0

ភាពពុករលួយជាប្រព័ន្ធ នៅជញ្ជឹងថ្លឹងរថយន្តនៅចំណុច កូនដំរីគ្រប់គ្រង ដោយលោក ព្រំ វិរៈ និង លោក គឹម សុវណ្ណកំពុងក្លាយជាសេដ្ឋី

ខេត្តបន្ទាយមានជ័យ៖ ក្នុង មួយ ថ្ងៃៗ មានរថយន្ត ដឹកទំនិញ បើកបរ ឆ្លង កាត់ កំណាត់ ផ្លូវ ជាតិ លេខ៥ ចាប់ ពី ទី រួម ខេត្ត បន្ទាយ មានជ័យ ទៅកាន់ក្រុង ប៉ោយប៉ែត រាប់រយ រាប់ពាន់ គ្រឿងសុទ្ធ តែផ្ទុកលើសទម្ងន់ ហើយស្ថានីយ៍ថ្លឹង រថយន្តនៅ ចំណុច កូន ដំរី ស្ថិត នៅសង្កាត់ និម្មិត ក្រុងប៉ោយប៉ែត ក្រោម ការគ្រប់គ្រង ដោយ ផ្ទាល់របស់ លោកព្រំ វីរៈ ជាអនុប្រធាន មន្ទីរ សាធារណការ ខេត្ត បន្ទាយ មាន ជ័យ មិនដែល មានវិធានការទប់ស្កាត់ការដឹកជញ្ជូនលើស​ទម្ងន់​ម្តង​ណា​ឡើយ​គឺ​លោក​ព្រំ​ វីរៈ​ បាន​ ត្រឹម​តែ​ចាត់​តាំង​ មន្ត្រី ​ក្រោម​​ឱវាទ​ដែល​ប្រចាំ​ការ​នៅ​ចំណុច​ជញ្ជីង​នោះ ​ឲ្យ​ចាំ​ប្រមូល​លុយ​ពី​រថយន្ត​ដឹក​លើស​ទម្ងន់​យក​ទៅ ​ច្រក​ ហោ​ប៉ៅ ​ធ្វើ ​មាន​ ធ្វើ​ បាន​ផ្ទាល់​ខ្លួន​និង​បន្ត​វេច​ខ្ចប់​យក​ទៅ​បែង​ចែក​ជូន​លោក​គឹម​ សុវណ្ណ​ ដែល​ជា​ប្រធាន​មន្ទីរ​ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​មាន​ភាព​រលូន​ល្អ​។​

ប្រជា​ពល​រដ្ឋ​បាន​រាយ​ការណ៍​ថា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​កូន​ដំរី​មិន​បាន​អើពើ​បង្ក្រាប​ទប់​ស្កាត់​សកម្មភាព​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​លើស​ទម្ងន់​នោះ​ទេ​ហើយ​លោក​ព្រំ វីរៈ​ដែល​មាន​សិទ្ធិ​អំណាច​គ្រប់​គ្រង​ស្ថានីយ៍​ថ្លឹង​រថយន្ត​នេះ​ដោយ​ផ្ទាល់​គឺ​ជា​កំពូល​ជន​ពុករ​លួយ​បាន​ចាត់​តាំង​​មន្ត្រី​ជំនិត​ៗ​របស់​ខ្លួន​ឲ្យ​ចាំ​រាប់​ក្បាល​ឡាន​យក​លុយ​ទៅ​តាម​តម្លៃ​ដែល​បាន​កំណត់​ដូច្នេះ​ហើយ​បាន​ជា​គេ ​សង្កេត​ឃើញ​​ថា​​រថយន្ត​​ដឹក​​ទំនិញ​​ផ្ទុក​​លើស​​ទម្ងន់​​រាប់​​រយ​​រាប់​​ពាន់​​គ្រឿង​​បាន​​ឈប់​​បន្ត​​កន្ទុយ​​គ្នា​​ចូល​​បង់​​លុយ​​ថ្លៃ​​ក្បាល​​ឡាន​​នៅ​ពេល​​ពួក​គេ​បើក​បរ​ឆ្លង​កាត់​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​នៅ​ចំណុច​កូន​ដំរី​មិន​ដែល​មាន​ផល​រមាស់​អ្វី​ឡើយ​។​

នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​ផង​ដែរ​គេ​សង្កេត​ឃើញ​មាន​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​សា​ធារ​ណ​ការ​ទទួល​បន្ទុក​ការងារ​បច្ចេក​ទេស​និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​មន្ត្រី​នគរ​បាល​រួម​ទាំង​តំណាង​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ប៉ុន្តែ​លោក​ព្រំ វីរៈ​មាន​សិទ្ធិ​ក្តោប​ក្តាប់​សមត្ថ​កិច្ច​ចម្រុះ​ទាំង​នោះ​ហើយ​ក៏​ជា​អ្នក​បែង​ចែក​លាភ​សក្ការៈ​ទៅ​ឲ្យ​ផ្នែក​ពាក់​ព័ន្ធ​យ៉ាង​រលូន​ផង​ដែរ​។​

ក្រុម​ជំនាញ​បច្ចេក​ទេស​មក​ពី​ក្រសួង​សាធារណ​ការ​ដែល​ប្រចាំ​ការ​នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​កូន​ដំរី​មាន​ចំនួន​៣​នាក់​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ម៉ៅ រស់​ប៉ុន្តែ​គេ​ដឹង​ថា​លោក​ព្រំ វីរៈ​មាន​កិច្ច​សហ​ការ​យ៉ាង​ស្អិត​រមួត​ជា​មួយ​លោក​ម៉ៅ រស់​ក្នុង​ការ​ឃុប​ឃិត​គ្នា​ប្រមូល​លុយ​ពី​រថយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​មិន​ដែល​ខ្វល់​ខ្វាយ​ពី​ការ​បង្ក្រាប​ទប់​ស្កាត់​ឲ្យ​ស្រប​តាម​បទ​បញ្ជា​របស់​ថ្នាក់​លើ​ម្តង​ណា​ឡើយ​។

វា​គ្មាន​អ្វី​លាក់​បាំង​នោះ​ទេ​នៅ​ពេល​ដែល​លោក​ម៉ៅ​ រស់​និង​លោក​ព្រំ វីរៈ​ត្រូវ​ដៃ​ត្រូវ​ជើង​គ្នា​ប្រមូល​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ទំនិញ​តាម​រថយន្ត​ខ្សែ​ឲ្យ​ចូល​បង់​លុយ​ប្រចាំ​ខែ​ប្រចាំ​ជើង​ជា​ថ្នូរ​នៃ​ការ​មិន​ត្រួត​ពិនិត្យ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​។​ជា​ធម្មតា​គ្រប់​រថយន្ត​យី​ឌុប​ដឹក​ទំនិញ​និង​ក្រួស​ថ្ម​ខ្សាច់​ឆ្លង​កាត់​ជញ្ជីង​ថ្លឹង​រថយន្ត​កូន​ដំរីផ្​ទុក​​​​​​​​ទម្ងន់​ចាប់​ពី​៥០​តោន​ដល់​៦០​តោន​គឺ​ពួក​គេ​មិន​ចាំ​បាច់​ចូល​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​ទេ​ដោយ​គ្រាន់​តែ​ចូល​បង់​លុយ​ឲ្យ​ក្រុម​មន្ត្រី​ដែល​ប្រចាំ​ការ​នៅ​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​ចាប់​ពី​១០​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល​សម្រាប់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​១​ជើង​។​

