0

ជំនួញ​ឈើ​ប្រណីត​មកពី​គ្រប់​ទីកន្លែង​សម្រុក​ចេញទៅ​ស្រុក យួន​តាម​ច្រក​ជ្រៃ​ធំ​នៅក្រោម​ការចាត់ចែង​រប​ស់ ខឹម វិ​ចិ​ត្រា​

បច្ចុប្បន្ននេះ លោក ខឹម វិ​ចិ​ត្រា ហៅ​ចិត្រ ជា​ប្រធាន​ស្នាក់ការ នគរបាល​​អន្តោ​ប្រ​វេស​ន៍​​ប្រចាំ​ច្រកព្រំដែន​ទ្វេភាគី​ជ្រៃ​ធំ ស្ថិតនៅក្នុង​ស្រុក​កោះ​ធំ​​ខេត្តកណ្តាល កំពុងមាន​អំណាច​ពេញដៃ​ក្នុងការ​សម្របសម្រួល​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ទាំង​តាមផ្លូវ​ទឹក​និង​តាមផ្លូវ​គោក​ចេញទៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​បំផុត​។ ពេលខ្លះទៀត​លោក ខឹម វិ​ចិ​ត្រា ក៏បាន​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន​ក្នុង​ការបំពាន​លើ​តួនាទី​របស់​មន្ត្រី​ជំនាញ​ដទៃ​ដែល​ចុះទៅ​ប្រចាំការ​នៅ​ច្រកព្រំដែន​ជ្រៃ​ធំ​ទៅតាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋា​ភិ​បាល ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រ​ឆាំង​​អំពើពុករលួយ​ជាពិសេស​លោកស្នងការ អ៊ា​វ ចំរើន មេត្តា​ពិនិត្យមើល​ភាព​អសកម្ម​និង​អំពើ​ពុករលួយ​របស់លោក ខឹម វិ​ចិ​ត្រា ឡើង​វិញ​ផងដែរ​។​

មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ខឹម វិ​ចិ​ត្រា ហៅ​ចិត្រ គឺជា​មន្ត្រី​ដែល​ពូកែ​អួតអាង​និង​ក្រអឺតក្រទម​បំផុត​ចាប់តាំងពី​ពេល​ដែល​គាត់​បាន​ផ្តួល​មេ​ចាស់ ហើយ​កាន់តំណែង​ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកព្រំដែន​ទ្វេភាគី​ជ្រៃ​ធំ គាត់​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​គ្មាន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់​នោះទេ តាមរយៈ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​រកស៊ី​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​មកពី​ស្រុក​យួន ហើយ​ឈើ​ប្រណីត​ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន​តាមផ្លូវ​ទឹក​ដោយ​ឆ្លងកាត់​តាម​ច្រកព្រំដែន​ជ្រៃ​ធំ ក៏​ជា​ប្រភព​សេដ្ឋកិច្ច​មិនចេះ​រីងស្ងួត​របស់លោក ខឹម វិ​ចិ​ត្រា ផងដែរ​។ មន្ត្រីក្រោមឱវាទ​របស់​លោក ខឹម វិ​ចិ​ត្រា មួយចំនួន​ដែល​មិនសូវ​ចេះ​អែបអប​យកចិត្តយកថ្លើម​មេការ រកតែ​លុយ​ចាក់​សាំង​ម៉ូតូ​ជិះ​ទៅធ្វើ​ការ ឬ​រកលុយ​ធ្វើ​សោហ៊ុយ​ទៅលេង​ប្រពន្ធ​កូន​សឹង​មិនបាន​ផង ព្រោះតែ​លោក ខឹម វិ​ចិ​ត្រា ពូកែ​ក្តោប​ប្រភព​ចំណូល​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។​

ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំជាងគេ​ប្រចាំ​ច្រក​ជ្រៃ​ធំ​នេះ មានឈ្មោះ ហេង ទឹក​សុទ្ធ ឬ ហេង ស្ទឹងមានជ័យ​ហើយ​តា​ហុង ក៏មាន​ចំណែក​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​មកពី​តាម​បណ្តា​ខេត្ត​នានា ជាពិសេស​មកពី​តាមផ្លូវ​ជាតិ​លេខ​៥ បើក​​ឆ្លងកាត់​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ក្រុង​តាខ្មៅ ឡើង​តាម​ផ្លូវជាតិ​លេខ​២១​បេ ចេញទៅ​ច្រក​ជ្រៃ​ធំ ដោយ​គ្មាន​នរណា​ហ៊ាន​ហើប​មាត់​នោះទេ​។ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្អេកស្កះ​ត្រូវបាន​ដាក់​ឲ្យ​ប្រចាំការ​ឬ​បង្កើត​ប៉ុស្តិ៍​ជជុះ​យ៉ាង​អនាធិបតេយ្យ​តាមផ្លូវ​ជាតិ​លេខ ២១​បេ​បានត្រឹមតែ​អង្គុយ​រាប់​ក្បាល​ឡាន​ដឹកឈើ​យកលុយ​មិនដែល​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប បទល្មើស​ម្តងណា​ឡើយ ហើយ​គេ​ដឹងថា​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ធំៗ​ទាំងនោះ​សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​ជំនាញ​និង​នគរបាល​សេដ្ឋកិច្ច​ដែល​ប្រចាំការ​តាម​ដងផ្លូវ​នោះ​។​

ការដឹកជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ជ្រៃ​ធំ ក៏​រង​នូវ​ការ​កោសរូស​បង្ខំ​ឲ្យ​បង់លុយ​ពី​លោក ខឹម វិ​ចិ​ត្រា ដោយ​គ្មាន​ការយោគយល់​នោះទេ ដូចដែល​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ឲ្យ​ដឹងថា ក្រៅពី​ប្រធាន​ស្នាក់ការ​ច្រក​ជ្រៃ​ធំ លោក ទេព សុធី ដែល​ទើបត្រូវ​បានតែងតាំង​ជំនួស​លោក រស់ សុធា ដែល​ត្រូវបាន​ដក​ចេញពី​តំណែង​ដោយសារតែ​រឿងអាស្រូវ​ពុក​រលួយ ​គាប​ជំរិត​ប្រជាពលរដ្ឋ​រកស៊ី​ដឹកជញ្ជូន​កសិផល​ចេញទៅ​ស្រុក​យួន គឺ​លោក ខឹម វិ​ចិ​ត្រា ជា​អ្នក​អនុវត្តន៍​ការ​គាប​ជំរិត​ប្រជា​ពលរដ្ឋ ដោយ​គ្មាន​ក្រែង​ញញើត ពី​ច្បាប់ទម្លាប់​អ្វី​ឡើយ​។ សិទ្ធិអំណាច​របស់លោក ខឹម វិ​ចិ​ត្រា ធំ​ណាស់​បើទោះបីជា​គាត់​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ក៏ដោយ គឺ​គាត់​ហ៊ាន​បំពាន​ទៅលើ​បទបញ្ជា​របស់​រដ្ឋា​ភិ​បាល​​ដែល​បាន​យោគយល់​និង​អនុគ្រោះ​ចំពោះ​ពលរដ្ឋ​ដែល​រកស៊ី ដឹក​ជញ្ជូន​​កសិផល​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​គ្មាន​ក្រែង​ញញើត​ពី​ការ​រឹតបន្តឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​។​

