ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅតំបន់បឹងស្នោ ស្ថិតនៅភូមិតាងៅ ភូមិបឹងឈូក និងភូមិកោះនរា សង្កាត់និរោធ ក្នុងខណ្ឌមានជ័យ បាននិងកំពុងនាំគ្នា និយាយរិះគន់ធ្ងន់ៗ ចំពោះថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន តាំងពីថ្នាក់លើកំពូលៗ ដល់ថ្នាក់ក្រោម ដែលបានបណ្ដោយឲ្យឈ្មួញឯកជន បូមខ្សាច់ពីទន្លេ យកទៅចាក់បំពេញ បឹងបួរនៅម្ដុំនោះ ធ្វើជាកម្មសិទ្ធិបុគ្គល និងបក្ខពួកមួយក្ដាប់តូចស្ទើរអស់… ធ្វើឲ្យធ្វើឲ្យពួកគាត់ទទួលរង នូវការលិចលង់ ខួបប្រាំងខួបវស្សា ដោយសារតែការជ្រាបទឹក ពីការបូមខ្សាច់នោះផង និងដោយសារតែលែងមានបឹងបួរ សម្រាប់រំដោះទឹកតទៅទៀតផង ព្រមទាំងដោយសារតែ គ្មានប្រព័ន្ធលូទឹកត្រឹមត្រូវ សម្រាប់បង្ហូរទឹកចេញ ពីតំបន់នោះផងដែរ ។
បងប្អូនប្រជាពលរដ្ឋ បាននិយាយប្រាប់ថា អ្វីដែលធ្វើឲ្យពួកគាត់ កាន់តែនឹកហួសចិត្តយ៉ាងខ្លាំងនោះគឺ ក្រៅពីអាជ្ញាធរបានបណ្ដោយឲ្យពួកឈ្មួញ បូមខ្សាច់ចាក់លុបបឹងធម្មជាតិ យកទៅធ្វើជាកម្មសិទ្ធិ ធ្វើឲ្យអស់អាងស្តុកទឹកតទៅទៀត និងធ្វើឲ្យលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សារួចហើយ អាជ្ញាធរ សង្កាត់ / ខណ្ឌ / រាជធានី ហាក់មិនយកចិត្តទុកដាក់ ក្នុងការធ្វើប្រព័ន្ធលូ ឲ្យបានត្រឹមត្រូវ ដើម្បីបង្ហូរទឹកចេញ ពីតំបន់នោះទេ ។
ប្រជាពលរដ្ឋ នៅក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ ដែលរស់នៅ និងមានដីជិតទីតាំងបុរី ប៉េង ហួត បានបញ្ជាក់ប្រាប់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ម្ចាស់បុរី ប៉េង ហួត បាននិងកំពុងបន្តបូមខ្សាច់ លាយដោយទឹក ចាក់បំពេញបឹងស្នោ ក្នុងទំហំរាប់សិបហិកតា ធ្វើឲ្យបាត់បង់រូបភាព ផ្ទៃបឹងធម្មជាតិអស់ទៅហើយ ដោយជំនួសមកវិញនូវ ដីខ្សាច់ដែលមានគំនរ យ៉ាង ខ្ពស់គរដូចភ្នំ ត្រូវគេយកទៅធ្វើ ជាកន្លែងសាងសង់ សំណង់បុរីជាវីឡា និងផ្ទះល្វែង លក់ដូរក្នុងតម្លៃរាប់ម៉ឺន និងរាប់សែនដុល្លារ ដែលម្ចាស់បុរីនោះ ទទួលបានលុយ រាប់លានដុល្លារ យ៉ាងសប្បាយចិត្តបំផុត ។ ប៉ុន្តែផ្ទុយទៅវិញ ផ្ទៃបឹងធម្មជាតិ ជាទ្រព្យសម្បត្តិរដ្ឋ ឬជាទ្រព្យសម្បត្តិសាធារណៈ ដែលជាអាងស្តុកទឹក ឬជាប្រព័ន្ធជួយបង្ហូរទឹក ដ៍មានសារប្រយោជន៍បំផុត បែរជាត្រូវវិនាសបាត់បង់ ដោយមិនដឹងជាទទួលបាន នូវគុណតម្លៃអ្វីជាថ្នូរមកវិញ ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋនោះទេ ។
បន្ថែមពីលើនេះ ប្រជាពលរដ្ឋរស់នៅ និងមានដីនៅក្បែរៗបុរី ប៉េង ហួត បាននិយាយប្រាប់ ស្ទើរគ្រប់គ្នាទៀតថា ចាប់តាំងពីអាជ្ញាធរ បានអនុញ្ញាតិឲ្យ ក្រុមហ៊ុនបុរី ប៉េង ហួត បូមខ្សាច់ពីទន្លេ យកទៅចាក់លុប បឹងស្នោធម្មជាតិ ប៉ុន្មានឆ្នាំមកនេះ ដើម្បីយកទៅធ្វើជា កម្មសិទ្ធិឯកជន កាលណាមក វាបាននិងកំពុងធ្វើឱ្យ មានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ រាប់រយគ្រួសារ ដូចជាការធ្វើឲ្យតំបន់នោះ ត្រូវទឹកលិចលង់ខ្លាំងជាងគេ ខួបប្រាំងខួបវស្សា ដោយសារតែមាន ទឹកហូរជ្រាបជាប្រចាំ ចេញពីការបូមខ្សាច់ដាក់ ទីតាំងក្រុមហ៊ុនបុរី ប៉េង ហួត រាប់ខែរាប់ឆ្នាំមកហើយនោះ ។
បច្ចុប្បន្នប្រជាពលរដ្ឋ នៅតំបន់តាងៅបឹងស្នោ កំពុងរស់នៅដូចក្នុងអណ្ដូងអ៊ីចឹង ពីព្រោះថា ខាងកើតមានសំណង់បុរី ប៉េង ហួត ដែលគេចាក់ខ្សាច់ មានកំពស់ខ្ពស់ៗដូចភ្នំ… ឯទិសខាងត្បូង (ដែលធ្លាប់ជាផ្លូវទឹក អាចជួយបង្ហូរទឹកចុះ ទៅក្រោមបានខ្លះៗ) ឥឡូវក៍មានក្រុមហ៊ុន ឯកជនមួយចំនួនទៀត បានទៅចាក់ខ្សាច់ លុបបឹងនោះស្ទើរជិតឈឹងដែរ ដើម្បីយកដីទៅធ្វើជា សំណង់ផ្ទះល្វែងលក់ដូចគ្នា ប្រៀបដូចជាការបិទ ផ្លូវទឹកទាំងស្រុង មិនឲ្យទឹកអាចហូរ ពីខាងលើចុះក្រោម តទៅទៀតតែម្ដង ។ គួបផ្សំនឹងតំបន់ តាងៅបឹងស្នោ មិនទាន់មានប្រព័ន្ធលូ ស្រួលបួលត្រឹមត្រូវ ដែលអាចជួយបង្ហូរទឹក ចុះទៅប្រឡាយបារាំង នៅជាប់ពីខាងក្រោយ «វត្តនិរោធ» ឲ្យវាហូរចាក់ទៅទន្លេផងនោះ… គេសួរសំនួរដដែលៗថា «តើកម្រិតនៃការលិចលង់ ចំពោះប្រជាពលរដ្ឋ នៅភូមិតាងៅ ភូមិបឹងឈូក និងភូមិកោះនរា សង្កាត់និរោធ ក្នុងខណ្ឌមានជ័យ វាមានទំហំធំធេង ប៉ុនណាទៅ»?
