អង្គការឃ្លាំមើល វិនាសកម្មព្រៃឈើ ក្នុងស្រុកមួយ បានរកឃើញថា លោកឧកញ៉ា ទ្រី ភាព មានដីសម្បទាន សេដ្ឋកិច្ចចំនួនជិត ៧ម៉ឺនហិកតា គ្របដណ្ដប់លើ ខេត្ត/ក្រុងចំនួន១២ ក្នុងប្រទេសកម្ពុជា កំពុងប្រតិបត្តិការ កាប់បំផ្លាញព្រៃឈើ ប្រណីតៗរបស់ខ្មែរ ដឹកលក់ជាចំហ ទៅកាន់ប្រទេសវៀតណាម ។
ក្រុមអ្នកឃ្លាំមើល ព្រៃឈើទាំងនោះ ក៏បានអះអាងថា លោក ទ្រី ភាព បានឧបត្ថម្ភប្រាក់ប្រចាំខែប្រមាណ ១លានដុល្លារ ទៅដល់ក្រុមគ្រួសាររបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការចាយវាយផ្សេងៗ និងសម្រាប់ពង្រឹងគណបក្ស ។
ឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា កំពុងរីករាលដាលធ្ងន់ធ្ងរ សឹងពាសពេញប្រទេស ខណៈឈើប្រណីត របស់ខ្មែរគ្រប់ប្រភេទ កំពុងរងការវិនាស ហិនហោច បំផ្លាញខ្ទេចខ្ទីដោយក្រុមឧកញ៉ាដ៏មានធនធាន និងមានអំណាច ។
របាយការណ៍ កម្រាស់ជិត ៥០ទំព័រ របស់ក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជា ដែលមានចំណងជើងថា «ឃ្លាំមើលធុរកិច្ច និងវិនិយោគនៅកម្ពុជា ភាគ១ ស្តីអំពីក្រុមហ៊ុន ទ្រី ភាព និងនយោបាយប្រមូលឈើ ឲ្យអស់ពីស្រុកខ្មែរ» ។ របាយការណ៍នេះ បង្ហាញថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ទី្រ ភាព បានធ្វើអាជីវកម្មកាប់ និងដឹកជញ្ជូនឈើប្រណីត នៅតំបន់ព្រៃឈើ ទូទាំងប្រទេសកម្ពុជាតែម្តង ។ ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ជាក្រុមហ៊ុនមួយ ដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយរដ្ឋាភិបាល ហើយមានសិទ្ធិអំណាច ប្រមូលទិញឈើ ពីក្រុមហ៊ុនដីសម្បទាន នានាផ្សេងទៀត ដើម្បីដឹកលក់ជាចំហ ទៅកាន់ប្រទេសវៀតណាម ។
ក្រុមកិច្ចការពិសេស សិទ្ធិមនុស្ស បានរកឃើញ ឃ្លាំងស្តុកឈើប្រណីតចំនួន ១៤កន្លែង និងអាជ្ញាប័ណ្ណទិញឈើ ក្នុងតំបន់ដីសម្បទាន សេដ្ឋកិច្ចចំនួន ២៧ នៅតាមខេត្តចំនួន ១២ ព្រមទាំងមានក្រុមហ៊ុនសាខា ដែលទទួលបានដី សម្បទានសេដ្ឋកិច្ចចំនួន ១៥ នៅតាមខេត្តចំនួន ១០ ដែលមានផ្ទៃដីសរុបជិត ៧ម៉ឺនហិកតា ។ ផែនការកាប់ឈើ ក្រោមផ្លាកអភិវឌ្ឍន៍ របស់ក្រុមហ៊ុនលោក ទ្រី ភាព បានប៉ះទង្គិចដល់ការរស់នៅ របស់ប្រជាពលរដ្ឋចំនួនជិត ១.៥០០គ្រួសារ និងប៉ះពាល់ដល់តំបន់ ការពារធនធានធម្មជាតិ នៃដែនជម្រកសត្វ និងឧទ្យានជាតិចំនួន ២០កន្លែង ។
