​ប្រយោជន៍​ផ្សេង»។

​រូបភាព​នៃ​ការ​អូសទាញ​​ពលករ​ខ្មែរ​ឲ្យ​​ទៅ​ទិញ​សំបុត្រ​រថយន្ត​ក្រុង​នៅ​កន្លែង​លក់​សំបុត្រ​ជជុះ​ និង ​ការ​ឆបោក​តាម​ការ​ដូរ​ប្រាក់​នៅ​ក្រុង​ប៉ោយប៉ែត បាន​កើត​មាន​ជា​បន្តបន្ទាប់​ ហើយ​បញ្ហា​នេះ​​គេ​ចាត់​ទុក​ថា ជា​ការ​កេងប្រវ័ញ្ច និង​ជា​ការ​ឆបោក។

ប្រភព​ដដែល​បន្ត​ថា បច្ចុប្បន្ន​នៅ​ក្រុង​ប៉ោយប៉ែត មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​រថយន្ត​ក្រុង​ចំនួន ១២​ក្រុមហ៊ុន។ ពួកគេ​បាន​បង្កើត​សាខា​លក់​សំបុត្រ​យ៉ាង​តិច​ចំនួន ៣៧​កន្លែង​ នៅ​ស្ទើរ​គ្រប់​ច្រក​ល្ហក​នៅ​ក្រុង​ប៉ោយប៉ែត៖ «បើ​និយាយ​ទៅ គឺ​វា​ចែក​គ្នា ចែក​ទាំង​ពី​អ្នក​រត់​ម៉ូតូ​ឌុប ចែក​តាំង​ពី​ប៉ូលិស ប៉េអឹម អាជ្ញាធរ។ អ៊ីចឹង​បាន​វា​ទ្រទ្រង់​សភាពការណ៍​ហ្នឹង​ទៅ​រួច វា​សុំ​សាខា​ឡាន​ក្រុង អ្នក​នាំ​មក​ទិញ គឺ​ដែល​លក់​សំបុត្រ​ជជុះ វា​ផ្នែក​លើ​ស្ថានភាព​ឡាន​ក្រុង ដើម្បី​វា​លក់​នៅ​កន្លែង​នីមួយៗ​ ពួក​ហ្នឹង​វា​ធ្វើ​ស៊ី​ជាមួយ​ពួក​មេ​ខ្យល់ ហើយ​មេខ្យល់​ហ្នឹង​វា​មាន​​គោលដៅ​វា​ទៀត»។

ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ស្រុក​ថៃ​នោះ​ ពួកគេ​បាន​ឆ្លង​កាត់​ច្រក​របៀង​ដោយ​ខុស​ច្បាប់​ ដោយ​មាន​មេខ្យល់​ជា​អ្នក​នាំ​ផ្លូវ។ នៅ​ពេល​ចូល​ដល់​ដី​ខ្មែរ មេខ្យល់​ទាំង​នោះ​បាន​បញ្ជូន​គាត់​ទៅ​ឲ្យ​មនុស្ស​មួយ​ក្រុម​ផ្សេង​ទៀត ដើម្បី​ដឹកនាំ​ទៅ​ទិញ​សំបុត្រ​ឡាន​ក្រុង ហើយ​ពួក​គាត់​ម្នាក់​ត្រូវ​បង់​លុយ​ចំនួន ៤០០​បាត ស្មើ​ជាង ៥​ម៉ឺន​រៀល សម្រាប់​សំបុត្រ​ឡាន​ក្រុង​មួយ​សន្លឹក​ ពី​ក្រុង​ប៉ោយប៉ែត ទៅ​ទីក្រុង​ភ្នំពេញ។

