0

មេគយ កើត សុធារ៉ា បិទភ្នែក ឲ្យ លោក ពុធ សុខា ដាក់ប៉ុស្តិ៍ជជុះចំណុចថ្នល់ទទឹង ផ្គើនបទបញ្ជាសម្តេចនាយករដ្ឋមន្រ្តី

ខេត្តកំពង់ចាម ៖ សព្វ​ថ្ងៃ​នេះ​​​មុខ​របរ​​​គយ​​ច​ល័ត របស់​​អគ្គ​នា​យក​ដ្ឋាន ក្រោម​​ប​ញ្ជា​​របស់​លោក កើត សុ​ធា​​រ៉ា កំ​ពុង​តែ​បិទ​ភ្នែក​ឲ្យ​លោក ពុធ សុខា ​ដាក់​​ប៉ុ​ស្តិ៍​​ជ​ជុះ យ៉ាង​​គ​គ្រឹក​គ​គ្រេង​​នៅ​​ចំ​ណុ​ច​ថ្នល់​ទ​ទឹង​​ក្នុង​ខេត្តត្បូង​ឃ្មុំ  មិន​​ឆ្ងាយ​​ប៉ុន្មាន​ពី​​ទី​តាំង​​​នៃ​ប៉ុស្តិ៍​​​ជ​ជុះរបស់​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ប្រចាំការ តាមផ្លូវ​ជាតិ​លេខ​៧បានធ្វើ​សកម្មភាព រាប់​ក្បាល​ឡាន​ដឹកទំនិញ ឬ​ឡាន​ដឹកឈើ យកលុយ​តាមតែ​អំពើ​ចិត្ត មិន​ខ្វល់​ពី​ការកែទម្រង់​អ្វី​នោះទេ​។ ហើយ​​គេ​​មិន​ដឹង​ថា​ តើ​​ប្រាក់​​ដែល​​បាន​មក​ ពី​​ការ​រាប់​​ក្បាល​​ឡាន​​យក​លុយ ​ត្រូវ​​លោក​ ពុធ​ សុខា ​ជា​​ប្រធាន​​ក្រុម​​ប៉ុស្តិ៍​​ជជុះ ​នៅ​​ចំណុច​​ថ្នល់​ទទឹង​ យក​ទៅ​​បង់​​ជូន​​ថ្នាក់​​ណា​ខ្លះ​​ទេ​ ប៉ុន្តែ​​រូបភាព​​ដែល​​លោក​ ពុធ​ សុខា ​បាន​​ប្រព្រឹត្ត​​ផ្គើន​​ទៅ​នឹង​ គោល​ការណ៍​​កែ​ទម្រង់​​ស៊ី​ជម្រៅ​ របស់​សម្តេច​នាយក​រដ្ឋមន្រ្តី​។​

តាមការឲ្យដឹងថាទីតាំង​ប៉ុស្តិ៍​ជជុះ របស់​គយ​ចល័ត អគ្គនាយកដ្ឋាន នៅ​ចំណុច​ថ្នល់ទទឹង ដែល​គ្រប់គ្រង​ដោយ​លោក ពុធ សុខា នោះ​គឺជា​ចំណុច​ត្រូវប៉ាន់ ប្រមូល​លុយ​បាន​ស​ន្ធឹក​​ស​ន្ធា ប់​ក្នុង​មួយថ្ងៃៗ តាមរយៈ​ការរាប់​ក្បាល​ឡាន​យកលុយ នេះ​មិនទាន់​គិតដល់ ការត្រួតពិនិត្យ​រកឃើញ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់ នៅ​ឡើយ​ទេ​។ រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ មកពី​ស្រុក​យួន ចូល​តាម​ច្រក ត្រពាំង​ស្រែ​-​វ៉ា​លឺ ច្រក​ដូង​៧​ដើម ច្រក​ត្រពាំង​ផ្លុ​ង ច្រក​ដូនរ័ត្ន និង​ច្រករបៀង​ផ្សេងៗ ភាគ​ច្រើន​ជា​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​ក្រុម​ឈ្មួញ​ធំៗ ហើយ​នៅពេល​មន្ត្រី​គយ នៅ​ច្រកព្រំដែន​បិទ​ភ្នែក ឲ្យ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ហូរ​ចូល​ត្រូវតែ​រាយការណ៍ ជូន​លោក ពុធ សុខា បើ​មិន​ដូច្នេះ​ទេ ត្រូវ​ក្រុម​គយ​ចល័ត​របស់លោក ពុធ សុខា ឆែកឆេរ​ឃើញ​ទំនិញ​មិន​ប្រក្រតី នឹងមាន​បញ្ហា​ដល់​មន្ត្រី​គយ តាម​ច្រក​ទាំង​នោះ​។​