ប្រជាពលរដ្ឋ​ក៏បាន​រអ៊ូរទាំ​ផងដែរ​ថា លោក ខឹម វិ​ចិ​ត្រា ក៏បាន​ចាត់តាំង​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់គាត់​កោសរូស​ប្រជាពលរដ្ឋ​ឲ្យ​បង់លុយ​នៅពេល​មានធុរៈ​ឆ្លងដែន​ចូលទៅ​ស្រុក​យួន​តាម​ច្រក​ជ្រៃ​ធំ ដោយ​បង្ខំ​ឲ្យ​បង់លុយ​ក្នុង​ម្នាក់ ២​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល ចំ​ពោះ​ប្រជាពលរដ្ឋ​ដែល​មាន​លិខិតស្នាម​សម្រាប់​ឆ្លងដែន ប៉ុន្តែ​សម្រាប់​អ្នកជំងឺ​ដែល​ត្រូវ​សង្គ្រោះបន្ទាន់​នាំទៅ​ស្រុក​យួន​តាម​ច្រក​ជ្រៃ​ធំ ហើយ​គ្មាន​លិខិតស្នាម​ត្រូវ​នគរបាល​អន្តោប្រវេសន៍​របស់លោក ខឹម វិ​ចិ​ត្រា កោសរូស​បង្ខំ​ឲ្យ​បង់លុយ​ចាប់ពី ២០ម៉ឺន​រៀល ដល់​៣០​ម៉ឺន​រៀល​សម្រាប់​អ្នកជំងឺ​ម្នាក់ៗ​។ ក្នុងករណី​សុំ​បញ្ចុះតម្លៃ​លោក ខឹម វិ​ចិ​ត្រា បាន​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មានធុរៈ​ទាំងនោះ​ឡើង​មក​សុំ​លិខិតស្នាម​ពី​ថ្នាក់លើ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ជាការ​ផ្ចាញ់ផ្ចាល់​ចំពោះ​ប្រជាពលរដ្ឋ​យ៉ាង​កំរោល ដូច្នេះ​អំពើពុករលួយ​របស់លោក ខឹម វិ​ចិ​ត្រា បានធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ក្រីក្រ​នៅក្នុង​ស្រុក​ស្អាង​និង​ស្រុក​កោះធំ​ត្រូវ រងទុក្ខវេទនា​គ្មាន​ទី​បញ្ចប់​។​

ដោយឡែក​សម្រាប់​ជនជាតិ​យួន ឲ្យ​តែមាន​លុយ​បង់​ឲ្យ​លោក ខឹម វិ​ចិ​ត្រា ចាប់ពី​១០​ដុល្លារ​ដល់​៣០​ដុល្លារ ឡើងទៅអាច​ឆ្លងដែន​ចេញចូល​ប្រទេស​កម្ពុជា គ្មាន​នរណាត្រួតពិនិត្យ​លិខិតស្នាម​នោះទេ ហើយ​ក្នុង​មួយថ្ងៃៗ​គ្រាន់តែជនជាតិ​យួន​ដែល​ញៀន​ល្បែងស៊ីសង​នាំគ្នាមកលេង​ល្បែង​បញ្ជល់មាន់ បៀ អាប៉ោង តៃស៊ីវ នៅក្នុង​ស្រុក​ស្អាង និង​ស្រុក​កោះធំ ឬ​នៅក្នុង​កាស៊ីណូ​ជាប់​ព្រំដែន មាន​ចំនួន​រាប់រយ​នាក់​សុទ្ធតែ​ត្រូវ​បង់​លុយ​ឲ្យ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​របស់លោក ខឹម វិ​ចិ​ត្រា តិច​បំផុត​២​ម៉ឺន​រៀល ដល់​៤​ម៉ឺន​រៀល​។

ក្នុង​តំណែង​ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកព្រំដែន​ទ្វេភាគី​ជ្រៃធំ លោក ខឹម វិ​ចិ​ត្រា មានការ​ផ្លាស់ប្តូរ​ជីវភាព​ថ្មី​យ៉ាង​ឆាប់រហ័ស​ផ្តើមចេញពី​អំពើពុក​រលួយ​​នៃការបង្ខំ​ឲ្យ​អ្នកដំណើរ​ឆ្លងដែន​បង់​លុយ ក៏ដូចជាការឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​មិន​ខ្វល់​ពីបទ​បញ្ជា ០០២​របស់​រាជរដ្ឋាភិបាល​នោះទេ ដូច្នេះ​សូម​លោក​ស្នង ការ អ៊ា​វ ចំរើន ពិនិត្យមើល​ភាព​អ​ស​កម្ម​​និង​ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​ច្រកព្រំដែន​ជ្រៃ​ធំ​ឡើងវិញ​ផង​។ ជាមួយគ្នានេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនត្រូវ​បណ្តោយឱ្យ​ខឹម វិ​ចិ​ត្រា ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​នោះទេ​៕​

ខឹម-វិចិត្រា-Khim-vichetra

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com