ស្វាយរៀង៖ តាមប្រភពព័ត៌មានថ្មីៗ បានឲ្យដឹងថា ប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វារបាវិត លោក យីង សំអន និងលោក អ៊ឹង សុងយូ មេប៉ូលិសអន្តោប្រវេសន៍ ជាអ្នកមានសិទ្ធិកាន់បារ៉ាស់ ប្រចាំច្រកទ្វារនោះ បាននិងកំពុងត្រូវប៉ាន់ កាន់តែខ្លាំងឡើងៗ ដែលមិនដឹងជា មេៗធំរបស់ពួកគាត់ ដូចជាលោកអគ្គនាយកគយដុះស្លែ ប៉ែន ស៊ីម៉ន និងលោកអគ្គស្នងការ នេត សាវឿន ទទួលបានលាភសក្ការៈពីនេះដែរ ឬក៍អត់សោះនោះទេ ។
ការត្រូវប៉ាន់របស់លោក យីង សំអន និងលោក អ៊ឹង សុងយូ ត្រូវគេប្រាប់ថា ដោយសារតែកើតមាន អំពើរត់ពន្ធទំនិញខុសច្បាប់ តាមរយៈរថយន្តក្រុង ដឹកអ្នកដំណើរ មកពីស្រុកយួន តាមច្រកបាវិតរាល់ថ្ងៃ ដែលក្នុងមួយគ្រឿងៗ គេតម្រូវឲ្យបង់លុយ យ៉ាងតិចចំនួន ៣លានរៀល ស្មើនឹង ៧៥០ ដុល្លារអាមេរិក ទៅឲ្យសមត្ថកិច្ច និងមន្ត្រីៗជំនាញ ពាក់ព័ន្ធនៅទីនោះ ។
ប្រភពបាននិយាយថា បើតាមការរាប់ក្បាលឡានក្រុង ដែលតែងចេញ-ចូលតាមច្រកបាវិត ក្នុងមួយថ្ងៃៗមានចំនួន រាប់សិបគ្រឿង ស្ទើររាប់មិនអស់នោះ គេអាចទស្សន៍ទាយបានថា ក្នុងមួយថ្ងៃៗចំណូលថវិកាជាតិ នៅច្រកសេដ្ឋកិច្ចនេះ បាននិងកំពុងបាត់បង់ មិនតិចម៉ឺនដុល្លារអាមេរិកទេ ដោយសារតែមន្ត្រីៗ អ្នកទទួលខុសត្រូវនៅទីនោះ បានឃុបឃិតគ្នា ប្រព្រិត្តអំពើពុករលួយ អនុញ្ញាតឲ្យមានការ ដឹកទំនិញគេចពន្ធពីស្រុកយួន ចូលក្នុងប្រទេសកម្ពុជា តាមតែអំពើចិត្ត ជាថ្នូរនឹងការទទួលបានចំណែក ជាផលប្រយោជន៍លុយកាក់ជាច្រើន ពីពួកឈ្មួញទុច្ចរិតមួយចំនួន ។
សេចក្ដីរាយការណ៍ បានបន្តថា បើតាមការកត់សម្គាល់ រាល់ថ្ងៃនេះ មានរថយន្តក្រុង មិនតិចជាង១០ក្រុមហ៊ុនទេ ដែលធ្វើអាជីវកម្ម រកស៊ីដឹកអ្នកដំណើរ ចេញ-ចូលកម្ពុជា-វៀតណាម តាមច្រកបាវិត យ៉ាងគគ្រឹកគគ្រេង ។ ក្នុងនោះ មានក្រុមហ៊ុនរថយន្តក្រុង ដឹកអ្នកដំណើរ មួយចំនួន បានឃុបឃិតគ្នាជាមួយពួកឈ្មួញ និងមន្ត្រីៗខិលខូចមួយក្ដាប់តូច ក្នុងការដឹកទំនិញគេចពន្ធ នាំចូលមកពីស្រុកយួន ក្នុងមួយថ្ងៃៗរាប់សិបតោន (សុំលាក់ឈ្មោះ ក្រុមហ៊ុនទាំងនោះទុកសិន)។
ប្រភពបានបញ្ជាក់ថា ការពិតពួកគេ (ឈ្មួញ និងមន្ត្រីៗពាក់ព័ន្ធ)បានឃុបឃិតគ្នា ដឹកទំនិញគេចពន្ធ មកពីស្រុកយួន ចូលមកកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ… តែរឿងពុករលួយនោះ ទើបតែត្រូវបែកធ្លាយ ក្រោយពេលប៉ូលិស សេដ្ឋកិច្ចខេត្តសៀមរាប បានឆែកឆេរឃ្លាំងស្តុកទំនិញ ដ៏ធំមួយកន្លែងថ្មីៗនេះ បានរកឃើញ និងឃាត់បានរថយន្តក្រុង ដឹកទំនិញគេចពន្ធ នាំចូលតាមច្រកបាវិត ទៅផ្ទេរទំនិញនៅឃ្លាំងខាងលើនេះ ដោយគ្មានការបង់ពន្ធជូនរដ្ឋ សូម្បីតែបន្តិចទាល់តែសោះ ។
ពាក់ព័ន្ធនឹងករណីខាងលើ ប្រភពបានបង្ហើបប្រាប់ថា មានឧត្តម សេនីយ៍ពាក់ផ្កាយមួយ ដ៏មានអំណាច និងលុយកាក់ម្នាក់ ជាអ្នកប៉ាវផ្ដាច់មុខ រត់ការសម្របសម្រួលតាមផ្លូវ ជាមួយមន្ត្រីៗជំនាញ ក្នុងការនាំចូលទំនិញគេចពន្ធ ពីស្រុកយួនមកកម្ពុជា តាមរយៈរថយន្តក្រុង ចាប់ពីចំណុចច្រក អន្តរជាតិបាវិត រហូតមកចូលដល់ រាជធានីភ្នំពេញតែម្ដង ។ មន្ត្រីផ្កាយមួយនោះ ជាមនុស្សល្បីឈ្មោះ សម្បូរលុយកាក់អត់ខ្វះទេ… ដោយសារតែគាត់ចូលចិត្ត យកតួនាទីទៅរកស៊ី របៀបពុករលួយ ជាមួយពួកឈ្មួញ ជាច្រើនឆ្នាំមកហើយ ។