មានម្ចាស់រថយន្ត១០០០នាក់ រអ៊ូរទាំទាំង១០០០នាក់ ហើយបានខ្សឹបខ្សៀឲ្យអ្នកសារព័ត៌ដឹងថា នៅកន្លែងធ្វើស្លាកលេខរថ យន្តរបស់មន្ទីរសាធារណការរាជធានីធ្វើស្អីបន្តិចក៏លុយដែរ។
ម្ចាស់រថយន្តបានខ្សឹបថា លុយទិញ ឯកសារបំពេញបែបបទសំរាប់ធ្វើស្លាកលេខរថយន្តមួយគ្រឿងដំបូងបង់៩០ដុល្លា បន្ទាប់មកបង់លុយថ្លៃកាល់លេខម៉ាស៊ីន១០០០០រៀល។ បន្ទាប់មកទៀតទៅបិទស្លាកលេខបណ្តោះអាសន្នបង់១០០០០រៀលទៀត លុះពេលកឹបស្លាកលេខបង់២ម៉ឺនរៀលទៀត។
និយាយរួមធ្វើស្អីតែបន្តិចក៏ត្រូវបង់លុយដែរ ធ្វើឲ្យអ្នកទៅធ្វើស្លាកលេខ ស្ទើរងងឹងមុខ ព្រោះទារលុយច្រើនកន្លែង ច្រើនប្រភេទពេក។ ហើយបើចង់បានស្លាកលេខប្រភេទវែងគឺបង់ថែម១២០ដុល្លា។ ពួកគេបន្តថា ទម្រាំតែបានស្លាកលេខមកពាក់រថយន្តចង់ខ្យល់ចាប់ក្លាយទៅជាគ្រុនផ្តាសាយ លេខរើស៩គ្រាប់តំលៃធម្មតា ក៏អស់ប្រមាណ១៥០ដុល្លាដែរ។
ម្ចាស់រថយន្តបានខ្សឹបឲ្យដឹងបន្តទៀតថា បើចង់រើសលេខ ឫអក្សរ X.Y.Z.AA.AB……ទៅតាមលេខល្អឫមធ្យមនោះ គឺត្រូវបង់លុយពី៦៥០ ដុល្លា ដល់ ២០០០ដុល្លា។ដោយឡែកសំរាប់លេខតូ(លេខផែ) គឺបង់២៥០០ដុល្លា។ អ្វីដែលកើបលុយស្រួលជាងគេនោះគឺអតិថិថនចង់បាន លេខការ៉េ ឫលេខស៊្រុន គឺត្រូវបង់ពី៥០០០ដល់១០០០០ដុល្លា ឯណោះ។
ពុទ្ធោ អើយ! ពីមុនលឺតែគេថា ដល់ពេលមានរថយន្តទៅធ្វើស្លាកលេខខ្លួនឯងទើបដឹងច្បាស់ថាអ្វីៗដូចគេនិយាយពីមុនមកមែន គឺសំបុកពុករលួយធំតែម្តងនៅក្នុងមន្ទីរសារធារណការរាជធានីនេះ។ ម្ចាស់យានយន្តដែលទៅធ្វើស្លាកលេខទាំងនោះបានខ្សឹបទៀតថា បន្ទប់រើសលេខល្អៗគឺឡើងទៅជាន់ខាងលើគេមានសៀវភៅឲ្យរើសលេខតាមស្រឡាញ់ហើយហាងឆេងលេខមានពីររាប់រយដល់រាប់ពាន់និងធ្ងន់ដល់រាប់ម៉ឺនដុល្លា ពោលគឺកន្លែងចុះបញ្ជីយានយន្តឫធ្វើស្លាកលេខរថយន្តនោះ ប្រៀបដូចជាកន្លែងរកស៊ីដ៏ធំមួយរបស់រដ្ឋ តែមិនដឹងថា លុយទាំងនោះចូលថវិកាជាតិប៉ុន្មាននោះទេ។
ប្រជាពលរដ្ឋទាំងនោះបានខ្សឹបឲ្យឮទៀតថា ការចុះបញ្ជីយានយន្តទាំងម៉ូតូនិងឡានគេត្រូវចុះតាមលេខរៀងតាមលំដាប់លំដោយ តែបែរជាអង្គភាពរបស់រដ្ឋមួយនេះចុះរំលងយកលេខនិងអក្សរមកលក់ដូរយ៉ាងចំហទៅវិញ។ ឧទាហរណ៏ លេខសេរីអក្សរទើបតែដល់ Y គេលក់ដល់លេខ AE. AH. ឯណាឯណោះទៅហើយ ដោយតំលៃចាប់ពីជាង ៣០០០ដុល្លាឡើងទៅ។
ប្រជាពលរដ្ឋខ្សឹបទៀតថា អ្នករង់ចាំសរសេរបែបបទ អង្គុយត្រៀបត្រានៅទីនោះមិនមែនជាមន្រ្តីនៃអង្គភាពនោះទេ គឹជាសាច់ញតិសែស្រឡាយរបស់មន្រ្តីក្នុងនោះទៅជួយរកលុយ។ បើអតិថិជន ចង់ទៅធ្វើដោយដៃខ្លួនឯងផ្ទាល់ច្បាស់ជាដូចទៅសុំភ្លើងពីយក្សអឹចឹងតែបើឲ្យអ្នកទាំងនោះរត់ការគឺលឿនដូចកាំជ្រួច។ ពួកគាត់សំណូមពរដល់រាជរដ្ឋាភិបាលគិតគួរកែទម្រង់នៅស្ថាប័នមួយនេះផង បើកែមិនឡើងទេប្រាកដជាកាន់តែយ៉ាប់មិនខាន។
ទោះយ៉ាងណា ជុំវិញការខ្សឹបក្នុងន័យរិះគន់ខាងលើនេះយើងអាចទាក់ទងសុំការបំភ្លឺពីមន្រ្តីពាក់ពន្ធ័បានទេ។ ប៉ន្តែទោះយ៉ាងណា សូមលោកប្រធានមន្ទីរសាធារណការរាជធានីពិនិត្យមើលករណីនេះផងថា ដូចប្រជាពលរដ្ឋគាត់ខ្សឹបឲ្យឮនេះដែរឫទេ? ហេះ! ហេ! ប្រហែលជាលោកប្រធានមន្ទីរសាធារណការរាជធានីបានលាភសក្ការៈពីអំពើពុករលួយច្រើនទេដឹងបានជាមើលមិនឃើញពីបញ្ហាលក់លេខយកលុយនេះ។ ជុំវិញបញ្ហានេះមិនគួរអង្គភាពប្រឆាំងអំពើពុករលួយមើលរំលងឡើយត្រូវមានវិធារការណ៏តាមដានអង្កេតមើលថាតើដូចប្រជាពលរដ្ឋនិយាយទេ។