ភ្នំពេញៈ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ល្មមចាត់វិធានការទៅលើមន្ត្រីនៅក្រោមឱវាទរបស់ខ្លួនមួយចំនួនដែលបានដើរបង្កព្យុះភ្លៀងក្នុងរាជធានីភ្នំពេញក្នុងការទៅគាបសង្កត់យកលុយពីអ្នករកស៊ីក្នុងក្រុងភ្នំពេញ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការមិនសប្បាយចិត្ត។
លោកទាំងពីរគួរតែត្រួតពិនិត្យមើលកូនចៅនៅក្រោមឱវាទរប់ខ្លួនឡើងវិញ កុំបណ្តែតបណ្តោយឲ្យធ្វើអ្វីស្រេចតែចិត្តដែលជាហេតុធ្វើឲ្យប៉ះពាល់ ដល់កិតិ្តយសកងរាជអាវុធហត្ថទូទាំងប្រទេស ដោយសារតែមន្ត្រីមួយចំនួនតូចដើរគាបសង្កត់យកលុយប្រចាំខែពីអ្នករកស៊ីទាំងនោះ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកសេន កូម៉ុន ប្រធានការិយាល័យប្រឆាំងការជួញមនុស្សនិងការពារអនីតិជន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើសកម្មភាពដើរយកលុយតាមកន្លែងម៉ាស្សាកោសជប់ តាមក្លឹប និងតាមផ្ទះសំ ណាក់មួយចំនួនក្នុងរាជធានីភ្នំពេញ ដោយបានយកឈ្មោះថ្នាក់ដឹកនាំទៅប្រើ ដើម្បីធ្វើឲ្យគេខ្លបខ្លាច។ ហើយមិនមែនមានតែមួយករណីនេះទេ នៅមានរឿងជាច្រើន ដែលអស់លោកមន្ត្រីកងរាជអាវុធហត្ថអន្ទ្រើសៗមួយចំនួនបានយកតួនាទីបុណ្យស័ក្តិទៅកាងល្បែងស៊ីសង (ហ្គេម) និងខ្លះទៅគាបសង្កត់ក្រុមឈ្មួញរកស៊ីខុសច្បាប់ឲ្យបង់លុយប្រចាំខែឲ្យខ្លួន។ មិនតែប៉ុណ្ណោះថែមទាំងបានយកឈ្មោះថ្នាក់លើទៅប្រើថែមទៀតផង។
ករណីនេះបើលោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មិនចាត់វិធានការទៅលើអស់លោកមន្រ្តីខិលខូចមួយចំនួននោះទេ គឺមានតែអង្គភាពប្រឆាំងអំពើពុករលួយទេ ដែលហ៊ានចាត់ការទៅលើមន្ត្រីពុករលួយអស់ទាំងនោះ។