ស្រះចិញ្ចឹមត្រីឆ្តោខុសច្បាប់ទាំងតូចទាំងធំរាប់រយកន្លែងនៅទូទាំងស្រុកស្អាងស្រុកកោះធំ និងនៅកណ្តាលក្រុងតាខ្មៅ គេមិនដែលឃើញជំនាញជលផលរបស់លោក សេង ធីម ហ៊ានហើបមាត់ម្តងណាឡើយ ដោយគ្រាន់តែកោះហៅក្រុមឈ្មួញរកស៊ីចិញ្ចឹមត្រីឆ្តោខុសច្បាប់មកផឹកកាហ្វេ ឬច្រៀងខារ៉ាអូខេដើម្បីសុំការយោគយល់គឺចប់រឿងទៅហើយ។ ចង់ក្រុមឈ្មួញចិញ្ចឹមត្រីឆ្តោក្នុងមួយស្រះៗមិនតិចជាង១០ម៉ឺនក្បាលក៏លោក សេង ធីម មិនខ្វល់ ហើយបើទោះបីជាមានបទល្មើសនេសាទនៃការដាក់សៃយ៉ឺន ស្បៃមុង តាមបឹងបួទន្លេ ដើម្បីចាប់ត្រីតូចៗយកទៅធ្វើជានុយចិញ្ចឹមត្រីឆ្តោខុសច្បាប់ ក្នុងមួយថ្ងៃៗជាច្រើនតោន ក៏សុទ្ធសឹងជាប្រយោជន៍ដែលលោក សេង ធីម កំពុងប្រមូលយកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងរំភើយ មិនដែលខ្វល់ពីចំណាត់ការរឹតបន្តឹងរបស់លោក ឱម យ៉ិនទៀង នោះទេ។
ប្រជាពលរដ្ឋនៅក្រុងតាខ្មៅបានលើកឡើងថា ចាប់ពីព្រះអាទិត្យលិចបាត់ មានរថយន្តដឹកជញ្ជូនត្រីធុនធំចំណុះ៥តោន ឬ៣តោន បើកបរឆ្លងកាត់ក្រុងតាខ្មៅ សឹងខូងផ្លូវទៅហើយ មិនដឹងជាលោក សេង ធីម ដែលចាត់តាំងកូនចៅ ឲ្យប្រចាំាការតាមដងផ្លូវប្រមូលលុយពីការដឹកជញ្ជូនត្រីទាំងនោះបានប៉ុន្មានលានរៀលទេ ក្នុងមួយយប់ៗ ព្រោះគេដឹងថាត្រីដែលក្រុមឈ្មួញដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងក្នុងមួយថ្ងៃៗរាប់សិបឡានឆ្លងកាត់ក្រុងតាខ្មៅ យកមកកាន់យឿច្បារអំពៅ ដើម្បីលក់ចែកចាយលើទីផ្សារ សុទ្ធតែជាប្រភេទត្រីឆ្តោ និងត្រីរ៉ស់ដែលបានមកពីការចិញ្ចឹមខុសច្បាប់និងនាំចូលពីស្រុកយួន។ក្រសួងកសិកម្មបានហាមដាច់ឃាត់ដាច់ខាតក្នុងការចិញ្ចឹមត្រីឆ្តោ ត្រីរ៉ស់ ដែលជាប្រភេទត្រីស៊ីកូនត្រីជាអាហារ ហើយក៏មានការហាមឃាត់ដាច់ខាតមិនឲ្យនាំចូលត្រីឆ្តោមកពីក្រៅប្រទេសនោះដែរដូច្នេះក្រុមឈ្មួញដែលអាចប្រមូលទិញត្រីឆ្តោក្នុងស្រុកក៏ដូចជានាំចូលតាមច្រកជ្រៃធំ សុទ្ធតែបានរួមចំណែកប្រព្រឹត្តអំពើល្មើសច្បាប់ ហើយមានការបង់លុយជូនលោក សេង ធីម ជាមន្ត្រីជំនាញជលផលដ៏មានឥទ្ធិពលនៅតំបន់នោះ ទើបអ្វីៗដំណើរការដោយរលូនល្អ។
