រតនគិរី៖ យ៉ាងហោចណាស់ ក្នុង១ថ្ងៃៗ រថយន្តយីឌុប ដឹកដំឡូង ពី៥០ទៅ៧០គ្រឿង សម្រុកទៅប្រទេស វៀតណាម ហើយ ក៏ ជា ឱកាស ត្រូវប៉ាន់របស់ក្រុមជញ្ជីង ចល័ត មន្ទីរសារធារណៈការ ខេត្តរតនគិរី និងសមត្ថកិច្ច ប្រចាំការច្រកទ្វារ អន្តរជាតិអូរយ៉ាដាវផងដែរ។
សេចក្តីរាយការណ៍ ពីក្រុមអាជីវករ រកស៊ីដឹកដំឡូង ទៅលក់នៅប្រទេសវៀតណាម ប្រាប់ឲ្យដឹងថារបររកស៊ីរបស់ពួកគាត់ សព្វថ្ងៃមិនសូវចំណេញនោះទេ ព្រោះត្រូវចំណាយបង់ លុយជូនក្រុមជញ្ជីងចល័ត របស់មន្ទីរសាធារណៈការខេត្ត ដែលដឹកនាំ ដោយ លោក ខឹម រមណី និងសមត្ថកិច្ច ច្រកទ្វារ អន្តរជាតិ អូរយ៉ាដាវ រួមមាននគរបាល អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សាខាកាំកុង ត្រូលខេត្ត សាខាគយ និងរដ្ឋាករខេត្ត និងប្រធានស្នាក់ការ ច្រកទ្វារអន្តរជាតិ។
សេចក្តីរាយការណ៍ ខាងលើបន្តឲ្យដឹងទៀតថា ក្នុងរថយន្តយីឌុប (ភ្លៅ៥)មួយគ្រឿង ត្រូវបង់ជូនក្រុមជញ្ជីង១០ ម៉ឺនរៀល និងក្រុមសមត្ថកិច្ច ច្រកទ្វារអន្តរជាតិ ត្រូវបង់១០ទៅ២២ម៉ឺនរៀល ទៅតាមប្រភេទរថយន្តធុន តូចឫធំ។
សេចក្តីរាយការណ៍ ខាងលើបន្ថែមឲ្យដឹងទៀតថា បើទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការហាមមិនឲ្យក្រុមសមត្ថកិច្ច យកលុយពីថ្លៃដឹកកសិផល របស់ប្រជាពលរដ្ឋទៅលក់ នៅប្រទេសជិតខាងយ៉ាងណាក៏ដោយ ក៏ក្រុមសមត្ថកិច្ចទាំងនោះ មិន ស្តាប់ឡើយ ដោយអនុវត្តន៍ការងារ រំលោភបំពានអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ទាក់ទិនទៅនឹងក្រុម ជញ្ជីងចល័ត និងសមត្ថកិច្ច ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ចាំរាប់ក្បាលឡានដឹកដំឡូងទៅលក់នៅ ប្រទេសវៀតណាមយកលុយនេះយើងមិនអាចសុំការបំភ្លឺណាមួយ ពីសមត្ថកិច្ចទាំងនោះបានទេ។