ទោះបីយ៉ាងណាក៏ដោយការដឹកជញ្ជូន​ឈើ​ខុសច្បាប់ មកពី​គ្រប់ទិសទី ដូចជា​ក្នុង​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ បាត់ដំបង ពោធិ៍សាត់ ឡើង​តាម​ស្ពាន​ព្រែក​ក្តាម ចេញទៅ​ស្រុក​​យួន​តាម​ខេត្តកំពង់ចាម ក៏​មិនអាច​ចៀសផុត ពី​ក្រសែភ្នែក​របស់ ជំនាញ​គយ​ចល័ត ក្រោម​បញ្ជា​របស់លោក ពុធ សុខា នោះដែរ​។ ជាធម្មតា ជំនាញ​គយ​ចល័ត មាន​សិទ្ធិអំណាច​ធំ​ណាស់ មិន​ត្រឹមតែ​ទំនិញគេចពន្ធ ឬ​ការដឹកជញ្ជូន ឈើ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ សូម្បីតែ​ការដឹកជញ្ជូន​កសិផល ក៏ត្រូវ​តែ​ចូល​បង់លុយ ថ្លៃ​ក្បាល​ឡាន​ចាប់ពី ៥​ម៉ឺន​ដល់​១០ម៉ឺន​រៀល ដោយ​គ្មាន​ការយោគយល់​អ្វី​ទាំងអស់​។ គេ​មិនដឹងថា លោក ពុធ សុខា ខំប្រឹង​ប្រមូល​លុយ តាមរបៀប​កោសរូស ឲ្យ​អ្នករកស៊ី​ដឹកទំនិញ ទាំង​បង់ពន្ធ ១០០​ភាគរយ ឬ​ការដឹក​ទំនិញ ដែល​បង់ពន្ធ​មិន​គ្រប់ ប្រមូល​លុយ​យកទៅ​បង់ថ្លៃ​ប៉ុស្តិ៍ ប៉ុន្មាន​នោះទេ​។​

ក្នុង​មួយថ្ងៃៗ​រថយន្ត​ដឹកទំនិញ ប្រភេទ​យី​ឌុប រាប់រយ​គ្រឿង មកពី​ច្រកព្រំដែន បាន​បើកបរ​ឆ្លងកាត់​ទីតាំង ប៉ុស្តិ៍​ជជុះ​របស់លោក ពុធ សុខា នៅ​ចំណុច​ថ្នល់​ទ​ទឹង ហើយ​គេ​ដឹងថា​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ តាមផ្លូវ​ជាតិ​៧ ឡើង​ដុះ​ស្លែ​ទៅហើយនោះ មាន​ទំនាក់ទំនង​ល្អ ជាមួយលោក ពុធ សុខា មាន​ការ​បង់លុយ​ជាប្រចាំ​ខែ ប្រចាំ​សប្តាហ៍​ឬ​ប្រចាំ​ជើង យ៉ាង​ទៀងទាត់ ដែល​គេ​​ហៅ​ថា បង់​លុយ​​ថ្លៃ​​បាយ ជាពិសេស​នៅពេល​ព្រះអាទិត្យ លិច​ផុត​ទៅ គេ​ស​ង្កេត​ឃើញ រថយន្ត​ដឹកទំនិញ ប្រភេទ​យី​ឌុប​ទាំង​ខ្សែៗ បើក​បន្តកន្ទុយ​គ្នា ចេញពី​ខេត្តកំពង់ចាម ចូល​រាជធានី​ភ្នំពេញ ភាគច្រើន​ជា​ទំនិញ​បង់ពន្ធ​មិន​គ្រប់ កើតចេញពី​ការ​ឃុបឃិត​បិទ​ភ្នែក ពី​ជំនាញ​គយ​ក្នុងការ លួច​បន្លំ​ចំណូល​ពន្ធ ទៅតាម​បច្ចេកទេស​គយ​។

តាម​ការកែទម្រង់​ស៊ីជម្រៅ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ គេ​សង្កេតឃើញ​ចំណូល​ពន្ធគយ​បាន​កើនឡើង ប្រមាណ ១០​ភាគរយ ពោលគឺ​សកម្មភាព នៃ​ការហូរចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពីមុន​មាន​ដល់​ទៅ ៦០​ឬ​៧០ភាគរយ បាន​ធ្លាក់​មក​នៅត្រឹម ៤០​ភាគរយ​មិនទាន់​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព សំដៅលើ​ការប្រមូល ចំណូល​ពន្ធគយ​ឲ្យ​បាន ១០០​ភាគរយ​នៅឡើយ​ទេ ភាគច្រើន​ប្រភេទ​ទំនិញ ដែល​នាំចូល​តាម​ច្រកព្រំដែន ជាប់​ស្រុក​យួន​។ យ៉ាងណាក៏ដោយ ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ មកពី​ច្រកព្រំដែន​នានា ជាប់​ប្រទេស​យួន បាន​ឃុបឃិត​ត្រូវ​ដៃ​ត្រូវ​ជើង ជាមួយ​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឲ្យ​ជួយ​សម្របសម្រួល​បិទ​ភ្នែក សម្រាប់​ការនាំ​ចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ ហើយ​លោក ពុធ សុខា ក៏​សប្បាយ​ប្រមូល​លុយ ទៅតាម​នោះ​ផងដែរ​៕

images

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com