ខេត្តរតនគីរី ៖ តាមប្រភពពីប្រជាពលរដ្ឋអ្នកភូមិលំផាត់បានឲ្យដឹងថា សិប្បកម្មឆ្នៃព្រៃឈើមួយកន្លែងបានធ្វើសកម្មភាពជាយូរឆ្នាំមកហើយ យ៉ាងរលួនដោយគ្មានមន្ត្រីសមត្ថកិច្ច ឬផ្នែកជំនាញណាមួយអើពើឡើយ។ នេះប្រហែលជាមានការយោគ យល់ ឬទើសទាល់ជាមួយម្ចាស់សិប្បកម្មនោះហើយណាមួយមានលោក អ៊ូ សុធី ប្រធានការពារតំបន់ដែនជម្រកសត្វព្រៃជាបង្អែកនៅក្បែរនោះផង។ សិប្បកម្មមួយកន្លែងនេះស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ជាប់ប្រកៀកជាមួយនឹងស្នាក់ការដែនជំរកសត្វព្រៃលំផាត់ ភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគីរី ដែលគេមើលទៅសង្ស័យថាជាក្រុមសម្ងំលួចកាប់បំផ្លាញឈើក្នុងតំបន់ហាមឃាត់នៅក្បែរនោះហើយមើលទៅ។
ចំណែកប្រភពពីមន្ត្រីម្នាក់ដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារសារព័ត៌មានយើងថា ចំពោះសិប្បកម្មមួយកន្លែងនេះ ស្ថិតនៅជាប់របងទីស្នាក់ការការពារតំបន់ ជម្រសត្វព្រៃលំផាត់ ហើយបានធ្វើសកម្មភាពកាប់ និងដឹកជញ្ជួនយកឈើពីភូមិស្រែឈូក ស្រុកលំផាត់មកធ្វើការកែឆ្នៃ ក្រៅពីនោះពួកគេចូលលួចកាប់ឈើពីតំបន់ហាមឃាត់ ដែនជម្រកសត្វព្រៃយកមកធ្វើការកែឆ្នៃយ៉ាងអនាធិបតេយ្យដែលគេមិនដែលឃើញ លោក អ៊ូ សុធី ប្រធានការពារតំបន់ដែនជម្រកសត្វព្រៃរួបនោះទប់ស្កាត់ឡើយ។ គេសង្កេតឃើញសិប្បកម្មឆ្នៃឈើនោះមានសកម្មភាពខ្លាំងឡើងៗដោយការប្រើគ្រឿងម៉ាស៊ីនទំនើបៗដើម្បីច្រៀកឈើប្រណីតមានមុខកាត់ធំៗដែលមានតម្លៃថ្លៃបំផុតលើទីផ្សារ។
ប្រភពខាងលើបានបន្តទៀតថា លោក អ៊ូ សុធី ប្រធានការពារតំបន់ដែនជម្រកសត្វព្រៃរួបនោះ បានសហកាជាមួយនឹងក្រុមហ៊ុនដូនពេញ អាទ្រីកូ បានដំណើរការយ៉ាងស្ងៀមស្ងាត់ និងរលូនមិនដែលរអាក់រអួលឡើយរហូតមកទទួលបានរីកចំរើនកាក់កបបំផុតដល់សព្វថ្ងៃនេះ ។ ហើយបើទោះជាកាលពីឆ្នាំមុនកន្លងទៅគេបានឃើញមន្ត្រីតុលាការ និងមន្ត្រីនគរបាល ខេត្តរតនគីរី បានចុះទៅត្រួតពិនិត្យដែរ ប៉ុន្តែគ្មានចំណាត់ការអ្វីសោះ បន្ទាប់ពីមានប្រជាពលរដ្ឋដែលជាអ្នកស្រឡាញ់បរិស្ថានដែលជីវិតពួកគាត់ពឹងអាស្រ័យផលលើព្រៃឈើបាននាំគ្នាធ្វើបាតុកម្មប្រឆាំជាមួយសកម្មភាពរបស់រោងសិប្បកម្មកែឆ្នៃឈើ កាលពីពីរឆ្នាំកន្លងទៅដោយមើលឃើញថាសិប្បកម្មឆ្នៃឈើនោះបានបំផ្លាញព្រៃឈើនៅទីនោះបាត់បង់យ៉ាងហិនហោចលឿនខ្លាំងពេក។
ទាក់ទឹននឹងការលើកឡើងខាងលើដោយមានចោទប្រកាន់លោក អ៊ូ សុធី ប្រធានការពារតំបន់ដែនជម្រកសត្វព្រៃនេះ ភ្នាក់ងារយកព័ត៌មានយើងពុំមានលេខទូរស័ព្ទដើម្បីសុំការបំភ្លឺពីលោក អ៊ូ សុធី នោះទេ។ ចំណែក លោក ផូ សុភ័ក្ត្រ ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរី មិនអាចទំនាក់ទំនងបានទេដោយមិនមានលេខទូរស័ព្ទ។
ចំណែកឯ លោក វង្ស សុក្រសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរីវិញ លោកថាមិនហ៊ាននិយាយរឿងណុងទេ ខ្លាចខុស ព្រោះវាជាដែនគ្រប់គ្រងខាងមន្ត្រីបរិស្ថាន។ចំណែកឯមន្ត្រីរដ្ឋបាលព្រៃឈើដែលគ្រប់គ្រងស្រុកលំផាត់ផ្ទាល់គឺ លោកហុង សុវណ្ណរាម នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់វិញពុំអាចទូរស័ព្ទចុលទេ។ហើយមន្ត្រីជាអនុប្រធាន លោកហុង សុវណ្ណរាម ឈ្មោះ ម៉ៅ ថាគាត់មិនដឹងអីទេកុំសួរគាត់ តែគាត់បានរបូតមាត់ថា សិប្បកម្មនេះជិតដួរទីតាំងហើយ។ ហើយជាមួយគ្នានេះខាងភាគីក្រុមហ៊ុនដូនពេញ អាទ្រីកូក៏ពុំមានលេខទូរស័ព្ទទំនាក់ទំនងសុំបំភ្លឺបានដែរ។បញ្ហាខាងលើនេះគេដាក់ការសង្ស័យថា ការកាប់ឈើខុសទីតាំងអនុញ្ញាតរបស់ក្រុមហ៊ុនដូនពេញ អាទ្រីកូ គឺមានការបើកដៃផ្ទាល់ពី លោក អ៊ូ សុធី ទើបមានការកាប់ឈើក្នុងដែនជម្រកសត្វគ្មានការទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់។
សកម្មភាពរបស់ លោក អ៊ូ សុធី ដែលបានប្រព្រឹត្តផ្ទុយពីបទបញ្ជា និងបេសកកម្មដែលក្រសួងចាត់តាំងឲ្យមកការពារជម្រកសត្វបែរជាសហការណ៍ជាមួយពួកឈ្មួញប្រព្រឹត្តបំផ្លិបំផ្លាញព្រៃឈើទៅវិញ។ ទង្វើនេះវាធ្វើឲ្យអាប់ឱនដល់មន្ត្រីស្អាតស្អំ និងជាពិសេសមុខមាត់ក្រសួងបរិស្ថានទាំងមូល ដែលរងការិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានា។ បញ្ហានេះទាមទាររដ្ឋមន្ត្រី រដ្ឋមម្ត្រីក្រសួងបរិស្ថានគួរមានវិធានការជាបន្ទាន់ ព្រោះនេះជាករណីពុករលួយផង និងជាអំពើរួមដៃបំផ្លាញព្រៃឈើផង៕