ភ្នំពេញៈ មានមន្រ្តីរាជការបាននាំគ្នាខ្សឹបខ្សៀវចេញពីក្រសួងសាធារណការឲ្យដឹងថា នៅក្រសួងសាធារណការនិងដឹកជញ្ជូន មានការទាក់ទិនភាពមិនប្រក្រតីមួយចំនួននៃការបែងចែកផលប្រយោជន៍ ឬប្រាក់រង្វាន់លើកទឹកចិត្ដ ដែលបានមកពីការផ្ដល់សេវាសាធារណៈ មិនត្រូវបានបែងចែក ឱ្យមានសមភាព ក្នុងចំណោមមន្ត្រីពាក់ព័ន្ធនោះទេ គឺមានតែរដ្ឋមន្ដ្រី កូនប្រសាររដ្ឋមន្ដ្រី និងមន្ត្រីជំនិត ២-៣ នាក់ប៉ុណ្ណោះ ដែលអាចទទួលបានផល ពីលុយខ្មៅទាំងអស់នោះ មន្ត្រីដទៃគ្មានសិទ្ធិដឹងឮ និងសួរនាំនោះទេ។
ប្រភពខាងលើនេះបានលើកឡើងទៀតថា អំពីភាពមិនប្រក្រតី នៅក្នុងក្រសួងសាធារណការ ដូចជាបញ្ហាប្រាក់រង្វាន់លើកទឹកចិត្ដ ការផ្ដល់សេវាសាធារណៈ ឆ្នាំ២០១៣ មិនបានយកមកបែងចែក ជាទូទៅទេ គឺមានតែរដ្ឋមន្ដ្រី កូនប្រសាររដ្ឋមន្ដ្រី និងមន្ត្រីជំនិត ២-៣ នាក់ប៉ុណ្ណោះ ដែលទទួលបានផលទាំងអស់នោះ ។ សម្រាប់តារាង បែងចែកថវិកាទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្ដការផ្ដល់សេវា សាធារណៈឆ្នាំ២០១៤ លើកទី១ និងលើកទី២ គ្មានតម្លាភាព ដោយមិនបានឆ្លង កាត់ការឯកភាព ក្នុងជួរថ្នាក់ដឹកនាំក្រសួង ឱ្យបានទូលំទូលាយ មានការឃុបឃិតត្រូវរ៉ូវគ្នា តែ២-៣ នាក់ប៉ុណ្ណោះ ដូចមានកំណត់ តាមទំហំទឹកប្រាក់ ក្នុងតារាង លេខរៀងទី១, ៣, ៤ និង៥។
មានការបញ្ជាក់ផងដែរថា ទឹកប្រាក់ចំណែក របស់រដ្ឋមន្ដ្រី ស្រូបទឹកប្រាក់ លើសលប់អស់ ៩ភាគរយ ត្រូវជា ១៣.៥០០.០០០ រៀលនៃចំនួនទឹកប្រាក់ សរុប ១៥០,០០០,០០០ រៀល ។ ទឹកប្រាក់ជាចំណែក របស់រដ្ឋលេខាធិការ ពិនិត្យឃើញលេចធ្លោតែ ៣ រូប ដែលជាអ្នកជំនិត រដ្ឋមន្ដ្រី ដោយឡែករដ្ឋលេខាធិការ ៤ រូបទៀត បានចំណែកទាបជាង ក្នុងចំនួនយ៉ាងច្រើន ពោលគឺរដ្ឋលេខាធិការ មានប្រភេទ ៥.៣៣ ភាគរយ, ៣.៣៣ ភាគរយ និង ១.៣៣ ភាគរយ ។ ចំពោះទឹកប្រាក់ជាចំណែក របស់អនុរដ្ឋលេខាធិការ ១០ រូប ទទួលបានតិចជាង ថ្នាក់អគ្គនាយក អគ្គនាយករងរដ្ឋបាល ចំនួន ៤ រូប ទទួលបាន ១.០៨២ ភាគរយក្នុងម្នាក់ ។
