ខេត្តកំពតៈ មន្ត្រីក្រោមឪវាទ មួយចំនួន បានបង្ហើបឲ្យដឹងថា លោកអ៊ុក ភារុណ បានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ធ្វើអ្វីៗតាមតែអំពើចិត្ត នាំឲ្យមន្ត្រីជាច្រើនខឹងសម្បាយ៉ាងខ្លាំង ហើយទម្លាយរឿងអាស្រូវពុករលួយ របស់លោក អ៊ុក ភារុណ ចេញមកក្រៅ ជាបន្តបន្ទាប់ដូចជា ការរក្សាទុកឈ្មោះមន្ត្រីខ្មោច ដែលមិនមកបម្រើការងារក្នុងមន្ទីរ ច្រើនឆ្នាំមកហើយ សូម្បីតែការរៀបចំកសាងមន្ទីរ ក្រាលឥដ្ឋការ៉ូឡា និងការជួសជុលបន្តិចបន្តួច ក៏មានការបំប៉ោងតម្លៃ តាមរបៀបពុករលួយ។ មន្ត្រីមួយចំនួន បានលើកឡើងថា លោក អ៊ុក ភារុណ បានកាន់តំណែងជាប្រធានមន្ទីរ រយៈពេល ២០ឆ្នាំកន្លងមកហើយ មានឱកាសប្រព្រឹត្តអំពើពុករលួយ តាមតែអំពើចិត្ត ហើយអាចធ្វើអ្វីៗ ដើម្បីបម្រើមហិច្ឆតាផ្ទាល់ខ្លួន ជាជាងការគិតគូរកែទម្រង់។
លោក អ៊ុក ភារុណ មានអំណាចប្រព្រឹត្ត អំពើពុករលួយកិបកេងប្រាក់ជំពូក លាក់ទុកឈ្មោះមន្ត្រីខ្មោច កេងប្រវ័ញ្ចញើសឈាមមន្ត្រីតូចតាច គ្មាននរណាហ៊ានដេញដោល ពីភាពអសកម្មរបស់លោក អ៊ុក ភារុណ នោះទេ មិនដឹងជាមានអាថ៌កំបាំងអ្វី។ ដូច្នេះលោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ គួរតែកែទម្រង់ បញ្ហាអស់ទាំងនេះឡើងវិញ តាមរយៈការចាត់តាំង ក្រុមសវនកម្មផ្ទៃក្នុង ឬមន្ត្រីអធិការកិច្ច ឲ្យចុះមកស៊ើបអង្កេត ត្រួតពិនិត្យ ការលាក់ទុកឈ្មោះមន្ត្រីខ្មោច ការកិបកេងប្រាក់ជំពូក និងការបំប៉ោងតម្លៃ លើការបញ្ជាទិញ សម្ភារៈបរិក្ខារផ្សេងៗ ឲ្យមានតម្លាភាពស្របតាមគោលការណ៍ កែទម្រង់ស៊ីជម្រៅ ដើម្បីលុបបំបាត់ភាពអសកម្ម និងអំពើពុករលួយឲ្យដល់ប្ញសគល់។
លោក អ៊ុក ភារុណ មានជំនាញប្រព្រឹត្ត អំពើពុករលួយ និងពូកែលាក់កំបាំងរឿងពិត ដើម្បីប្រមូលផលប្រយោជន៍ ច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន សូម្បីតែក្រុមអធិការកិច្ច និងក្រុមសវនកម្ម ដែលធ្លាប់ចុះទៅពិនិត្យ ឯកសារពាក់ព័ន្ធនានា ក៏រកអត់ឃើញកំហុស លើកលែងតែមន្ត្រីមួយចំនួន ដែលធ្លាប់ដឹងរឿងរ៉ាវ របស់លោក អ៊ុក ភារុណ បានលួចទម្លាយរឿងអាស្រូវទាំងនោះ ចេញមកក្រៅ។ បញ្ជាក់ផងដែរថា លោក អ៊ុក ភារុណ បានលាក់ឈ្មោះ មន្ត្រីម្នាក់ឈ្មោះ លាប់ ចេស្តា ដែលបានទៅ បម្រើការងារនៅអង្គការស៊ីម៉ាក់ តាំងពីការបង្កើតដំបូង រហូតដល់សព្វថ្ងៃ មិនដែលមានមុខ ចូលមកបម្រើការងារទេ ហើយប្រាក់ខែរបស់ឈ្មោះ លាប់ ចេស្តា ត្រូវលោកប្រធានមន្ទីរ អ៊ុក ភារុណ បើកយកជាប់ជាប្រចាំ ហើយនៅពេលមានការចុះ មកត្រួតពិនិត្យមុខមន្ត្រី ទើបលោក អ៊ុក ភារុណ ទូរស័ព្ទហៅឈ្មោះ លាប់ ចេស្តា ឲ្យមកបង្ហាញវត្តមាន មិនដែលខានម្តងណាឡើយ។