ពាក់ព័ន្ធនឹងប្រព័ន្ធលូ បង្ហូរទឹកនេះដែរ មានបងប្អូនប្រជាពលរដ្ឋខ្លះ បាននិយាយរិះគន់ ដោយការងឿងឆ្ងល់ថា ធម្មតាប្រឡាយបារាំង ស្ថិតនៅខណ្ឌមានជ័យ គឺបានកើតមានឡើង តាំងពីជំនាន់បារាំង កាលសម័យកសាង រាជធានីភ្នំពេញ ពីដំបូងមកម្លេះ ដើម្បីបង្ហូរទឹកចេញពីតំបន់នោះ… តែពេលនេះមានគេចាក់ដី លុបប្រឡាយបារាំងនោះ អស់ជាច្រើនម៉ែត្រទៅហើយ ដោយដាក់លូដ៍តូចមួយ ហើយធ្វើជាស្ពានពីលើ ។ គេមិនដឹងថា តើការចាក់ដីលុបប្រឡាយបារាំង ដាក់លូដ៍តូចមួយ ហើយធ្វើស្ពានពីលើនេះ ជាការធ្វើឡើងដោយ អាជ្ញាធរខណ្ឌមានជ័យ ឬសាលារាជធានីភ្នំពេញ ឬយ៉ាងណានោះឡើយ… ហើយគេក៍មិនទាន់បានដឹងថា តើការធ្វើបែបនេះ ដើម្បីផលប្រយោជន៍អ្វី? ជាផលប្រយោជន៍បុគ្គល ឬផលប្រយោជន៍សាធារណៈនោះដែរ ។
ឯករណីពាក់ព័ន្ធនឹងការ ចាក់ខ្សាច់លុបបឹងធម្មជាតិ យកទៅធ្វើជាសំណង់បុរី ប៉េង ហួត ដើម្បីបម្រើផលប្រយោជន៍ឯកជន និងបក្ខពួកមួយក្ដាប់តូចនោះវិញ ត្រូវសាធារណជននាំគ្នារិះគន់ ជាច្រើនឆ្នាំមកហើយថា វាជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍សាធារណៈ… ព្រោះថា ការអភិវឌ្ឈន៍របៀប «មុខស កខ្មៅ» នេះ វាធ្វើឲ្យបាត់បង់អាងស្តុកទឹកផង និងធ្វើឲ្យបាត់បង់ផ្លូវទឹក ដើម្បីបញ្ចៀសទឹកពីការលិចលង់ ដោយជំនន់ផ្សេងៗនោះផង ។ ត្រង់នេះត្រូវប្រជាពលរដ្ឋ និយាយពេញៗមាត់ថា ការបូមខ្សាច់ចាក់លុប បឹងជាច្រើនហិកតា ដែលមើលទៅមានកំពស់គរដូចភ្នំ របស់ក្រុមហ៊ុនបុរី ប៉េង ហួត ក្រៅពីវាធ្វើឲ្យជ្រាបទឹក បណ្ដាលឲ្យលិចលង់ផ្ទះ និងដីធ្លីប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សា វាក៍អាចធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្បែរៗនោះ ត្រូវប្រឈមមុខនឹង គ្រោះថ្នាក់ផ្សេងៗ ដោយសារតែការបាក់របងបុរី ជ្រេលខ្សាច់ដូចភ្នំ រលំមកសង្កត់ពីលើផ្ទះ និងដីធ្លីរបស់ពួកគាត់ ជាយថាហេតុនោះដែរ ។
បើតាមព័ត៌មានថា កន្លងមកក៍ដូចជាបច្ចុប្បន្ន មានការបាក់ដួលរលំ របងទប់ខ្សាច់ដូចភ្នំ របស់ក្រុមហ៊ុនបុរី ប៉េង ហួត ជាបន្តបន្ទាប់ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្បែរៗរបងបុរីនោះ ត្រូវប្រឈមមុខនឹង គ្រោះថ្នាក់បំផុត ដែលមានអ្នកខ្លះ ត្រូវបង្ខំចិត្ត ចាកចេញពីផ្ទះសម្បែង លែងហ៊ាននៅផ្ទះ ជាបណ្ដើរៗហើយ ។ ដែលបញ្ហានេះ អាជ្ញាធរមូលដ្ឋាន មិនត្រូវព្រងើយកន្តើយ នៅស្ងៀមចាំឱបដៃ ឈរមើលនោះទេ ព្រោះក្រុមហ៊ុនចូលចិត្ត ធ្វើអ្វីៗដើម្បីតែចង់បាន ផលចំណេញប៉ុណ្ណោះ… ដូច្នេះបើអាជ្ញាធរមូលដ្ឋាន ចេះបានត្រឹមតែលុតក្រាប ជាមួយថៅកែក្រុមហ៊ុន ដើម្បីតែលាភសក្ការៈផ្សេងៗ ដោយមិនសូវយកចិត្តទុកដាក់ ជួយដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋទេនោះ ប្រជាពលរដ្ឋម្ចាស់ឆ្នោត ច្បាស់ជារងាហើយ ថែមទាំងលិចលង់ទឹក ឬលិចលង់ខ្សាច់ ជាក់ជាមិនខានឡើយ ។
ថ្មីៗនេះឮព័ត៌មានថា ឆ្លៀតពេលប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅតំបន់បឹងស្នោ ភូមិតាងៅ ភូមិបឹងឈូក និងភូមិកោះនរា សង្កាត់និរោធ ក្នុងខណ្ឌមានជ័យ ដែលរហូតមកដល់ ខែប្រាំងនេះហើយ នៅតែលិចលង់ផ្ទះសម្បែង និងដីធ្លីភាគច្រើនទៀតនោះ ក្រុមហ៊ុនបុរី ប៉េង ហួត បានឲ្យតំណាងរបស់ខ្លួន សហការជាមួយអាជ្ញាធរ សង្កាត់និរោធ ក្នុងការចុះទៅទិញដី ប្រជាពលរដ្ឋដែល នៅជាប់របងបុរី ដោយឲ្យតម្លៃថោកៗ… ព្រោះពួកគេតែងយកលេសថា ដីទាំងនោះជាដីលិចទឹក មិនសូវមានតម្លៃខ្ពស់ ដូចដីនៅខាងលើៗ ជាប់ផ្លូវបេតុងឡើយ…Sic !
