0

អំពើ​អសីលធម៌​និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​មក​លើ​អ្នក​កាសែត

កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ អ្នក​សារព័ត៌មាន​យ៉ាង​ហោច​ណាស់​ពីរ​រូប​ដែល​កំពុង​យក​ព័ត៌មាន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រើ​ដំបង​វាយ​ដំ​ដូច​សត្វ នៅ​ក្នុង​អំឡុង​ពេល​សមត្ថកិច្ច​បង្រ្កាប​ក្រុម​បាតុករ នៅ​មុខ​ក្រសួង ព័ត៌មាន។

នេះ​មិនមែន​ជា​ករណី​លើក​ទី​មួយ​នោះ​ទេ​ដែល​អ្នក​សារព័ត៌មាន​បាន​រង​ការ​វាយ​ប្រហារ​និង​ការ​ប្រមាថ​ពី​សំណាក់​កម្លាំង​ប្រដាប់​​អាវុធ បង្រ្កាប​បាតុកម្ម និង​ក្រុម​បាតុករ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ដោយ​សំអាង​ថា អ្នក​សារព័ត៌មាន​ខ្លះ បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្រុម​បាតុករ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​នោះ​ចូល​យក​ព័ត៌មាន​ឡើយ ហើយ​ពេល​ខ្លះ​បាន​ស្រែក​ជេរ​ប្រមាថ និង​វាយ​ដំ​ឲ្យ​រង​របួស​ទៀត​ផង។ ចំណែក​ឯ​កម្លាំង​សមត្ថកិច្ច​មក​ពី​ក្រសួង ការពារ ជាតិ​របស់​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ទៀ បាញ់ និង​មក​ពី​អគ្គ​ស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង មហាផ្ទៃ របស់​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ស ខេង ក៏​បាន​ប្រើ​ទាំង​កម្លាំង​បាយ និង អាវុធ វាយ​ប្រហារ​មក​លើ​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​ភារកិច្ច​ដែរ។

កាល​ពី​ថ្ងៃ ទី១៥ខែ វិច្ឆិកា ឆ្នាំ ២០១៣កន្លង​មក​នេះ លី បេឡា និស្សិត​សារព័ត៌មាន​នៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្ធ​ផ្សាយ​និង​សារគមនាគមន៍​នៃ​សាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ និង​ជា​អ្នក​យក​ព័ត៌មាន របស់​សារព័ត៌មាន យុវវ័យ​ថ្មី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រើ​កាំភ្លើង​បង្រ្កាប​បាតុកម្ម​បាញ់​ចំ បញ្ឆិត​ក្បាល​ឲ្យ​រង​របួស​មធ្យម ខណៈ​ដែល​លោក​បាន​ចុះ​យក​ព័ត៌មាន​នៅ​ផ្តុំ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ពេល​កំពុង​មាន​បាតុកម្ម​។

បើ​ទោះ​ជា​មាន​ព្រះ​រាជ​ប្រកាស​ពី​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី និង​សម្តេច​ម៉ែ ជា​សាធារណៈ​ថា អ្នក​រង​របួស​ទាំង​អស់​ប្រមាណ ១៥នាក់​នៅ​យប់​ថ្ងៃ ទី១៥ខែ វិច្ឆិកា នោះ​នឹង​ទទួល​បាន​ព្រះ​រាជ​អំណោយ​ជា​ប្រាក់​សរុប​ចំនួន ១០០០ដុល្លារ​ក៏​ដោយ​ក៏ លី បេឡា មិន​ដែល​បាន​ទទួល​មួយ​សេន​ឡើយ។ លី បេឡា បាន​និយាយ​ថា ខ្លួន​មិន​ចង់​បាន​លុយ​នោះ​ទេ គឺ​គ្រាន់​តែ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​រាជ​ប្រកាស​របស់​ព្រះ​មហាក្សត្រ​និង​សម្តេច​ម៉ែ​មិន​បាន​ក្លាយ​ជា​ការ​ពិត សម្រាប់​រូប​លោក បើ​ទោះ​ជា​លោក​បាន​ដាក់​ឯកសារ​ភ័ស្តុតាង​ទៅ​ព្រះ​រាជ​ខុទ្ទកាល័យ​ព្រះ មហាក្សត្យ​ថា ខ្លួន​ពិត​ជា​បាន​រង​របួស​ដោយ​សារ​បាញ់​ប្រហារ​នា​យប់​ថ្ងៃ​នោះ​ក៏​ដោយ។

