ខេត្តកណ្តាល៖ សេចក្តីរាយការណ៍ ពីអ្នករកស៊ីដឹកជញ្ជូនទំនិញ នៅក្នុងខេត្តកណ្តាល បានឲ្យដឹងថា ចាប់តាំងពីក្រោយ ការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា គេសង្កេតឃើញកម្លាំងកងរាជអាវុធហត្ថ មានតាំងរថយន្តស៊ីរ៉ែន ឬរថយន្តសម្រាប់ប្រដេញ បង្កើតជាប៉ុស្តិ៍ជជុះតាមផ្លូវជាតិសំខាន់ៗ ចូលរាជធានីភ្នំពេញ ហើយអ្នកគ្រប់គ្រងកម្លាំង ដែលចុះដាក់ប៉ុស្តិ៍ជជុះតាមផ្លូវជាតិនេះ ដឹកនាំដោយលោក ប៊ុត សុភ័ក្ត្រ និងលោក រស់ សារិទ្ធ ជាមនុស្សជំនិតបំផុត របស់លោក មាស សុវណ្ណ។ ដូចដែលមន្ត្រីអាវុធហត្ថជាច្រើន បានលើកឡើងថា ចាប់តាំងពីមានការកែទម្រង់ ផ្លាស់ប្តូរមន្ត្រីមួយចំនួន កាលពីប៉ុន្មានខែមុននេះ លោក ប៊ុត សុភ័ក្ត្រ និងលោក រស់ សារិទ្ធ បានក្លាយជាអ្នកក្តោបក្តាប់ ការងារប្រមូលសេដ្ឋកិច្ច យកទៅបង់ជូន ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ។
លោក ប៊ុត សុភ័ក្ត្រ និងលោក រស់ សារិទ្ធ ជាមនុស្សជំនិតបំផុត របស់លោក មាស សុវណ្ណ ជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល ធ្វើឲ្យក្រុមអ្នករកស៊ី ដឹកជញ្ជូនទំនិញ ក៏ដូចជាប្រជាពលរដ្ឋ ដែលដឹកជញ្ជូនកសិផល ចេញទៅស្រុកយួន ឬដឹកជញ្ជូនមកលក់ នៅរាជធានីភ្នំពេញ ក្តៅក្រហាយយ៉ាងខ្លាំង ដែលទាមទារឲ្យថ្នាក់លើ ពិនិត្យមើលបញ្ហានេះឡើងវិញផង ព្រោះភាពអនាធិបតេយ្យ របស់កងរាជអាវុធហត្ថ ខេត្តកណ្តាល នាពេលបច្ចុប្បន្ននេះ កំពុងជះឥទ្ធិពលមិនល្អ ដល់ថ្នាក់លើផងដែរ។
អាចបញ្ជាក់បានថា សិទ្ធិអំណាចរបស់លោក រស់ សារិទ្ធ ធំសម្បើមណាស់ ដែលពេលខ្លះមន្ត្រីអាវុធហត្ថតាមស្រុក មិនសប្បាយចិត្ត ចំពោះបញ្ហាប៉ុស្តិ៍ជជុះ ដែលដេញស្ទាក់ចាប់ឡានដឹកទំនិញ ឲ្យចូលបង់លុយ យ៉ាងប្រសេចប្រសាចនោះទេ។ គេសង្កេតឃើញកម្លាំងរបស់លោក ប៊ុត សុភ័ក្ត្រ និងលោក រស់ សារិទ្ធ ល្បាតចុះឡើងប្រដេញ ឬឃាត់ឡានដឹកទំនិញឡានដឹកកសិផល ឡានដឹកឈើឲ្យចូលបង់លុយ តាមតែទំនើងចិត្ត។ សម្រាប់ក្រុមឈ្មួញដែលរកស៊ី ដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់ ពួកគេអាចមានប្រាក់ចំណេញ សម្រាប់បង់លុយឲ្យថ្លៃក្បាលឡាន ដល់កងរាជអាវុធហត្ថ ក្រោមបញ្ជារបស់លោក ប៊ុត សុភ័ក្ត្រ និងលោក រស់ សារិទ្ធ ប៉ុន្តែសម្រាប់ប្រជាកសិករ ដែលរកស៊ីដឹកជញ្ជូនកសិផល ចេញទៅលក់នៅស្រុកយួន ឬដឹកចូលមកលក់នៅភ្នំពេញ ពេលខ្លះរកតែប្រាក់ទៅផ្ទះវិញ សឹងមិនបានផង។
គេចង់ឃើញលោក មាស សុវណ្ណ ដែលជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល ពិនិត្យមើលឡើងវិញផង ពីភាពអនាធិបតេយ្យ ដែលបង្កឡើងដោយលោក ប៊ុត សុភ័ក្ត្រ និងលោក រស់ សារិទ្ធ ព្រោះការចុះដាក់ប៉ុស្តិ៍ជជុះ កោសរូសបង្ខំឲ្យ អ្នករកស៊ីដឹកជញ្ជូនទំនិញ ដឹកឈើខុសច្បាប់ និងអ្នកដឹកជញ្ជូនកសិផល បង់លុយយ៉ាងប្រសេចប្រសាចតាមផ្លូវ កំពុងជះឥទ្ធិពលមិនល្អ លើគោលនយោបាយ កែទម្រង់ស៊ីជម្រៅ ។គេមិនច្បាស់ថា តើលោក មាស សុវណ្ណ បានប្រគល់សិទ្ធិអំណាច ឲ្យលោក ប៊ុត សុភ័ក្ត្រ និងលោក រស់ សារិទ្ធ ធ្វើតាមអំពើចិត្ត ក្នុងការប្រមូលលុយ យកទៅបង់ជូនថ្នាក់លើ ឬក៏យ៉ាងណានោះទេ៕