ម្ចាស់ដីទាំងនោះ បាននិយាយថា ដីរបស់ពួកគាត់លិចទឹក ដោយសារតែក្រុមហ៊ុនបុរី ប៉េង ហួត បូមខ្សាច់ចាក់លុបបឹងធម្មជាតិ ធ្វើឲ្យបាត់បង់អាង ស្តុកទឹកធម្មជាតិ និងបាត់បង់ផ្លូវទឹកហូរចេញ… ម្យ៉ាងក៍ដោយសារក្រុមហ៊ុននេះ បូមខ្សាច់លាយទឹក យកទៅចាក់បំពេញ លើដីបុរីរបស់ខ្លួន អត់មានឈប់ឈរសោះ ធ្វើឲ្យមានទឹកហូរជ្រាប មកលើដីប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សា និងម្យ៉ាងទៀតដោយសារតែ អាជ្ញាធរមូលដ្ឋាន សង្កាត់ / ខណ្ឌ / រាជធានី មិនបានធ្វើប្រព័ន្ធលូបង្ហូរទឹក ឲ្យបានត្រឹមត្រូវតាមស្តង់ដារ ដើម្បីជួយរំដោះទឹកចេញ ពីតំបន់នោះផងដែរ ។ គេមិនដឹងថា ការមិនទាន់ធ្វើប្រព័ន្ធលូ បង្ហូរទឹកចេញពីតំបន់នោះ វាកើតឡើងដោយសារបញ្ហាអ្វីផ្សេង ឬក៍ជាចេតនាចង់ទុកឲ្យតំបន់នោះ ត្រូវលិចទឹក ធ្វើឲ្យដីនៅតែមានតម្លៃថោក ឬយ៉ាងណានោះទេ ។
ប៉ុន្តែមានប្រជាពលរដ្ឋ ជាម្ចាស់ដីមួយចំនួន បាននិយាយថា បើទោះបីដីនៅតំបន់នោះ នៅមានតម្លៃថោកយ៉ាងណា ក៍វានៅតែជាដីកម្មសិទ្ធិ របស់ពួកគាត់ដដែល… ហើយបើក្រុមហ៊ុន នៅតែឲ្យតម្លៃថោក មិនបានសមរម្យ ដែលពួកគាត់អាច នឹងយកទៅទិញដី នៅតំបន់ផ្សេងបានទេ ក៍ពួកគាត់មិនលក់ដែរ… ទោះបីមានអ្នកខ្លះលក់ ក៍លក់ទៅជាសិទ្ធិរៀងខ្លួន ។ ពួកគាត់បានបញ្ជាក់ថា ក្រុមហ៊ុនមានសិទ្ធិ ទិញតែដីជាប្លង់ៗទេ គឺមិនមានសិទ្ធិទិញផ្លូវឡើយ ។ ផ្លូវទាំងនោះជាផ្លូវសាធារណៈ ដែលបានគូសវាស ដោយអាជ្ញាធរមូលដ្ឋាន ។ ចឹងទេ ! ទោះបីក្រុមហ៊ុន បានទិញដីតំបន់នោះ បានខ្លះៗហើយក៍ដោយ ឲ្យតែទុកផ្លូវ ឬកុំបិទផ្លូវសាធារណៈ សម្រាប់ទុកឲ្យអ្នកមិនទាន់លក់ ឬអ្នកមិនលក់ប្រើប្រាស់ទៅ វាចប់ហើយ… គ្មានបញ្ហាអ្វីទេ ។ តែបើក្រុមហ៊ុនចង់ទិញ ត្រូវតែឲ្យតម្លៃខ្ពស់សមរម្យ ដែលអាចឲ្យពួកគាត់ទៅរកទិញដី នៅតំបន់ផ្សេងៗ ឬក្បែរៗនោះបាន ក៍ពួកគាត់មិនទុកធ្វើអីដែរ គឺពួកគាត់លក់ឲ្យភ្លាម…។
