0

លោក ប៉ុល សៀង កំពុងសប្បាយ ប្រមូលលុយពីឈ្មួញដឹកទំនិញ គ្រប់ប្រភេទពីការពង្រាយ នគរបាលសេដ្ឋកិច្ច

images (1)លោក ប៉ុល សៀង ជា​ប្រធានការិយាល័យ​រដ្ឋបាល​ស​រុ​ប​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ក្លាយជា​មន្ត្រី​រីកមុខ​គ្រប់​រដូវ​ទោះជា​មានការ​ដោះដូរ​ប្រធាន​នាយកដ្ឋាន​ប៉ុន្មាន​ជំនាន់​រួចហើយ​ក៏ដោយ ក៏​លោក ប៉ុល សៀង នៅ​តែ​មាន​​សិទ្ធិអំណាច​កាន់ការ​ងារ​ផ្នែក​ចាត់តាំង ប្រមូល​លុយ​ពី​នគរបាល​សេដ្ឋកិច្ច​ដែល​ត្រូវ​ចុះប៉ុស្តិ៍​តាមផ្លូវ​ជាតិ តាម​ខេត្ត​និង​តាម​ផែស្ងួត​ជាដើម​ឲ្យ​បង់លុយ​ទៅតាម​ចំនួន​ដែល​បានកំណត់​សម្រាប់​ការទិញ​ប៉ុស្តិ៍​ជា​ថ្នូរ​នៃ​ការទទួលបាន​លិខិត​បេសកកម្ម​រយៈ​ពេល​​​៣​ខែម្តង​។ ចង់​មន្ត្រីនគរបាល​សេដ្ឋកិច្ច​អស់ទាំងនោះ​ធ្វើ​អ្វី​ក៏​ធ្វើទៅ​ឲ្យ​តែ​បាន​លុយ​យកមក​បង់​ជូន​ថ្នាក់លើ​ឲ្យ​គ្រប់​ចំនួន​និង​ទៀងទាត់​ពេលវេលា បង្ក​ទៅជា​ភាពអនាធិបតេយ្យ​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ក្លា​ពី​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​ក៏ដូចជា​ប្រជា​ពល​រដ្ឋ​ ហើយ​មិនដឹង​មកពី​ខាង​ណាខ្លះ​ទេ ព្រោះ​គ្រាន់តែ​នគរបាល​សេដ្ឋកិច្ច​ត្រូវ​បង់​ដល់​ទៅ​៣​ជាន់​ឯណោះ​។​

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​ឲ្យ​ដឹងថា រាល់ថ្ងៃ​ពួកគាត់​ដឹកទំនិញ​ឬ​កសិផល​ចេញទៅ​លក់​នៅ​ស្រុក​យួន ក៏ដូចជា​ទំនិញ​នាំ​ចូលមក​លក់​ចែកចាយ​ក្នុងប្រទេស​កម្ពុជា ត្រូវ​ជំនាញ​គយ​បង្គាប់​ឲ្យ​បង់ពន្ធ​ទៅតាម​ច្បាប់​ដែល​បានកំណត់ ក៏​ត្រូវតែ​បង់លុយ​ឲ្យ​ប៉ុស្តិ៍​ជជុះ​របស់​សមត្ថកិច្ច​នៅជាប់​ព្រំដែន មិនតិចជាង​១០​កន្លែង​នោះទេ ហើយ​ពេល​ដឹកជញ្ជូន​ទំនិញ​ចូលមក​ដល់​ក្នុងប្រទេស​កម្ពុជា ត្រូវ​បង់លុយ​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ប្រចាំខេត្ត​នីមួយៗ ប្រសិនបើ​ឆ្លងកាត់​៣​ខេត្ត គ្រាន់តែ​បង់​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ចំនួន​៣​កន្លែង​បាត់ទៅហើយ នៅសល់​នគរបាល​សេដ្ឋកិច្ច​ក្រសួង ក៏មាន​៣​កន្លែង គឺ​ទី​១ នគរបាល​សេដ្ឋកិច្ច​កាន់​ផ្នែក​ទំនិញ ហើយ​នគរបាល​សេដ្ឋកិច្ច​ក្រសួង ដែល​កាន់​ផ្នែក​បទល្មើស​ព្រៃឈើ ក៏​មក​ទារលុយ​ពី​ឡាន​ដឹកទំនិញ ជាពិសេស​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ដែល​ចុះ​តាម​ផ្លូវជាតិ ក៏ត្រូវ​បង់លុយ​សឹងតែ​វ័ណ្ឌ​ក​ទៅហើយ​។ ដូច​ដែល​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​មួយចំនួន​បានលើកឡើង​ថា គ្រាន់តែ​បង់លុយ​ឲ្យ​ប៉ុស្តិ៍​ជជុះ​តាមផ្លូវ​រាប់សិប​កន្លែង ពេល​នាំ​ទំនិញ​មក​ដាក់លក់​តាម​ហាង​តាម​ផ្ទះ មាន​នគរបាល​សេដ្ឋកិច្ច​មួយក្រុម​ទៀត ចុះមក​ប្រមូល​លុយ​ប្រចាំខែ ចាប់ពី​៥​ដុល្លារ ដល់​២០០​ដុល្លារ ទៅតាម​ហាង​ធំ​ឬ​តូច បើ​មិន​ព្រម​បង់លុយ​ទេ គេ​សុំ​ត្រួតពិនិត្យ​បង្ក​ការរំខាន​សព្វបែបយ៉ាង​ថែមទៀត​។​

ក្រុម​អ្នករកស៊ី​ដឹកទំនិញ​មួយចំនួនទៀត​បានលើកឡើង​ថា សម្រាប់​ពួកគាត់​ជាអ្នករកស៊ី​តូចតាច​ជួប​ផល​លំបាក​ច្រើនណាស់ ដោយសារតែ​នគរបាល​សេដ្ឋកិច្ច​ទាំង​ខេត្ត ទាំង​ក្រសួង នាំគ្នា​ដាក់​ប៉ុស្តិ៍​ជជុះ​យ៉ាង​ប្រសេចប្រសាច​តាមផ្លូវ មិន​គោរព​ឬ​អនុវត្តន៍​គោលការណ៍​បទបញ្ជា​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​នោះទេ ហើយ​អ្នករកស៊ី​ដឹកទំនិញ​ខ្លះ បាន​សំណូមពរ​ឲ្យ​លោក នេ​ត សាវឿន ក៏ដូចជា​ក្រសួងមហាផ្ទៃ​ពិចារណា​អំពី​ការចាត់តាំង​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ឲ្យ​ចុះ​ប៉ុស្តិ៍ ដោយ​បញ្ជាក់ថា នៅតាម​បណ្តា​ខេត្ត​មាន​នគរបាល​សេដ្ឋកិច្ច​ប្រចាំខេត្ត​ទៅហើយ មិនគួរ​ចាត់តាំង​ឲ្យ​មាន​នគរបាល​សេដ្ឋកិច្ច​ពី​ក្រសួងមហាផ្ទៃ​ចុះទៅ​ប្រចាំការ​តាម​ខេត្ត​ទៀត​ទេ​។ ជាពិសេស​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហា​ោ​ផ្ទៃ​ដែល​ចុះ​កាន់​ផ្លូវជាតិ​ធំៗ​កំពុង​ត្រូវប៉ាន់​ក្នុងការ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ទំនិញ​តាមបែប​ពុករលួយ ហើយ​រឿង​សំខាន់​មួយទៀត​នោះ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គួរតែ​បង្រួម​ចូលគ្នា​ពេល​បញ្ជូន​ឲ្យ​ចុះ​តាម​ខេត្ត មិនគួរ​បែងចែក​ជា​ពីរ​ក្រុម ដូចជា​ខេត្ត​ខ្លះ មាន​ផ្នែក​ទំនិញ និង​ផ្នែក​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ដាច់ពីគ្នា ប៉ុន្តែ​ពួកគេ​ធ្វើ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ជជុះ​ដូច​តែ​គ្នា​។ ក្រុម​អ្នករកស៊ី​មួយចំនួនទៀត​ក៏បាន​ទទូច​ឡើង​ថា ប្រសិនបើ​ក្រុមនគរបាល​សេដ្ឋ​ទាំងនោះ​ចុះ​ប៉ុស្តិ៍​សំដៅ​បង្ក្រាប​បទល្មើស​ទៅតាម​គោលការណ៍​ច្បាប់​គឺជា​រឿង​ល្អ ព្រោះ​មាន​ជំនាញ​គយ​ប្រចាំ​ច្រកព្រំដែន និង​នៅតាម​បណ្តា​ខេត្ត​ចាំ​ប្រមូល​ពន្ធ​បង់​ចូល​រដ្ឋ​រួចហើយ ដូច្នេះ​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​គួរតែ​គ្មាន​ភារកិច្ច​ចុះទៅ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​តាម​អំពើ​ចិត្ត​ទៀត​ទេ​។​

