ទោះជាមានការរឹតបន្តឹងឲ្យប្រមូលពន្ធ១០០ភាគរយ លើការនាំចូលទំនិញគ្រប់ប្រភេទក៏ដោយ គេសង្កេតឃើញឈ្មួញទាំងតូចទាំងធំ ដែលរកស៊ីនាំចូលទំនិញតាមច្រកក្អមសំណ នៅតែមានឱកាសបង់លុយក្រៅផ្លូវការជូនជំនាញគយរបស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ដើម្បីនាំចូលទំនិញបង់ពន្ធមិនគ្រប់ដដែល មិនខ្វល់ខ្វាយពីការខាតបង់ចំណូលថវិកាជាតិនោះទេ។ លោក អ៊ឹម សុវណ្ណា ហៅរ៉ូ មានជំនាញឃុបឃិតជួយលួចបន្លំពន្ធឲ្យឈ្មួញទៅតាមបច្ចេកទេសរបស់ខ្លួនសឹងថា ក្រុមឈ្មួញ២ទៅ៣នាក់ដែលនាំចូលទំនិញប្រភេទគ្រឿងសំណង់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ អាចប្រមូលលុយយកទៅបង់ជូនអគ្គនាយកដ្ឋានគយនិងរដ្ឋាករគ្រប់ផែនការបាត់ទៅហើយ ដូច្នេះនៅសល់ប្រភពចំណូលផ្សេងៗទៀតលោក អ៊ឹម សុវណ្ណា ហៅរ៉ូ អាចប្រមូលយកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងរំភើយ។
លោក អ៊ឹម សុវណ្ណា ហៅរ៉ូ បានកាន់តំណែងជាប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកក្អមសំណ តាំងពីមានការផ្លាស់ប្តូរលោក សាយ បូរិន មកធ្វើជាអនុប្រធានសាខាគយខេត្តកណ្តាល ប៉ុន្មានអាណត្តិមកហើយ ដូចដែលមន្ត្រីគយមួយចំនួនបានលើកឡើងថា លោក អ៊ឹម សុវណ្ណា ហៅរ៉ូ មានឆ្អឹងអណ្តែតអាចឡើងធ្វើជាប្រធានការិយាល័យគយប្រចាំច្រកក្អមសំណ ជាកន្លែងប្រមូលលុយយកទៅអភិវឌ្ឍន៍មុខតំណែងយ៉ាងត្រជាក់ចិត្តបំផុត មិនដែលខ្វល់ខ្វាយឬក្រែងញញើតអ្វីនោះទេ។ យ៉ាងណាក៏ដោយ មន្ត្រីគយជាច្រើនដែលមានឈ្មោះបម្រើការងារនៅច្រកក្អមសំណមិនត្រូវបានលោក អ៊ឹម សុវណ្ណា ហៅរ៉ូ ប្រើប្រាស់ទៅតាមជំនាញនិងតួនាទីនោះទេ គឺអង្គុយចាំតែបើករបបយកទៅចាយវាយប៉ុណ្ណោះ ព្រោះការងារសំខាន់ៗដូចជាការត្រួតពិនិត្យទំនិញ ឬការបំពេញបែបបទនាំចូលបង់ពន្ធទំនិញលោក អ៊ឹម សុវណ្ណា ហៅរ៉ូ បានប្រើប្រាស់សុទ្ធតែមន្ត្រីជំនិតៗរបស់គាត់ដើម្បីកុំឲ្យបែកធ្លាយរឿងអាស្រូវពុករលួយ។
សម្រាប់ក្រុមឈ្មួញធំៗរកស៊ីនាំចូលដែក ឥដ្ឋ ក្បឿង ការ៉ូ ស៊ីម៉ងត៍ មកពីស្រុកយួនចូលតាម ច្រកក្អមសំណ ទទួលបាននូវការលើកទឹកចិត្តពីលោក អឹុម សុវណ្ណា ហៅរ៉ូ ដូចជាការនាំចូលទំនិញមានការបន្ធូរបន្ថយឲ្យបង់ពន្ធប្រមាណ៣០ទៅ៥០ភាគរយប៉ុណ្ណោះ សល់ប៉ុន្មានទៀតជំនាញគយ ជួយសម្របសម្រួលដោយក្រុមឈ្មួញគ្រាន់តែបង់សេវាក្រោមតុ ជូនលោក អ៊ឹម សុវណ្ណា ហៅរ៉ូ ទៅតាមចំនួនដែលបានព្រមព្រាងគ្នា