ប៉ោយប៉ែត: ការដឹកជញ្ជូនទំនិញរបស់ឈ្មួញទាំងតូចទាំងធំឆ្លងកាត់ទឹកដីក្រុងប៉ោយប៉ែតទាំងស្របច្បាប់ និង មិ នស្របច្បាប់ សុទ្ធតែមានកាតព្វកិច្ចត្រូវបង់លុយជូន មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ។ក្នុងនោះក៏មានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតក្រោមការគ្រប់គ្រងរបស់លោក ហម ម៉ុតត្រូវបានគេនៅតែមើលឃើញថាមានសកម្មភាពក្នុងកា រដាក់ប៉ុស្តិ៍ជជុះដើម្បី ប្រមូលលុយពីកម្មករអូស រទេះដឹកទំនិញឬក្រុម ឈ្មួញដែលប្រើប្រាស់រថយន្តទាំងតូចទាំងធំដឹកទំនិញឆ្លងកា ត់ រង្វង់មូល ក្រុងប៉ោយប៉ែតដដែល។បើទោះបីជាថ្នាក់លើបានអំពាវនាវឲ្យ មន្ត្រីកងរាជអាវុធ ហត្ថនៅគ្រប់ទិសទីគោរពឲ្យបានខ្ជាប់ខ្ជួននូវវិន័យនិងសេចក្តីថ្លៃថ្នូរក្នុងនាមជាកម្លាំងប្រដាប់អាវុធដើម្បី ការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទូទៅក៏ដោយ ក៏លោក ហម ម៉ុតជាមេបញ្ជាការកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែតនៅតែបន្តភាពអសកម្មក្នុងការឃុបឃិតឲ្យក្រុមឈ្មួញទាំងតូចទាំង ធំ រកស៊ីនាំចូលទំនិញគេចពន្ធទាំងតាមច្រករបៀងនិងតាមច្រកអន្តរជាតិយ៉ាងអនាធិបតេយ្យបំផុត ហើយក្នុងនោះកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតក៏បានជាប់ពាក់ព័ន្ធជាមួយសកម្មភាពគាបជំរិតពលករឆ្លងដែនខុសច្បាប់ប្រមូលលុយយកទៅច្រក ហោប៉ៅ ខ្លួនយ៉ាងមានសេចក្តីសុខផងដែរ។
លោក ហម ម៉ុតមានប្រភពចំណូលសំខាន់ៗចំនួន៣ដែល ទទួលបានពីក្រុងប៉ោយប៉ែត តាមរយៈការចាត់តាំងមន្ត្រីជំនិតៗរបស់គាត់ឲ្យចុះប្រមូលលុយ តាម គ្រប់ច្រកល្ហកដូចដែលមន្ត្រីមួយចំនួនបានលើកឡើងថា លោក ហម ម៉ុត ជាមនុស្សពូកែទាំងការងារជំនាញនិងការងារសេដ្ឋកិច្ចប្រមូលលុយយកទៅ ជូនថ្នាក់លើ។ មានរឿងសំខាន់មួយចំនួន គឺលោក ហម ម៉ុត ត្រូវគេស្គាល់ថាជាជើងខ្លាំង ហ៊ានម៉ៅការរត់ផ្លូវឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ ក្រុងប៉ោយប៉ែត រហូតមកដល់ទីរួមខេត្តបន្ទាយមានជ័យដោយគ្រាន់តែក្រុមឈ្មួញបង់លុយទៅតាមការទាមទាររបស់លោក ហម ម៉ុត គឺទំនិញទាំងខុសច្បាប់និងជាប្រភេទទំនិញគេចពន្ធអាចដឹកជញ្ជូនពីក្រុងប៉ោយប៉ែត ចូលទីរួមខេត្តបន្ទាយមានជ័យដោយសុវត្ថិភាព ដែលគេអាចនិយាយតាមភាសាសាមញ្ញថា លោក ហម ម៉ុត មានជំនាញរត់ការឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញខុសច្បាប់ឡើងដុះស្លែទៅហើយ។
ការងារសំខាន់ទី១គឺលោក ហម ម៉ុត បានដាក់ពង្រាយមន្ត្រីជំនិតៗរបស់គាត់ឲ្យកាន់ការងារសេដ្ឋកិច្ច សំខាន់ៗដូចជាការចុះទៅឈរជើងឬចេញល្បាតឃ្លាំមើលសកម្មភាពរបស់មេខ្យល់ ដែលរកស៊ីនាំមនុស្សឆ្លងដែនខុសច្បាប់តាមច្រករបៀងដែលក្នុងនោះមានការ ធ្វើទុក្ខបុកម្នេញចំពោះម្ចាស់ផ្ទះសំណាក់ ដែលមានពលករឆ្លងដែនស្នាក់នៅតាមរយៈការចាប់ម្ចាស់ផ្ទះសំណាក់មកកសាង សំណុំរឿង ហើយបង្ខំឲ្យបង់លុយដើម្បីរួចផុតពីការបញ្ជូនទៅកាន់តុលាការ។ ពេលខ្លះទៀត អ្នករកស៊ីរត់ម៉ូតូឌុបដែលដឹកពលករក៏ត្រូវកម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន និងរឹបអូសម៉ូតូយកទៅរក្សាទុកហើយដើម្បីបានម៉ូតូមកវិញ ត្រូវចំណាយប្រាក់យ៉ាងតិច១ម៉ឺនបាត។ លោក ហម ម៉ុត ក៏បានចាត់តាំងមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលទើបតែទិញឈ្មោះហើយមានភរិយាជាមេខ្យល់រកស៊ីនាំពលករឆ្លងដែនខុសច្បាប់ឲ្យចុះប្រមូលលុយពីពលករ លួចឆ្លងដែនក្នុងមួយថ្ងៃៗរាប់រយនាក់ទទួលបានផលប្រយោជន៍ច្រើនក្រាស់ក្រែលយកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួននិងបែងចែកថ្នាក់លើ។
