0

មេ​ឈ្មួញ ទ្រី ភាព កាប់បំផ្លាញ​ព្រៃឈើ​ស្រុក​ខ្មែរ​ឱ្យ​រលត់រលាយ​មានការ​បើកដៃ​ពី​មេដឹកនាំ​ពុករលួយ​

មន្ត្រី​អង្គការ​អន្តរជាតិ និង​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា មេ​ឈ្មួញ ទ្រី ភាព ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន​ម៉ឺន​ហិកតា​នោះ បាន​បំបែក​ជា​ក្រុមហ៊ុន​តូចៗ​ចំនួន​១៥ ដើម្បី​នាំ​ឈើ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​។ មានន័យថា​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព ស្នើសុំ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កន្លងមក មិនមែន​សម្រាប់​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​អភិវឌ្ឍន៍​ពិតប្រាកដ​ទេ គឺ​គ្រាន់តែ​ជា​លេស​បិទបាំង​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើក​ឡើង​ថា​លោក ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មហន្តរាយ​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​មេ​ឈ្មួញ ទ្រី ភាព ព្រោះ​លោក ហ៊ុន សែន ជា​អ្នក​ស៊ី​ញ៉េ​ផ្តល់​ដី​សម្បទាន​ឱ្យ​មេ​ឈ្មួញ​រូបនេះ​។​

តាម​របាយការណ៍​រប​ស់​ក្រុមការងារ​ពិសេស​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ ក្នុងប្រទេស​កម្ពុជា បាន​លាតត្រដាង​អំពី​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​របស់​ក្រុមហ៊ុនមេ​ឈ្មួញ ទ្រី ភាព ដោយ​ភ្ជាប់​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន​និង​លេខ​សម្គាល់​នៅ​ក្បាល​រថយន្ត​ផ្នែក​ខាងលើ​លេខ​១១៦៨​។ តាម​របាយការណ៍​នោះបាន​ឱ្យដឹងថា​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព បានធ្វើ​អាជីវកម្ម​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ប្រណីត​នៅ​គ្រប់​តំបន់​ដែលមាន​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា ដោយសារ​ក្រុមហ៊ុន​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​។ ជាពិសេស​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​អភិរក្ស​ធន​ធាន​ធម្មជាតិ ក៏ដូចជា​ក្រសួង​ឧស្សាហកម្ម ក្រសួងកសិកម្ម និង​ក្រុមហ៊ុន​មួយចំនួនទៀត​ដែលមាន​ដី​សម្បទាន​សេដ្ឋកិច្ច​។​

របាយការណ៍​បាន​លាតត្រដាង​ទៀតថា ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព ត្រូវបាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្តល់​អា​ជ្ញា​ប័ណ្ណ​​ប្រមូល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែលមាន​២៧​តំបន់ ក្នុង​ខេត្ត​ចំនួន​១២ គ្របដណ្តប់​ដោយ​ព្រៃឈើ​ក្នុងនោះ​មាន​គម្រោង​អភិវឌ្ឍន៍ និង​គម្រោង​សម្បទាន​សេដ្ឋកិច្ច​។ ជាក់ស្តែង​គម្រោង​អភិវឌ្ឍន៍​មានដូចជា​នៅ ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ ព្រៃ​ខៀវ ស្ថិតនៅក្នុង​ស្រុក​ចំនួន​៣ នៃ​ខេត្តក្រចេះ រតនគិរី តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ស្ថិតនៅក្នុង​ស្រុក​វ៉ឺ​ន​សៃ ស្រុក​លំផាត់ ស្រុក​អណ្តូង​មាស និង​នៅ​ស្រុក​កូន​មុំ​។ នៅក្នុង​តំបន់​ព្រៃ​ឡង់​និង​នៅ​ខេត្តព្រះវិហារ ក៏​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ដែរ ដោយមាន​ការឃុបឃិត​ពី​មេដឹកនាំ​និង​ក្រុមមន្ត្រី​ពុករលួយ​។ បើ​និយាយ​ពី​សមត្ថកិច្ច​តូចតាច​មិន​ហ៊ាន​ហើបមាត់​ជាមួយ​មេ​ឈ្មួញ ទ្រី ភាព នោះទេ រីឯ​មន្ត្រី​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​នានា នាំគ្នា​រក្សា​ភាពស្ងប់ស្ងាត់​ដើម្បី​ទទួលផល​ប្រយោជន៍​បន្តិច​បន្តួច​ពី​មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ស្រុក​ខ្មែរ​ឱ្យ​រលត់រលាយ​រូបនេះ​។​

