លោក ហ៊ីង ប៊ុន ឈឿន ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ដកំពត កំពុងតែសកម្មក្នុងការប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្ដកំពត ជាពិសេស ទំនិញគេចពន្ធ និងប្រេងឥន្ធនៈគេចពន្ធ ដោយពង្រាយមន្ដ្រីជំនិតរបស់ខ្លួនដាក់ប៉ុស្ដិ៍កុងត្រូលជជុះតាមផ្លូវសំខាន់ៗក្នុងខេត្ដកំពត។ រថយន្ដដឹកទំនិញគ្រប់ប្រភេទរួមទាំងរថយន្ដដឹកប្រេងគេចពន្ធតម្រង់ជួរគ្នាចូលបង់លុយឲ្យប៉ុស្ដិ៍កុងត្រូលជជុះរបស់លោក ហ៊ីង ប៊ុន ឈឿន ហើយប្រជាពលរដ្ឋបានឃើញសកម្មភាពប្រដេញរថយន្តដឹកទំនិញឲ្យចូលបង់លុយពីប៉ូលិសសេដ្ឋកិច្ច ដែលបានបើករថយន្តផ្ដាច់ព្រលឹង មិនគិតពីគ្រោះថ្នាក់ប្រជាពលរដ្ឋស្លូតត្រង់ធ្វើដំណើរតាមផ្លូវនោះទេ។ មានប៉ុស្ដិ៍កុងត្រូលជជុះរបស់ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នង ការ ដ្ឋាននគរបាលខេត្ដកំពត រីកដូចផ្សិតដើម្បីចាប់រថយន្ដដឹកប្រេងគេចពន្ធចូលមកពីប្រទេសវៀតណាមឲ្យចូលបង់លុយយ៉ាងអាណាធិបតេយ្យ។
តាមច្រករបៀងស្រុកកំពង់ត្រាច អ្នករកស៊ីដឹកជញ្ជូនទំនិញគេចពន្ធដូចជា ប្រេងឥន្ធនៈ ជ្រូក មាន់ ទា ត្រី និងស៊ុត ត្រូវចូលបង់លុយឲ្យមន្ដ្រីនគរបាលរបស់លោក ហ៊ីង ប៊ុន ឈឿន។ ចំណែកពួកឈ្មួញរកស៊ីនាំទំនិញគេចពន្ធធំៗត្រូវលោក ហ៊ីង ប៊ុន ឈឿន ចេញមុខក្ដោបក្ដាប់យកដោយខ្លួនឯង ដើម្បីកុំឲ្យបែកទឹកលុយ។ បើយោងតាមប្រភពមួយបានឲ្យដឹងទៀតថា លោក ហ៊ីង ប៊ុន ឈឿន បានដាក់កូនចៅតាមដងផ្លូវយូឆ្នាំមកហើយ ដើម្បីឲ្យកូនចៅរកចំណូលជារៀងរាល់ខែ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនបើកូនចៅណារកលុយមិនបានបង់ត្រូវលោកហ៊ីង ប៊ុនឈឿនដកមកអោយអង្គុយមើលកាសែតនៅការិយាល័យ អញ្ចឹងបានជាកូនចៅរបស់លោកហ៊ីង ប៊ុនឈឿនខំប្រឹងរកចំណូលបង់អោយមេទាំងយប់ទាំងថ្ងៃ។ ឈ្មួញរកស៊ីមួយចំនួននាំគ្នានិយាយរិះគន់ប៉ូលីសសេដ្ធកិច្ចខេត្តកំពតថាជាប៉ូលិសច្របាច់ករឈ្មួញរកប្រាក់ចំណូលបង់អោយមេ។ គួបញ្ជាក់ផងដែរថាលោក ហ៊ីង ប៊ុនឈឿន ប្រធានការិយាល័យសេដ្ធកិច្ចខេត្តកំពតបានដាក់កុងត្រូលជជុះជាច្រើនកន្លែងទី១ នៅចណុចត្រពាំងល្ពៅស្រុកទឹកឈូ ទី២ ព្រែកចាកស្ថិតនៅស្រុកកំពង់ត្រាច ទី៣ តំបន់កោះស្លាស្រុកឈូក ទី៤ ស្រុកបន្ទាយមាស ទី៥ នៅស្រុកអង្គជ័យដែលខំប្រឹងប្រមូលយកទៅអោយលោកហ៊ីង ប៊ុនឈឿនជារៀងរាល់ខែ បើមិនបានបង់អោយទេត្រូវតែដូរមកអោយអង្គុយមើលកាសែតរកតែលុយផឹកកាហ្វេមិនបានផង៕