របាយការណ៍ របស់ក្រុមកិច្ចការពិសេស សិទ្ធិមនុស្ស បង្ហាញថា លោកឧកញ៉ា ទ្រី ភាព និងភរិយាអ្នកស្រី ម៉ៅ ម៉ុម ទទួលបានដីសម្បទាន សរុបចំនួនជិត ៧ម៉ឺនហិកតា ។ ផ្ទៃដីដ៏ធំនេះ បានគ្របដណ្ដប់លើ តំបន់សេដ្ឋកិច្ចពិសេស អូរយ៉ាដាវ ខេត្តរតនគិរី ទំហំ ១៣៦ហិកតា, នៅស្រុកវាលវែង និងថ្មដា ទំហំជាង ៦ពាន់ហិកតា, នៅឧទ្យានជាតិវីរៈជ័យ ទំហំជិត ២ម៉ឺនហិកតា, ដីសម្បទាន នៅភ្នំសំកុល ស្រុកវាលវែង ទំហំជាង ១ម៉ឺនហិកតា, សិទ្ធិសម្អាតបាតស្ទឹងអាតៃ នៅកោះកុង ទំហំជិត ៧ពាន់ហិកតា, ចំណែកដីសម្បទាន នៅខេត្តស្ទឹងត្រែង មានទំហំ ១.៥០០ហិកតា ព្រមទាំងនៅដី កោះទន្សាយ ខេត្តកំពត លោក ទី្រ ភាព មានដីនៅទីនោះទំហំ ២០០ហិកតារទៀត ។
ក្រុមហ៊ុនទាំង ១៥ របស់លោកឧកញ៉ា ទ្រី ភាព រួមមាន៖ ទ្រី ភាព គ្រូប (Try Pheap Group Co.Ltd), ហុង ហ្វុ ទ្រី ភាព មីង ឌឹវើឡបមែន ខនស្រាក់សិន គ្រូប (Hong Futry Pheap Ming Development Construction Group Co. Ltd), អិម.ឌី.អែស គ្រូប (M.D.S Group Co. Ltd), ទ្រី ភាព អិមផត អិចផត (Try Pheap Import Export Co.Ltd) និងក្រុមហ៊ុនចំនួន ១១ផ្សេងទៀត ។
ប្រធានអង្គការ ក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ថ្លែងថា ក្រុមហ៊ុនរបស់លោក ទ្រី ភាព គ្មានធ្វើការអភិវឌ្ឍអ្វី ក្រៅតែពីការកាប់ឈើប្រណីត លក់ទៅឲ្យវៀតណាមនោះឡើយ ។ ក្រុមមន្ត្រីឃ្លាំមើល វិនាសកម្មព្រៃឈើ ខ្មែរទាំងនេះ ឲ្យដឹងថា ក្រុមហ៊ុនទាំង ១៥ របស់លោក ទ្រី ភាព គឺជាការបំបែកចំនួន ក្នុងការទទួលយកដី សម្បទានសេដ្ឋកិច្ច ដើម្បីកាប់ឈើឲ្យបានច្រើន ដោយសារច្បាប់ភូមិបាល ឆ្នាំ២០០១ ចែងថា ក្រុមហ៊ុនឯកជន មិនអាចទទួលបាន ដីសម្បទានសេដ្ឋកិច្ច លើសពី ១ម៉ឺនហិកតានោះឡើយ។
រហូតមកទល់ពេលនេះ លោកឧកញ៉ា ទ្រី ភាព នៅមិនអាចទាក់ទង ដើម្បីសុំសេចក្តី អត្ថាធិប្បាយបានទេ ។ ប៉ុន្តែតំណាងគណបក្ស ប្រជាជនកម្ពុជា លោក ឈាង វុន ថ្លែងថា រាល់ការកាប់ព្រៃឈើ ទាំងឡាយណា ដែលធ្វើឡើង ដោយគ្មានការអនុញ្ញាត ពីរដ្ឋាភិបាល គឺជាអំពើខុសច្បាប់ ។ លោក ឈាង វុន បានជំរុញឲ្យក្រុមអ្នកឃ្លាំមើល បញ្ហាព្រៃឈើទាំងនោះ ប្ដឹងទៅរដ្ឋាភិបាល អំពីភាពអនាធិបតេយ្យព្រៃឈើ ដែលពួកគេបានរកឃើញ ។
