សាលារាជធានីភ្នំពេញ ប្រកាសនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី នឹងផ្អាកប្រមូលសំរាមនៅរាជធានីភ្នំពេញ រយៈពេលបីថ្ងៃ ដើម្បីឲ្យនិយោជិត កម្មករ កម្មការិនីទាំងអស់ បានទៅចូលរួមថ្ងៃបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើត។
សេចក្តីជូនដំណឹងសាលារាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញានេះ ឲ្យដឹងថា ក្រុមហ៊ុនស៊ីនទ្រី បានអនុញ្ញាតឲ្យកម្មករ កម្មការិនី ឈប់សម្រាករយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ខែតុលា ដើម្បីឲ្យពួកគាត់អាចទៅចូលរួមបុណ្យភ្ជុំបិណ្ឌ។ ដូច្នេះការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ មិនបានប្រមូលពេញលេញដូចថ្ងៃធម្មតាទេ ដោយសារការវិលត្រឡប់របស់កម្មករ កម្មការិនី មានការយឺតយ៉ាវរហូតដល់ថ្ងៃទី០៨ ខែតុលា ទើបចូលបម្រើការងារវិញ។
សាលារាជធានី ឲ្យដឹងទៀតថា ក្នុងរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ០៣,០៤,០៥ ខែតុលានេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាវេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវៀងការបញ្ចេញសំរាមមកក្រៅផ្ទះ និងនៅទីសាធារណៈ ដែលអាចធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈអនាម័យ សោភ័ណភាព និងបរិស្ថានទីក្រុង។
សាលារាជធានីភ្នំពេញសង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ និងចូលរួមអនុវត្តតាមសំណូមពរឲ្យបានល្អប្រសើរ៕