គេ​នៅ​ចាំ​បាន​ថា​លោក​យឹម ឆៃលី​ធ្លាប់​បាន​ចុះ​ណែ​នាំ​ផ្សព្វ​ផ្សាយ​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ការ​បង្ការ​បង្ក្រាប​ទប់​ស្កាត់កា​រ​ដឹក​ជញ្ជូន​លើស​ទម្ងន់​ដើម្បី​ថែ​រក្សា​ផ្លូវ​ស្ពាន​ប្រើ​ប្រាស់​យូរ​អង្វែង​ដែល​ក្នុង​នោះ​លោក​គឹម សុវណ្ណ​និង​លោក​ព្រំ វីរៈ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​ការ​ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​លោក​ព្រំ វីរៈ​អនុវត្តន៍​តាម​បទ​បញ្ជា​ថ្នាក់​លើ​នោះ​ទេ​គឺ​សុខ​ស្រួល​ក្នុង​ការ​ប្រមូល​លុយ​ពី​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​មិន​ខ្វល់​ខ្វាយ​ពី​ការ​បង្ក្រាប​ម្តង​ណា​ឡើយ​ហើយ​ផល​ប្រយោជន៍​ដែល​ប្រមូល​បា​ន​លោក​ព្រំ វីរៈ​ចេះ​ចាត់​ចែង​វេច​ខ្ចប់​យក​ទៅ​បង់​ជូន​លោក​គឹម សុវណ្ណ​ដែល​ជា​ប្រធាន​មន្ទីរ​ទើប​អ្វីៗ​អាច​រលូន​​ល្អ​ដោយ​គ្មាន​ឧបសគ្គ​។​

យ៉ាង​ណា​ក៏​ដោយ​គេ​ចង់​ឃើញ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​មើល​ភាព​អ​សកម្ម​របស់​លោក​ព្រំ វីរៈ​និង​លោក​គឹម សុវណ្ណ ឡើង​វិញ​ផង​ព្រោះ​ផ្លូវ​ចន្លោះ​ពី​ទី​រួម​ខេត្ត​បន្ទាយ​មាន​ជ័យ​ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែត​ដែល​ត្រូវ​បាន​ស្ថាបនា​ក្រោម​ប្រាក់​កម្ចី​ពី​បរទេស​កំពុង​ខូចខាត​ប្រេះ​ស្រុត​ជា​ច្រើន​កន្លែង​ដូច​ដែល​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​របស់​ក្រុម​ឈ្មួញ​ធំៗ​បូក​រួម​ជា​មួយ​អំពើ​ពុក​រលួយ​របស់​មន្ត្រី​ដែល​ប្រចាំ​ការ​នៅ​ជញ្ជីង​ថ្លឹង​រថយន្ត​កូន​ដំរី​កំពុង​បង្ក​ផល​លំបាក​ធ្ងន់​ធ្ងរ​គំរាម​កំហែង​ដល់​ផ្លូវ​ជាតិ​លេខ​៥​ដែល​ទើប​តែ​ស្ថាបនា​បាន​រួច​រាល់​ក៏​រង​នូវ​ការ​ខូច​ខាត​ប្រេះ​ស្រាំ​ទៅ​វិញ​។​

គេ​កំពុង​តាម​ដានយ៉ាង​យក​ចិត្ត​ទុក​ដាក់​ថា​តើ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ លោក​គោ ​ស៊ុំសារឿត​ ដែល​​ជា​អភិបាល​​ខេត្ត​​បន្ទាយ​មាន​ជ័យ​​នឹង​​ចាត់​​វិធាន​​ការ​​ដូច​​ម្តេច​​ចំពោះ​​ភាព​​អសកម្ម​​នៃ​​ក្រុម​​ជញ្ជីង​​ថ្លឹង​​រថយន្ត​​នៅ​​ចំណុច​​កូន​​ដំរី​​ដែល​​កំពុង​​ប្រព្រឹត្ត​​អំពើ​​ពុក​​រលួយ​បែប​ជា​ប្រព័ន្ធ​យ៉ាង​ចំហ​នេះ​៕​

 19-1-2014-1

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com