ទាក់ទងនឹង របាយការណ៍នេះ ក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជាវិញ លោក ម៉ៃ ទិត្រ មន្ត្រីពង្រឹងអំណាច សហគមន៍ការពារ ធនធានធម្មជាតិ បញ្ជាក់ថា អង្គការរបស់លោក បានតាមដានស្រាវជ្រាវ សកម្មភាពក្រុមហ៊ុន ទ្រី ភាព ជាច្រើនឆ្នាំមកហើយ ហើយរកឃើញថា ក្រុមហ៊ុន ទ្រី ភាព ពិតជាបានរំលោភច្បាប់ កម្ពុជាធ្ងន់ធ្ងរមែន ។
អង្គការឃ្លាំមើល ព្រៃឈើនេះ បានរកឃើញថា លុយដ៏ច្រើនសន្ធឹកសន្ធាប់ ពីការធ្វើអាជីវកម្មឈើប្រណីត ត្រូវបានផ្គត់ផ្គង់ទៅឲ្យ គ្រួសាររបស់មន្ត្រីៗ រដ្ឋាភិបាលជាន់ខ្ពស់ និងដើម្បីទ្រទ្រង់ បក្សកាន់អំណាច ថែមទៀត ។
លោក អ៊ូច ឡេង ប្រធានក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជា បានជួបសម្ភាស ជាមួយអ្នកជិតខាង របស់លោក ទ្រី ភាព ក្នុងខេត្តកណ្ដាល រកឃើញថា លោកឧកញ៉ារូបនេះ បានឧបត្ថម្ភលុយប្រចាំខែ ១លានដុល្លារ ដល់គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចាយវាយប្រចាំថ្ងៃ និងសម្រាប់គណបក្ស ប្រជាជនកម្ពុជា ។
រដ្ឋធម្មនុញ្ញខ្មែរចែងថា ទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋរួមមាន៖ ដីធ្លី ភ្នំ ព្រៃឈើ ទន្លេ សមុទ្រ បឹងបួរ ព្រែក ស្ទឹង និងធនធានធម្មជាតិ ក្រោម និងលើដី ឬក្នុងទឹក ។
ក្រុមអ្នកឃ្លាំមើល បញ្ហាព្រៃឈើ ឲ្យដឹងថា ការបំផ្លាញព្រៃឈើ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងធ្វើឲ្យកម្ពុជាជួបប្រទះ បញ្ហាបរិស្ថានដ៏ធ្ងន់ធ្ងរ ទៅថ្ងៃអនាគត ដូចជា បញ្ហាគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ការបាក់ដី ការរងផលប៉ះពាល់ ដោយសារការសាយភាយ ឧស្ម័នពុល និងធ្វើខូចដល់ គុណភាពដី ជាដើម ។
របាយការណ៍ របស់ក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជា សរសេរថា ក្រុមហ៊ុនទាំង ១៥ របស់លោក ទ្រី ភាព បានធ្វើការអភិវឌ្ឍតិចបំផុត សម្រាប់វិស័យ កសិ-ឧស្សាហកម្មនៅកម្ពុជា ដូចជាដាំកៅស៊ូបន្តិចបន្តួច ដាំម្រេចនៅស្រុករវៀង និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រមាណ ៣ពាន់ហិកតា ក្រៅពីនេះក្រុមហ៊ុនរបស់លោក ទ្រី ភាព គ្មានដំណើរការអ្វីទាំងអស់ ក្រៅពីការកាប់ព្រៃ ហើយទុកដីចោលនោះ ។
