ភ្នំពេញៈ លោកសេន កូម៉ុន ប្រធានការិយាល័យប្រឆាំងការជួញមនុស្សនិងការពារអនីតិជន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានរងការចោទប្រកាន់ពីសំណាក់ក្រុមអ្នករកស៊ីប្រកបរបរម៉ាស្សា កោសជប់ក្នុងរាជធានីភ្នំពេញ ថាបានគាបសង្កត់ពួកគាត់ឲ្យបង់លុយប្រចាំខែ។
ក្រុមអ្នករកស៊ីប្រកបរបរម៉ាស្សា កោសជប់ បានត្អូញត្អែរថា ពួកគាត់រកស៊ីគឺបានត្រឹមតែម៉ារស់សម្រាប់ចិញ្ចឹមកូនចៅ ហើយរកស៊ីសម្រាប់តែចិញ្ចឹមសមត្ថកិច្ចតែប៉ុណ្ណោះ ហើយបើពួកគាត់មិនបង់លុយឲ្យទេ គឺគេរករឿងមិនបានរកស៊ីទេ។ ហើយឲ្យតែដល់ខែគឺសមត្ថកិច្ចដែលពាក់ព័ន្ធបាននាំគ្នាមកយកលុយពីពួកគាត់។ ហើយមានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឈ្មោះ សេន កូម៉ុន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ផ្លូវភេទនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យកូនចៅរបស់ខ្លួនដើរយកលុយពីពួកគាត់ប៉ុន្តែមិនបានយកតាមការឲ្យតាមសណ្តានចិត្តដូចជាសមត្ថកិច្ចផ្សេងទៀតនោះទេ ដោយបានដាក់កំណត់ឲ្យពួកគាត់បង់តាមការចង់បានរបស់ខ្លួន។
អ្នករកស៊ីប្រកបរបរម៉ាស្សា កោសជប់ បានបន្តថា ចំណែកអ្នកបើកហាងម៉ាស្សាធំៗ មួយចំនួនធំ អាជ្ញាធរមានសមត្ថកិច្ចមិនដែលហ៊ានទៅទារលុយនោះទេ ដោយសារតែមានអ្នកមានអំណាចនៅពីក្រោយ។ ប៉ុន្តែដូចជាអ្នករកស៊ីដូចជាពួកគាត់តូចតាចដែលមិនមានខ្នងបង្អែក គឺតែងតែរងការគាបសង្កត់គ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ។
ជាមួយគ្នានេះពួកគាត់ក៏បានសំណូមពរដល់មេប៉ូលិស និងមេប៉េសអឹមគួរត្រួតពិនិត្យមើលអំពីបញ្ហានេះផងកុំបណ្តែតបណ្តោយឲ្យកូនចៅដើរធ្វើបាបប្រជាពលរដ្ឋអ្នកប្រកបរបបរកស៊ីតូចតាច រកមួយថ្ងៃសម្រាប់តែមួយថ្ងៃនោះលោកសេន កូម៉ុន ដែលរងការចោទប្រកាន់ខាងលើនេះ មិនអាចសុំការបំភ្លឺបានទេ។
ទាក់ទងបញ្ហាមន្ត្រីប៉ូលិស ប៉េអឹម ដើរគាបសង្កត់អ្នករកស៊ីប្រកបរបរម៉ាស្សា កោសជប់ មិនអាចសុំការអត្ថាធិប្បាយពីលោកឧត្តមសេនីយ៍ រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថក្រុងភ្នំពេញ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