ភ្នំពេញៈមានការខ្សឹបខ្សៀវចេញពីក្រសួងប្រៃសណីយ៏និងទូរគមនាគមន៏កម្ពុជាថា លោក ប្រាក់ សុខុន មិនហ៊ានប៉ះពាល់ដំណែងលោក អោក បូរ៉ា ទេ ទុកឲ្យ លោក អោក បូរ៉ា នៅតែមានឱកាសកាន់តំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជាដដែល គឺតំណែងនេះឡើងដុះស្នឹមទៅហើយ បើនិយាយតាមភាសាសាមញ្ញ គឺលោក អោក បូរ៉ា ទទួលបានបុព្វសិទ្ធិយ៉ាងពិសេសក្នុងការធ្វើប្លង់រឹងដើម្បីកាន់តំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជាបង្កព្យុះភ្លៀងតាមតែអំពើចិត្ត ហើយភាពអសកម្មនិងអំពើពុករលួយរបស់លោក អោក បូរ៉ា ប្រហែលជា លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីទើបឡើងតំណែងជំនួសលោក សូរ ឃុន មិនបានដឹងពីភាពអសកម្មទាំងនេះទេ ហើយទោះចង់ឬមិនចង់ការប្រព្រឹត្តរបស់លោក អោក បូរ៉ា កំពុងបង្កផលប៉ះពាល់ដល់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍គួរឲ្យព្រួយបារម្ភផងដែរ។
មន្ត្រីធំៗដែលកាន់តំណែងតាំងពីជំនាន់លោក សូរ ឃុន នៅតែមានឱកាសប្រព្រឹត្តអំពើពុករលួយនិងអសកម្មដដែល ទោះបីជាមានការផ្លាស់ប្តូររដ្ឋមន្ត្រី ដោយលោក ប្រាក់ សុខុន ឡើងមកកាន់តំណែងជំនួសលោក សូរ ឃុន ក៏រូបភាពនៃការគ្រប់គ្រងដឹកនាំក្នុងក្រសួងនេះនៅតែដដែល សឹងថាគ្មានអ្វីប្រែប្រួលនោះទេ។ មន្ត្រីតូចតាចមួយចំនួនបានបង្ហើបឲ្យដឹងថា ជាគោលការណ៍រដ្ឋលេខាធិការទទួលផែននៅក្នុងក្រសួងនេះចង់មានអំណាចបង្កព្យុះភ្លៀងតែងតាំងមន្ត្រី ឬអន្តរាគមន៍ការពារមុខតំណែងមន្ត្រីណាម្នាក់ខ្លាំងជាងរដ្ឋមន្ត្រីទៅទៀត ដូច្នេះហើយបានជាមន្ត្រីដុះស្លែមួយចំនួនពួកគេនៅអាចបង្កព្យុះភ្លៀងដោយសារតែពួកគេមានខ្នងបង្អែកជួយការពារដំណែងរបស់គាត់។
តាមដឹងថា លោក អោក បូរ៉ា កាន់តំណែងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា ច្រើនឆ្នាំមកហើយ អត់មានការផ្លាស់ប្តូរទៅណានោះទេបើទោះបីជាក្នុងអង្គភាពនេះមានភាពអសកម្មមិនប្រក្រតី អំពើពុករលួយកិបកេងចំណូលថវិកាជាតិ កើតឡើងតាមគ្រប់រូបភាពក៏ដោយ មិនដឹងជាលោក អោក បូរ៉ា មានអំណាចអ្វីពិសេសនោះទេ ទើបគាត់អាចតោងតំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជាឡើងដុះស្នឹម គ្មាននរណាអាចប្រជែងជ្រែយកតំណែងរបស់គាត់បានទេ។តាមពិតទៅ លោក អោក បូរ៉ា គឺជាមនុស្សជំនិត និងធ្លាប់ជាអ្នករកលុយទៅផ្គត់ផ្គង់លោក សូរ ឃុន ចុះមូលដ្ឋានពង្រឹងបក្សនៅឯខេត្តតាកែវ ទើបគាត់អាចមានគុណសម្បត្តិក្រាញតំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជា គ្មាននរណាហ៊ានប៉ះពាល់ ទោះជាលោក ប្រាក់ សុខុន ឡើងធ្វើជារដ្ឋមន្ត្រីយ៉ាងណាក៏ដោយ ក៏សិទ្ធិអំណាចរបស់លោក អោក បូរ៉ា នៅតែរឹងមាំបង្កព្យុះភ្លៀងតាមតែអំពើចិត្តមិនខ្វល់ពីកំណែទម្រង់ស៊ីជម្រៅស្អីនោះទេ។