ការងារសំខាន់ទី២ គឺលោក ហម ម៉ុត បានចាត់តាំងមន្ត្រីកងរាជអាវុធហត្ថចំនួន២នាក់ មានឈ្មោះ រុន និងឈ្មោះ រ៉ា ឲ្យចុះដាក់ប៉ុស្តិ៍ជជុះនៅចំណុចរង្វង់មូលប៉ោយប៉ែត និងប៉ុស្តិ៍ជជុះមួយកន្លែងទៀតនៅមុខមូដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលប៉ុស្តិ៍ជជុះទាំង២កន្លែងនេះ ជាសេនាធិការសំខាន់បំផុតក្នុងការប្រមូលលុយពីការដឹកជញ្ជូនទំនិញទាំង ស្របច្បាប់និងខុសច្បាប់ យកទៅជូនលោក ហម ម៉ុត។ ក្នុងនោះរាប់ទាំងកម្មករអូសរទេះដឹកទំនិញក៏ត្រូវតែចូលបង់លុយចាប់ពី ៥០ដល់២០០បាត ហើយសម្រាប់រថយន្តដឹកទំនិញវិញក្នុងមួយគ្រឿង ត្រូវបង់ប្រាក់ចាប់ពី១ពាន់ ដល់២ពាន់បាត ដែលក្នុងមួយថ្ងៃៗគ្រាន់តែប្រភពចំណូលពីការរាប់រទេះនិងរាប់ក្បាល ឡានយកលុយ មិនដឹងជាយកទៅធ្វើអ្វីអស់ទេ។ ដូច្នេះហើយបានជាលោក ហម ម៉ុត អាចតោងតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតច្រើនជំនាន់ មកហើយ គ្មាននរណាហ៊ានជ្រែយកតំណែងគាត់នោះទេ ព្រោះលោក ហម ម៉ុត ចេះផ្គាបផ្គុនផ្តល់ផលប្រយោជន៍ជូនថ្នាក់លើយ៉ាងរលូនល្អបំផុត។
ការងារសំខាន់ទី៣លោក ហម ម៉ុត បានចាត់តាំងឲ្យមន្ត្រីកងរាជអាវុធហត្ថមួយក្រុមទៀតចុះប្រមូលលុយពី បនល្បែងស៊ីសងខុសច្បាប់ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យនៅទូទាំង ក្រុងប៉ោយប៉ែត ដូចជាទីតាំងភ្នាល់បាល់ទាត់ កត់កន្ទុយលេខ បៀ អាប៉ោង យូគី បញ្ជល់មាន់ដែលកំពុងកើតមានព្រោងព្រាត ទាំងក្នុងបរិវេណកាស៊ីណូ តាមផ្ទះប្រជាពលរដ្ឋនិងហាងគុយទាវជាដើម។ ក្នុងមួយថ្ងៃៗប្រជាពលរដ្ឋនៅទូទាំងក្រុងប៉ោយប៉ែត បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើល្មើសក្នុងសង្គមដែល កើតមានយ៉ាងអនាធិបតេយ្យ ជាពិសេសទីតាំងបើកបនល្បែងស៊ីសងតាមប្រព័ន្ធអីុនធឺណេត ដែលគេនិយមហៅថា ហ្គេមអនឡាញ កំពុងពង្វក់ប្រជាពលរដ្ឋខ្មែរឲ្យចាញ់អស់លុយកាក់ ទ្រព្យសម្បត្តិ ហើយទីតាំងបនល្បែងស៊ីសងទាំងអស់ បើសិនជាគ្មានប្រាក់បង់ឲ្យមន្ត្រីកងរាជអាវុធហត្ថរបស់លោក ហម ម៉ុត ទេនោះ ពិតជាមិនអាចដំណើរការបានទេ។
ក្រុមអាជីវករមួយចំនួនបានលើកឡើងថា នៅពេលលោក ហម ម៉ុត មានសិទ្ធិអំណាចក្តោបក្តាប់ប្រភពចំណូលពីក្រុមឈ្មួញរកស៊ីដឹក ជញ្ជូនទំនិញឆ្លងកាត់ក្រុងប៉ោយប៉ែត ព្រោះតែលោក ហម ម៉ុត គឺជាជើងខ្លាំងដែលពូកែកាប់ដាវក្នុងការប្រមូលលុយពីក្រុមឈ្មួញរក ស៊ីដឹកជញ្ជូនទំនិញច្រើនឆ្នាំមកហើយ។ សូមរំលឹកថាក្រុមអាជីវកររកស៊ីដឹកជញ្ជូនទំនិញ ធំៗប្រចាំក្រុងប៉ោយប៉ែតបច្ចុប្បន្ននេះមានចំនួន ១២ នាក់រួចហើយ ដែលបានបង់លុយជូនកងកម្លាំងរាជអាវុធហត្ថរបស់លោក ហម ម៉ុត គឺក្នុងម្នាក់បង់ចាប់ពី១ម៉ឺនដល់១ម៉ឺន៥ពាន់បាត ហើយក្រុមអាជីវករតូចតាចខ្លះទៀតក៏មានជាប់កាតព្វកិច្ចប្រចាំខែ ផងដែរ៕