0

ក្រុម​អ្នក​សារ​ព័ត៌​​មាន ជំរុញ​ឲ្យ​​រដ្ឋាភិបាល​​ធ្វើ​​កំណែ​ទម្រង់​​លើ​​បណ្តាញ​​ផ្សព្វ​ផ្សាយ​​

ក្រុម​អ្នកនិពន្ធ​សារ​ព័ត៌​មាន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​អាណត្តិ​​ថ្មី ធ្វើកំណែទម្រង់ និង​​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់ នូវ​កម្មវិធី​គោលនយោបាយ​នានា ជាពិសេស កិច្ចសហការ​ជាមួយ​បណ្តាញ​​សារ​ព័ត៌​មាន ឲ្យមាន​អព្យាក្រឹត្យ​ភាព សម្រាប់​ការដឹកនាំ​រយៈពេល ៥​ឆ្នាំ​ខាង​មុខ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ប្រជាពលរដ្ឋ​។​

​ការជំរុញ​នេះ ធ្វើឡើង​ក្នុង​វេទិកា​អ្នក​និពន្ធ​សារព័ត៌មាន ក្រោម​​ប្រធាន​បទ សម្លឹង​មើល​ប្រទេស​កម្ពុជា​​នៅក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ ក្រោម​ការដឹកនាំ​នៃរាជ​រដ្ឋាភិបាល​​ថ្មី ក្រោម​ការរៀបចំ​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា​។​

​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ មានប្រសាសន៍ថា ការប្តេជ្ញា​ធ្វើកំណែទម្រង់​បែប​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល សម្រាប់​​អាណត្តិ​ទី​៥​នេះ គឺ​​ឆ្លុះ​បញ្ចាំង​​ពី​ដំណើរ​វិជ្ជមាន​មួយ​​របស់​​កម្ពុជា ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ ខណៈ​​ដែល​សំឡេង​​គាំទ្រ​គណបក្ស​ប្រឆាំង បាន​ស្ទុះ​ឡើង​គួរ​ឲ្យ​កត់​សំគាល់  ដែល​បង្ហាញ​​ពី​​ឆន្ទៈ​​របស់​​ប្រជា​ពលរដ្ឋ ទាមទារ​នូវ​ការផ្លាស់ប្តូរ​។ ត្រង់​ចំណុច​​នេះ លោកសង្កត់ធ្ងន់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ គប្បី​បំពេញ​តួនាទី នៅក្រៅ​ការ​គ្រប់គ្រង​របស់រាជ​រដ្ឋាភិបាល ​៖

និពន្ធ​នាយក​វិទ្យុ​បារាំង​អន្តរជាតិ លោក ប៉ែន បូ​ណា សាទរ​​ចំពោះ​ការជំរុញ​ថ្មី​របស់រាជ​រដ្ឋាភិបាល គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​មន្ត្រីក្រោមឱវាទ តាមដាន​ព័ត៌​មាន និង​សហការ​ជាមួយ​​អ្នក​សារ​ព័ត៌​មាន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ប្រតិកម្ម​របស់​សាធារណ​ជន​។ ជាមួយគ្នានេះ លោក​យល់ថា ស្ថាប័ន​សារ​ព័ត៌​មាន​​ខ្លួន​​ឯង​​​ផ្ទាល់ គឺ​គប្បី​ធ្វើ​កំណែទម្រង់​ដើម្បី​បង្ហាញ​ពី​ឯករាជ្យភាព​នៃ​គុណភាព​ព័ត៌មាន​​របស់​ខ្លួន ប្រកបដោយ​គុណភាព វិជ្ជាជីវៈ និង​តុល្យភាព​ត្រឹមត្រូវ​ ​៖

និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ភាសា​​ខ្មែរ លោក កៃ គឹម​សុង យល់ឃើញថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន គឺជា​គន្លឹះ​សំខាន់ ដែល​រដ្ឋាភិបាល​គប្បី​​ពិចារណា​ជំរុញ​បន្ថែម ក្នុង​អាណត្តិ​ថ្មី​នេះ ដើម្បី​ឲ្យ​វិស័យ​នេះ កាន់តែ​ទូលំទូលាយ និង​ប្រកបដោយ​ប្រសិទ្ធិភាព ​៖

​ក្រោយ​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី បង្កើត​រដ្ឋាភិបាល​ថ្មី ដោយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា តែ​​មួយ​បក្ស​អស់​ពេល​ជាង ៦​ម៉ោង កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា សង្គម​ស៊ីវិល​បាន​សម្តែង​ការខកចិត្ត ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​អាណត្តិទី​៥​នេះ មាន​ការ​កែទម្រង់​ច្រើន​នៅក្នុង​វិស័យ​ផ្សេងៗ ប៉ុន្តែ​នៅក្នុង​គោល​​នយោបាយ ថ្នាក់​​ជាតិ​​រួម​​នោះ គេ​មិនឃើញ​មាន​ដាក់​ចេញ​ពី​ការ​បង្កើត​​ឲ្យ​មាន​​ច្បាប់ ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នោះទេ​៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com