ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បាននាំគ្នារិះគន់លោកស័ក្តិ៥ ម៉ែន ភិរម្យ ដែលកំពុងតែប្រើស្បែកជា មេបញ្ជាការរងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទៅធ្វើជាបង្អែកឲ្យបនល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ យីហោSport World 97.com ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ដោយដាក់ហ៊ុនហយ ជាមួយឈ្មោះ ធីដើមពោធិ៍ ដែលជាមេបនល្បែងស៊ីសងដុះស្លែ ប្រចាំអាណាចក្រប៉ោយប៉ែត ដោយមិនខ្លាចញញើតចំពោះ បទបញ្ជារបស់រាជរដ្ឋាភិបាល និងការឹតបន្តឹងរបស់ថ្នាក់លើនោះទេ។
ប្រជាពលរដ្ឋបានលើកឡើងថា បនល្បែងដុះស្លែនោះ ជារបស់ឈ្មោះ ធី ហៅ ធីដើមពោធិ៍ បានដាក់ហ៊ុនជាមួយ លោកប៉េអឹមពាក់សិក្ត័៥ ឈ្មោះ ម៉ែន ភិរម្យ ជាមេបញ្ជាការង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កំពុងក្លាយជាបនល្បែងស៊ីសងកាលីប រួមមានភ្នាល់បាល់ទាត់ តាមប្រព័ន្ធអនឡាញ ទើបបានប្តូរពីទីតាំងចាស់ ដែលជាលំនៅដ្ឋាន របស់ប៉ូលីស ការិយាល័យទេសចរណ៏ ខេត្តបន្ទាយមានជ័យឈ្មោះ រី ថុល ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់-ក្រុង ប៉ោយប៉ែត មកដាក់នៅទីតាំងថ្មី ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែតដដែល គ្មាននរណាហ៊ានប៉ះពាល់ទេ មិនដឹងជាមាន អាថ៌កំបាំងអ្វីនោះ បើទោះបីជាគេដឹងថា ការបើកបនល្បែងស៊ីសង ខុសច្បាប់បែបនេះ ប្រឆាំងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជដ្ឋាភិបាល យ៉ាងគឃ្លើនក៏ដោយ។
ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានបញ្ជាក់ថា ពួកអ្នកញៀនល្បែងទាំងនេះ កំពុងតែប្រឆាំងទៅនឹងអនុសាសន៏ ដ៏ថ្លៃថ្លារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាស ជាសាធារណៈថា អាណត្តិថ្មីនេះនឹងមានការ កែទម្រង់ដឹកនាំថ្មី ដ៏ស៊ីជម្រៅមួយពោលគឺ យើងត្រូវងូតទឹកដុះក្អែល ឆ្លុះកញ្ចក់ ប៉ុន្តែបើធើ្វមិនបានទេ មុខតែប្រើវិធីសាស្ត្រគ្រូពេទ្យវិញម្តង បើត្រូវព្យាបាលគឺព្យាបាល បើត្រូវកាត់ចោលគឺកាត់ចោលតែម្តង ប៉ុន្តែលោក ម៉ែន ភិរម្យ និងឈ្មោះ ធីដើមពោធិ៍ កំពុងតែជាន់ឈ្លី ចំពោះការប្តេជ្ញាចិត្តបែបនេះ ដោយងងឹតងងល់។ លោក ឳ បូរិន ជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ធ្លាប់បាន ណែនាំឲ្យមន្ត្រីថ្នាក់ក្រោម លុបបំបាត់ភាពអសកម្មទាំងអស់ ដើម្បីរួមចំណែកក្នុងការកែទម្រង់ ជាមួយរាជរដ្ឋាភិបាល ប៉ុន្តែលោក ម៉ែន ភិរម្យ បែរជាធ្វើមិនដឹងមិនឮ។
លោក ម៉ែន ភិរម្យ មេបញ្ជាការង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ មិនអាចសុំការបំភ្លឺបានទេ ពាក់ពន្ធ័នឹងការដាក់ហ៊ុន ឬធើ្វជាខ្នងបង្អែកឲ្យឈ្មោះ ធីដើមពោធិ៍ បើកបនល្បែងស៊ីសង នៅក្រុងប៉ោយប៉ែត ប្រណាំងប្រជែង ជាមួយក្រុមហ៊ុនកាស៊ីណូ ។ ទោះជាយ៉ាងណាក្តី លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ក៏ធ្លាប់បានឲ្យដឹងផងដែរថា បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ មិនឲ្យមានជាដាច់ខាត ដែលភាសារបែបនេះ ហាក់បង្ហាញពីភាពមិនសប្បាយចិត្ត ចំពោះសមត្ថកិច្ចដែលមិនស្តាប់ តាមការណែនាំរបស់ថ្នាក់លើ។ ប្រជាពលរដ្ឋចង់ឃើញ សមត្ថកិច្ចចាត់វិធានការ បង្ក្រាបបនល្បែងស៊ីសងដ៏ធំមួយនេះ ហើយកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដូចជាករណីស្ត្រីម្នាក់ នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ឈ្មោះយាយវិត ជាមេល្បែងយូគីស្ទូច ដើម្បីបង្ហាញពីតម្លាភាព៕