0

លោក ខឹម វិ​ចិ​ត្រា ប្រើ​ជំនាញ​នគរបាល​អន្តោប្រវេសន៍ កោសរូស​ទារលុយ​ពី​ប្រជាពលរដ្ឋ និង​អ្នក​ដឹកជញ្ជូន​ទំនិញ​តាម​ច្រកព្រំដែន​ជ្រៃ​ធំ​

ខេត្តកណ្តាល ៖ មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកព្រំដែន​ទ្វេភាគី​ជ្រៃ​ធំ ស្ថិតក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជិះជាន់​សង្កត់សង្កិន​គាប​ជំរិត​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ចេញទៅ​ប្រទេស​វៀតណាម ដើម្បី​ព្យាបាល​ជំងឺ ឬ​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​ហើយ​ដំណាក់កាល​ចុងក្រោយ​នេះ លោក ខឹម វិ​ចិ​ត្រា ត្រូវបានតែងតាំង​ជានា​យ​ស្នាក់ការ​នគរបាល​អន្តោ​ប្រវេសន៍ ប្រចាំ​ច្រកព្រំដែន​ទ្វេភាគី ជ្រៃ​ធំ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​រអ៊ូរទាំ​ពី​ការ​​គាប​ជំរិត បង្ខំ​ឲ្យ​បង់លុយ​តឹងតែង​ជាង​ពេលមុនៗ ប្រហែលជា​លោក ខឹម វិ​ចិ​ត្រា កំពុងតែ​ប្រមូល​លុយ​យកទៅ​ស្រង់ដើម​ហើយ​​មើលទៅ​។​

ប្រជាពលរដ្ឋ​បាន​លើកឡើងថា សម្រាប់​មនុស្ស​ម្នាក់​បើ​ចង់​ឆ្លងដែន ឬ​ធ្វើដំណើរ​ទៅ​វៀតណាម ដោយ​គ្មាន​ការរំខាន ឬ​កោសរូស​សួររក​លិខិតស្នាម ត្រូវ​បង់លុយ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​របស់លោក ខឹម វិ​ចិ​ត្រា ចំនួន​២​ម៉ឺន ទៅ​៣​ម៉ឺន​រៀល ដោយ​គ្មាន​ការ​យោគយល់​ថា ប្រជាពលរដ្ឋ​ត្រូវ​ឆ្លងដែន​ទៅពិនិត្យ​ព្យាបាល​ជំងឺ​ឬ​ទៅរក​ស៊ី​ទិញ​ឥ​វ៉ាន់​បន្តិចបន្តួច​នោះទេ​។ ប្រជាពលរដ្ឋ​បាន​រអ៊ូរទាំ​ទៀតថា បន្ទាប់ពី​លោក ខឹម វិ​ចិ​ត្រា បាន​ឡើងកាន់តំណែង​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វេភាគី​ជ្រៃ​ធំ គាត់​បានដាក់​វិធាន​ការ​រឹតបន្តឹង ការត្រួតពិនិត្យ​អ្នកដំណើរ​ដែល​ឆ្លងកាត់​ព្រំដែន​ជាង​ពេលមុនៗ ប៉ុន្តែ​សម្រាប់​អ្នកដំណើរ​ដែល​បង់ប្រាក់​តាម​ការ​តម្រូវ​របស់​នគរបាល​អន្តោប្រវេសន៍ មិនមាន​ការត្រួតពិនិត្យ​អ្វី​តឹងតែង​ទេ​។​

​សកម្មភាព​ដែល​លោក ខឹម វិ​ចិ​ត្រា បាន​ពង្រាយ​មន្ត្រីក្រោមឱវាទ ឲ្យ​រាប់​អ្នក​ឆ្លងដែន​ដើម្បី​ប្រមូល​លុយ​គឺជារឿង​ខុសឆ្គង​ខ្លាំង​សម្បើម​ណាស់ ដែល​ទាមទារ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ពិនិត្យមើល​ភាព​អសកម្ម​របស់លោក ខឹម វិ​ចិ​ត្រា ឡើងវិញ​ផង ។ មានការ​បញ្ជាក់​ផងដែរ​ថា ក្នុង​មួយថ្ងៃៗ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ធ្វើដំណើរ​ឆ្លងដែន វៀតណាម សម្រាប់​ការដើរ​កម្សាន្ត ការទិញ​ទំនិញ​ផ្សេងៗ​យកមកប្រើ​ប្រាស់​ក្នុង​ក្រុមគ្រួសារ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ទៅ​ព្យាបាល​ជំងឺ មាន​ប្រមាណ​៥០០​ទៅ​១០០០​នាក់ ហើយ​បើ​គុណ​ជាមួយ​ចំនួន​លុយ​ដែល​លោក ខឹម វិ​ចិ​ត្រា បាន​ចាត់តាំង​ឲ្យ​មន្ត្រីក្រោមឱវាទ​រាប់​ប្រជាពលរដ្ឋ​យកលុយ​ក្នុង​ម្នាក់ ២​ទៅ​៣​ម៉ឺន​រៀល ឃើញថា​ប្រភព​ចំណូល​មាន​ច្រើន​ដល់​ទៅ​ខ្ទង់លាន​រៀល​ឯណោះ​ក្នុង​មួយថ្ងៃៗ ។

