0

អំពើពុករលួយក្នុងការធ្វើលិខិត ឆ្លងដែនតម្លៃចាប់ពី ១៣០ដល់ ១ពាន់ដុល្លារ រាប់ទសវត្សរ៍មក ហើយ លោក វុធ ផល្លី មិនខ្វល់ពីការកែទម្រង់

រាជធានីភ្នំពេញ ៖ កន្លងមកថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញសាច់ដុំ ក្នុងការកសាងសំណុំរឿង បញ្ជូនមន្ត្រីពុករលួយក្នុងតំណែង ទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ប៉ុន្តែករណីដែលលោក វុធ ផល្លី ប្រធាន​នាយក​ដ្ឋានស្ថិតិ និងលិខិតឆ្លងដែន ដែលបានបិទភ្នែក ឲ្យ​មន្ត្រី​ថ្នាក់​ក្រោមយកលុយ ថ្លៃធ្វើលិខិតឆ្លងដែន លើស​ពី​តម្លៃ​ដែល​បាន​កំណត់ មិនគួរមើលរំលងនោះទេ ព្រោះ​បញ្ហា​នេះ​បាន​កើត​ឡើង​រាប់​ទសវត្សរ៍​មក​ហើយ ក្រោមអំណាចរបស់លោក វុធ ផល្លី មិនដែលមានការកែទម្រង់ ទាល់តែសោះ។

ប្រភព​ពី​មន្ត្រី​ប៉ូលីស​នៃ​នាយក​ដ្ឋាន​ស្ថិតិ​និង​លិខិត​ឆ្លង​ដែន​មួយ​រូប​ដែល​សុំ​មិន​ឲ្យ​បញេ្ចញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ​លោក​ វុធ​ ផល្លី​ កំពុង​​តែ​ផ្គើន​ទៅ​នឹង​ ការ​កែ​ ទម្រង់​ របស់​រាជ​រដ្ឋាភិបាល​ ដូច​ជា​ករណី​ក្រុម​ហ៊ុន​ នាំ​ពលករ​ចេញ​ទៅ​បរទេស​ ត្រូវ​បង់​លុយ​តម្លៃ ​៦០​ដុល្លារ​ សម្រាប់​ការ​ធ្វើ​ លិខិត​ឆ្លង​ដែន​មួយ​ក្បាល​ ជូន​ពលករ​ម្នាក់​ បើ​ទោះ​បី​ជា​សម្តេច​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ ជា​សាធារណៈ​ថា ​តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​ត្រឹម​តែ ​២០​ដុល្លារ​ក៏​ដោយ​។​ ការ​បង់​លុយ ​៦០​ដុល្លារ​នេះ​ជា​តម្លៃ​គោល​ ហើយ​​ត្រូវ​​ចំណាយ​​បន្ថែម​លើ​ តម្លៃ​សៀវភៅ​លិខិត​ឆ្លង​ ដែន​ ២៥​ដុល្លារ​ បង់​សេវា​សម្រាប់​អ្នក​ថត​រូប​ អ្នក​បំពេញ​ឯកសារ​ អ្នក​​ចុះ​​ហត្ថលេខា​​ និង​អ្នក​បោះ​ត្រា​បន្ថែម​ទៀត​នោះ ​នាំ​ឲ្យ​លិខិត​ឆ្លង​ដែន​មួយ​ក្បាល​ មាន​តម្លៃ​រហូត​ដល់​ ១៣០​ដុល្លារ​។​