នៅក្នុង​របាយការណ៍រ​បស់​ក្រុម​កិច្ចការ​ពិសេស​បានឱ្យដឹង​ទៀតថា ក្រុមហ៊ុន​របស់​មេ​ឈ្មួញ​ទ្រី ភាព ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋា​ភិបាល​លោក ហ៊ុន សែន ចំនួន ៦៨ ០៨៨​ហិកតា នៅក្នុង​ខេត្ត​ចំនួន​១២ តាមរយៈ​ការ​បំបែក​ឈ្មោះ​ជា​ក្រុមហ៊ុន​តូចៗ​ដោយ​ក្រុមហ៊ុន​ខ្លះ​បាន​យកឈ្មោះ​អ្នកស្រី ម៉ៅ ម៉ុម ដែលជា​ភរិយា​របស់លោក ទ្រី ភាព មកឈរ​ឈ្មោះ​តែម្តង​។ ដី​សម្ប​ទាន​​សេដ្ឋកិច្ច​ទាំងនោះ​មានដូចជា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ចំនួន​១៣៦​ហិកតា ស្រុក​វាលវែង ខេត្ត​ពោធិ៍​សាត់​ចំនួន ៦៤៣៦​ហិកតា នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​ខេត្តរតនគិរី ចំនួន​១៨៨៥៥​ហិកតា ដែន​ជម្រក​សត្វ​បឹង​ពែរ ខេត្ត​ព្រះ​វិហារ​ចំនួន​៩៩១៦​ហិកតា ភ្នំ​សំ​កុស ខេត្តពោធិ៍សាត់​១០៧៧៤​ហិកតា   សិទ្ធិ​សំអាត​តំបន់​អាង​ស្តុក​ទឹក​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​ខេត្តកោះកុង​៦៧៧១​ហិកតា ដី​សម្បទាន​រ៉ែ​នៅ​ខេត្តស្ទឹងត្រែង ១៥០០០​ហិកតា និង​ដី​នៅ​កោះទន្សាយ​ខេត្តកំពត ទំហំ​២០០​ហិកតា​។

តាមរយៈ​អាជ្ញាប័ណ្ណ​ដី​សម្បទាន​ទាំងនេះ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព បាន​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវក​ម្មយ៉ាង​ពេញបន្ទុក​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ពុករលួយ​ពី​គ្រប់​ស្ថាប័ន​។ ទន្ទឹមនឹងនេះ​តាម​ប្រភពពី​មន្ត្រី​ក្រសួង​កសិកម្ម​បានឱ្យដឹង​ថា ពេល​លោក ច័ន្ទ សារុន នៅ​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​គឺ​មេ​ឈ្មួញ ទ្រី ភាព មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋមន្ត្រី​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​រូបនេះ​ផងដែរ​។ ប្រការនេះ​ធ្វើ​ឱ្យគេ​សង្ស័យថា​ការដែល​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​នៅពេល​កន្លងមក គឺមាន​ការបើក​ដៃ​ពី​លោក ច័ន្ទ សារុន ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​រហូតដល់​ព្រៃឈើ​ស្ទើរតែ​រលត់រលាយ​ពី​ទឹកដី​ខ្មែរ​។​

