0

របាយការណ៍​៖​ ឧកញ៉ា ​ទ្រី ភាព បង់លុយ​ប្រចាំ​ខែ​មួយ​លាន​ដុល្លារ​ឲ្យ​គ្រួសារ​នាយករដ្ឋមន្ត្រី​​

របាយការណ៍​ស៊ើបអង្កេត​ថ្មី​មួយ បង្ហាញថា ឧកញ៉ា ទ្រី ភាព បាន​ចំណាយលុយ​ប្រចាំខែ១លាន​ដុល្លារ បង់​ឲ្យ​ក្រុមគ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដឹក​ឈើ​ពី​ស្រុក​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឬ ​ចិន​។​

​ការ​អះអាង​នេះ ត្រូវបាន​បង្ហាញ​ក្នុង​របាយការណ៍​ក្រោម​ចំណងជើង​ថា ឃ្លាំ​មើល​ធុរៈកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ភាគ​១អំពី​ក្រុមហ៊ុន ទ្រី ភាព (​នយោបាយ​​ប្រមូល​ឈើ​ឲ្យអស់​ពី​ស្រុ​ក​​ខ្មែរ​) ដែល​ចេញផ្សាយ​ ដោយ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​។​

​របាយការណ៍​ជិត​៥០​ទំព័រ ដោយ​ភ្ជាប់​លេខ​ទូរស័ព្ទ​ប្រភព​ ដែល​ផ្តល់​ព័ត៌មាន​រសើប​ទាំងនោះ ក៏​បាន​បង្ហាញ​ពី​ប្រវត្តិ ឧ​កញ៉ា ទ្រី ភាព ថា ជា​អតីត​ព្រូ​ឡាន​​រត់​តាក់ស៊ី និង​ជា​កម្មករ​សំ​ណង់​។ ប៉ុន្តែ​ក្រោយមក​បាន​រៀបការ​ជាមួយ​ស្ត្រី​មេម៉ាយ​កូន​មួយ ឈ្មោះ ម៉ៅ ម៉ុម ដែល​មាន​កំណើត​មក​ពី​ប្រទេស​វៀត​ណាម និង​ត្រូវបាន​ឧត្តមសេនីយ៍ម្នា​ក់​នាំទៅ​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​អាណិត​ស្រលាញ់​។​

​របាយការណ៍​ដែល​មាន​ការ​សហការ​ផ្តល់​ព័ត៌មាន​ដោយ​អាជ្ញាធរ​តាម​មូលដ្ឋាន​ផង​នោះ បានឲ្យដឹង​ទៀតថា ឧ​កញ៉ា ទ្រី ភាព បាន​​ទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ជិត​៧​ម៉ឺន​ហិកតា តាម​រយៈ​ការ​បំបែក​ឈ្មោះ​ជា​ក្រុមហ៊ុន​តូចៗ ហើយ​ធ្វើ​សកម្មភាព​ គឺ​កាប់​ឈើ​។ របាយការណ៍​ក៏​បង្ហាញ​រូបភាព​នៃ​ភូមិគ្រឹះ​ច្រើន​​កន្លែង​របស់​ឧកញ៉ា​នេះ ដែល​សង់​ឡើង​ដោយ​មាន​រច​នា​​ដោយ​ឈើ​ប្រណិត​​ដែល​ថ្លៃៗ តម្លៃ​រាប់​លាន​ដុល្លារ​។

​របាយការណ៍​នេះ ឲ្យដឹង​ទៀត​ថា ​ឧកញ៉ា​ស្និទ​នឹង​នាយករដ្ឋមន្ត្រី​នេះ មាន​ក្រុមហ៊ុន​យ៉ាងតិច​១៥និង​បាន​កាន់កាប់​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​ចំនួន​ពីរ​នៅ​ជាប់​ព្រំដែន​ថៃ និង​វៀតណាម​។​

តែទោះជាយ៉ាងណា នេះ​ជាការ​អះអាង​របស់​របាយការណ៍ស៊ើប​អង្កេត​នេះ​ទេ ដោយ​​​ ចាប់ដៃ មិនទាន់​​អាច​សុំ​ការឆ្លើយបំភ្លឹ​ពី​តំណាង​​​ឧកញ៉ា ទ្រី ភាព បាន​​នៅ​ឡើយ​​ទេ។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន អះអាងថា របាយការណ៍នេះ មិនផ្លូវការទេ​៕

images (6)

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com