លោក ខៀវ បូរី រស់​នៅ​ក្រុង​ប៉ោយប៉ែត បញ្ជាក់​ថា ក្រៅ​ពី​សកម្មភាព​ឆបោក​តាម​រយៈ​ការ​ទិញ​សំបុត្រ​រថយន្ត​នេះ​ នៅ​មាន​ក្រុម​អ្នក​រក​ស៊ី​ដូរ​ប្រាក់​ជា​ច្រើន​កន្លែង​ទៀត​នៅ​ក្រុង​ប៉ោយប៉ែត។ ពួកគេ​បាន​រួម​គំនិត​កេង​ប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​ពលករ​ទាំង​នោះ​ ដែល​ពួក​គាត់​បាន​តស៊ូ​ខំប្រឹង​ទៅ​ស៊ី​ឈ្នួល​ រក​ប្រាក់​កម្រៃ​នៅ​ស្រុក​ថៃ ដើម្បី​យក​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ៖ «អ្នក​ខ្លះ​គាត់​រង​គ្រោះ​ដោយសារ​ការ​ដូរ​លុយ។ ឧទាហរណ៍​ថា ១​ពាន់​បាត​ស្នើ ១៣​ម៉ឺន​រៀល ប៉ុន្តែ​ពួកគាត់​រងគ្រោះ​ដោយសារ​អ្នក​ដូរ​លុយ…»។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ពួកគាត់​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការ​ធ្វើ​នៅ​ប្រទេស​ថៃ ហើយ​ភាគ​ច្រើន​ពួកគាត់​បាន​ទៅ​សំចត​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ បន្ទាប់​មក​ទើប​មេ​ខ្យល់​នាំ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ តាម​ច្រក​របៀង​ផ្សេងៗ​គ្នា។ ដោយសារ​តែ​ការ​ឆ្លង​ដែន​ពុំ​ស្រប​ច្បាប់​នេះ​ហើយ​ បាន​ធ្វើ​ពួកគាត់​ភ័យខ្លាច។ កត្តា​នេះ​ បាន​ផ្ដល់​ឱកាស​ឲ្យ​ពួក​មេខ្យល់ និង​ជន​ខិលខូច​ គំរាម​សម្លុត​ឆបោក​យក​ប្រាក់​របស់​ពួកគាត់។

សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត លោក មាន សារិទ្ធ ថ្លែង​ថា សកម្មភាព​នេះ​បាន​កើត​មាន​​ជា​ច្រើន​ឆ្នាំ ហើយ​បច្ចុប្បន្ន​កំពុង​កើត​មាន​បន្ត។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រុង​បាងកក ប្រទេស​ថៃ នៅ​ពេល​មក​ដល់​ទឹក​ដី​ខ្មែរ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ប្រឈម​ជាមួយ​ក្រុម​អ្នក​រក​ស៊ី​កេង​ប្រវ័ញ្ច​នៅ​តំបន់​ជាយដែន។

លោក​បន្ត​ថា ក្រុម​អ្នក​រក​ស៊ី​ទិញ​សំបុត្រ​ និង​ដូរ​ប្រាក់​ទាំង​នោះ ពួកគេ​បាន​ឃុបឃិត​គ្នា​ជាមួយ​កង​កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន៖ «នៅ​ពេល​ដែល​គ្នា​ធ្វើ​ដំណើរ​មក​ពី​ក្រុង​បាងកក មក​ហ្នឹង ត្រូវ​អ្នក​រក​ស៊ី​នៅ​តាម​ជាយ​ដែន គឺ​ថា គេ​យក​លុយ​ពី​ពលករ​ពួក​គេ​ចាប់​ផ្ដើម​មក​ត្រូវ​ជាមួយ​អ្នក​ឡាន​តែម្ដង គេ​យក​លុយ​លើស​ដើម្បី​ឲ្យ​ឡាន​ហ្នឹង​មាន​ទឹក​តែ​ឲ្យ​ក្រុម​ហ្នឹង​ឯង សូម្បី​ការ​ដូរ​លុយ​កាក់​គេ​ចំណេញ​មួយ​កម្រិត​ទៀត»។

អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា workers_450ការ​កេង​ប្រវ័ញ្ច​ការ​ឆបោក​ទៅ​លើ​កម្លាំង​ញើស​ឈាម​របស់​ប្រជាពលករ​ខ្មែរ​ពី​សំណាក់​ក្រុម​អ្នក​រកស៊ី​នៅ​តំបន់​ជាយ​ដែន​នៅ​ក្រុង​ប៉ោយប៉ែត​នោះ​ លោក​កត់​សម្គាល់​ថា ​បាន​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​ចាត់​ទុក​ថា នេះ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​មួយ​ដែល​ខាង​ស្ថាប័ន​អនុវត្ត​ច្បាប់​ត្រូវ​ពិនិត្យ​មើល។ លោក​ថា ការ​លួច​គៃបន្លំ​លើ​តម្លៃ​សំបុត្រ​រថយន្ត​ក្រុង​ ការ​គៃបន្លំ​ចំពោះ​ការ​ប្ដូរ​ប្រាក់​ទៅ​លើ​ពលករ​ខ្មែរ​ដែល​​​កើត​មាន​នៅ​ក្រុង​ប៉ោយប៉ែត​នេះ​ កំពុង​បង្ក​ឲ្យ​ឥទ្ធិពល​ និង​វប្បធម៌​អាក្រក់​ដល់​សង្គម​កម្ពុជា៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com