រឿង​ព្រះរាជ​អំណោយ និង​អំណោយ គឺជា​រឿង​សំខាន់​ហើយ តែ​រឿង​ដ៏​អគតិ​បំផុត​គឺ​អំពើ​អសីលធម៌​ដែល​មិន​អាច​ទទួល​យក​បាន គ្មាន​វិជ្ជាជីវៈ និង​គ្មាន​ការ​យល់​ដឹង​ជា​សកល​របស់​កម្លាំង​សមត្ថកិច្ច និង​ក្រុម​បាតុករ​ពី​តួនាទី​ដ៏​ចម្បង​នៅ​ក្នុង​សង្គម​របស់​អ្នក​សារព័ត៌មាន។

ការ​ប្រើ​កម្លាំង​បាយ​និង​អាវុធ​វាយ​ប្រហារ​មក​លើ​អ្នក​សារព័ត៌មាន​ជា​អំពើ​ដ៏​កំសាក ហើយ​មាន​តែ​មនុស្ស​អាក្រក់ ចោលម្សៀត លួច​ជាតិ និង​ប្រព្រឹត្ត​អំពើ​អាក្រក់ៗ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​និង​មិន​មែន​រដ្ឋ និង​ក្នុង​សង្គម​នោះ​ទេ ដែល​ស្អប់​អ្នក​សារព័ត៌មាន ព្រោះ​អ្នក​សារព័ត៌មាន​តែង​តែ​លើក​ឡើង​ពី​ចំណុច​អាក្រក់ៗ​របស់​ពួក​គេ​ដែល​នាំ​ឲ្យ​មាន​ការ​រំខាន​ដល់​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​ពួកគេ​នៅ​ក្នុង​អំណាច​និង​តួនាទី​ដែល​ពួក​គេ​កំពុង​មាន។

តួនាទី​របស់​អ្នក​សារព័ត៌មាន បើ​ទោះ​ជា​អ្នក​ខ្លះ មាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា​ក៏​ដោយ ក៏​ពួក​គេ​មាន​ភារៈ​នាំ​សារ​ទៅ​វិញ​ទៅ​មក​រវាង​ពលរដ្ឋ​និង​ថ្នាក់​ដឹក​នាំ​ប្រទេស។ ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​គិត​ថា ស្ថាប័ន​ព័ត៌មាន​កាសែត វិទ្យុ និង​ទូរទស្សន៍​ណា​ដែល​មិន​មាន​គោល​នយោបាយ​ដូច​ខ្លួន​ទេ នោះ​ខ្លួន​មិន​ចាំ​បាច់​អាន ស្តាប់ និង​ទស្សនា​ព័ត៌មាន​របស់​ស្ថាប័ន​នោះ​ឡើយ។

ការ​ផ្តល់​តម្លៃ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​មួយ​គឺ​មិនមែន​ស្ថិត​លើ​ការ​វាយ​អ្នក​សារព័ត៌មាន​និង បង្ខំ​ឲ្យ​ពួកគេ​ផ្សាយ​ព័ត៌មាន​ល្អៗ​របស់​ខ្លួន​នោះ​ទេ តែ​ការ​ផ្តល់​តម្លៃ​តាម​រយៈ​ការ​អាន ការ​ស្តាប់ និង​ការ​ទស្សនា​របស់​ខ្លួន។ បើ​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​មិន​ពេញ​ចិត្ត​ស្ថាប័ន​ព័ត៌មាន​មួយ នោះ​ខ្លួន​មិន​ចាំ​បាច់​ត្រូវ​ការ​ព័ត៌មាន​ពី​ស្ថាប័ន​នោះ​ឡើយ ព្រោះ​នេះ​ជា​ទីផ្សារ​សេរី ដែល​ជា​ជម្រើស​របស់​មនុស្ស​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដែល​មាន​អ្នក​គាំទ្រ អ្នក​ប្រឆាំង និង​អ្នក​នៅ​កណ្តាល។

