0

ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួប​វ​ស្សា

ភ្នំពេញ​៖ ប្រជាពលរដ្ឋ បាន​និយាយ​ ថា អ្វី​ដែល​ធ្វើឲ្យ​ពួកគាត់ កាន់តែ​នឹក​ហួសចិត្ត​យ៉ាង​ខ្លាំង​នោះ​គឺ ក្រៅ​ពី​អាជ្ញាធរ​បាន​បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ បូម​ខ្សាច់​ចាក់​លុប​បឹង​ធម្មជាតិ យក​ទៅ​ធ្វើជា​កម្មសិទ្ធិ ធ្វើឲ្យ​អស់​អាង​ស្តុក​ទឹកត​ទៅ​ទៀត និង​ធ្វើឲ្យ​លិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សា​រួចហើយ  អាជ្ញាធរ សង្កាត់ / ខណ្ឌ / រាជធានី ហាក់​មិន​យកចិត្តទុកដាក់ ក្នុងការ​ធ្វើ​ប្រព័ន្ធ​លូ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​បង្ហូរទឹក​ចេញ ពី​តំបន់​នោះទេ ។​

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ រស់នៅ​តំបន់​បឹង​ស្នោ  ស្ថិតនៅ​ភូមិ​តាងៅ ភូមិ​បឹង​ឈូក និង​ភូមិ​កោះនរា សង្កាត់​និរោធ ក្នុង​ខណ្ឌ​មានជ័យ បាន​និង​កំពុង​នាំ​គ្នា និយាយ​រិះគន់​ធ្ងន់ៗ ចំពោះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន តាំងពី​ថ្នាក់លើ​កំពូលៗ ដល់​ថ្នាក់ក្រោម ដែល​បាន​បណ្ដោយ​ឲ្យ​ឈ្មួញឯ​កជ​ន បូម​ខ្សាច់​ពី​ទន្លេ យក​ទៅ​ចាក់​បំពេញ បឹងបួរ​នៅ​ម្ដុំ​នោះ ធ្វើជា​កម្មសិទ្ធិ​បុគ្គល និង​បក្ខពួក​មួយ​ក្ដាប់​តូច​ស្ទើរ​អស់​ ធ្វើឲ្យ​ធ្វើឲ្យ​ពួក​គាត់​ទទួល​រង នូវ​ការលិចលង់ ខួបប្រាំងខួបវស្សា ដោយសារតែ​ការ​ជ្រាប​ទឹក ពី​ការ​បូម​ខ្សាច់​នោះ​ផង និង​ដោយសារ​តែ​លែង​មាន​បឹងបួរ សម្រាប់​រំដោះ​ទឹក​តទៅទៀត​ផង ព្រមទាំង​ដោយសារតែ គ្មាន​ប្រព័ន្ធ​លូ​ទឹក​ត្រឹមត្រូវ សម្រាប់​បង្ហូរ​ទឹក​ចេញ ពី​តំបន់​នោះ​ផង​ដែរ ។​ ​

ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​និរោធ ខណ្ឌមានជ័យ ដែល​រស់នៅ និង​មាន​ដី​ជិត​ទីតាំង​បុរី ប៉េង ហួត បាន​បញ្ជាក់​ប្រាប់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ   ម្ចាស់​បុរី ប៉េង ហួត បាន​និង​កំពុង​បន្ត​បូម​ខ្សាច់ លាយ​ដោយ​ទឹក ចាក់​បំពេញ​បឹង​ស្នោ ក្នុង​ទំហំ​រាប់សិប​ហិកតា ធ្វើឲ្យ​បាត់បង់​រូបភាព ផ្ទៃ​បឹង​ធម្មជាតិ​អស់​ទៅហើយ ដោយ​ជំនួស​មកវិញ​នូវ ដីខ្សាច់​ដែលមាន​គំនរ យ៉ាងខ្ពស់​គរ​ដូច​ភ្នំ ត្រូវ​គេ​យក​ទៅ​ធ្វើ ជា​កន្លែង​សាងសង់ សំណង់​បុរី​ជា​វីឡា និង​ផ្ទះល្វែង លក់ដូរ​ក្នុង​តម្លៃ​រាប់ម៉ឺន និង​រាប់សែន​ដុល្លារ ដែល​ម្ចាស់​បុរី​នោះ ទទួលបាន​លុយ រាប់​លាន​ដុល្លារ យ៉ាង​សប្បាយ​ចិត្ត​បំផុត ។ ប៉ុន្តែ​ផ្ទុយទៅវិញ ផ្ទៃ​បឹង​ធម្មជាតិ ជា​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ ដែល​ជា​អាង​ស្តុក​ទឹក ឬ​ជា​ប្រព័ន្ធ​ជួយ​បង្ហូរទឹក ដ៍​មាន​សារប្រយោជន៍​បំផុត បែរជា​ត្រូវ​វិនាស​បាត់បង់ ដោយ​មិន​ដឹង​ជា​ទទួលបាន នូវ​គុណ​តម្លៃ​អ្វី​ជា​ថ្នូរ​មក​វិញ ចំពោះ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​នោះទេ ។​
បច្ចុប្បន្ន​ប្រជាពលរដ្ឋ នៅ​តំបន់​តាងៅ​បឹង​ស្នោ កំពុង​រស់​នៅ​ដូច​ក្នុង​អណ្ដូង​អ៊ីចឹង ពីព្រោះថា ខាងកើត​មាន​សំណង់​បុរី ប៉េង ហួត ដែល​គេ​ចាក់​ខ្សាច់ មាន​កំពស់​ខ្ពស់ៗ​ដូច​ភ្នំ​… ឯ​ទិស​ខាងត្បូង (​ដែល​ធ្លាប់​ជា​ផ្លូវទឹក អាច​ជួយ​បង្ហូរទឹក​ចុះ ទៅ​ក្រោម​បាន​ខ្លះៗ​) ឥឡូវ​ក៍​មាន​ក្រុមហ៊ុន ឯកជន​មួយ​ចំនួន​ទៀត បាន​ទៅ​ចាក់​ខ្សាច់ លុប​បឹង​នោះ​ស្ទើរ​ជិតឈឹង​ដែរ ដើម្បី​យក​ដី​ទៅធ្វើជា សំណង់​ផ្ទះល្វែង​លក់​ដូច​គ្នា  ប្រៀប​ដូចជា​ការបិទ ផ្លូវទឹក​ទាំងស្រុង មិន​ឲ្យ​ទឹកអាច​ហូរ ពី​ខាងលើ​ចុះក្រោម តទៅ​ទៀត​តែ​ម្ដង .។​
​ករណី​ពាក់ព័ន្ធ​នឹង​ការ ចាក់​ខ្សាច់​លុប​បឹង​ធម្មជាតិ យក​ទៅ​ធ្វើ​ជា​សំណង់​បុរី ប៉េង ហួត ដើម្បី​បម្រើ​ផលប្រយោជន៍​ឯកជន និង​បក្ខពួក​មួយ​ក្ដាប់​តូច​នោះ​វិញ  ត្រូវ​សាធារណ​ជន​នាំ​គ្នា​រិះគន់ ជាច្រើន​ឆ្នាំ​មក​ហើយ​ថា វា​ជា​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ផល​ប្រយោជន៍​សាធារណៈ​… ព្រោះថា ការ​អភិ​វឌ្ឈន៍​របៀប «​មុខ​ស ក​ខ្មៅ​» នេះ វា​ធ្វើឲ្យ​បាត់បង់​អាង​ស្តុក​ទឹកផង និង​ធ្វើឲ្យ​បាត់​បង់​​ផ្លូវទឹក ដើម្បី​បញ្ចៀស​ទឹក​ពី​ការលិចលង់ ដោយ​ជំនន់​ផ្សេងៗ​នោះ​ផង ។ ត្រង់នេះ​ត្រូវ​ប្រជាពលរដ្ឋ និយាយ​ពេញៗ​មាត់​ថា ការ​បូម​ខ្សាច់​ចាក់​លុប បឹង​ជា​ច្រើន​ហិកតា ដែល​មើលទៅ​មាន​កំពស់​គរ​ដូច​ភ្នំ របស់​ក្រុមហ៊ុន​បុរី ប៉េង ហួត ក្រៅពី​វា​ធ្វើឲ្យ​ជ្រាប​​ទឹក  បណ្ដាល​ឲ្យ​លិចលង់​ផ្ទះ និង​ដីធ្លី​ប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សា  វាក៍​អាចធ្វើឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្បែរៗ​នោះ ត្រូវ​ប្រឈមមុខ​នឹង គ្រោះថ្នាក់​ផ្សេងៗ ដោយសារតែ​ការបា​ក់របង​បុរី ជ្រេ​ល​ខ្សាច់​ដូច​ភ្នំ រលំ​មក​សង្កត់​ពីលើផ្ទះ និង​ដីធ្លី​របស់​ពួកគាត់ ជា​យថាហេតុ​នោះ​ដែរ ។​

