ល្បែងស៊ីសងគ្រប់ប្រភេទនៅក្រុងប៉ោយប៉ែតកំពុងលេងឡើងវិញ ជារៀងរាល់ថ្ងៃ ខណៈ ដែលសមត្ថកិច្ចនាំគ្នាធ្វើជាមើលមិនឃើញភ្លេចអស់ការអនុវត្ត ច្បាប់ ភូមិ-ឃុំមានសុវត្ថិភាពនោះ ។
គួររំលឹកផងដែរថា ល្បែងស៊ីសងដែលបានកំពុងបើកលេង និងរស់រវើក ឡើងវិញមានដូចជាបៀ អាប៉ោង កត់កន្ទុយលេខ ភ្នាល់បាល់ យូគីស្ទូច និង ល្បែងជល់មាន់…ជាដើម ។ បច្ចុប្បន្ន ទឹកដីក្រុងប៉ោយប៉ែតនារដូវវស្សាបាន មកដល់អ្នកស្រែនាំ គ្នាប្រកបមុខរបរកសិកម្ម ប៉ុន្តែបើយើងក្រឡេកមើល ក្រុងប៉ោយប៉ែតវិញ ក្រុមអ្នកញៀននឹងល្បែងស៊ីសងនាំគ្នាជួលបន្ទប់ផ្ទះ សំណាក់សណ្ឋាគារ និងតូបលក់កាហ្វេ រីឯអ្នកខ្លះទៀតមានធនធានច្រើន បានទៅជ្រកក្រោមស្លាកយីហោក្រុមហ៊ុនកាស៊ីណូ ហ្គោលឌិនក្រោន របស់ ឧកញ៉ា កុក អាន ដោយមានការរាក់ទាក់ពីម្ចាស់បើកបនល្បែងជល់មាន់ដ៏ធំជាប់នឹងព្រំដែនខ្មែរ-ថៃ នៅក្នុងបរិវេណកាស៊ីណូហ្គោល ឌិនក្រោន ដែលធ្វើឱ្យអ្នកលេងមិនខ្លាចអ្វីទាំងអស់ ។
ល្បែងនេះនាំឱ្យមានភាពអនាធិបតេយ្យផង និងធ្វើឱ្យក្រុមអ្នកញៀន ល្បែងបាន ចិត្តយ៉ាងសម្បើម ដោយពួកអ្នកលេងនោះ បានចាក់មេក្រូបំពងសម្លេង ស្រែកហ៊ោលាន់ឮយ៉ាងខ្លាំង ។ មិនថា តែសង្វៀនជល់មាន់ នេះទេដែលមានខ្នងធំ ចំណែកអ្នកលេងនិងក្រុមញៀនល្បែងកន្លែងយូគី-ស្ទូច ដែលម្ចាស់បើកលេងនៅភូមិក្បាលកោះសង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត គឺឈ្មោះ មុត សាមិត្ត ហៅ យាយវិត ក៏មានបើកបនល្បែងគ្រប់ប្រភេទមិនចាញ់កន្លែងជល់មាន់ប៉ុន្មានដែរ ។ ល្បែងមួយកន្លែងនេះ គេឃើញមានមនុស្សចូលលេងទាំងយប់ទាំងថ្ងៃគ្មានពេលសំរាកឡើយ ។
ប្រភពព័ត៌មានបាននិយាយថា ពេលថ្ងៃអ្នកលេងតិច ប៉ុន្តែពេលយប់មនុស្សចូលលេងរាប់រយនាក់ដោយសារសមត្ថកិច្ចបើកភ្លើងខៀវ ឱ្យដែរ។
ប្រភពព័ត៌មានបន្តទៀតថា ចំនួនអ្នកលេងល្បែងមានច្រើនចាក់លុយពេញកំរាល ហើយថែមទាំងស្រែកហ៊ោកញ្ជៀវទៀតផង ។ គេចាំ បានថា ស្ត្រីបើកលេងល្បែងនេះ សមត្ថកិច្ចពុំដែលឃើញហាមឃាត់ ឬចុះបង្ក្រាបម្តងណាឡើយ ។ ហើយជុំវិញការបើកលេងល្បែង នោះ គឺបំពានលើគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំងប្រាំយ៉ាង ។ អញ្ចឹងហើយទើបអ្នកមាត់ដាចខ្លះហៅឈ្មោះថា ភូមិ ឃុំសុវត្ថិភាព សម្រាប់អ្នកលេងល្បែងទៅវិញព្រោះហ៊ានប្រឆាំងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានប្រកាសតាមវិទ្យុនិងទូរទស្សន៍ឱ្យបញ្ឈប់ការលេងល្បែងទាំងអស់ ។
ប្រភពប្រជាពលរដ្ឋរស់នៅក្បែរកន្លែងនោះថា សព្វថ្ងៃពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចតែកើតមានអំពើចោរកម្មលួចឆក់ ប្លន់កើនឡើងថែមទៀត ។ ហេតុអ្វីអាជ្ញាធរក្រុងប៉ោយប៉ែតនៅស្ងៀម ឬមួយត្រូវថ្នាំសណ្តំ ឬក៏ទទួលលាភសក្ការៈក្នុងមួយខែៗច្រើនសន្ធឹកសន្ធាប់អស់ ហើយបានជាធ្វើមិនដឹងមិនឮធ្វើ មើលមិនឃើញដូច្នេះ ?