ដោយឡែក ទឹកប្រាក់ជាចំណែក របស់នាយកដ្ឋាន គណនេយ្យហិរញ្ញវត្ថុ មានបរិមាណ ធំហួសប្រមាណគឺ ៩.៣៣ ភាគរយស្មើ ១៤.០០០.០០០ រៀល លើសពីចំណែក របស់អង្គភាពដទៃ ហើយទន្ទឹមនឹងនេះ នាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុ ជាមុខសញ្ញាមួយ មានចំណូលក្រោមតុ ពីគ្រប់មុខព្រួញទាំងអស់ក្នុងក្រសួង ។ ពាក់ព័ន្ធនឹងការដកទុក សម្រាប់រាល់ការចំណាយផ្សេងៗ ច្រើនលើសលប់ពេក ៤៩.០០០.០០០ រៀល ដែលទីបំផុតមួយផ្នែកធំ នៃទឹកប្រាក់នេះបានធ្លាក់ ទៅលើតែបក្ខពួក ៣-៤ នាក់ខាងលើ ដដែលជាដដែល ។
លិខិតបានរំលឹកទៀតថា ស្ដែងចេញពីការបែងចែក ទឹកប្រាក់រង្វាន់លើកទឹកចិត្ដ ការផ្ដល់សេវា សាធារណៈ កន្លងមកនេះ អាចបញ្ជាក់បានថា មានការបែងចែកជាបក្ខពួក យ៉ាងដាច់ស្រឡះ ដោយរាប់បញ្ជូល សាច់បង្កើត សាច់ឆ្ងាយ និងសាច់ដទៃ។ ក្រុមរដ្ឋលេខាធិការ ៣-៤ នាក់ និងក្រុមអនុរដ្ឋលេខាធិការ ៥-៦ នាក់ ត្រូវបានចាត់ទុកជាសាច់ដទៃ ដោយប្រធានស្ថាប័ន មិនបានយកចិត្ដទុកដាក់ និងមិនបានបែងចែកការងារ ឱ្យសមស្របតាំងពីអាណត្ដិទី៤ រហូតមកដល់ អាណត្ដិទី៥ ក៏រឿងរ៉ាវចេះតែបន្ត កើតមានដដែលៗ។ សរុបមក ក្រុមទាំង ២ខាងលើនេះ មានការឈឺចាប់ហួសពីការស្មាន ដោយខ្សត់ទាំងការងារ ខ្សត់ទាំងផលកម្រៃស្របច្បាប់ផ្សេងៗ រាប់ទាំងកម្រៃសេវា សាធារណៈ ជាដើម ។
ជាគោលការណ៍កម្រៃ ដែលបានមក ពីសេវាសាធារណៈ គប្បីបែងចែកសម្រាប់ ថ្នាក់ដឹកនាំ តាមឋានានុក្រម ឲ្យបានស្មើរគ្នាៗ រាប់ចាប់ពីរដ្ឋមន្ដ្រី រហូតដល់ថ្នាក់នាយកដ្ឋាន លើកលែងតែអង្គភាព ដែលរកចំណូលផ្ទាល់ ត្រូវទទួលបានលើស អង្គភាពគ្មានចំណូល។ នេះជាកម្រៃ ស្របច្បាប់ ដឹងឮនិងឃើញទាំងអស់គ្នា ក្រុមរបស់លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ហ៊ានកេងពន្លើស មិនខ្មាសអៀន យ៉ាងនេះទៅហើយ ទម្រាំតែកម្រៃមិនស្របច្បាប់ ច្រើនរាប់មិនអស់នោះ ច្បាស់ជាថ្នាក់ក្រោម ដែលសុទ្ធតែជាសាច់ដទៃ មិនដែលបានទទួល មួយសេនណាឡើយ ។
