ខេត្តកោះកុងៈ ក្រុមប្រជាពលរដ្ឋនិងក្រុមអ្នកនេសាទនៅខេត្តកោះកុង បានបង្ហើបប្រាប់ឱ្យដឹងថា កោះអៅវ៉ៅ ស្ថិតក្នុងតំបន់កោះកុងក្រៅ ជាកន្លែងដែល មានឈ្មួញជាទាហានប៉េអឹម និងប៉ូលិសលួចរកស៊ីឈើ និងស្តុកឈើគ្រញូងខុសច្បាប់ដ៏ធំសម្បើមដុះស្លែ យូរឆ្នាំណាស់ មកហើយ មិនដែលមានសមត្ថកិច្ច និងអាជ្ញាធរណាមួយហ៊ានបង្ក្រាបឡើយ ហើយឯស្នងការខេត្ត អភិបាលខេត្ត និងមេ បញ្ជាការព្រំ ដែនទឹកសម្ងំស្ងៀមទំនងគ្រប់ទឹកទទួលសំណែនជាប្រចាំក៏មិនដឹង ។
កោះអៅវ៉ៅ ស្ថិតក្នុងតំបន់កោះកុងក្រៅនេះ បច្ចុប្បន្នគ្រប់គ្រងដោយអង្គភាពវរៈសេនាតូចកង ការពារកោះ កុង ក្រៅលេខ ២ នៃកងទ័ពជើងទឹក ដែលមានលោកស័ក្តិ ៥ ទេព វុទ្ធី ជាមេបញ្ជាការវរៈ និងលោក ស័ក្តិ ៤ កន្លះ អែម ចន្ថា ជាមេបញ្ជាការរង ហើយលោកមេបញ្ជាការ និងមេបញ្ជាការរងវរៈនេះ បានត្រូវគេចោទប្រកាន់ ថា ជាប់ពាក់ព័ន្ធនឹង មុខជំនួញបទល្មើសព្រៃឈើយ៉ាងដុះស្លែយូរយាមកហើយ ។
ប្រភពដដែលនិយាយថា លោកស័ក្តិ ៤កន្លះ គឺជាអ្នកចាត់ចែងដឹកឈើគ្រញូងនៅតាមតំបន់ ជុំវិញខេត្ត កោះកុង និងក្នុងខេត្តកោះកុងទាំងមូលយកទៅស្តុករក្សាទុកនៅកោះអៅវ៉ៅនេះផ្ទាល់តែម្តង ព្រោះតែគាត់ មានទូករបស់ គាត់សម្រាប់ដឹកជញ្ជូនងាយស្រួលគ្រប់គ្រងមិនបែកការយូរឆ្នាំមកហើយ ។
ក្រៅពីការដឹកជញ្ជូនឈើគ្រញូងតាមតំបន់ជុំវិញខេត្តកោះកុងក៏នៅមានឈើគ្រញូងដឹកពីទឹកដីថៃ ដែលជាប់ព្រំប្រទល់ គ្នាមកស្តុកទុកនៅកោះអៅវ៉ៅនេះផងដែរ ហើយមានទាំងទំនិញបទល្មើសមួយចំនួនទៀតផង។
ដូចជា ក្រោយពេលប្រមូលស្តុកឈើគ្រញូងបានច្រើនសន្ធឹកហើយ ទើបគេដឹកឈើទាំងនោះចេញទៅប្រទេស យួនតែ ម្តង ព្រោះតែនៅកោះអៅវ៉ៅនេះក៏មានថៅកែជនជាតិយួន នៅដេកចាំទិញផ្ទាល់តែម្តងផងដែរ ។
តាមប្រភពពីអ្នកខេត្តកោះកុងនិយាយថា លោកស័ក្តិ ៥ មេបញ្ជាការវរកងការពារកោះកុងក្រៅលេខ ២ នៃកងទ័ពជើង ទឹកនេះ បានបញ្ជាប្រាប់មន្ត្រីក្រោមឱវាទ និងឈ្មួញរកស៊ីឈើគ្រញូងថា ឈើទាំងអស់នោះ គឺជាឈើ របស់គាត់ត្រូវ ស្តុក ទុកនៅកោះអៅវ៉ៅហើយទុកឱ្យតែទូករបស់លោកស័ក្តិ៤កន្លះ ដែលជាមេបញ្ជាការរងម្នាក់គត់ជា អ្នកដឹកជញ្ជូន ។
បើតាមសកម្មភាពរកស៊ីដឹកឈើគ្រញូងខុសច្បាប់នេះដែរ អ្នកស្រុកបានចោទទៅលោកប៉េអឹមខេត្តកោះកុង ម្នាក់ទៀត ឈ្មោះ សុខ គឹមហុង ហៅឡូ ផងដែរថា ជាឈ្មួញរកស៊ីឈើដៃស្តាំរបស់លោក ថុង ណារ៉ុង ដែលជា មេបញ្ជាការប៉េអឹម ខេត្តនេះ ហើយមេឈ្មួញប៉េអឹម ហៅ ឡូ រូបនេះក៏ជាជើងខ្លាំងខាងកាប់បំផ្លាញព្រៃឈើ និងដឹកយកឈើគ្រញូង ទៅស្តុក នៅកោះអៅវ៉ៅផងដែរ។
ប្រជាពលរដ្ឋខេត្តកោះកុងបានបន្តទៀតថា រាល់សកម្មភាពរកស៊ីឈើគ្រញូងខុសច្បាប់ដុះស្លែយូរឆ្នាំមក ហើយនេះ គេ មិនដែលឃើញមានសមត្ថកិច្ចណាមួយហ៊ានចូលទៅបង្ក្រាបឡើយ ។ ទំនងជាអាជ្ញាធរថ្នាក់មេខេត្ត ស្នងការខេត្ត និង ប៉េអឹម ខេត្តធ្វើជាខ្នងបង្អែកផងក៏អាចថា បានទើបគេនៅស្ងៀមចាំទទួលលាភសក្ការៈបិទបាំងការ បំផ្លាញព្រៃឈើបែបអនាធិបតេយ្យ។