គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា មកទល់ថ្ងៃទី៣០ ខែកញ្ញា ទឹកជំនន់នៅទូទាំងប្រទេសសម្លាប់មនុស្សជាង ៣០នាក់ និងបង្ខំពលរដ្ឋរាប់ពាន់គ្រួសារផ្សេងទៀតឲ្យជម្លៀសចេញពីផ្ទះសំបែង។
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា ទឹកជំនន់ទន្លេមេគង្គលើនៅខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម ចាប់ផ្ដើមស្រកក៏ពិតមែន ប៉ុន្តែតាមការព្យាករកម្ពស់ទឹកអាចនឹងហក់ឡើងវិញ បើសិនជាមានភ្លៀងធ្លាក់ខ្លាំង។
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដែលបណ្តាលមកពីការធ្វេសប្រហែសពេលមានទឹកជន់ឡើង។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថា ខេត្តចំនួន ១២ រងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ដែលបង្កឲ្យពលរដ្ឋជាង ៧ម៉ឺនគ្រួសារជួបការលំបាក។ ខេត្តដែលរងគ្រោះដោយសារទឹកជំនន់មានខេត្តព្រះវិហារ បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ព្រៃវែង កណ្តាល ព្រះសីហនុ រតនគិរី និងរាជធានីភ្នំពេញ។
អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៍ថា លោកមិនមានពេលគ្រប់គ្រាន់លម្អិតពីរឿងនេះបានទេ ព្រោះលោកទើបតែសុំការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីនិយាយជាមួយអ្នកកាសែតបាន។
លោកបន្តដោយខ្លីថា ទឹកអាចនឹងឡើង ដូចនេះពលរដ្ឋគួរប្រុងប្រយ័ត្ន៖ «ទឹកវាស្រកហើយ អត់មានបញ្ហាអីទេ គ្រាន់វាបុកនៅខេត្តកណ្ដាល រាជធានីភ្នំពេញ និងខេត្តព្រៃវែង យើងកំពុងមានវិធានការដើម្បីដោះស្រាយបញ្ហាហ្នឹងណា»។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា មកដល់ល្ងាចថ្ងៃទី២៩ កញ្ញា មានមនុស្សស្លាប់ដោយសារទឹកជន់ឡើងចំនួន ២៨នាក់ ក្នុងនោះខេត្តកំពង់ចាម មានមនុស្សស្លាប់ច្រើនជាងគេ គឺ ១៦នាក់ និងខេត្តរតនគិរី ៤នាក់ ព្រមទាំងខេត្តមួយចំនួនទៀត។ ប៉ុន្តែនៅខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ក្រុមប្រជាពលរដ្ឋបានប្រាប់ថា ពួកគាត់បានជួយសង្គ្រោះបុរសជនបរទេសម្នាក់ ដែលបានអណ្ដែតទៅទើរលើមែកឈើដោយសារបើកឡានឆ្លងកាត់ទំនប់ស្នេហ៍ ក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្រុមពលរដ្ឋក៏បានជួយស្រង់សាកសពជនបរទេសចំនួន ៤នាក់ ក្នុងនោះមានកុមារ ២នាក់ និងស្ត្រី ២នាក់ ដែលបានស្លាប់ដោយសារលង់ទឹកទំនប់។ បុរសជនបរទេសនោះ គេមិនទាន់ស្គាល់អត្តសញ្ញាណឡើយ ដោយសារគាត់មិនចេះនិយាយទាំងភាសាបារាំង និងអង់គ្លេស។ ក្រុមពលរដ្ឋឲ្យដឹងថា រថយន្តបើកចូលទឹក គឺមកពីអ្នកបើកមិនដឹងថា ទឹកនៅលើផ្លូវជាតិពីកំពង់ស្នេហ៍ ទៅបាភ្នំ មានជម្រៅជ្រៅ និងហូរខ្លាំង ហើយអាជ្ញាធរមូលដ្ឋានក៏មិនបានដាក់សញ្ញាហាមឃាត់។ ប៉ុន្តែក្រុមអាជ្ញាធរប្រាប់ថា បញ្ហានេះមកពីទឹកឡើងលឿនខ្លាំងពេក។
