0

ប្រធានច្រកអន្តរជាតិបន្ទាយចក្រី ឃុបឃិតឲ្យក្រុមឈ្មួញ នាំចូលទំនិញគេច ពន្ធមិនខ្វល់ពីច្បាប់ទំលាប់

ខេត្តព្រៃវែង៖ ​នៅ​ពេល​មាន​ផ្លូវ​ល្អ​ស្អាត​ត​ភ្ជាប់​ពី​ច្រក​ព្រំ​ដែន​បន្ទាយ​ចក្រី​មក​ផ្លូវ​ជាតិ​លេខ​១​ស្ថិត​ក្នុង​ទឹក​ដី​ស្រុក​ព្រះ​ស្តេច​ ខេត្ត​​ព្រៃវែង​ភាគ​ខាង​កើត​ទន្លេ​មេ​គង្គ​ គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​ ទាំង​តូច​ទាំង​ធំ ​បាន​រក​ស៊ី​ដឹក​ ជញ្ជូន​ទំនិញ​ គ្រប់​​ប្រភេទ​​មក​​ពី​វៀតណាម​និង​មាន​ការ​នាំ​ចេញ​កសិ​ផល​យ៉ាង​គគ្រឹក​គគ្រេង​ផង​ដែរ​ហើយ​លោក​នាយ​ប៉ុស្តិ៍​នគរ​បាល​អន្តោ​ប្រវេសន៍​ និង​​ជា​​ប្រធាន​ច្រក​បន្ទាយ​ចក្រី​រួម​ទាំង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដែល​ចុះ​ទៅ​ឈរ​ជើង​នៅ​តំបន់​នោះ​កំពុង​​សុខ​​ស្រួល​​ក្នុង​​ការ​​ប្រមូល​​លុយ​​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុស​ច្បាប់​មក​ពី​វៀតណាម​ជា​ពិសេស​ការ​នាំ​ចេញ​កសិ​​ផល​​របស់​​ឈ្មួញ​​តូច​តាច​ ក៏​រង​នូវ​ការ​គាប​ជំរិត​ ដោយ​គ្មាន​ការ​យោគ​យល់​អ្​វីឡើយ​។​

ក្រុមឈ្មួញមួយចំនួន បានអះអាងថា សព្វថ្ងៃនេះនៅច្រកបន្ទាយចក្រី មាននាំចេញនូវទំនិញច្រើនប្រភេទចុះទៅវៀតណាម ដូចជាស្រូវ ពោត សណ្តែក ដំឡូងមី ហើយក៏មានការប្រើប្រាស់ ច្រករបៀង ដើម្បីនាំចូលទំនិញគេចពន្ធ គេ​មិន​ដែល​ឃើញ​ជំនាញ​គយ និងសមត្ថកិច្ចដែលចុះទៅឈរជើង នៅទីនោះយកចិត្តទុកដាក់ បង្ការបង្ក្រាបការនាំចូលទំនិញគេចពន្ធ ម្តង​ណា​ឡើយ។ សមត្ថកិច្ចនិងមន្ត្រីជំនាញ ប្រចាំច្រកបន្ទាយចក្រី ជា​ពិសេស​លោក​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៏​ច្រក​បន្ទាយ​ចក្រីមានការផ្លាស់ប្តូរជីវភាពថ្មី យ៉ាង​លឿន​បំផុត​ ដោយសារការឃុបឃិត ឲ្យក្រុមឈ្មួញទាំងតូចទាំងធំ រក​ស៊ី​នាំ​ចូល​ទំនិញ​ខុស​ច្បាប់ និង​ទំនិញ​គេច​ពន្ធ​យ៉ាង​អនា​ធិប​តេយ្យ​ ហើយក៏មានការកោសរូសឈ្មួញតូចតាច តាមតែអំពើចិត្ត។

មានការបញ្ជាក់ផងដែរថា អំពើរត់ពន្ធប្រេងសាំង ប្រេងម៉ាស៊ូត ចូលមកក្នុងប្រទេសកម្ពុជា តាមច្រករបៀងតូចមួយ ចម្ងាយ​ប្រមាណ​៣០០ ពីប៉ុស្តិ៍ច្រកអន្តរជាតិ បន្ទាយចក្រី គឺផ្លូវនៅទល់មុខវត្តចក្រីសិរីមង្គល ក្នុងមួយយប់ៗមិនតិចជាង ២០​ទៅ​៣០​រថយន្តនោះទេ ដែលក្នុង១រថយន្តផ្ទុកបាន៧០ប៊ីដុង ដែលក្នុង១ប៊ីដុងមានចំណុះ៣០លីត្រ កើតចេញពីការបើកភ្លើងខៀវ របស់​លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៏ច្រកបន្ទាយចក្រីនេះតែម្តង។ ក្រុមឈ្មួញចេះតែសុខស្រួល ក្នុង​ការ​នាំ​ចូល​ប្រេង​សាំងគេចពន្ធ តាមច្រករបៀងបន្ទាយចក្រី យក​ទៅ​លក់​ចែកចាយនៅតំបន់អ្នកលឿង ទីរួមខេត្តព្រៃវែង និង​បន្ត​ដឹក​យក​ទៅ​លក់ដល់ ខេត្តកំពង់ចាម ក៏​ព្រោះ​តែ​ពួក​គេ​ចេះ​បែង​ចែក​ផលប្រយោជន៍ឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ កុំ​ឲ្យ​រំខាន​មុខ​របររត់ពន្ធ ប្រេងសាំងរបស់ពួកគេ។