ដោយសារតែការចំណាយច្រើនបែបនេះ ទើបក្រុមហ៊ុននាំពលករទៅក្រៅប្រទេស ត្រូវទាមទារឲ្យពលករបង់លុយ ១៥០​ដុល្លារ​ ដើម្បី ទទួល បាន លិខិត ឆ្លងដែន ស្របច្បាប់មួយក្បាល។ មានការបញ្ជាក់ថា តម្លៃលិខិតឆ្លងដែន សម្រាប់​ពលករ​ចំណាកស្រុក មានតម្លៃប្រហាក់ប្រហែល នឹង តម្លៃ ដែល ធ្វើ ឲ្យ ប្រជាពលរដ្ឋទូទៅ។ គឺគ្រាន់តែថា ពលករអាចទទួលបាន លិខិតឆ្លងដែនលឿនជាង តែប៉ុណ្ណោះ ហើយជាធម្មតា តម្លៃនៃការធ្វើលិខិតឆ្លងដែន ខុស គ្នា ទៅតាមចំនួនថ្ងៃ ដែលត្រូវធ្វើ។ ដូចជារយៈ ពេល ១ថ្ងៃ គឺធ្វើភ្លាមបានភ្លាមតម្លៃ ១០០០ដុល្លារ រយៈពេល ២ថ្ងៃ ៨០០ដុល្លារ រយៈពេល ៣ថ្ងៃ ៥០០ដុល្លារ ហើយរយៈពេលមួយអាទិត្យគឺអាចពី ៣០០ដុល្លារ ហើយរយៈពេល ២អាទិត្យមានតម្លៃ ១៥០ទៅ ២០០ដុល្លារ។

មានការកត់សម្គាល់ថា ក្រុមមន្ត្រីបម្រើការងារ ក្នុងការិយាល័យលិខិតឆ្លងដែន មានការផ្លាស់ប្តូរជីវភាពយ៉ាងឆាប់រហ័ស មានឡានទំនើបៗ លុយ ចាយ មិនខ្វះក៏ព្រោះតែពួកគេលួច ប្រព្រឹត្តអំពើពុករលួយជាចំហរ ហើយនៅពេលដែលសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកកកាយពីបញ្ហាមួយចំនួន ពាក់ព័ន្ធការធ្វើលិខិតឆ្លងដែន សម្រាប់និស្សិត ជាពិសេស​ពលករ​ ដែលចេញទៅលក់កម្លាំងពលកម្ម នៅក្រៅប្រទេសក្នុងតម្លៃ ២០ ដុល្លារ ធ្វើឲ្យ គ្រប់ៗ គ្នា មាន ការភ្ញាក់ផ្អើល ហើយ​វាជាតម្រុយដ៏សំខាន់មួយសម្រាប់ អង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត ឱ្យបានស៊ីជម្រៅពីភាពអសកម្ម ដែលកើតមានក្នុងអង្គភាព លិខិតឆ្លងដែនដើម្បីនាំមន្ត្រីខិលខូច ទៅផ្តន្ទាទោសតាមច្បាប់។

ប្រជាពលរដ្ឋបានដឹងឮ គ្រប់ៗគ្នាថា តម្លៃធ្វើលិខិតឆ្លងដែន ធម្មតារយៈពេលជាង ៣០ថ្ងៃ គឺត្រូវចំណាយប្រាក់មិនតិចជាង ១២០ដុល្លារអាមេរិកនោះទេ ហើយក្នុងករណីប្រញាប់ រយៈពេលមួយសប្តាហ៍ ឬកន្លះខែត្រូវបង់ប្រាក់ច្រើនជាងនេះ ទ្វេរ​ដង​ឯ​ណោះ គឺចាប់ពី ២៥០ដុល្លារឡើងទៅ។ ជាធម្មតា បើគ្មាន ប្រាក់បង់ឱ្យក្រុមមន្ត្រី តាមការតម្រូវទេនោះ មិន​អាច​ទទួល​បាន​លិខិត​ឆ្លងដែន ទៅបន្តការសិក្សា ឬទៅរកការងារធ្វើ នៅប្រទេសជិតខាង ដោយ ស្រប ច្បាប់ បានទេ ហើយការបង់ប្រាក់ ១២០ ដុល្លារអាមេរិកសម្រាប់ធ្វើលិខិតឆ្លងដែននោះ មានភាពលំបាកខ្លាំងណាស់ ដោយគ្រួសារពលករខ្លះ បាន ខ្ចី បុល ប្រាក់ ពីម្ចាស់បំណុល យកទៅធ្វើលិខិតឆ្លងដែន ពេលបានប្រាក់ខែ ទើបបង្វិលសងម្ចាស់បំណុលវិញ។

