កំពង់ចាមៈ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងលោកប្រធាន រដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ព្រមទាំងលោកនាយផ្នែករដ្ឋបាល ព្រៃឈើស្រុកមេមត់ ដែលតែងតែបើកដៃឲ្យ ឬក៍បណ្ដោយឲ្យឈ្មួញឈើគ្រាក់ៗ ដឹកជញ្ជូនឈើប្រណីតរាល់យប់ថ្ងៃ យកទៅស្ដុកទុកទាំងគំនរៗ នៅខាងក្រោយវត្តក្ដុល ឃុំអន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ដោយមិនមានការបង្ក្រាបទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ទៅតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទាល់តែសោះ ។
ក្នុងចំណោមពួកឈ្មួញឈើ ជាច្រើននាក់នៅក្នុងខេត្តកំពង់ចាម ដែលបានរកស៊ីប្រព្រិត្ត បទល្មើសព្រៃឈើ ស្ទើរដុះស្លែទៅហើយដោយគ្មានមន្ត្រីៗណាហ៊ានប៉ះពាល់នោះ គឺក៍មានឈ្មោះ ជាម ម៉ាដែន (ហៅ តក់) ម្នាក់ដែរដែលគេទទួលស្គាល់ថា ជាឈ្មួញឈើជើងខ្លាំង នៅក្នុងខេត្តកំពង់ចាម មិនចាញ់ឈ្មួញឈើជាច្រើននាក់ ផ្សេងៗទៀតនោះឡើយ ។ សព្វថ្ងៃនេះឈ្មួញឈើឈ្មោះ តក់ បាននិងកំពុងសម្រុកដឹកជញ្ជូនឈើប្រណីត មកពីតំបន់ផ្សេងៗ យកទៅគរទុក ជាច្រើនម៉ែត្រគូប ស្ថិតនៅខាងក្រោយវត្តក្ដុល ក្នុងឃុំអន្លូង ស្រុកមេមត់ ដើម្បីត្រៀមដឹកចេញ តាមច្រកព្រំដែននានា ក្នុងខេត្តកំពង់ចាម យកទៅលក់នៅស្រុកយួន ដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធណា ទៅបង្ក្រាបទប់ស្កាត់ទាល់តែសោះ ។
បងប្អូនបានបង្ហើបឲ្យដឹងទៀតថា ឈ្មួញឈើឈ្មោះ តក់ នោះក៍ជាមន្ត្រីដ៍មានឥទ្ធិពលម្នាក់ ប្រចាំនៅច្រកបឹងជ្រោង ក្នុងឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាមផងដែរ ។ ពាក់ព័ន្ធនឹងបទល្មើស ព្រៃឈើខាងលើនេះ ប្រជាពលរដ្ឋបានសំណូមពរថា សូមឲ្យលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងលោកប្រធាន រដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ព្រមទាំងលោកនាយផ្នែករដ្ឋបាល ព្រៃឈើស្រុកមេមត់ កុំស្ពឹកស្រពន់ពេក ដែលនាំគ្នាធ្វើពុតជាដេកលក់ ទាំងយប់ទាំងថ្ងៃនោះ ពោលគឺត្រូវតែនាំគ្នា ដឹកនាំការងារបង្ក្រាប ទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងខេត្តកំពង់ចាម ដូចជាករណីបទល្មើសព្រៃឈើ ដែលប្រព្រិត្តឡើងដោយឈ្មួញឈើឈ្មោះ តក់ …ជាដើម ឲ្យមានប្រសិទ្ធភាព ទៅតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ទើបបានសក្ដិសមជាមន្ត្រីៗល្អ ។
តែបើមិនអញ្ចឹងទេ ច្បាស់ជាធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន ក៍ដូចជាលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយករដ្ឋបាលព្រៃឈើ អាចនឹទទួលរងនូវការរិះគន់តៗគ្នា ពីសំណាក់ប្រជាពលរដ្ឋ បន្ថែមទៀតជាមិនខាន ដោយសារតែពួកមន្ត្រីៗ អសកម្មទាំងនោះ ។
ក្រៅពីឈ្មួញឈើឈ្មោះ តក់ ដូចខាងលើ លោក ជួប ភារុំ (ហៅ លាភ) ជាមេបញ្ជាការរង វរៈសេនាតូចនគរបាល ការពារព្រំដែនលេខ៦១៧ (ដែលមានលោក ចាន់ សារឹម ជាមេបញ្ជាការ) ឈរជើងនៅច្រកបឹងជ្រោង ស្រុកមេមត់ ខេត្ដកំពង់ចាម ជាប់ព្រំប្រទល់ប្រទេសយួន ក៍ល្បីឈ្មោះជាឈ្មួញឈើគ្រញូង ដែលគ្មានអ្នកណា ហ៊ានប៉ះពាល់ដែរ គឺមានតែលោកនាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការ នគរបាលជាតិប៉ុណ្ណោះ ទើបអាចនឹងជួយដុះក្អែលលោក ជួប ភារុំ (ហៅ លាភ) បាន… ដើម្បីកុំឲ្យប៉ះពាល់ ដល់កិត្ហតិយសរបស់ នគរបាលជាតិទាំងមូល ។
ប្រភពព័ត៌មានបានប្រាប់ថា ក្នុងចំណោមច្រកមួយចំនួន នៅខេត្ដកំពង់ចាម មានច្រកចំនួន ៣ គឺ៖ ច្រកដូនរ័ត្ន, ច្រកចាន់មូល និងច្រកបឹងជ្រោង ជាច្រកដែលពួកឈ្មួញឈើ នាំគ្នាសម្រុកដឹកជញ្ជូនឈើ ពីស្រុកខ្មែរទៅស្រុកយួន យ៉ាងអនាធិបតេយ្យរាល់យប់ថ្ងៃ ខ្លាំងជាងច្រកណាៗទាំងអស់ ។ ច្រកទាំង៣នោះ ត្រូវបានថ្នាក់លើពាក់ព័ន្ធ ប្រគល់ទៅឲ្យលោក ក្ដុល ណុច មេគយ និងរដ្ឋាករស្រុកមេមត់ ជាអ្នកគ្រប់គ្រងផ្ដាច់មុខ ទុកដូចជាឆ្នាំងស៊ុបចែកគ្នាឆី យ៉ាងឈ្ងុយឆ្ងាញ់មិនចាញ់លោក គិន លី គ្នីគ្នាជិតស្និទ្ធផស់គាត់ ជាមេគយនៅកំពង់ផែ ស្វ័យតខេត្តព្រះសីហនុនោះទេ ។
ជាចុងបញ្ចប់ប្រជាពលរដ្ឋ បាននិយាយថា ពួកគាត់នៅរង់ចាំមើល តើទាំងឈ្មួញឈើឈ្មោះ ជាម ម៉ាដែន (ហៅ តក់), ទាំងឈ្មួញឈើឈ្មោះ ជួប ភារុំ (ហៅ លាភ) និងទាំងមន្ត្រីៗគយឈ្មោះ ក្ដុល ណុច – គិន លី នឹងនៅតែអាចធ្វើអ្វីៗ បានតាមអំពើចិត្ត ដោយមិនមានថ្នាក់លើណា ហ៊ានប៉ះពាល់បែបនេះរហូតឬ?…