រឿងដែលលោក អោក បូរ៉ា អាចតោងតំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជាឡើងដុះស្នឹមរហូតមកដល់ពេលនេះ តើគាត់ជាមន្ត្រីស្អាតស្អំស៊ីតែប្រាក់ខែរបស់រដ្ឋ ឬក៏យ៉ាងណា? ជាធម្មតាមន្ត្រីថ្នាក់អគ្គនាយកដូចលោក អោក បូរ៉ា មានបានខ្លាំងសម្បើមណាស់ ពោលគឺទ្រព្យសម្បត្តិរបស់លោក អោក បូរ៉ា នាពេលបច្ចុប្បន្ននេះ គឺមិនមានតុល្យភាពទៅនឹងកម្រិតប្រាក់ខែ ក្នុងក្របខ័ណ្ឌរាជការនោះទេ ហើយគេដាក់ការសង្ស័យថា បញ្ហាតែមប្រៃសណីយ៍និងការឃុបឃិតជាមួយក្រុមហ៊ុនបញ្ញើរហ័ស គឺជាឱកាសដែលលោក អោក បូរ៉ា និងមន្ត្រីជំនិតៗរបស់គាត់ប្រមូលយកទៅអភិវឌ្ឍន៍មុខតំណែងនិងអភិវឌ្ឍន៍ជីវភាពគ្រួសារយ៉ាងរលូនល្អ។ គេចង់ឃើញផ្នែកសវនកម្មផ្ទៃក្នុងក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវពីភាពមិនប្រក្រតី និងអំពើពុករលួយដ៏ស្ងៀមស្ងាត់ដែលកំពុងកើតមានក្នុងអង្គភាពប្រៃសណីយ៍កម្ពុជា ក្រោមប្រព័ន្ធបញ្ជារបស់លោក អោក បូរ៉ា ឡើងវិញជាបន្ទាន់ផង។
លោក អោក បូរ៉ា គាត់អាចចាត់តាំងមន្ត្រីឲ្យកាន់ការងារតាមតែអំពើចិត្តប្រសិនបើមន្ត្រីថ្នាក់ក្រោម មិនមែនជាខ្សែទុយោរបស់គាត់ទេនោះ ត្រូវគេបញ្ជូនឲ្យទៅកាន់ការិយាល័យដែលគ្មានការងារធ្វើ ឬមានតែការងារអត់មានប្រាក់ចំណូល។លោក អោក បូរ៉ា ក៏បានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនក្នុងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាឬការជ្រើសរើសមន្ត្រីពេញសិទ្ធិដែលជាខ្សែទុយោ ឬសាច់ញាតិរបស់ពួកគាត់ឲ្យស៊ីប្រាក់ខែរដ្ឋយ៉ាងប្រសេចប្រសាច បើទោះបីជាពេលខ្លះមន្ត្រីទាំងនោះ គ្មានការងារធ្វើក្នុងប៊ុយរ៉ូនីមួយៗគរជើងគ្នាក៏លោក អោក បូរ៉ា រៀបចំឲ្យមានការជ្រើសរើសមន្ត្រីធំៗឲ្យចូលបម្រើការងារដេកស៊ីតែប្រាក់ខែបំផ្លាញចំណូលថវិកាជាតិ។
តាមប្រភពចេញពីមន្ត្រីតូចតាចមួយចំនួនបានលើកឡើងថា ក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា ដែលមានភាពអសកម្ម និងរឿងអាស្រូវពុករលួយប្រហាក់ប្រហែលអង្គភាពប្រៃសណីយ៍កម្ពុជា ដែលសុទ្ធសឹងជាអង្គភាពស្វយ័តមានភាពម្ចាស់ការលើចំណូលនិងចំណាយ ចំណូល ឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា មានការផ្លាស់ប្តូរថ្នាក់ដឹកនាំចំនួន២លើករួចមកហើយ គឺទី១ មានការផ្លាស់ប្តូរតំណែងលោក ឡៅ សារឿន ជំនួសដោយលោក កឹម វិក្រា ហើយពេលនេះក៏មានការផ្លាស់ប្តូរលោក កឹម វិក្រា ដាក់ជំនួសដោយលោក ឡាយ ម៉ារីវ៉ូ ក្រោមរូបភាពកែទម្រង់ដើម្បីធ្វើឲ្យមន្ត្រីថ្នាក់ក្រោមស្ងប់ចិត្ត។ ប៉ុន្តែក្នុងអាណត្តិដូចគ្នានេះ អង្គភាពប្រៃសណីយ៍កម្ពុជា មិនមានការផ្លាស់ប្តូរតំណែងលោក អោក បូរ៉ា នោះទេមិនដឹងជាមានអាថ៌កំបាំងអ្វី ព្រោះជាគោលការណ៍ របៀបដឹកនាំមួយដែលដុះស្នឹម ពោរពេញដោយអំពើបក្ខពួកនិយម មានការលួចបន្លំចំណូលថវិកាជាតិ ទាមទារឲ្យមានការផ្លាស់ប្តូរប្រធានអង្គភាពកាន់តែញឹកញាប់កាន់តែល្អ ដែលយ៉ាងហោចណាស់អាចលុបបំបាត់បាននូវអំពើបក្ខពួកនិយម ផ្ទុយពីកំណែទម្រង់ស៊ីជម្រៅផងដែរ។ គេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ថាតើលោក អោក បូរ៉ា ដែលដិតដាមដោយភាពអសកម្មនិងប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក អាចធ្វើអ្វីៗតាមអំពើចិត្តដល់ណាទៀត៕