ទន្ទឹមនឹងនេះ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា សាលារៀនដែលរងផលប៉ះពាល់មានចំនួនជិត ៤០០ខ្នង វត្តអារាមចំនួនជិត ៣០០វត្ត និងមន្ទីរពេទ្យចំនួន ១៧ ត្រូវបានផ្អាកដំណើរការ។ សន្ទូងដែលបានប៉ះពាល់មានចំនួនជិត ៩ម៉ឺនហិកតារ ហើយទឹកជំនន់អូសបន្លាយ សន្ទូងទាំងនោះនឹងខូចខាត។ ទឹកឡើងក៏ប៉ះពាល់ដំណាំផ្សេងៗចំនួនជាង ៣ពាន់ហិកតារ។ ទឹកជំនន់កាលពីឆ្នាំ២០១២ បានសម្លាប់មនុស្ស ១៤នាក់។ កាលពីឆ្នាំ២០១១ ទឹកឡើងក៏បានសម្លាប់មនុស្សអស់ចំនួន ២៥០នាក់ដែរ នឹងបណ្ដាលឲ្យខាតបង់ថវិកាជាតិអស់រាប់លានដុល្លារ៕
ខេត្តមួយចំនួន ដែលកំពុងស្ថិតក្នុងការគំរាមកំហែងធ្ងន់ធ្ងរពីទឹកជំនន់ រួមមាន ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ឧត្តរមានជ័យ រតនគិរី និងខេត្តពោធិ៍សាត់។ ក្នុងខេត្តកំពង់ចាម មនុស្ស៦នាក់ ស្លាប់ ឧត្តរមានជ័យ២នាក់ ក្រចេះ២នាក់ ស្ទឹងត្រែង១នាក់ រតនគីរី ១នាក់ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត។
នាយខុទ្ទកាល័យ និងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ លោកកែវ វី ប្រាប់នៅថ្ងៃចន្ទនេះថា ប្រជាជន ដែលត្រូវបានជម្លៀសរកទីសុវត្ថិភាព មានចំនួន ៩៥០៩គ្រួសារ ផ្ទះដែលត្រូវលិចខូចខាត មានចំនួន ៦៧៥៥១ខ្នង ដែលក្នុងនោះផ្ទះ ២៥ខ្នង រងការខូចខាតទាំងស្រុង។ ចំណែកសាលារៀន ត្រូវបានទឹកលិច មានចំនួន ៥១៣ វត្តអារាម មានចំនួន ២៨៣ មណ្ឌលសុខភាព ត្រូវបានទឹកលិចមានចំនួន ២៥កន្លែង។ ចំណែកដំណាំស្រូវដែលខូចខាត និងលិចទឹកមានចំនួន ៩៣១០៤ ហិកតា និងដំណាំបន្ទាប់បន្សំ ដែលត្រូវលិចលង់ មានចំនួន៣៩៤៤ហិកតា។
លោកកែវ វី បន្ដថារហូតមកដល់ពេលនេះកម្រិតទឹកមានការថយចុះនៅតាមបណ្ដាខេត្តមួយចំនួន ដែលសិ្ថតនៅមិនជាប់ខ្សែទឹកទន្លេមេគង្គ។ ចំណែកនៅរាជធានីភ្នំពេញវិញ កម្រិតទឹកនៅមាត់ទន្លេខាងមុខព្រះបរមរាជវាំង និងនៅកោះពេជ្រ មានសភាពខ្ពស់នៅឡើយ។
កាលពីថ្ងៃទី២៥ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យអាជ្ញាធរជាតិ និងក្រោមជាតិ បង្កើនការប្រុងប្រយ័ត្នជួយប្រជាពលរដ្ឋ ខណៈទឹកជំនន់ កំពុងក្លាយជាបញ្ហាព្រួយបារម្ភ និងយកចិត្តទុកដាក់ក្នុងការជម្លៀស ការផ្តល់ស្បៀងអាហារ និងការថែទាំងសុខភាពជាដើម និងពលរដ្ឋ ត្រូវប្រុងប្រយ័ត្នសម្រាប់សុវត្ថិភាពក្រុមគ្រួសារ ជាពិសេសផ្ទះដែលងាយរងគ្រោះ៕