ដោយឡែក ក្នុងភូមិសាស្ត្រដែលគ្រប់គ្រង ដោយប្រធានច្រកបន្ទាយចក្រី គេ​សង្កេត​ឃើញ​មាន​បទ​ល្មើស​ឆ្លង​ដែន​កើតឡើង គគ្រឹកគគ្រេង ដូចជាការនាំចេញកង់ បារី ស្ករស និងស្រា ទៅវៀតណាម មិនដែលមានការត្រួតពិនិត្យ ម្តង​ណា​ឡើយ​ គឺ​ពួក​គេ​អង្គុយ​ចាំកោសរូស បង្ខំឲ្យក្រុមឈ្មួញបង់លុយ។ ច្រកបន្ទាយចក្រី ទើប​តែ​ប្រកាស​បង្កើត​ទៅ​ជា​ប៉ុស្តិ៍​អន្តរ​ជាតិ​មួយ​ ប្រចាំ​ខេត្ត​ព្រៃវែង ក្នុងឆ្នាំ២០០៧ សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងបង្ក្រាបបទល្មើសឆ្លងដែន រវាង​ប្រទេស​កម្ពុជា-វៀតណាម ហើយសមត្ថកិច្ចដែលត្រូវបានចាត់តាំងឲ្យឈរជើងនៅទីនោះសង្វាតប្រមូលតែផលប្រយោជន៍យក​ទៅ​ច្រក​ហោប៉ៅដើម្បីចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន ។

គ្រាន់តែនៅលើកំណាត់ផ្លូវ ពីច្រកព្រំដែនបន្ទាយចក្រី មកទល់ផ្លូវជាតិលេខ១គេសង្កេតឃើញសមត្ថកិច្ចនាំគ្នាដាក់ប៉ុស្តិ៍ជជុះ តាមដងផ្លូវច្រើនស្អេកស្កះ ដើម្បីចាំរាប់ក្បាលឡានដឹកកសិផល ឬដឹកទំនិញគេចពន្ធបង្ខំឲ្យក្រុមឈ្មួញបង់លុយបង្កើត​ឲ្យ​មានភាពមិនប្រក្រតី ធ្ងន់ធ្ងរហើយក្រុមឈ្មួញ ទាំងតូចទាំងធំធ្លាប់បានដាក់ពាក្យប្តឹង ទៅកាន់អាជ្ញាធរខេត្តព្រៃវែង ក៏​ដូច​ជា​ក្រសួង​មហាផ្ទៃ ឲ្យជួយដោះស្រាយលុបបំបាត់ភាពអសកម្មទាំងនេះ ប៉ុន្តែមិនដែលមាននរណា អើពើម្តងណាឡើយ ធ្វើ​ឲ្យ​មន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយ គាបជំរិតក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញកាន់តែខ្លាំងឡើង។

គេចង់ឃើញផ្នែកពាក់ព័ន្ធ ចុះទៅស៊ើបអង្កេតមើល ពីភាពអសកម្មនិងអំពើពុករលួយ របស់​សមត្ថកិច្ច​ប្រចាំ​ច្រក​ព្រំ​ដែន​បន្ទាយ​ចក្រី ឡើងវិញផង ព្រោះនៅលើកំណាត់ផ្លូវប្រវែង ២៨,៥គីឡូម៉ែត្រ តភ្ជាប់ពីច្រកព្រំដែនបន្ទាយចក្រី នៃស្រុកព្រះស្តេច មកកាន់ផ្លូវជាតិលេខ១ ត្រង់ចំណុចវិទ្យាល័យល្វា ពាក់កណ្តាលប្រជុំជនកំពង់ត្របែក និងអ្នកលឿង មាន​ប៉ុស្តិ៍​ជជុះ​រាប់​សិប​កន្លែង​ ចាំគាបជំរិតកោសរូសឲ្យក្រុមឈ្មួញទាំងតូចទាំងធំ បង់លុយយ៉ាងអនាធិបតេយ្យបំផុត មិន​ដឹង​ជា​ពួក​គេ​ទទួល​បាន​គោល​ការណ៍ ពីខាងណាយកមកអនុវត្តន៍ទេ៕

images (1)

 

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com