របាយការណ៍​របស់​ក្រុម​កិច្ចការ​ពិសេស​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា​មា​នក​ម្រា​ស់​៥២​ទំព័រ បាន​រៀប​រាប់​​ទៀតថា ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព បាន​ឈ្លានពាន​ចូលដល់​តំបន់​ព្រៃ​ការពារ​និង​ព្រៃ​សហគមន៍ ហើយ​បុគ្គលិក​របស់​ក្រុមហ៊ុន​នេះ បាន​ដើរ​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ទាំង​១២ ដែល​ដឹក​តាម​រទេះគោ និង​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ចូលទៅ​កាប់​តាម​ព្រំដែន​សៀម​។ ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព បាន​ចាត់តាំង​មេការ​នៅតាម​គោលដៅ​រង់ចាំ​ទិញ​និង​ប្រមូល​ដឹកយក​ឈើ​ទៅ​ស្តុក​ទុក​នៅតាម​ឃ្លាំង​នៃ​គោលដៅ​នីមួយៗ បន្ទាប់មក​ទើប​ដឹកជញ្ជូន​ទៅ​លក់​​នៅ​ប្រទេស​យួន​។ ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​សំខាន់ៗ​នៅក្នុង​ខេត្ត​មណ្ឌល​គិរី ច្រក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ច្រក​ស្នួល ខេត្តក្រចេះ ច្រក​អន្លង់​ជ្រៃ ខេត្តព្រៃវែង ច្រក​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ ច្រក​កំពង់ផែ​រាម ច្រក​សមុទ្រ​ខេត្តកំពត និង​ច្រករបៀង​លេខ​១៩ ជាដើម​។​

ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព បាន​ចិញ្ចឹម​និង​ជួយឧបត្ថម្ភ​កម្លាំង​ប្រដាប់​​​អាវុធ មន្ត្រី​រាជ​ការ នៅក្នុង​តំបន់​ដី​សម្បទាន​របស់ខ្លួន​ដោយ​ជួយឧបត្ថម្ភ​សាងសង់​អគារ​រដ្ឋបាល មន្ទីរ ការិយាល័យ គណបក្ស​ប្រជាជន ប៉ុន្តែ​មិនបាន​ជួយ​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នោះទេ​។ ផ្ទុយទៅវិញ​មេ​ឈ្មួញ​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​ស្រុក​ខ្មែរ​រូបនេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​យ៉ាងតិច ១៤៤៥ គ្រួសារ ដោយ​ពុំមាន​សំណង​សមរម្យ​ឡើយ​។ ក្រុមមន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​លើកឡើងថា​ដោយសារតែ​មេ​ឈ្មួញ ទ្រី ភាព មាន​​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​អ្នកកាន់អំណាច​នៅក្នុង​ប្រទេស​កម្ពុជា និង​មានការ​ឃុបឃិត​ពី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ទើប​គេ​អាច​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​ចំនួន​១២ យ៉ាង​កំរោល​។ អំពើ​របស់​ក្រុមហ៊ុនមេ​ឈ្មួញ ទ្រី ភាព គឺជា​ការបំផ្លាញ​ជាតិ​ដែល​មិនអាច​អត់ឱន​ឱ្យបាន​ឡើយ ហើយ​លោក ហ៊ុន សែន ក៏​មិនអាច​គេច​ផុតពី​ការទទួលខុសត្រូវ​ចំពោះ​មហន្តរាយ​ព្រៃឈើ​បាន​ដែរ​។​

តាម​ឯកសារ​របស់​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា​រហូតមក​ដល់ពេលនេះ​មេ​ឈ្មួញ ទ្រី ភាព មិនទាន់​បញ្ឈប់​សកម្ម​ភាព​កាប់​បំ​ផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នៅឡើយ​ទេ​។ ជាក់ស្តែង​នៅក្នុង​ខេត្តព្រះវិហារ និង​នៅក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោ​ធិ៍សាត់ ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព បាន​បន្តធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ដោយ​គ្មាន​សមត្ថ​កិច្ច ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ ដូច្នេះ​ការប្តេជ្ញា​របស់លោក ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​បំផ្លាញ​ព្រៃឈើ គឺ​ពុំមាន​តម្លៃ​អ្វី​ទាំងអស់​ពីព្រោះ​មក​ដល់​ពេល​នេះ​​មេ​ឈ្មួញ​ទ្រី ភាព នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​បំផ្លាញ​ផ្លូវ​បំផ្លាញ​ស្ពាន​តាម​អំពើ​ចិត្ត​គ្មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​ឡើយ​៕​

images (4)9

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com