សង្គមស៊ីវិល និងអ្នកវិភាគ យល់ថា គម្រោងដាក់ញត្តិពលរដ្ឋរបស់គណបក្សសង្គ្រោះជាតិ ទៅអង្គការសហប្រជាជាតិ (UN) ដើម្បីឲ្យជួយអន្តរាគមន៍ និងធ្វើជាអាជ្ញាកណ្តាល ដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ អាចនឹងមានប្រសិទ្ធិភាព បើគណបក្សនេះមានភស្តុតាងគ្រប់គ្រាន់។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ឲ្យដឹងថា គណបក្សគ្រោងធ្វើសមាជមហាជន នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលាខាងមុខ។ បន្ទាប់ពីសមាជ គណបក្សក៏គ្រោងនឹងប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ប្រមាណជាង៣លាននាក់ ធ្វើជាញត្តិដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស ២៣ តុលា ១៩៩១ ឲ្យជួយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ឲ្យស្របតាមកិច្ចព្រមព្រៀងនេះ តាមរយៈតំណាងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ យល់ឃើញថា ញត្តិរបស់ពលរដ្ឋដែលរៀបចំទ្បើងដោយគណបក្សសង្គ្រោះជាតិ អាចនឹងមានប្រសិទ្ធិភាព ប្រសិនបើប្រទេសហត្ថលេខី គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ៖“យើងនៅជាប់នឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស គេមានចំណុចមួយគេថា នៅពេលដែលមានការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយនឹងការបោះឆ្នោតហ្នឹងនែក អាចមើល គេអាចពិនិត្យមើលឃើញថា មានការរំលោភសិទ្ធិមនុស្ស ដ៏ធ្ងន់ធ្ងរហ្នឹង ហ្នឹងគឺភាគី ពីក្រុមណាមួយ អាចលើកសុំឲ្យអង្គការសហប្រជាជាតិ នឹងគឺចាត់វិធានការបំបាត់ការរំលោភហ្នឹងជាបន្ទាន់” ។
អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា អង្គការសហប្រជាតិ និងប្រទេសហត្ថលេខី អាចជួយអន្តរាគមន៍រកយុត្តិធម៌ជូនម្ចាស់ឆ្នោតបាន បើទោះបីជារដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតទ្បើងហើយក៏ដោយ ៖
ចំណែក នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ និកហ្វិក លោក ហ្សង ពុទ្ធា គិតថា ការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត តាមរយៈការប្រមូលស្នាមមេដៃ ជូនស្ថាប័នអន្តរជាតិ អាចធ្វើទៅប្រកបដោយប្រសិទ្ធិភាព លុះត្រាតែស្ថាប័នទាំងនោះមានឆន្ទៈជួយដោះស្រាយជូនពលរដ្ឋម្ចាស់ឆ្នោត៖
មន្ត្រីជាន់ខ្ពស់ និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នីតិកាលទី៥ លោក ជាម យៀប មានប្រសាសន៍ថា ការដាក់ញត្តិសុំអន្តរាគមន៍ពីអន្តរជាតិ មិនអាចទទួលលទ្ធផលទ្បើយ ពីព្រោះកម្ពុជាជាប្រទេសមានអធិបតេយ្យភាពរបស់ខ្លួន៖
គួរបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មានរបស់ គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ឲ្យដឹងដែរថា គណបក្សនឹងធ្វើមហាបាតុកម្មលើកទី៣ នៅថ្ងៃទី២៣ ខែតុលាខាងមុខ ដើម្បីបន្តទាមទារឲ្យមានដំណោះស្រាយ ពីភាពមិនប្រក្រតីនៃការបោះឆ្នោត។
គណបក្ស បានដឹកនាំធ្វើមហាបាតុកម្មអហិង្សា ចំនួនពីរលើក រួចមកហើយ កាលពីថ្ងៃទី០៧ ខែកញ្ញា និងលើកទីពីរ ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែកញ្ញា នៅទីលានប្រជាធិបតេយ្យ ដែលមានពលរដ្ឋមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តនានារាប់ម៉ឺននាក់ចូលរួម៕