ថ្មីៗ​នេះ​ឮ​ព័ត៌មាន​ថា ឆ្លៀត​ពេល​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ រស់នៅ​តំបន់​បឹង​ស្នោ  ភូមិ​តាងៅ ភូមិ​បឹង​ឈូក និង​ភូមិ​កោះនរា សង្កាត់​និរោធ ក្នុង​ខណ្ឌ​មានជ័យ ដែល​រហូត​មកដល់ ខែប្រាំង​នេះហើយ នៅតែ​លិចលង់​ផ្ទះសម្បែង និង​ដីធ្លី​ភាគ​ច្រើន​ទៀត​នោះ  ក្រុមហ៊ុន​បុរី ប៉េង ហួត បាន​ឲ្យ​តំណាង​របស់​ខ្លួន សហការ​ជាមួយ​អាជ្ញាធរ សង្កាត់​និរោធ ក្នុង​ការចុះ​ទៅ​ទិញ​ដី ប្រជា​ពល​រដ្ឋ​ដែល នៅ​ជាប់​របង​បុរី ដោយ​ឲ្យ​តម្លៃថោកៗ​… ព្រោះ​ពួកគេ​តែង​យក​លេស​ថា ដី​ទាំងនោះ​ជា​ដី​លិច​ទឹក មិនសូវ​មាន​តម្លៃ​ខ្ពស់ ដូច​ដី​នៅ​ខាងលើៗ ជាប់​ផ្លូវ​បេតុង​ឡើយ​…Sic !

ប្រជាពលរដ្ឋ បាន​សំណូមពរ​ថា សូមឲ្យ​លោក គួច ចំរើន អភិបាលខណ្ឌ​មានជ័យ ក៍​ដូចជា​លោក ប៉ា សុជាតិ​វង្ស អភិបាល រាជធានី​ភ្នំពេញ ត្រូវតែ​ជួយ​បញ្ឈប់ កុំឲ្យ​ក្រុមហ៊ុនបុរី ប៉េង ហួត បន្ត​បូម​ខ្សាច់​ចាក់ដី បុរី​របស់​ខ្លួន​តទៅ​ទៀត​… ព្រោះ​វា​ធ្វើឲ្យ​លិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​បាក់​រលំ របង​បុរី​នោះ​ជា​បន្តបន្ទាប់ ។ លើសពីនេះ ពួកគាត់​ក៍​សុំ​ឲ្យ​ពួក​ឈ្មួញ​ទាំងអស់ ដែល​បូម​ខ្សាច់​លុប​បឹង​ធម្មជាតិ យក​ដី​ទៅ​សាងសង់​សំណង់​ផ្សេងៗ នៅ​តំបន់​តាងៅ​បឹង​ស្នោ​នោះ ត្រូវតែ​ធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក ឲ្យ​ប្រជាពលរដ្ឋ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការលិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរៗ សំណង់​របស់ខ្លួន​ផងដែរ ។ មួយវិញទៀត ពួកគាត់​ក៍​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក ឲ្យបាន​ល្អ​ត្រឹមត្រូវ អាច​ប្រើ​ការ​បាន ដើម្បី​រំដោះ​ទឹក​ចេញ​ពី​តំបន់​នោះ ឲ្យ​ហូរ​ចាក់​ទៅ​ប្រឡាយ​បារាំង​ចុះ​ទៅ​ទន្លេ ដោយ​គ្មាន​ការរាំងស្ទះ​តទៅទៀត ។

03-Phorn-0154_854_4

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com