ក្នុងវេទិការសាធារណៈមួយ សម្តេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា តម្លៃធ្វើលិខិតឆ្លងដែន សម្រាប់ពលករត្រឹមតែ ២០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ហើយ រដ្ឋាភិបាល ចេញខាតក្នុងការជួយ សម្រួលឱ្យពលករទទួលបាន លិខិតឆ្លងដែន ដើម្បី​ចេញ​ទៅ​ធ្វើ​ការងារ​ នៅក្រៅប្រទេស ដោយស្របច្បាប់ ហើយ គេ មិនច្បាស់ទេថា ការយកតម្លៃធ្វើលិខិតឆ្លងដែន ហួស​ពី​ការ​កំណត់​បែប​នេះ ​ជាការលួចប្រព្រឹត្តអំពើពុករលួយ របស់ក្រុមមន្ត្រីផ្នែកលិខិតឆ្លងដែន ក្រោម ការ គ្រប់​គ្រង​របស់​លោក​ វុធ ផល្លី ឬ​យ៉ាង​ណា​នោះទេ។ ប្រជាពលរដ្ឋក្រីក្រមួយចំនួន បានលើកឡើងថា តម្លៃនៃលិខិតឆ្លងដែន គឺ​ជា​ឧបសគ្គ​ធំ​បំផុត​ ដែល ពួក​គាត់​ជួប​ផល​​លំបាក ក្នុងការបំពេញភាពស្របច្បាប់ ពេលចេញទៅបម្រើការងារ នៅក្រៅប្រទេស។

ក្រុមហ៊ុនមួយចំនួនបានលើកឡើងថា ពួកគេបានបង់ប្រាក់ សម្រាប់ការធ្វើលិខិតឆ្លងដែន ឱ្យពលករម្នាក់តម្លៃ ៦០ដុល្លារ ហើយបើបូករួមជាមួយ ការ​ចំណាយ​ក្រោមតុក្រៅផ្លូវការ មានតម្លៃរហូតដល់ទៅ ១២០ដុល្លារឯណោះ គឺ​មិន​អាច​សុំ​ចុះ​ថ្លៃ​បាន​ទេ​ ទោះជាមានការធ្វើ លិខិតឆ្លងដែនឱ្យពលករ រាប់ម៉ឺន រាប់សែននាក់ក៏ដោយ មានន័យថាក្រុមមន្ត្រី បាន​កេង​ប្រវ័ញ្ច​ញើស​ឈាម​ ពលករខ្មែរយ៉ាងច្បាស់ក្រឡែត។ ការលើកឡើងរបស់សម្តេច ហ៊ុន សែន អំពី​តម្លៃធ្វើលិខិតឆ្លងដែនត្រឹម ២០ដុល្លារ​អាមេរិក​បែបនេះ អាចចាត់ទុកជាភស្តុតាង និងជាតម្រុយដ៏សំខាន់ ដែលលោក ឱម យ៉ិនទៀង ត្រូវ​ចាប់​ផ្តើម​ស៊ើប​អង្កេត ពីអំពើពុករលួយជា លក្ខណៈប្រព័ន្ធ និងកើតមានរាប់ទសវត្សរ៍ ក្នុងការិយាល័យលិខិតឆ្លងដែន ដែលគ្រប់គ្រងដោយលោក វុធ ផល្លី ដើម្បី​នាំ​មន្ត្រី​ខិល​ខូច ទៅផ្តន្ទាទោស ឲ្យស្របតាម ការកែទម្រង់របស់រាជរដ្ឋាភិបាល៕

វុធ ផល្លី

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com