យ៉ាងណាក៏ដោយ​តាម​គោលការណ៍​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ បាន​តម្រូវ​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចុះ​ប៉ុស្តិ៍​ដើម្បី​​ស៊ើបអង្កេត​ប្រមូល​ទិន្នន័យ​ស្ថិតិ​បទ​ល្មើ​សេដ្ឋកិច្ច​ដើម្បី​រាយការណ៍​ជូន​ថ្នាក់លើ ឬ​សុំ​កម្លាំង​សហការ ដើម្បី​បង្ក្រាប​បទល្មើស​ទាំងនោះ ប្រមូល​លុយ​បង់​ចូល​ជា​ថវិកាជាតិ​។ ប៉ុន្តែ​នៅពេល​នគរបាល​សេដ្ឋកិច្ច​ចុះ​ប៉ុស្តិ៍ ត្រូវសុំ​លិខិត​បេសកកម្ម​ឆ្លងកាត់​លោក ប៉ុល សៀង តម្រូវ​ឲ្យ​មានការ​បង់លុយ​ជា​ថ្នូរ​នៃ​ការទិញ​ប៉ុស្តិ៍ ដូច្នេះ​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដែល​ចុះ​ទៅតាម​ខេត្ត តាមផ្លូវ​ជាតិ និង​តាម​ផែស្ងួត​ពួកគេ ត្រូវ​បង្ខំចិត្ត​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​រថយន្ត​សម្រាប់​ប្រដេញ​ឡាន​ដឹកឈើ ឬ​ឡាន​ដឹកទំនិញ​ឲ្យ​ចូល​បង់​លុយ​ ក៏ដូចជា​ការតម្រូវ​ឲ្យ​ក្រុម​ឈ្មួញ​បង់​ខែ ដើម្បី​ប្រមូល​ចំណូល​យកមក​បង់ថ្លៃ​ទិញ​ប៉ុស្តិ៍​ឲ្យ​បាន​គ្រប់​ចំនួន​និង​បាន​ទាន់​ពេល​វេលា មានន័យថា​រឿង​សំខាន់​ដែល​បង្កើត​ឲ្យ​មាន​ភាពអនាធិបតេយ្យ ផ្តើមចេញពី​ការិយាល័យ​របស់លោក ប៉ុល សៀង តែម្តង​។​

ដោយឡែក លោក ប៉ុល សៀង ក៏មាន​សិទ្ធិអំណាច​ក្តោប​ក្តាប់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​៣​តាមរបៀប​ផ្តាច់មុខ គឺ​ផ្លូវជាតិ​លេខ​១ លេខ​២ និង​លេខ​៣ រួមទាំង​នៅតាម​ផែស្ងួត​ផងដែរ ដូច្នេះ​លោក ប៉ុល សៀង មានឱកាស​ច្រើនណាស់ ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​តាមផ្លូវ​ជាតិ​ទាំង​៣​នេះ និង​តាម​ផែស្ងួត ទី​ដែលមាន​ការដឹកជញ្ជូន​ទំនិញ​មកពី​ស្រុក​យួន​យ៉ាង​គគ្រឹក​គគ្រេង​​។ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ជាច្រើន រួមទាំង​លោក ប៉ុល សៀង ផងដែរ មានបាន​ខ្លាំង​សម្បើម​ណាស់ ហាក់ដូចជា​មិនមាន​តុល្យភាព​ទៅនឹង​ប្រាក់ខែ​ក្នុង​ក្របខ័ណ្ឌ​ជា​នគរបាល​នោះទេ ហើយ​គេ​ចង់ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់​វិធាន​ការ​​ពិនិត្យមើល​ភាព​អសកម្ម​របស់​សមត្ថកិច្ច​ដែល​មិនបាន​បំពេញ​តួនាទី​ប្រមូល​ពន្ធ​ជូន​រដ្ឋ បែរជា​ចុះទៅ​ប្រមូល​លុយ​យ៉ាង​ប្រសេច​ប្រសាច​តាមផ្លូវ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​រាប់​ទសវត្ស​ន៍​មកហើយ​គ្មាន​ការកែទម្រង់​នោះទេ មន្ត្រី​នគរ​បាល​សេដ្ឋកិច្ច​មួយចំនួន​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព​មិនដែល​ខ្វល់​ពី​ចំណាត់ការ​របស់​ថ្នាក់លើ​ឡើយ​៕​

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com