0

លោក ម៉េង មេការក្រុមហ៊ុនទ្រីភាព ប្រមូលទិញឈើប្រណីតពីគ្រប់ទិសទី​ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្រ្កាប​ឡើយ​

ក្រុម​ហ៊ុន​ ឧកញ៉ា​ ទ្រី​ ភាព ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ ប្រមូល​ទិញ​ឈើ​ពី​ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ ២៧​តំបន់​ នៅ​តាម​បណ្តា​ខេត្តចំនួន១២ ទីដែលមានការបំផ្លាញព្រៃឈើយ៉ាងវិនាសហិនហោច ហើយជ្រកក្រោមអាជ្ញាប័ណ្ណប្រមូលទិញឈើ ពីតាមក្រុមហ៊ុនសម្បទាន និងឈើដែលបានមកពីការបង្ក្រាប របស់សមត្ថកិច្ចនិងមន្ត្រីជំនាញ ក្រុមហ៊ុន ទ្រី ភាព បាន​បង្កើត​ឲ្យមានកូនដៃ ចាំប្រមូលទិញឈើខុសច្បាប់ ពីប្រជាពលរដ្ឋឬឈ្មួញតូចតាចដទៃទៀត ក្នុងតម្លៃថោកៗ បន្ត​ដឹក​តាម​រថយន្ត​កុង​តឺន័រ ឬរថយន្តយីឌុប ចេញទៅលក់នៅក្រៅប្រទេស យ៉ាងសុខស្រួលបំផុត មិនដែលមាននរណា ហ៊ានប៉ះពាល់ទេ។

ដោយឡែកនៅក្នុងខេត្តព្រះវិហារ ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព បានចាត់តាំងមេការដ៏មានអំណាចម្នាក់ ជ្រក​ក្រោម​ស្បែក​ជា​សមត្ថកិច្ចផងដែរ គឺលោក ម៉េង ដើម្បីចាត់ចែងប្រមូលទិញឈើពីប្រជាពលរដ្ឋ ក្នុងតម្លៃថោកផងដែរ។ នៅក្នុងខេត្តព្រះវិហារ ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព មានសិទ្ធិគ្រប់គ្រង ការប្រមូលទិញឈើនៅក្នុងស្រុកឆែប ស្រុកជ័យសែន ស្រុករវៀង និង​ដែន​ជម្រក​សត្វព្រៃបឹងពែរ ដែលនៅទីនោះក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ក៏មានដីសម្បទានសេដ្ឋកិច្ច សម្រាប់វិនិយោគអភិវឌ្ឍន៍ ដាំដំណាំកៅស៊ូ ដំឡូងមី និងធ្វើចំការម្រេចផងដែរ។ ការគ្រប់គ្រងលើអាជីវកម្ម ប្រមូលទិញឈើពីតំបន់ដីសម្បទាន និង​ឈើ​ដែលបានមកពីការបង្ក្រាប របស់សមត្ថកិច្ចនិងមន្ត្រីជំនាញ គឺជាឱកាសដែលលោក ម៉េង អាចបង្កឲ្យមានភាពអនាធិបតេយ្យ នៃ​ការបំផ្លាញព្រៃឈើ តាមតែអំពើចិត្ត។

នៅក្នុងខេត្តព្រះវិហារ មានតែក្រុមហ៊ុន ទ្រី ភាព ក្រោមការចាត់ចែង របស់លោក ម៉េង ប៉ុណ្ណោះ ដែលចេញមុខខ្លាំងជាងគេ ក្នុងការប្រមូលទិញឈើ ពីឈ្មួញតូចតាច និងប្រជាពលរដ្ឋដែលចូលព្រៃ កាប់ឈើប្រណីត តាមតំបន់អភិរក្ស និង​តំបន់​ព្រៃ​ការពារ​ យកទៅលក់ឲ្យក្រុមហ៊ុន ទ្រី ភាព ក្នុងតម្លៃថោកបំផុត ហើយគ្មានក្រុមហ៊ុន ឬឈ្មួញណាម្នាក់ ហ៊ាន​ប្រជែង​ចូល​ទៅ​ប្រមូល​ទិញឈើ ក្នុងតំបន់ដែលក្រុមហ៊ុន ទ្រី ភាព គ្រប់គ្រងនោះទេ។ លោក ម៉េង ដែលជាមេការ របស់ក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្តព្រះវិហារ បានត្រូវដៃត្រូវជើង ជាមួយសមត្ថកិច្ច និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ហើយចេញបញ្ជា ឲ្យ​មាន​ការ​បង្ក្រាប​សកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ របស់ឈ្មួញមួយចំនួន ដែលមិនព្រមដឹកឈើ យកមកលក់ឲ្យក្រុមហ៊ុន ទ្រី ភាព ជា​ការ​បំបាក់​ស្មារតី មិនឲ្យឈ្មួញដទៃចូល ទៅរកស៊ីប្រជែង ជាមួយលោក ម៉េង។

ក្រុមហ៊ុន ទ្រី ភាព បានធ្វើអាជីវកម្ម កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើប្រណីត មកពីគ្រប់តំបន់ ដែល​មាន​ការ​បំផ្លាញ​ព្រៃឈើយ៉ាងរាលដាល នៅទូទាំងប្រទេសកម្ពុជា ដោយសារតែក្រុមហ៊ុននេះ មានទំនាក់ទំនងយ៉ាងជិតដិត ជា​មួយ​អ្នក​កាន់​អំណាច​ និងមានសម្ព័ន្ធភាពជាមួយ កងកម្លាំងប្រដាប់អាវុធ មន្ត្រីបរិស្ថាន មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្ស និង​សមត្ថកិច្ចដទៃទៀត ហើយក្នុងខេត្តព្រះវិហារនេះ លោក ម៉េង មានទំនាក់ទំនងល្អ ជាមួយថ្នាក់ដឹកនាំ និង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ ទើបអាជីវកម្មប្រមូលទិញឈើខុសច្បាប់ និងការបង្កើតទីតាំងស្តុកឈើ ជាច្រើនកន្លែងរបស់លោក ម៉េង មិន​ដែល​មាន​សមត្ថកិច្ច​ណាមួយ ហ៊ានទៅក្បែរទាល់តែសោះ៕

ksnews_143fd87c3b8280b8c5feb4f5968aa538-280x210

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com