ភ្នំពេញៈ ប្រធាន អនុប្រធាន និងប្រធានគណនេយ្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ត្រូវ បាន មន្ត្រី ក្រោមឱវាទបានធ្វើការចោទប្រកាន់ថា បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកិបកេងថវិកានៅក្នុងមន្ទីរ បំបាត់ចំណូលថវិកាដែលបានមកពីវិស័យឧស្សាហកម្មទេសចរណ៍ ក្នុងឆ្នាំ២០១៣ រាប់សិបលានរៀល។ប៉ុន្តែប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ចំពោះបញ្ហានេះលោកនឹងធ្វើលិខិតបំភ្លឺទៅរដ្ឋមន្ត្រីក្រសួងទទេសចរណ៍ ទាក់ទងការចោទប្រកាន់នេះ។ ក្រុមមន្ត្រីបម្រើការនៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតស្រាវជ្រាវ ទៅលើករណីអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
យោងតាមឯកសារបានលាតត្រដាងថា ចាប់តាំងពីប្រធានចាស់បានចូលនិវត្តន៍និងលោកប្រធានថ្មី អ៊ុចអ៊ុំ ភីនីស្សារ៉ា បានចូល កាន់មុខតំណែងជាប្រធានមន្ទីរមួយរយៈពេលមកនេះភ្លាម ក្នុងមន្ទីរទេសចរណ៍ខេត្តបាត់បងទាំងមូលចាប់ផ្ដើមលេច ចេញ មានអំពើពុករលួយ និងភាពមិនប្រក្រតីជាច្រើនតាមរយៈការសមគំនិតគ្នារវាងលោកប្រធានមន្ទីរ និងលោកអនុប្រធានមន្ទីរម្នាក់ទៀតឈ្មោះនួន ផា ព្រមទាំងលោកព្រឿង ឡុង ជាប្រធានការិយាល័យគណនេយ្យបង្កនូវភាពក្ដៅក្រហាយ ដល់ជួរមន្ត្រី ជាបណ្ដើរៗឥតឈប់ឈរ។ទឹកប្រាក់ចំនួនប្រមាណ១៦.៦០០.០០០រៀល ដែលបានមកពីចំណូលចំនួន ៤៩ភាគរយនៃ ឧស្សាហកម្មទេសចរណ៍ឆ្នាំ២០១៣ ត្រូវបានលោកប្រធានមន្ទីរនិងគូកនស៊ីដាច់ស្ទើរទាំងស្រុង។ លើសពីនេះ ប្រាក់បម្រើ ការងាររដ្ឋបាលក្នុងមន្ទីរដូចជាប្រាក់សម្រាប់ទិញសម្ភារៈបរិក្ខារ ប្រាក់ បេសកកម្ម និង របបប្រេងឥន្ធនៈព្រមទាំង ចំណូលមក ពីរមណីយដ្ឋានចំនួន៣កន្លែងក្នុងខេត្ត ត្រូវបានលោកប្រធានមន្ទីរនិ ង បក្ខពួកស៊ីដាច់ទាំងស្រុង ដែលមានតួអង្គសំខាន់ៗចំនួន៣នាក់ គឺលោកប្រធានមន្ទីរ អ៊ុចអ៊ុំភីនីស្សារ៉ា, លោកអនុប្រធានមន្ទីរ នួន ផា និងលោកប្រធានការិយាល័យគណនេយ្យ ព្រឿង ឡុង ព្រមទាំងមន្ត្រីជំនិតលោកប្រធានមន្ទីរ២-៣នាក់ទៀតប៉ុណ្ណោះ។
ជាមួយគ្នានោះមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានសូមសំណូមពរចំពោះលោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវនិងមានវិធាន ការ ឲ្យបានម៉ឺងម៉ាត់ទៅលើករណីអំពើពុករលួយនៅមន្ទីរទេសចរណ៍ ខេត្តបាត់ដំបងនេះផង។