0

មេ​ឈ្មួញ​ឧ​ក​ញ៉ា ​​ស៊ិន​ ​ឃីម​ រ​ក​​ស៊ី​​ប្រេង​​គេ​ច​ព​ន្ធ​ធំ​​ជា​ង​​គេ​តា​ម​​ព្រំ​​ដែន​​ខេ​ត្ត​​បាត់​​ដំ​បង​ និង​​ខេត្ត​​ប៉ៃ​លិន​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្រ្កាប​ឡើយ​

ប៉ែលិនៈ តាមសេចក្តីរាយការណ៍​ពី​មន្ត្រី​ប្រចាំ​ច្រកព្រំដែន​មួយចំនួន​បាន​ឲ្យ​ដឹងថា ជាធម្មតា​ឧកញ៉ា ស៊ិ​ន ឃីម បាន​នាំចូល​ប្រេងសាំង​មកពី​ស្រុក​សៀម ទៅតាម​សំណើពិសេស​មួយ​ដែលមាន​ការ​ឯកភាព​ពី​អភិបាលខេត្ត​ប៉ៃលិន ឲ្យ​យកមកប្រើ​ប្រាស់​​នៅតាម​តំបន់​ព្រំដែន ប៉ុន្តែ​ស្ថានភាព​នៃ​ការ​នាំចូល​ប្រេងសាំង​ជាក់ស្តែង​ឧកញ៉ា ស៊ិ​ន ឃីម នាំចូល​លើស​ចំនួន​កំណត់ ម្តងៗ​រាប់រយ​តោន​ឯណោះ គេ​មិនដែល​ឃើញ​ជំនាញ​គយ​របស់លោក លឹម សម្បត្តិ ត្រួតពិនិត្យ​ឬ​ទប់ស្កាត់​ពី​បញ្ហា​នេះ​ម្តង​ណា​​ឡើយ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​។ ជាគោលការណ៍​ឧកញ៉ា ស៊ិ​ន ឃីម ទទួលបាន​ការអនុញ្ញាត​ឲ្យ​នាំចូល​ប្រេងសាំង​មកប្រើប្រាស់​ឬ​ចែកចាយ​តែក្នុង​បរិវេណ​ទឹកដី​ខេត្ត​ប៉ៃលិន ប៉ុណ្ណោះ ក្នុង​ចំនួន​កំណត់​មួយប៉ុន្តែឧកញ៉ា ស៊ិន ឃីម ក៏បាន​ឃុបឃិត​ផ្តល់​ផលប្រយោជន៍​ឲ្យ​ជំនាញ​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​អាច​នាំចូល​ប្រេងសាំង​តាម​ខេត្ត​ប៉ៃលិន លើស​ចំនួន​ដែល​បានកំណត់​ម្តងៗ​រាប់រយ​តោន ហើយ​បន្ត​យកទៅលក់​ចែកចាយ​ដល់​បណ្តា​ស្រុក​មួយចំនួន​លើ​ទឹកដី​ខេត្តបាត់ដំបង ដូចជា​ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក​ជាដើម មិនដែល​មាន​នរណា​ហ៊ាន​ហើបមាត់​ទេ​។

ក្នុង​មួយខែៗ​ចំណូល​ថវិកាជាតិ​ត្រូវបាន​បាត់បង់​ច្រើនសន្ធឹក​សន្ធាប់​ដោយសារតែ​អំពើ​រត់ពន្ធ​ប្រេងសាំង​របស់​ឧកញ៉ា​ស៊ិន ឃីម តាម​ច្រកព្រំដែន​ខេត្ត​ប៉ៃលិន​យកទៅ​ចែកចាយ​ដល់​បណ្តា​ស្រុក​ជាច្រើន​ក្នុង​ខេត្តបាត់ដំបង មិន​ដែលមាន​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ចាត់វិធានការ​បង្ការ​ប​ង្ក្រា​ប​ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ ទុក​ឲ្យ​ឧកញ៉ា ស៊ិ​ន ឃីម ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។ គេ​មិនដឹងថា​ជំនាញ​គយ​ប្រចាំ​ច្រក​ព្រំ របស់លោក លឹម សម្បត្តិ និង​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន លោក អ៊ុក វណ្ណ​ច័ន្ទ ទទួលបាន​ផលប្រយោជន៍​ពី​ជំនួញ​ប្រេងសាំង​គេចពន្ធ​របស់​ឧកញ៉ា ស៊ិន ឃីម ប៉ុន្មាន​នោះទេ ក្នុង​មួយខែៗ​ប៉ុន្តែ​គេ​ដឹងថា​មេ​គយ​ចល័ត​ម្នាក់ ដែល​គ្រាន់តែ​បិទ​ភ្នែក​មើលមិនឃើញ​ការរត់ពន្ធ​ប្រេងសាំង​របស់​ឧកញ៉ា ស៊ិ​ន ឃីម ទទួលបាន​របប​ប្រចាំខែ​មិនតិចជាង​៤​ម៉ឺន​ដុល្លារ​នោះទេ​?។​

