ខេត្ដតាកែវ ៖ មន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឈ្មោះ ចាន់ នី បានបង្កព្យុះភ្លៀងតាមតែទំនើងចិត្ត គឺមានបានបង្កើតប៉ុស្តិ៍ជជុះ ប្រចាំការនៅតាមបណ្ដោយផ្លូវជាតិលេខ២ខាងលិចផ្លូវវាង ក្រុងដូនកែវ ក្នុងភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវប្រដេញឡានដឹកទំនិញឲ្យចូលបង់លុយតាមតែទំនើងចិត្តដោយខំប្រឹងប្រែងប្រមូលលុយយ៉ាងអនាធិបតេយ្យយកទៅបង់ជូនមេកើយឈ្មោះអ្វីនោះទេ អាចនិយាយបានថាលោក ចាន់ នី បានយកបទបញ្ជារបស់ថ្នាក់លើទៅស្វែងរកផលប្រយោជន៍ច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងងងើល។
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញបានឲ្យដឹងថា នៅតាមផ្លូវជាតិលេខ២ ខាងលិចផ្លូវវាង ក្រុងដូនកែវ ក្នុងភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ គេសង្កេតឃើញលោក ចាន់ នី បានដាក់ប៉ុស្តិ៍ជជុះ ឡើងដុះស្លែទៅហើយ គឺដាក់ប៉ុស្តិ៍ជជុះចាំប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងបានចាត់តាំងមន្ត្រីជំនិតរបស់ខ្លួនឲ្យដាក់ប៉ុស្តិ៍ជជុះជាប់ជាប្រចាំនៅទីនោះទាំងយប់ទាំងថ្ងៃនិងមានត្រៀមរថយន្តសម្រាប់ប្រដេញតាមឡានដឹកទំនិញដែលភ្លេចចូលបង់លុយយ៉ាងប្រសេចប្រសាចផងដែរ។
តាមសម្ដីអ្នករកស៊ីនៅទីនោះបានឱ្យដឹងទៀតថា លោក ចាន់ នី និងបក្ខពួករបស់ខ្លួនបានដាក់ស្នាក់ការនេះចាំរាប់ក្បាលឡានយកលុយច្រើនខែឆ្នាំ មកហើយដើម្បីជំរិតទារប្រាក់ពីក្រុមឈ្មួញរកស៊ីគ្រប់ប្រភេទក្នុងមួយថ្ងៃរាប់លានរៀល និងមានក្រុមឈ្មួញខ្លះបង់ខែថែមទៀត មិនថាឈ្មួញរកស៊ីក្នុងស្រុក ឬក្រៅស្រុកឡើយ ឲ្យតែបើកបរឆ្លងកាត់ខេត្តគឺសុទ្ធតែបង់លុយឱ្យលោក ចាន់ នី ទាំងអស់ ។ ក្រុមឈ្មួញទាំងតូចទាំងធំដែលរកស៊ីដឹកជញ្ជូនទំនិញទាំងតាមផ្លូវទឹក និងតាមផ្លូវគោកឆ្លងកាត់ទឹកដីខេត្តតាកែវ សុទ្ធតែជាប់កាតព្វកិច្ចបង់លុយជូនលោក ចាន់ នី ជាប់ជាប្រចាំ គឺមិនអាចរំលងបានទេ ។
បន្ថែមលើសនេះទៀតគឺលោក ចាន់ នី បានពង្រាយកម្លាំងចុះប្រមូលលុយតាមកន្លែងសំខាន់ៗ ដូចជាលោក ចាន់ នី និងបក្ខពួកចុះទៅយកលុយមានកំពង់ទូកក្រោមខាងកើតផ្សារតាកែវ ឋិតនៅភូមិស្នោ ក្រុងដូនកែវ កំពង់ទូកថ្មស កំពង់ទូកកំពង់អំពិល ឋិតនៅស្រុកបុរីជលសា កំពង់ទូក ព្រែកតាម៉ៅ ស្រុកគីរីវង់ និងរថយន្ដដឹកទំនិញគ្រប់ប្រភេទចេញពីកម្ពុជាទៅវៀតណាម ពីវៀតណាមមកកម្ពុជា គឺត្រូវបង់លុយមួយទូក ឬមួយរថយន្តគឺ៦ម៉ឺនរៀលទៅ១២ម៉ឺនរៀល ហើយតាមកំពង់នីមួយៗ មានរាប់សិបទូក និងរាប់សិបរថយន្តក្នុងមួយថ្ងៃៗ ដែលត្រូវបង់ជូនលោក ចាន់ នី ។
រថយន្ដដឹកទំនិញ និងទូកដឹកទំនិញចេញចូលពីកម្ពុជា ទៅវៀតណាម សុទ្ឋតែត្រូវជាប់បង់លុយជូនលោក ចាន់ នីទាំងអស់ ។ បើពុំដូច្នេះទេទំនិញទាំងនោះ លោក ចាន់ នី ចាប់បង្ក្រាបយកស្នាដៃបង្អួតថ្នាក់លើជាក់ជាមិនខាន ទោះបីកន្លងមកលោកអភិបាលខេត្ដតាកែវ បានចេញបទបញ្ជា និងណែនាំយ៉ាងតឹងរ៉ឹងយ៉ាងណាក៏លោក ចាន់ នី មិនខ្ចីឈឺក្បាលវិលមុខយកចិត្តទុកដាក់អនុវត្ដតាមនោះទេ។
ជាគោលការណ៍អគ្គស្នងការនគរបាលជាតិបានចាត់តាំងមន្ត្រីនគរបាលសេដ្ឋកិច្ចឲ្យចុះតាមបណ្តាខេត្ត ដើម្បីស្រាវជ្រាវស្រង់ស្ថិតិពីបទល្មើសសេដ្ឋកិច្ច ហើយត្រូវរាយការណ៍មកថ្នាក់លើ ឬអាចសុំកម្លាំងសហការជាមួយមន្ត្រីជំនាញក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះបង្ក្រាបបទល្មើសទាំងនោះ ។ មន្ត្រីក្រសួងមហាផ្ទៃម្នាក់ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងលិខិតបេសកកម្មរបស់អគ្គស្នងការនគរបាលជាតិបានហាមឃាត់ជាដាច់ខាត មិនឲ្យដាក់ប៉ុស្តិ៍ជជុះជាអចិន្ត្រៃយ៍ការត្រៀមរថយន្តសម្រាប់ប្រដេញ ឬការរាប់ក្បាលឡាន ដឹកឈើយកលុយនោះទេ ។
ប៉ុន្តែអ្វីដែលលោក ចាន់ នី និងមន្ត្រីក្រោមឱវាទរបស់គាត់កំពុងបង្កព្យុះភ្លៀងនៅទូទាំងខេត្តតាកែវ ផ្គើនបំផុតទៅនឹងគោលការណ៍របស់ថ្នាក់លើមិនដឹងជាលោក ចាន់ នី អាងខ្សែទុយោថ្នាក់ណាខ្លះទេដែលទាមទារឲ្យអគ្គស្នងការនគរបាលជាតិ ពិនិត្យមើលបញ្ហានេះឡើងវិញផង មិនត្រូវបណ្តែតបណ្តោយឲ្យបុគ្គល ចាន់ នី ធ្វើអ្វីៗតាមតែអំពើចិត្តទៀតទេ ព្រោះភាពអនាធិបតេយ្យដែលកំពុងកើតមាន ជះឥទ្ធិពលមិនល្អដល់ថ្នាក់លើ៕