កាលពេលនៅរស់ លោក ឈុត វុទ្ធី ប្រធានអង្គការ ការពារធនធានធម្មជាតិ ដែលមានមូលដ្ឋាន ក្នុងប្រទេសកម្ពុជា ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរី កាលពីឆ្នាំ២០១១ ថា លោកឧកញ៉ា ទ្រី ភាព បានទទួលដីសម្បទាន ព្រៃឈើរាប់ពាន់ហិកតា ក្នុងតំបន់ជួរភ្នំក្រវាញ ភាគកណ្ដាល រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្រោមរូបភាព អភិវឌ្ឍន៍វារីអគ្គិសនី ប៉ុន្តែផ្ទុយទៅវិញ វាជាការរកស៊ី កាប់ព្រៃប្រណីតៗរបស់ខ្មែរ ដែលសហការ
គ្នាស្អិតល្មួត ជាមួយក្រុមឈ្មួញវៀតណាម៖ «គាត់កាប់ទាំងអស់ ក្នុងតំបន់ជួរភ្នំក្រវាញ ហើយទន្ទឹមនឹងនោះ ទ្រី ភាព ហ្នឹង គាត់ជាអ្នករៀបចំ ប៉ុន្តែអ្នកធ្វើ និងអ្នកអនុវត្ត គឺពី ៩០% ទៅ ១០០% ដែលរៀបចំដោយ ក្រុមហ៊ុនវៀតណាម ។ ជាចំណុចមួយ ដែលជាអ្នករៀបចំ អនុវត្តទៅលើ ការងារប្រតិបត្តិហ្នឹង មុខគឺ ទ្រី ភាព ទេ ប៉ុន្តែធាតុពិត ដែលធ្វើហ្នឹង គឺចែកមុខសញ្ញាគ្នា គឺវៀតណាម បានកាប់រាប់សែនម៉ែត្រគូប ចូលចង់លានម៉ែត្រគូប ហើយបើនិយាយពីឈើវិញ នៅតំបន់ជួរភ្នំកណ្ដាល ហើយពីតំបន់ផ្សេងៗទៀត ហើយសព្វថ្ងៃនេះ ដែលកំពុងសន្សំចុងក្រោយនេះ គឺដឹកជញ្ជូនរាល់ថ្ងៃ មានឡាន Lexus Land Cruiser Rand Rover សុទ្ធតែប្រភេទឡានថ្លៃៗ ដែលដឹកឈើប្រណីតចេញ ហើយចេញហ្នឹង គឺឆ្លងកាត់តាមវៀតណាម ហើយចេញពីវៀតណាម ទៅប្រទេសចិន តែម្តង» ។
អង្គការការពារធនធានធម្មជាតិរបស់ លោក ឈុត វុទ្ធី ក៏ធ្លាប់រកឃើញថា ក្រៅពី លោកឧកញ៉ា ទ្រី ភាព ដែលបានកាប់បំផ្លាញព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ នោះ គេក៏ឃើញ លោក ទ្រី ភាព បានកាប់បំផ្លាញឈើប្រណីតធំៗបែបនេះដែរនៅតំបន់ជម្រកសត្វបឹងពែរ ស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ រួមមាន គ្រញូង បេង នាងនួន ផ្ចឹក ត្បៀក ដែលមានមុខកាត់ពី ៨តឹក ទៅមួយម៉ែត្រ បានកាប់លក់ទៅវៀតណាម កាត់តាមច្រកដើមដូង ៧ដើម ក្នុងខេត្តកំពង់ចាម។ លោកបន្តថា ឈើទាំងនោះត្រូវបង់ពន្ធឲ្យវៀតណាម ក្នុង១ម៉ែត្រគូបចំនួន ១ពាន់ដុល្លារសហរដ្ឋអាមេរិក។