មន្ដ្រីបុគ្គលិកតូចតាច ក្នុងក្រសួងសាធារណការ បានចំអកថា ប្រធានស្ថាប័នបច្ចុប្បន្ន មិនស័ក្ដិសមជាថ្នាក់ដឹកនាំ ប្រកបដោយសុភវិនិច្ឆ័យ មានការត្រិះរិះពិចារណា គិតគូពីជីវភាពថ្នាក់ក្រោម និងបែងចែកការងារ ដោយសមធម៌នោះទេ សូម្បីថ្នាក់ដឹកនាំ ជាអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការមួយចំនួនធំ ត្រូវគេធីបចោលមិនប្រើ មិនផ្ដល់ការងារឱ្យធ្វើ ។ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មួយក្រុមតូច និងអគ្គនាយកមួយរូប ដែលបានរាប់ថា ជាសាច់បង្កើតមានការងារ និងគម្រោងកាន់រាប់មិនអស់ ប្រើរថយន្ដរដ្ឋក្នុងម្នាក់ៗ ៣-៤ គ្រឿង ខណៈដែលមន្ត្រីជាសាច់ដទៃ សឹងតែមិនមានរបបរថយន្ត ប្រើប្រាស់ផងទេ។
ផលវិបាកមួយទៀតនោះ នៅពេលរាជរដ្ឋាភិបាល ដាក់ទិសដៅឱ្យថ្នាក់ដឹកនាំ ចាប់ពីអនុរដ្ឋលេខាធិការឡើងទៅ ជាក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានគ្រប់ ខេត្ដ-រាជធានី ដើម្បីតាមដានត្រួតពិនិត្យ គោលនយោបាយ របស់រាជរដ្ឋាភិបាល អាណត្ដិទី៥ ប្រធានស្ថាប័នមិនបង្ក លក្ខណៈងាយស្រួលនោះទេ ពោលគឺរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ មួយចំនួនធំ ដែលមិនមានលទ្ធភាព ឬមិនមានគម្រោងកាន់ គ្មានចំណូល កំពុងជួបការពិបាក សម្រាប់ការអនុវត្ដការងារ ព្រោះក្រសួងមិនដោះស្រាយ ផ្ដល់ថវិកាសោហ៊ុយ ចំណាយស្នាក់នៅ ហូបចុក ឱ្យឡើយ ដោយឡែក ប្រេងឥន្ធនៈមួយមុខប៉ុណ្ណោះ ដែលក្រសួងទទួលបន្ទុកដោះស្រាយ ខុសពីការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលលើកឡើងថា រាល់ការចំណាយទាំងអស់ ជាបន្ទុករបស់ក្រសួងស្ថាប័ន សាមី។
មានការវាយតម្លៃថា បើរបៀបគ្រប់គ្រង នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែរក្សាស្ថានភាព ដូចបច្ចុប្បន្ននេះទៀត យុទ្ធសាស្ដ្រកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលអាណត្ដិទី៥ ច្បាស់ជាមិនអាចទទួលបាន ជោគជ័យនោះឡើយ ។ ដូច្នេះហើយបានជាមន្ត្រីដែលគ្មានខ្សែទុយោ បានសំណូមពរ ឱ្យប្រមុខរាជរដ្ឋាភិបាល ពិចារណារៀបចំ ការគ្រប់គ្រងនៅ ក្រសួង សាធារណការនិងដឹកជញ្ជូន ឡើងវិញផង និងចាត់ឱ្យស្ថាប័នមានសមត្ថកិច្ច មកអង្កេតស្រាវជ្រាវស្រង់មតិ មន្ដ្រីបុគ្គលិក និងបាតុភាពដែលកំពុងកើតមាន ពាក់ព័ន្ធបញ្ហាពុករលួយ ប្រកាន់បក្ខពួកនិយម ដើម្បីមានមូលដ្ឋាន វាយតម្លៃនិងចាត់វិធានការ កែទម្រង់ឲ្យបានទាន់ពេលវេលា៕