ឧកញ៉ា ស៊ិ​ន ឃីម ប្រកប​អាជីព​នាំចូល​ប្រេងសាំង​គេចពន្ធ ហើយ​បើ​បង់ពន្ធ​វិញ​យ៉ាងច្រើន​បំផុត​ត្រឹម​៦០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ជំនាញ​គយ​គ្រប់​ជាន់ថ្នាក់​សុទ្ធតែ​ទទួលបាន​របប​ប្រចាំខែ​ពី​ឧកញ៉ា ស៊ិ​ន ឃីម ជា​ទៀងទាត់​ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ ហើយ​គេ​មិនដឹងថា​ឧកញ៉ា ស៊ិ​ន ឃីម មាន​ខ្នងបង្អែក​ធំ​ប៉ុនណា​ទេ ទើប​គាត់​អាច​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត​ក្នុង​ការ​នាំចូល​ប្រេងសាំង​បង់ពន្ធ​មិន​គ្រប់​មក​លក់​ចែកចាយ​តាម​តំបន់​ព្រំដែន​យ៉ាង​អនាធិប​តេយ្យ។ គេចង់ឃើញ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ពិនិត្យមើល​ឡើងវិញ​អំពី​បែបបទ​ដែល​ឧកញ៉ា ស៊ិ​ន ឃីម នាំចូល​ប្រេងសាំង​មកពី​ស្រុក​សៀម យកមក​លក់​ចែកចាយ​ក្នុង​ខេត្ត​ប៉ៃលិន និង​បន្ត​ដល់​បណ្តាស្រុក​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង ព្រោះបានធ្វើឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ប៉ុន្តែ​ប្រាក់​ទាំងនេះ​បាន​ហូរ​ចូល​ហោប៉ៅ​មន្ត្រី​គយ​ពុករលួយ​មាន​លោក លឹម សម្បត្តិ និង​លោក អ៊ុក វណ្ណ​ច័ន្ទ ដែល​គិតគូរ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ងងើល​។​

ក្រៅពី​ជំនួញ​នាំចូល​ប្រេងសាំង​បង់ពន្ធ​មិន​គ្រប់​ឧកញ៉ា ស៊ិ​ន ឃីម បាន​ធ្វើជា​មេការ​គ្រប់គ្រង​កាស៊ីណូ ដល់​ទៅ​ពីរ​បី​កន្លែង​តាម​តំបន់​ព្រំដែន ហើយ​ពេលខ្លះទៀត ឧកញ៉ា ស៊ិន ឃីម បាន​យកឈ្មោះ​អ្នកតំណាងរាស្ត្រ​និង​ជា​ភរិយា​អភិបាលខេត្ត​ប៉ៃលិន ទៅប្រើ​ប្រាស់​ក្នុងការ​បំភិត​បំភ័យ​គំរាមកំហែង​មន្ត្រី​និង​សមត្ថកិច្ច​មួយចំនួន​មិន​ឲ្យ​កោសរូស ឬ​រំខាន​ជំនួញ​រកស៊ី​មិន​ស្របច្បាប់​របស់ខ្លួន​ផងដែរ​។ គេ​មិន​ច្បាស់​ទេ​ថា តើ​ឧកញ៉ា ស៊ិន ឃីម មាន​ទំនាក់ទំនង​អ្វី​ពិសេស​ជាមួយ​លោក ស្រី បាន ស្រីមុំ ដែលជា​ស្ត្រី​ដ៏​ល្បីល្បាញ​ធ្លាប់​ប្រឡូក​ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ខេត្ត​ប៉ៃលិន​នោះទេ ប៉ុន្តែ​ជា​ញឹកញាប់​គេ​មិនដែល​ឃើញ​លោកស្រី បាន ស្រីមុំ មានប្រតិកម្ម​ចំពោះ​រឿង​ដែល​ឧកញ៉ា ស៊ិន ឃីម យកឈ្មោះ​របស់គាត់​ទៅប្រើ​ប្រាស់​នោះទេ ធ្វើ​ឲ្យ​គ្រប់ៗ​គ្នា​សង្ស័យថា ជំនួញ​រកស៊ី​នាំចូល​ប្រេងសាំង​បង់ពន្ធ​មិន​គ្រប់​របស់​ឧកញ៉ា ស៊ិ​ន ឃីម ទំនង​ជាមាន​ភាគហ៊ុន​របស់​ភរិយា អភិបាលខេត្ត​ប៉ៃលិន​ហើយ​មើលទៅ។​ លោក លឹម សម្បត្តិ និង​លោក អ៊ុក វណ្ណ​ច័ន្ទ គិតគូរ​ពី​ការបង្កើន​ចំណូល​ពន្ធ​ឲ្យ​ស្រប​ទៅតាម​គោលការណ៍​កែទម្រង់​ស៊ីជម្រៅនោះទេ ព្រោះថា ការរកស៊ី​នាំចូល​ប្រេងសាំង​បង់ពន្ធ​មិន​គ្រប់​របស់​ឧកញ៉ា សុ​ិ​ន ឃីម បានផ្តល់​ផលប្រយោជន៍​ក្រោម​តុ ដែល​លោក លឹម សម្បត្តិ និង​លោក អ៊ុក វណ្ណ​ច័ន្ទ ប្រមូល​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ៕​

325-300x195

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com