កន្លង​មក​ដោយ​សារ​តែ​អ្នក​សារព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ត្រូវ​បាន​ក្រុម​បាតុករ​វាយ​ធ្វើ​បាប​ក្នុង​ពេល​យក​ព័ត៌មាន​បាតុកម្ម ទើប​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង ព័ត៌មាន ឈប់​ឲ្យ​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ទៅ​យក​ព័ត៌មាន​ក្នុង​ពេល​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង។

នៅ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អ្នក​សារព័ត៌មាន​ទាំង​ខ្មែរ​និង​បរទេស​ត្រូវ​បាន​រង​របួស​ដោយ​ការ​បាញ់ នឹង​កាំភ្លើង ការ​បាញ់​នឹង​ចម្ពាម​ជាមួយ​គ្រាប់​ឃ្លី​និង​គ្រាប់​ដែក ការ​វាយ​នឹង​ដំបង​ឆក់ ដំបង​ជ័រ​តាន់ និង​ការ​គប់​ដុំ​ថ្ម ព្រម​ទាំង​ការ​វាយ​តប់​ទាត់​ធាក់​ដែល​ជា​អំពើ​ដ៏​កំសាក​ថោក​ទាប មិន​មាន​សេចក្តី​ថ្លៃ​ថ្នូរ​នៅ​ក្នុង​សង្គម​ស៊ីវិល័យ​នៃ​សម័យកាល​បច្ចេកវិទ្យា​ដ៏​នើប​នេះ។

ជា​ទូទៅ​សារព័ត៌មាន ទោះ​តិច​ឬ​ច្រើន ឬ​មាន​គោល​នយោបាយ​ផ្សេងៗ​គ្នា​ក៏​ដោយ ក៏​ពួក​គេ​បាន​ចូល​រួម​ចំណែក​មិន​តិច​ទេ​ក្នុង​ការ​ជួយ​អប់រំ និង​ការពារ​យុត្តិធម៌​សង្គម ជួយ​កាត់​បន្ថយ​អំពើ​អវិជ្ជមាន​នានា​ដែល​បង្ក​ដោយ​មន្រ្តី​ថ្នាក់​ជាតិ​និង ក្រោម​ជាតិ​ដើម្បី​ឲ្យ​សង្គម​បាន​រីក​ចម្រើន មាន​ប្រជាធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស លើក​ស្ទួយ​សិទ្ធិ​និង​តួនាទី​ស្រ្តី កុមារ និង​ផ្តល់​ឱកាស​ឲ្យ​យុវជន​ក្នុង​ការ​ជួយ​ប្រទេស​ជាតិ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ទទួល​បាន​សេវា​អប់រំ​សេវា​សុខភាព និង​សេវា​សង្គម​ផ្សេងៗ​ទៀត​បាន​ស្មើៗ​គ្នា​ប្រកប​ដោយ​យុត្តិធម៌ មាន​តម្លាភាព និង​ការ​ទទួល​ខុស​ត្រូវ​ពី​សំណាក់​អ្នក​ផ្តល់​សេវា​ទាំង​ស្ថាប័ន​រដ្ឋ​និង​មិន​មែន​រដ្ឋ។