​ដោយឡែក សម្រាប់​ជនជាតិ​វៀតណាម ដែល​ឆ្លងដែន​ចូល មកលេង​ល្បែង​នៅតាម​កាស៊ីណូ ឬ​តាម​សង្វៀន​បញ្ជល់មាន់ នៅក្នុង​ស្រុក​ស្អាង ឬ​ស្រុក​កោះធំ ក្នុង​មួយថ្ងៃៗ​ប្រមាណ ៣០០​ទៅ​៥០០​នាក់ ហើយ​ជនជាតិ​យួន​ទាំងនោះ អាច​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការត្រួតពិនិត្យ​លិខិតស្នាម​អ្វី​ទាំងអស់ ដោយ​គ្រាន់តែ​បង់ប្រាក់​ឲ្យ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​របស់លោក ខឹម វិ​ចិ​ត្រា ចំនួន៤ម៉ឺន​ រៀល​សម្រាប់​ម្នាក់ គឺ​ចប់​រឿង​ទៅហើយ ។ មន្ត្រី​តូចតាច​មួយចំនួន​បាន​បញ្ជាក់ថា មាន​ជនជាតិ​វៀតណាម ជា​ច្រើន​ ដែល​ត្រូវ​ធ្វើដំណើរ​ចូលដល់​រាជរាជ​ធានី​ភ្នំពេញ ក៏​អាចធ្វើ​បានដែរ គ្រាន់តែ​ពឹង​មេខ្យល់​ឲ្យ​ជួយ​រត់ការ បង់លុយ​ឲ្យ​នគរបាល​អន្តោប្រវេសន៍ ក្នុង​ម្នាក់ៗ​ចាប់ពី​៣០​ដុល្លារ​ឡើងទៅ ចង់​ជនជាតិ​វៀតណាម ទាំងនោះ រត់ពន្ធ​មាស ថ្នាំពេទ្យ ឆ្លងកាត់​ព្រំដែន ក៏​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ ។

សម្រាប់​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកជញ្ជូន​កសិផល ចេញទៅ​វៀតណាម ដូចជា​ស្រូវ​ ពោត ស​ណ្តែក ល្ង ក៏ត្រូវ​ជាប់​កាតព្វកិច្ច​បង់​លុយ​​ជូន​នគរបាល​អន្តោប្រវេសន៍​របស់លោក ខឹម វិ​ចិ​ត្រា ទៅតាម​ការទាមទារ​ចង់​ខ្លាំង​ជាង​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ប្រចាំការ​នៅ​ចំណុច​ព្រំដែន​ជ្រៃ​ធំ​ទៅទៀត​។ មានការ​បញ្ជាក់​ផងដែរ​ថា អំពើពុករលួយ​របស់​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកព្រំដែន​ទ្វេភាគី​ជ្រៃ​ធំ បានកើត​មាន​ជា​យូរ​មកហើយ ប៉ុន្តែ​គ្មាន​ការកែទម្រង់​ទាល់តែសោះ ដែល​រហូតមក​ដល់ពេលនេះ​លោក ខឹម វិ​ចិ​ត្រា កាន់តែ​មានឱកាស​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន​ចេញទៅ​វៀតណាម និង​គាប​ជំរិត​ឲ្យ​ជនជាតិ​យួន​ដែល​ឡើង​មកលេង​កាស៊ីណូ​ក្នុងស្រុក​កោះធំ បង់លុយ​ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ ហើយ​គេ​អាច​ចាត់ទុកថា នេះ​ជា​រឿង​ពុក​រលួយ​​​ក៏​ដោយសារតែ​ការបង់ប្រាក់​គ្មាន​វិក្កយបត្រ​។​

ច្រកព្រំដែន​ទ្វេភាគី​ជ្រៃ​ធំ​នេះ​ផងដែរ គឺជា​ចំណុច​ឆ្លងកាត់​ដ៏​សំខាន់​នៃ​ការនាំចេញ​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​កម្ពុជា​ទៅ​វៀតណាម ដូចជា​ការនាំចេញ​សត្វព្រៃ ឈើ​គ្រញូង ឈើ​ប្រណីត ដែលមាន​រូបភាព​យ៉ាង​គគ្រឹកគគ្រេង គឺជា​ប្រភព​ចំណូល​មិនធម្មតា​ទេ​សម្រាប់​​លោក ខឹម វិ​ចិ​ត្រា ហើយ​ក្រុម​ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ត្រី​ខុសច្បាប់ ទំនិញគេចពន្ធ​មាន​ប្រភេទ​គ្រឿងសំណង់ ស៊ីម៉ងត៍​ ឥដ្ឋការ៉ូ ជ្រូក មាន់ ទា មកពី​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​នាពេល​បច្ចុប្បន្ននេះ គេសង្កេតឃើញ​ជំនាញ​នគរបាល​អន្តោប្រវេសន៍​របស់លោក ខឹម វិ​ចិ​ត្រា ក៏​កំពុងតែ​សប្បាយ​ក្នុងការ​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ផង​ដែរ​ ហើយ​ផលប្រយោជន៍​ដែល​លោក ខឹម វិ​ចិ​ត្រា ប្រមូលបាន​ក្នុង​មួយថ្ងៃៗ​រាប់សិប​លាន​រៀល​នោះ ទំនងជា​យកមក​បែង​ចែកជូន​ថ្នាក់លើ​ខ្លះ​ដែរ​ហើយ​មើលទៅ​៕

ខឹម​វិចិត្រា

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com