ទោះបីយ៉ាងណា ប្រជាពលរដ្ឋ បានសំណូមពរថា សូមឲ្យលោក គួច ចំរើន អភិបាលខណ្ឌមានជ័យ ក៍ដូចជាលោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ ត្រូវតែជួយបញ្ឈប់ កុំឲ្យក្រុមហ៊ុនបុរី ប៉េង ហួត បន្តបូមខ្សាច់ចាក់ដី បុរីរបស់ខ្លួនតទៅទៀត… ព្រោះវាធ្វើឲ្យលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋ និងធ្វើឲ្យបាក់រលំ របងបុរីនោះជាបន្តបន្ទាប់ ។ លើសពីនេះ ពួកគាត់ក៍សុំឲ្យពួកឈ្មួញទាំងអស់ ដែលបូមខ្សាច់លុបបឹងធម្មជាតិ យកដីទៅសាងសង់សំណង់ផ្សេងៗ នៅតំបន់តាងៅបឹងស្នោនោះ ត្រូវតែធ្វើប្រព័ន្ធលូបង្ហូរទឹក ឲ្យប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗ សំណង់របស់ខ្លួនផងដែរ ។ មួយវិញទៀត ពួកគាត់ក៍សុំឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើប្រព័ន្ធលូបង្ហូរទឹក ឲ្យបានល្អត្រឹមត្រូវ អាចប្រើការបាន ដើម្បីរំដោះទឹកចេញពីតំបន់នោះ ឲ្យហូរចាក់ទៅប្រឡាយបារាំងចុះទៅទន្លេ ដោយគ្មានការរាំងស្ទះតទៅទៀត ។
គួររំលឹកត្រួសៗថា ខណ្ឌមានជ័យ ត្រូវបានថ្នាក់លើកំពូលៗ ប្រគល់ទៅឲ្យលោក គួច ចំរើន ធ្វើជាអភិបាលខណ្ឌ គ្រប់គ្រងដឹកនាំ ជាច្រើនអាណត្តិមកហើយៗ ទោះបីខណ្ឌដ៍ធំមួយនេះ សម្បូរណ៍ជនជាតិវៀតណាម រស់នៅច្រើនជាងខណ្ឌផ្សេងៗក្ដី ក៍គណបក្សប្រជាជនកម្ពុជា នៅតែចាញ់ឆ្នោតខែកក្កដា ឆ្នាំ២០១៣ នៅក្នុងខណ្ឌមានជ័យនេះ គួរឲ្យអាម៉ាស់បំផុតដែរ ដែលចំណុចសំខាន់នេះ ទាំងថ្នាក់លើកំពូលៗ និងទាំងលោក គួច ចំរើន ខ្លួនឯងផ្ទាល់ ច្បាស់ជាបានដឹង ពីមូលហេតុខ្លះៗ ជាមិនខានទេ ។ បើនៅតែរបៀបនេះទៀត… (មិនផ្លាស់ប្ដូរ ឬមិនកែទម្រង់ ឲ្យស៊ីជម្រៅ ពិតប្រាកដ) ទោះបីថ្នាក់លើ បានដកលោក កែប ជុតមា ដាក់លោក ប៉ា សុជាតិវង្ស ឲ្យធ្វើជាប្រធាន គណបក្សប្រជាជនកម្ពុជា ប្រចាំនៅរាជធានីភ្នំពេញ និងជាអភិបាល រាជធានីភ្នំពេញ រួចហើយក៍ដោយ ក៍អាណត្តិក្រោយ នៅរាជធានីភ្នំពេញ ឬនៅខណ្ឌមានជ័យ ជាពិសេស នៅសង្កាត់និរោធ ច្បាស់ជានឹងកាន់តែ…. ។