ជា​ការ​ពិត អ្នក​អនុវត្ត​ការងារ​ទាំង​ប្រដាប់​អាវុធ​និង​ស៊ីវិល​គឺ​ទទួល​បញ្ជា​ពី​ថ្នាក់ លើ​របស់​ខ្លួន គឺ​ថា បើ​មិន​មាន​បញ្ជា​ទេ នោះ​ពួក​គេ​មិន​ហ៊ាន​ធ្វើ​អ្វី​ឡើយ ព្រោះ​ពួក​គេ​ខ្លាច​ខុស​ពី​បទ​បញ្ជា។ ឥឡូវ អ្នក​គ្រប់​គ្រង​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​បាន​ធ្វើ​ពហិការ​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​របស់​ខ្លួន​ចេញ​ទៅ​យក​ព័ត៌មាន​បាតុកម្ម​ទេ ព្រោះ​ថា បើ​ទៅ បើ​មិន​ត្រូវ​ថ្មោង​ពី​សំណាក់​ក្រុម​បាតុករ​ទេ ក៏​អាច​រង​របួស​ពី​កម្លាំង​សមត្ថកិច្ច​បង្រ្កាប​បាតុកម្ម​ដែរ។ អ្នក​គ្រប់​គ្រង​ស្ថាប័ន​ព័ត៌មាន​ទាំង​នោះ​និយាយ​ថា បើ​អត់​មាន​ព័ត៌មាន​បាតុកម្ម​ទេ ក៏​មាន​ព័ត៌មាន​សេដ្ឋកិច្ច​និង​សង្គម​ជាច្រើន​ទៀត​យក​មក​ផ្សាយ​ជូន​មិត្ត​អ្នក​អាន អ្នក​ស្តាប់ និង​អ្នក​ទស្សនា​របស់​ខ្លួន​ដែរ។

ខ្ញុំ​ពិត​ជា​គាំទ្រ​ដល់​ក្លិប​អ្នក​កាសែត​កម្ពុជា​ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ទី ២៨មករា ដែល​បាន​ថ្កោល​ទោស​ចំពោះ «អ្នក​បង្ក​ហេតុ​វាយ​ដំ​លើ​អ្នក​សារព័ត៌មាន​និង​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ទាំង​អាជ្ញាធរ​និង​បាតុករ សូម​យក​ចិត្ត​ទុក​ដាក់​ដល់​សុវត្ថិភាព​អ្នក​សារព័ត៌មាន​ក្នុង​ពេល ដែល​ពួក​គេ​កំពុង​បំពេញ​បេសកកម្ម​តាម​វិជ្ជាជីវៈ»។

ហេតុ​នេះ ទាំង​លោក ទៀ បាញ់ និង​លោក ស ខេង ដោយ​រួម​ទាំង​លោក ចៅហ្វាយ​ក្រុង ប៉ា សុជាតិវង្ស ផង ត្រូវ​ប្រាប់​មន្រ្តី​ក្រោម​ឱវាទ​របស់​ខ្លួន​ទាំង​ទាហាន កង​រាជ​អាវុធហត្ថ និង​នគរបាល ព្រម​ទាំង​ក្រុម​សន្តិសុខ​ឯកណ្ឋាន​ស៊ីវិល​ពាក់​មួក​ម៉ូតូ​សុវត្ថិភាព មិន​ត្រូវ​ប៉ះពាល់​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​ភារកិច្ច​យក​ព័ត៌មាន​ឡើយ។ កេរ្តិ៍ឈ្មោះ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា អាច​ធ្លាក់​ចុះ​ក៏​ដោយ​សារ​តែ​ទង្វើ​អសីលធម៌ គ្មាន​សេចក្តី​ថ្លៃ​ថ្នូរ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​មក​លើ​អ្នក​សារព័ត៌មាន​បែប​នេះ​ដែរ។ ម្យ៉ាង​ទៀត មេ​ដឹក​នាំ​បាតុកម្ម​ទាំង​អស់ ក៏​ត្រូវ​ប្រាប់​សមាជិក​និង​អ្នក​គាំទ្រ​របស់​ខ្លួន មិន​ត្រូវ​ជេរ​ប្រមាថ និង​វាយ​ធ្វើ​បាប​អ្នក​សារព័ត៌មាន​នោះ​ទេ បើ​មិន​ដូច្នោះ​ទេ ប្រជាប្រិយ​របស់​លោក​ក៏​ដាំ​ក្បាល​ចុះ​ដែរ៕

140130_02

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com