លោក ឈុត វុទ្ធី ធ្លាប់ប្រាប់ថា ឈើគ្រញូងជាប្រភេទឈើមួយដែលមានតម្លៃខ្ពស់ជាងគេ សូម្បីតែបំណែកកម្ទេចកម្ទី រួមទាំងឫសរបស់វាផង ឈ្មួញអាចលក់ទៅឲ្យវៀតណាម ក្នុងតម្លៃ ៨ដុល្លារ ក្នុង១គីឡូក្រាម ហើយសម្រាប់ប្រភេទឈើឡាំង ដែលមានប្រវែងជាង ២ម៉ែត្រ មុខកាត់ប្រវែងចាប់ពី ៥តឹក ហើយដែលមានកម្រាស់ ១,២តឹកនោះ គេអាចលក់ឲ្យឈ្មួញវៀតណាម ក្នុងតម្លៃ ៣ម៉ឺនដុល្លារ ហើយវៀតណាម អាចលក់បន្តទៅអោយចិន ក្នុងតម្លៃ ៦ម៉ឺនដុល្លារបានដោយងាយ។
កាលពីឆ្នាំ២០០៨ អង្គការឃ្លាំមើលបរិស្ថានពិភពលោក (Global Witness) បានរាយការណ៍ថា លោកឧកញ៉ា ទ្រី ភាព ជាអ្នកនៅពីក្រោយក្រុមហ៊ុនរបស់វៀតណាម មួយឈ្មោះ ហុងហ្វឺ (Hongfu) ដែលរកស៊ីកាប់បំផ្លាញព្រៃឈើរាប់ម៉ឺនហិកតារនៅកម្ពុជា។ លោកឧកញ៉ា ទី្រ ភាព ក៏មានបើកបនល្បែងស៊ីសងផងដែរ ក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម-កម្ពុជា។ របាយការណ៍នោះក៏បានឲ្យដឹងផងដែរថា លោកឧកញ៉ា ទ្រី ភាព គឺជាមនុស្សដែលមានអំណាច និងជាមនុស្សពូកែរកលុយឲ្យគណបក្សប្រជាជនកម្ពុជា។
តាមការស្រាវជ្រាវរបស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ឲ្យដឹងថា លោក ទ្រី ភាព មានឪពុកឈ្មោះ ទ្រី ភី និងម្តាយឈ្មោះ យាយ អ៊ីត មានដើមកំណើតនៅខ្មែរកម្ពុជាក្រោម ហើយមកតាំងទីលំនៅក្នុងភូមិជន្លង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ឪពុករបស់លោកពីមុនជាអ្នករកស៊ីលក់អំបោស។
កាលពីនៅលីវ លោក ទ្រី ភាព ជាអ្នកមានមុខរបរមិនច្បាស់លាស់ ម្តងជាព្រូរត់តាក់ស៊ី ម្តងជាកម្មករសំណង់ បន្ទាប់ពីរៀបការប្រពន្ធឈ្មោះ ម៉ៅ ម៉ុម ជាស្ត្រីមេម៉ាយកូនមួយមានដើមកំណើតវៀតណាម រួចមក លោក ទ្រី ភាព មានលទ្ធភាពរកស៊ីបានប្រសើរជាងមុន រហូតដល់លោកបានក្លាយជាឧកញ៉ា ដោយសារមានការជ្រោមជ្រែងដោយឧត្តមសេនីយ៍យោធាម្នាក់។
ទាក់ទិនទៅនឹងការរកឃើញថា លោក ទ្រី ភាព ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើនេះ ក្រុមមន្ត្រីនៃក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ស្វាគមន៍ និងត្រៀមខ្លួនសម្រាប់ឆ្លើយបំភ្លឺទៅនឹងសំណួរនានា ជុំវិញការរកឃើញនៅក្នុងរបាយការណ៍ដែលចេញផ្សាយនេះ៕