ជាងនេះទៅទៀត លោក អ៊ុក ភារុណ ក៏បានលួចលាក់ ស៊ីប្រាក់ខែអនុប្រធានមន្ទីរម្នាក់ឈ្មោះ ណុប ប៉ុណ្ណារ៉េត ខណៈដែលបានចូលបម្រើការងារ ជាប្រធានសាខាក្រុមហ៊ុន កាំមីនតែល ប្រចាំខេត្តកំពត គឺឈ្មោះ ណុប ប៉ុណ្ណារ៉េត បានបើកប្រាក់ខែជាទៀងទាត់ ទោះជាមិនដែលមានមុខ មកបម្រើការងារក៏ដោយ កើតចេញពីគំនិតពុករលួយ របស់លោក អ៊ុក ភារុណ តែម្តង។ ក្រុមមន្ត្រីតូចតាច ក៏បានបង្ហើបឲ្យដឹងផងដែរថា ចំពោះគម្រោងចំណាយ សម្រាប់ការងាររដ្ឋបាល ស្ថិតក្រោមប្រាក់ជំពូកមួយចំនួន ដូចជាលុយរបបបេសកកម្ម លុយសម្រាប់ទិញសម្ភារៈផ្សេងៗ ដែលលុយជំពូកនេះ ក្នុងមួយឆ្នាំរដ្ឋបានផ្តល់ចំនួន ៨លើក គឺក្នុងមួយលើក យ៉ាងតិចបំផុត ២,៥ លាន ទៅ ៣ លានរៀល ប៉ុន្តែមិនបានយកមកប្រើប្រាស់ សម្រាប់ការចាយវាយ ជាក់ស្តែងនោះទេ គឺលោក អ៊ុក ភារុណ បានអត្តនោម័តធ្វើរបាយការណ៍ ឬវិក្កយបត្រក្លែងបន្លំ ប្រមូលប្រាក់ជំពូកទាំងនោះ ទៅច្រកហោប៉ៅផ្ទាល់ខ្លួនយ៉ាងរំភើយ។
ចំពោះបញ្ហាមួយទៀត គឺការកិបកេងលុយ សម្រាប់រៀបក្រាលឥដ្ឋការ៉ូឡា និងការថែទាំជុំវិញមន្ទីររយៈពេល ៣ឆ្នាំ ជាប់គ្នា ដោយនៅឆ្នាំ២០១១ រដ្ឋបានផ្តល់លុយចំនួន ៥០លានរៀល និងឆ្នាំ ២០១២-២០១៣ រដ្ឋបានទម្លាក់លុយឲ្យ ក្នុងមួយឆ្នាំៗ ៤៧លានរៀល ប៉ុន្តែនៅពេលលុយគម្រោងនេះ ធ្លាក់មកម្តងៗ លោក អ៊ុក ភារុណ ទៅបើកស្ងាត់ៗតែម្នាក់ឯង មិនដឹងជាយកទៅចំណាយអ្វីខ្លះទេ សូម្បីតែបេឡា ជាអ្នកកាន់លុយក៏មិនដឹង គឺលោក អ៊ុក ភារុណ សម្រេចអ្វីៗតាមរបៀបអត្តនោម័ត ក្នុងន័យប្រមូលច្រកហោប៉ៅ បម្រើមហិច្ឆតាផ្ទាល់ខ្លួនតែម្តង។ ជាមួយគ្នានេះ លោក អ៊ុក ភារុណ ក៏បានជួលដីបរិវេណរបងមន្ទីរ ឲ្យទៅក្រុមអាជីវករលក់ដូរ ចំនួន ១០នាក់ ក្នុងនោះមានមន្ត្រី បម្រើការងារក្នុងមន្ទីរ តែម្នាក់ប៉ុណ្ណោះ មិនដឹងជាលោក អ៊ុក ភារុណ ប្រមូលបានចំណូលប៉ុន្មាននោះទេ ក្នុងមួយខែៗ។ លោក ប្រាក់ សុខុន ស្រាវជ្រាវពីភាពអសកម្ម និងអំពើពុករលួយ របស់លោក អ៊ុក ភារុណ ឡើងវិញផង ឲ្យស្របតាម កំណែទម្រង់ស៊ីជម្រៅ ព្រោះបច្ចុប្បន្ននេះ លោក អ៊ុក ភារុណ មានអំណាច ប្រព្រឹត្តអំពើពុករលួយ ដោយមិនក្រែងញញើត ចំណាត់ការរបស់អង្គភាព ប្រឆាំងអំពើពុករលួយ ៕