គឺគ្មានរឿងអ្វីកើតឡើងទេ។ ឈ្មួញមួយចំនួនទៀតដែលរកស៊ីនាំចូលគ្រឿងសំណង់និងទំនិញដែលមានតម្លៃបង់ពន្ធនាំចូលខ្ពស់ធ្លាប់ត្រូវបានលោក អ៊ឹម សុវណ្ណា ហៅរ៉ូ ជួយសម្របសម្រួលក្លែងភេទទំនិញ បង់ពន្ធដោយបញ្ចុះបរិមាណទំនិញ ជារបៀបលួចពន្ធតាមបច្ចេកទេស ធ្វើឲ្យឈ្មួញជាច្រើនចំណេញកប់ក្តោងជាមួយសកម្មភាពនាំចូលទំនិញគេចពន្ធយ៉ាងអនាធិបតេយ្យតាមច្រកក្អមសំណ។
លើសនេះទៅទៀតចាប់តាំងពីពេលដែលរដ្ឋាភិបាលបានប្រកាសបង្កើតច្រកក្អមសំណឲ្យទៅជាច្រកអន្តរជាតិ គេសង្កេតឃើញទំនិញវិនិយោគមួយចំនួនត្រូវបាននាំចូលតាមច្រកនេះ បើទោះបីជាមានឯកសារគ្រប់គ្រាន់បញ្ជាក់ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ អនុញ្ញាតឲ្យនាំចូលទំនិញវិនិយោគក៏ដោយ ក៏លោក អឹុម សុវណ្ណា ហៅរ៉ូ នៅតែមានវិធីកោសរូសលើការរត់ឯកសារនាំចូលទំនិញ បង្កឲ្យមានភាពយឺតយូរដើម្បីបង្ខំឲ្យក្រុមអ្នករត់ឯកសារបង់លុយក្រោមតុក្នុងកម្រិតខ្ពស់ដែលក្នុងឯកសារទំនិញវិនិយោគនីមួយៗត្រូវចំណាយមិនតិចជាង១៣០ដុល្លារនោះទេ។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលមានទូកដឹកជញ្ជូនផលកសិកម្មចេញ ទៅលក់នៅស្រុកយួនក៏លោក អ៊ឹម សុវណ្ណា ហៅរ៉ូ បានចាត់ចែងឲ្យមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃទូកដឹកទំនិញទាំងនោះបំពានទៅលើជំនាញរបស់សាធារណការ ដែលគេហៅថា គយក្អមសំណ មានភារកិច្ចចេញសៀវភៅបន្ទុកឲ្យទូកដឹកទំនិញដោយមានកំណត់ចំណុះទូកត្រូវដឹកទំនិញប៉ុន្មានតោន ហើយបើគ្មានសៀវភៅបន្ទុកចេញពីគយទេ ច្បាស់ជារងនូវការកោសរូសមិនអាចដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែនបានទេ។
សម្រាប់ក្រុមឈ្មួញធំៗដែលរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ ឬទំនិញខុសច្បាប់មកពីស្រុកយួនតាមច្រកក្អមសំណ ឬការនាំចេញឈើប្រណីតចុះទៅស្រុកយួនតាមច្រកនេះ សុទ្ធតែទទួលបានការយោគយល់បន្ធូរបន្ថយពីជំនាញគយរបស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលគ្រាន់តែនាំគ្នាទិញប្រេងសាំង ឬទំនិញបន្តិចបន្តួចមកពីស្រុកយួន ដើម្បីប្រើប្រាស់ជាលក្ខណៈគ្រួសារ ឬបូមទឹកដាក់ស្រែត្រូវជំនាញគយរបស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ កោសរូសសព្វបែបសព្វយ៉ាងដែលពេលខ្លះចាប់យកទំនិញឬប្រេងសាំងបង្កទៅជារឿងក្តៅក្រហាយជាញឹកញាប់មកហើយ៕