និយាយពីអំពើពុករលួយរបស់លោក សេង ធីម គេតែងតែនឹកឃើញដល់មន្ត្រីយោធាពាក់ស័ក្តិ៥ម្នាក់ ឈ្មោះ ផាំង គីម ដែលជាមេឈ្មួញរកស៊ីចិញ្ចឹមត្រីឆ្តោធំជាងគេនៅក្នុងស្រុកស្អាង និងជាអ្នកប្រមូលទិញត្រី ដែលប្រជាពលរដ្ឋចិញ្ចឹមដោយខុសច្បាប់នៅទូទាំងខេត្តកណ្តាលដើម្បីយកមកលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញ។ ដូចដែលប្រជាពលរដ្ឋមួយចំនួនបានបង្ហើបឲ្យដឹងថា លោក ផាំង គីម សឹងតែក្លាយជាធនាគារផ្គត់ផ្គង់បែងចែកប្រាក់ឲ្យជំនាញជលផលរបស់លោក សេង ធីម មិនដែលខ្វះចន្លោះទើបគាត់មានបុព្វសិទ្ធិធំធេងនាំចូលត្រីខុសច្បាប់មកពីស្រុកយួន និងប្រមូលទិញត្រីឆ្តោដែលពលរដ្ឋនិងឈ្មួញធំៗចិញ្ចឹមតាមស្រះតាមបែ ហើយត្រង់ចំណុចគេយល់ឃើញថា ប្រសិនបើគ្មានអ្នកប្រមូលទិញត្រីឆ្តោទេនោះ ក៏គ្មានអ្នកចិញ្ចឹមត្រីឆ្តោខុសច្បាប់បំផ្លាញធនធានមច្ឆជាតិយ៉ាងពេញបន្ទុកដែរនោះដែរ។
គេមិនដែលឃើញលោក ផៃ ប៊ុនឈឿន ជាអភិបាលខេត្តកណ្តាល ហ៊ានហើបមាត់ពីភាពអនាធិបតេយ្យរបស់លោក សេង ធីម ដែលឃុបឃិតឲ្យលោក ផាំង គីម រកស៊ីចិញ្ចឹមត្រីឆ្តោខុសច្បាប់និងប្រមូលទិញត្រី ពីតាមបែតាមស្រះដឹកជញ្ជូនមកចែកចាយនៅរាជធានីភ្នំពេញ យ៉ាងអនាធិបតេយ្យនោះទេ បើទោះបីជាឡានដឹកត្រីរបស់មេឈ្មួញ ផាំង គីមបើកបរឆ្លងកាត់មុខសាលាខេត្តកណ្តាល បង្កសំឡេងរំខានបែបណាក៏ដោយ។ ប្រជាពលរដ្ឋបានអះអាងទៀតថា ឡានដឹកត្រីរបស់មេឈ្មួញ ផាំង គីម មានបំពាក់ម៉ាស៊ីនគោយន្ត ២ទៅ៣គ្រឿង ដើម្បីផ្តល់អុកស៊ីហ្សែន ដល់ត្រីឆ្តោ នៅក្នុងធុង ដើម្បីរក្សាគុណភាព លក់បានថ្លៃកុំឲ្យងាប់តាមផ្លូវ ហើយរថយន្តដឹកត្រីរបស់លោក ផាំង គីម មួយគ្រឿងមានសំឡេងរំខានខ្លាំងជាងរូឡូកិនដីធុនធំបើកទៅដល់កន្លែងណាមានសំឡេងរំខានញ័ររញ្ជួយដល់ទីនោះ ព្រោះសំឡេងរោទ៍នៃម៉ាស៊ីនឡានដែលផ្ទុកត្រីលើសទម្ងន់ ក៏ដូចជាម៉ាស៊ីនគោយន្តផ្តល់ខ្យល់អុកស៊ីហ្សែន បានរោទ៍ព្រមៗគ្នា។
គេចង់ឃើញអភិបាលខេត្តកណ្តាល ជាពិសេសលោក ឱម យ៉ិនទៀង ពិនិត្យមើលភាពក្រអឺតក្រទមរបស់លោក សេង ធីម ឡើងវិញផង ព្រោះការឃុបឃិតឲ្យក្រុមឈ្មួញរកស៊ីចិញ្ចឹមត្រីឆ្តោក្នុងមួយស្រះៗរាប់ម៉ឺនក្បាល រួមទាំងការរាប់ក្បាលឡានដឹកត្រីយកលុយតាមតែអំពើចិត្តគឺជាអំពើពុករលួយក្នុងកម្រិតខ្ពស់ដែលលោក សេង ធីម បានប្រព្រឹត្តយ៉ាងគឃ្លើនច្រើនខែច្រើនឆ្នាំមកហើយ គ្មានការកែទម្រង់នោះទេ ហាក់ដូចជាផ្គើនបំផុតទៅនឹងវិធានការរឹតបន្តឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ភាពអសកម្មរបស់លោក សេង ធីម ក៏ជាចំណែកមួួយនាំឲ្យមានការបំផ្លាញធនធានមច្ឆជាតិ បង្កើតជាគំរូអាក្រក់ដល់មន្ត្រីដទៃទៀត គួរឲ្យព្រួយបារម្ភផងដែរ៕