កំពង់ធំ៖ ប្រភពព័ត៌មាន ច្បាស់ការមួយបានប្រាប់អោយដឹងថា មានការចិញ្ចឹមត្រីឆ្ដោ រាប់សិបបែរត្រី ។ ហើយបទល្មើសនេសាទ យ៉ាងច្រើនពេញលើផ្ទៃទឹក នៅតាមបណ្ដោយ ដងស្ទឹងទន្លេ បឹង បួរ ស្ថិតនៅឃុំផាត់សណ្ដាយ និងឃុំពាមបាង ស្រុកកំពង់ស្វាយ ស្រុកស្ទោង ខេត្តកំពង់ធំ បង្ហាញពីចំណុចទន់ខ្សោយ របស់មន្ត្រីជំនាញ រដ្ឋបាលជលផល ក៏ដូចជា កម្លាំងសមត្ថកិច្ច រដ្ឋអំណាច ដែលបោះទីតាំង ត្រៀបត្រា លើផ្ទៃទឹកថា ខ្លួនពុំបានរៀបចំអនុវត្តន៍ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល អោយបានត្រឹមត្រូវនៅឡើយទេ ។
ដូចច្នេះហើយទើបបានជាមានបទល្មើសដាក់លប ណរ រ៉ាវ រាប់រយពាន់ម៉ែត្រគូប ដោយប្រើសាច់អួនក្រឡាញឹក ដើម្បីយកត្រីមកធ្វើជាចំណី អោយត្រីឆ្ដោស៊ី ដែលពួកឈ្មួញទាំងនោះចិញ្ចឹម ។
សកម្មភាពពួកឈ្មួញខាងលើនេះ បានបញ្ជាក់អោយឃើញពីភាព ត្រូវប៉ាន់ ក្នុងមុខជំនួញក្នុងការ ចិញ្ចឹមត្រីឆ្ដោ និងការដាក់រត់សាច់ អួនក្រហមនេះឡើង រីកដូចផ្សិត ដោយគ្មានការ អើពើពីសំណាក់រដ្ឋបាល ជលផល និងកម្លាំងសមត្ថកិច្ច ណាមួយចុះបង្ក្រាបបទល្មើស នេសាទនេះឡើយ ។
រឿងរ៉ាវខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ មានការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីអស់លោកជំនាញសមត្ថកិច្ចទាំងនោះមិនព្រម បើកភ្នែកមើលពួកឈ្មួញ ដែលប្រព្រឹត្ត បទល្មើសនេសាទ ជារៀងរាល់ថ្ងៃ ឬមួយក៏អស់លោកជំនាញ សមត្ថកិច្ចនៅទីនោះត្រូវថ្នាំ សណ្ដំពីឈ្មួញទាំងនោះឬយ៉ាងណា? បានជាបណ្ដោយ អោយមានបទល្មើស ពេញទឹកពេញព្រៃយ៉ាងដូច្នេះ ។
ប្រភពព័ត៌មានបានបន្តទៀតថា នៅពេលដឹងដំណឹងថាមានក្រុមចំរុះចុះ មកពីក្រសួងម្ដងៗ គឺមានមេក្រុមគេម្នាក់ ប្រាប់ឲ្យឈ្មួញទាំងនោះពន្លិចសាច់អួន ចូលទៅក្នុងទឹកនិងលាក់បាំង បទល្មើសផ្សេងៗអោយជិតសិន ដើម្បីបំភាន់ភ្នែកក្រុមចំរុះ ដែលចុះមកត្រួតពិនិត្យលើ ហេតុការណ៍ខាងលើ ។ តែនៅពេលក្រុមចំរុះត្រឡប់ ឡើងទៅវិញ គឺបទល្មើសនេសាទនៅតែមានដដែល ។ ចំណែកឯលោក យ៉ាន់ វីសាក់ ហៅ សែ នាយផ្នែកជលផល គ្រប់គ្រងនៅទីនោះ យើងមិនទាន់ទំនាក់ទំនងបានទេ។